ចាប់តាំងពីថ្ងៃទី៧ រហូតមកដល់ថ្ងៃទី២៧ ខែមិថុនា អតីតប្រធានមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង ឈ្មោះ កាំង ហ្កេកអ៊ាវ ហៅ ឌុច ត្រូវបានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម កោះហៅឱ្យមកផ្ដល់សក្ខីកម្មម្ដងទៀត នៅក្នុងសំណុំរឿង ០០២ វគ្គ ២។ សក្ខីកម្មរបស់សាក្សី ឌុច គឺទាក់ទងនឹងការចាត់ចែងការងារមន្ទីរ ស-២១ ជាមួយជនជាប់ចោទ នួន ជា និង ខៀវ សំផន ដែលជាមេដឹកនាំជាន់ខ្ពស់នៃរបបកម្ពុជាប្រជាធិបតេយ្យ។
តើសាក្សី ឌុច ផ្ដល់សក្ខីកម្មអ្វីខ្លះអំពីការងារមន្ទីរ ស-២១ ទាក់ទងនឹងទៅនឹងជនជាប់ចោទទាំងពីររូប?
សាក្សី ឌុច ដែលជាអតីតប្រធានមន្ទីរ ស-២១ ឬគុកទួលស្លែង សឹងតែពេញមួយរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ផ្ដើមសក្ខីកម្មរបស់លោកនៅថ្ងៃទី៧ មិថុនា ដោយភាពហួសចិត្ត និងភ្ញាក់ផ្អើលចំពោះការបដិសេធរបស់អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា គឺជនជាប់ចោទ នួន ជា ដែលថា លោកមិនបានដឹងឮ ឬជាប់ពាក់ព័ន្ធអ្វីនឹងការងាររបស់មន្ទីរសន្តិសុខ ស-២១ នោះ៖ «ពូ នួន (នួន ជា) គាត់បដិសេធបញ្ហានេះ ខុសហើយ។ ក្នុងបក្សកុម្មុយនិស្តកម្ពុជា នរណាមិនគោរពបក្ស? អ្នកណាដែលធ្វើការងារអីក្រៅពីលេខា និងអនុលេខាបក្សសម្រេច? នេះការចាត់តាំងរបស់បក្សកុម្មុយនិស្តកម្ពុជា គឺវាអ៊ីចឹង។ ដូច្នេះការបដិសេធរបស់ពូ នួន គឺគ្មានន័យ»។
លោកបញ្ជាក់ថា មន្ទីរសន្តិសុខ ស-២១ និងមន្ទីរនគរបាលទាំងអស់ទូទាំងប្រទេសនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ គឺឋិតក្រោមការដឹកនាំ និងបញ្ជារបស់ការិយាល័យនយោបាយ ឬគណៈមជ្ឈិមនៃបក្សកុម្មុយនិស្តកម្ពុជា ដែលមាន ប៉ុល ពត ជាលេខាបក្ស និងជនជាប់ចោទ នួន ជា ជាអនុលេខាបក្ស៖ «ឯកសារដែលនិយាយពីវត្តមានពូ នួន នៅក្នុងការចាត់ចែងរឿង ស-២១។ ដោយឡែកឯកសារនេះ សុន សេន គាត់សរសេរថា គោរពជូនបង នួន ផ្ទាល់។ ខ្ញុំបញ្ជាក់ថា ដែលគោរពជូនបង នួន ផ្ទាល់នេះ គឺ សុន សេន ចារទៅក្នុងពេលដែល ប៉ុល ពត អវត្តមានដោយប្រាប់ថា ឈឺ ហើយឱ្យពូ នួន ទទួលភារៈជានាយករដ្ឋមន្ត្រីស្ដីទី។ ដូច្នេះនេះជាភស្តុតាងមួយ ដែលបញ្ជាក់ថា ការងារនេះ វាមានបង នួន ជាប់ជាមួយ ប៉ុល ពត តាមគោលការណ៍ប្រធានពីរ។ ការងារទាំងនោះទោះជា សុន សេន ជាអ្នកចេញមុខក្ដី ក៏មាន នួន ជា នៅពីក្រោយ»។
សាក្សី ឌុច ថ្លែងថា ជនជាប់ចោទ នួន ជា ជាមេលោកផ្ទាល់ចាប់តាំងពីថ្ងៃទី១៥ ខែសីហា ឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៧៩។ លោកអះអាងថា មានឯកសារដែលនិយាយពីជនជាប់ចោទ នួន ជា ពាក់ព័ន្ធនឹងការចាត់ចែងការងារនៅមន្ទីរ ស-២១ ឬគុកទួលស្លែង៖ «អក្សររបស់បង នួន នេះ ខ្ញុំស្គាល់ចាប់តាំងពីពេលគាត់ទៅគ្រប់គ្រងខ្ញុំ។ គាត់មិនសរសេរសំបុត្រដើរផ្លូវទេ តែគាត់មានណែនាំមកជាកូនសំបុត្រតូចៗ ខ្លីៗ។ គាត់ចុះហត្ថលេខា គាត់អត់ដាក់ឈ្មោះ នួន ទេ គាត់ដាក់ឈ្មោះ បួន។ សំបុត្រហ្នឹង ខ្ញុំបានទទួលក្នុងមួយរយៈកាលក្រោយថ្ងៃ១៥ សីហា ឆ្នាំ១៩៧៧ រហូតដល់ថ្ងៃ៦ មករា ឆ្នាំ១៩៧៩ នេះ យ៉ាងច្រើន ៤ច្បាប់ខ្លីៗ។ អក្សរនោះជ្រុងៗ អ៊ីចឹងនេះខ្ញុំចាំ។ ដូច្នេះបានខ្ញុំបញ្ជាក់ជូនតុលាការថា អក្សរខាងក្រោមស្រួលមើល នាំឱ្យខ្ញុំនឹកឃើញថា ចំណារនេះជាចំណារបង នួន»។
លោកបញ្ជាក់ថា គោលនយោបាយបក្សកុម្មុយនិស្តកម្ពុជា ចេញនៅឆ្នាំ១៩៧១ សម្រេចថា អ្នកដែលត្រូវបានបក្សចោទថា ជាខ្មាំង គឺត្រូវតែសួរចម្លើយ ហើយសម្លាប់ចោលទាំងអស់។ លោកបន្តថា អ្នកដែលត្រូវគេចាប់ចូលក្នុងមន្ទីរ ស-២១ គឺត្រូវគេសម្លាប់ទាំងអស់ មិនដែលដោះលែងវិញទេ លើកលែងតែអ្នកទោសខ្លះគេទុកប្រើសិនប៉ុណ្ណោះ។
លោក ឌុច បញ្ជាក់ថា ជនជាប់ចោទ នួន ជា ជាអ្នកបញ្ជាលោកផ្ទាល់ ឱ្យសម្លាប់អ្នកទោសនៅគុកទួលស្លែង៖ «ក្នុងចន្លោះពីថ្ងៃ១ ដល់ ថ្ងៃ ៣ មករា ពូ នួន ហៅខ្ញុំទៅប្រាប់ឱ្យដកទាំងអស់។ មានន័យថា ទាំងក្មេងទាំងចាស់។ ការសម្រិតសម្រាំងក្នុងកិច្ចដំណើរការហ្នឹង ខ្ញុំបញ្ជាតាមការណែនាំរបស់ពូ នួន ឱ្យកម្ទេចចោលឱ្យអស់មុនពេលដែលយួនចូល ហើយពេលហ្នុងខ្ញុំសុំតែ ៤នាក់ទេទុក។ ក៏ប៉ុន្តែ ពេលសវនាការនេះ ស្រាប់តែលេចចេញ នង ចាន់ផល មួយមកធ្វើសក្ខីកម្មថា ខ្លួនជាក្មេងកំព្រា។ ដូច្នេះ ការវិភាគ និងការសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំបញ្ជាច្បាស់ទៅឱ្យមិត្ត ហ៊ ធ្វើ។ ដូច្នេះស្រាប់លេចចេញក្មេងបីនាក់នៅសល់។ វាមានការឆកល្វែងអ៊ីចឹងក្នុងការអនុវត្ត។ គ្នាអ្នកខាងក្រោមក៏ពិបាកនឹងអនុវត្តដែរ ហើយខ្ញុំសួរថាអស់ហើយឬនៅ? គាត់ថាអស់ហើយ»។
សាក្សី ឌុច អះអាងថា កម្មាភិបាលនៅសាខាមន្ទីរ ស-២១ ដែលធ្វើស្រែនៅព្រៃស ឈ្មោះ ហ៊ុយស្រែ ក៏ជនជាប់ចោទ នួន ជា ជាអ្នកសម្រេចឱ្យចាប់ដែរ៖ «ខាងលើដែលសម្រេចកាលនោះ គឺពូ នួន មិនមែនបង សុន សេន ទេ គឺពូ នួន។ ខ្ញុំជាមួយមិត្ត ហ៊ រៀបចំការចាប់តាមសេចក្ដីសម្រេចខាងថ្នាក់លើ ពូ នួន គឺលោក នួន ជា នេះ។ កាលប្ដីទៅហើយ ស្វ័យប្រវត្តិ ប្រពន្ធគេចាប់ហើយ»។
លោក ឌុច បន្ថែមថា ជនជាប់ចោទ នួន ជា ជាអ្នកបញ្ជាឱ្យចាប់ប្រពន្ធកម្មាភិបាលជាន់ខ្ពស់នៃបក្សកុម្មុយនិស្តកម្ពុជា ដែលត្រូវបានចោទប្រកាន់ថា ក្បត់ ដូចជា ប្រពន្ធ វន វ៉េត និង ចេង អន ជាដើម។ លោកថា គោលការណ៍របស់បក្សកុម្មុយនិស្តកម្ពុជា កាលណាមេគ្រួសារត្រូវគេចោទថា ជាជនក្បត់បក្សសមាជិកគ្រួសាររបស់អ្នកនោះទាំងអស់ ក៏ត្រូវគេសម្លាប់ដែរ ព្រោះខ្លាចមានការសងសឹក៖ «កូន និងប្រពន្ធអ្នកមានទោស គេចាត់ទុកដូចជាអ្នកមានទោសអ៊ីចឹង គឺត្រូវតែកម្ទេច។ បើមិនមានសារសំខាន់អីចាំបាច់ត្រូវសួរចម្លើយទេ គេកម្ទេចហើយ។ ជាគោលការណ៍ គឺកូនក្មេង ជាគោលការណ៍ប្រសិនបើម៉ែឪក្បត់ កូនគេត្រូវសម្លាប់។ និយាយឱ្យចំឱ្យតែមេគ្រួសារក្បត់ ប្រពន្ធក៏គេយកទៅ កូនក៏គេយកទៅ»។
លោកឱ្យដឹងថា ទីតាំងសម្លាប់អ្នកទោសពេលនោះ មាននៅជើងឯក មន្ទីរពេទ្យតាខ្មៅ និងជុំវិញគុកទួលស្លែង។ មនុស្សចាស់ត្រូវគេសម្លាប់នៅជុំវិញគុកទួលស្លែង ពេលបន្ទាន់មានអ្នកទោសថ្មីចូល។ រីឯកុមារ គេសម្លាប់នៅជើងឯក។
លោកឱ្យដឹងថា លោក និងអនុប្រធានលោក នៅមន្ទីរ ស-២១ មិនដែលហ៊ានចាប់មនុស្ស ឬធ្វើអ្វីរំលងការសម្រេចរបស់អ្នកដឹកនាំរបស់លោកទេ ហើយក៏ហ៊ានចាប់ខ្លួនមនុស្ស ដោយខ្លួនឯងដែរ៖ «អ្នកដែលហ៊ានរំលង ពួកប្រធានមន្ទីរនគរបាល សុទ្ធតែអត់រួចខ្លួនទេក្រោយមក ត្រូវតែកម្ទេចជិតប្រធានមន្ទីរនគរបាលនៅស្រុកខ្មែរត្រូវស្លាប់ ឬមួយដោយសារចាប់អត្តនោម័តិ ឬមួយដោយសារ (ខុស) សីលធម៌ ឬមួយដោយសារជ័យភណ្ឌ។ នេះតាមការពិចារណារបស់ខ្ញុំ»។
ពេលលោកនិយាយពីវិធីធ្វើទារុណកម្ម សាក្សី ឌុច ចាត់ទុកឧបករណ៍ធ្វើទារុណកម្មខ្លះ ដែលមានតាំងនៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងសព្វថ្ងៃនេះ ថាជាឧបករណ៍ គេប្រឌិតឡើងក្រោយរបបខ្មែរក្រហម៖ «អាពូថៅមុខពីរហ្នឹង ខ្ញុំចាំបានអាហ្នឹងជាងគេ ដូចគេដាក់តាំងបង្ហាញអាហ្នឹង។ ឯចំណែកឧបករណ៍ប្រឌិតក្រោយទៀត មានដូចជា ធុងជ្រលក់ទឹកក្បាលទៅក្នុងអាងទឹកហ្នឹង ជាឧបករណ៍ប្រឌិតក្រោយថ្ងៃ ៧ មករា (ឆ្នាំ ១៩៧៩) ហើយអាព្យួរជើងឡើងលើនឹងអាប៉ូតូសម្រាប់ឡើងគួកអីនោះ ក៏ជាឧបករណ៍ប្រឌិត ជាសេចក្ដីរាយការណ៍ប្រឌិតរបស់ វ៉ាន់ ណាត។ នៅ ស-២១ រហូតដល់ថ្ងៃ ៧ មករាណ៎ា គ្មានអាងជ្រមុជទឹក គ្មានក្ដារខៀន ហើយសរសេរស្អី វិន័យសន្តិបាល ដែលគេសរសេរជាអក្សរនេះ គ្មានទេ ហើយក៏គ្មានចំណាររបស់យួននៅលើឯកសាររបស់ ស-២១ ដែរ។ ឯចំណែកឯកសារក្រោយមកនេះ វាមាន។ ខ្ញុំបានបដិសេធហើយ តាំងពីសម័យស៊ើបអង្កេតម្ល៉េះ។ នៅសម័យស៊ើបអង្កេតខ្ញុំបានបដិសេធស្អី វិន័យសន្តិបាលទាំង ១០ ខ»។
លោកថា ចំណុចដែលលោកបញ្ជាក់ថា មិនពិតនោះ គឺចំណុច ទី៨៖ «ចៅក្រម ម៉ាកសែល ឡឺម៉ុង (Marcel Lemonde) សួរថា យ៉ាងម៉េចបានជាអ្នកឯងថា មិនពិត? ខ្ញុំថា អាចំណុចទី៨នោះ ដែលថា កុំអាងយកកម្ពុជាក្រោមធ្វើជាលេសមិនឆ្លើយ មិនបាន។ ខ្ញុំថាគ្មានទេ។ ស-២១ អត់មានណែនាំពីរឿងទឹកដីកម្ពុជាក្រោមទៅដល់អ្នកសួរទេ ហើយឯអាងជ្រមុជទឹកស្អីហ្នឹង កុន ប៊ីហ្សូ (Francois Bizot) ថតទៅផ្សេងទៅ។ ឯចំណែកអាងជ្រមុជទឹករបស់ ផា ថាចាន់ គាត់ឱ្យ វ៉ាន់ ណាត គូរនោះទៅផ្សេងទៅ។ តាមពិត វាគ្មានអាងជ្រមុជទឹកទេ។ ជាក់ស្ដែង គ្មានអីពិបាកយល់ទេ ចំណារជាអក្សរយួននៅលើឯកសារ ស-២១ ជាចំណារក្រោយ ៧ មករា»។
លោកថ្លែងបញ្ជាក់ថា អ្នកទោសនៅមន្ទីរ ស-២១ ឬគុកទួលស្លែង ដែលឆ្លងកាត់ការសួរចម្លើយច្រើនតែរងទារុណកម្ម ហើយការធ្វើទារុណកម្មនោះ សុទ្ធតែបានអនុញ្ញាតពីមេរបស់លោកគឺលោក សុន សេន និងជនជាប់ចោទ នួន ជា។
លោកថា លោកជាអ្នកបង្រៀនពីវិធីធ្វើទារុណកម្ម សួរចម្លើយ ហើយវិធីទាំងនោះ លោកប្រើតាំងពីពេលលោកនៅកាន់គុក ម-១៣ អមលាំង ខេត្តកំពង់ស្ពឺ តាមការណែនាំរបស់មេលោកឈ្មោះ វន វ៉េត៖ «វិធីសួរចម្លើយ ស្លូត កាច អង្កៀម។ ទីមួយខ្ញុំធ្លាប់តែវាយទេ។ ដល់ក្រោយមកជួបបង វនៗ គាត់ប្រាប់ថា មិត្ត ឌុច ខ្ញុំគ្មានពេលជួយមិត្តទេ។ ប៉ុន្តែយួនវាវិទ្យាសាស្ត្របន្តិចដែរ។ អ្នកទោស វាស្ទាបជីពចរត្រង់នេះ (ក) អ្នកភ័យ អ្នកណាមិនភ័យ ហើយទីបី ទារុណកម្មវាមិនធ្វើទេ វាគ្របស្បោងប្លាស្ទិក។ ឯវិធីឆក់ខ្សែភ្លើងនេះ ណាត ចូលចិត្តណាស់។ គាត់យកទូរស័ព្ទជ្រុងៗ របស់អាមេរិករវៃដៃហ្នឹង។ ឯវិធីសាស្ត្រគ្របក្រមាជ្រមុជទឹក នេះជាវិធីប៉ូលិសរបស់ លន់ នល់ ធ្វើទារុណកម្មខ្មែរក្រហម»។
លោក ឌុច ឱ្យដឹងថា មេលោកឈ្មោះ វន វ៉េត ដែលណែនាំរបៀបធ្វើទារុណអ្នកទោស ទីបំផុត ក៏ត្រូវស្លាប់ដោយសារប្រព័ន្ធសន្តិសុខ ស-២១ ដែរ។ លោកថា អ្នកទោសខ្លះត្រូវបានគេឃុំធ្វើទារុណកម្មសួរចម្លើយយូរ មុននឹងយកទៅសម្លាប់។ អ្នកទោសដែលគេចាប់ចូលទៅគុកទួលស្លែងច្រើន គឺនៅពេលចាប់ផ្ដើមការបោសសម្អាតផ្ទៃក្នុង បន្ទាប់ពីមានចម្លើយសារភាពរបស់ប្រធានភូមិភាគឧត្ដរឈ្មោះ កុយ ធួន។ អ្នកទោសក្នុងបញ្ជីដែលត្រូវគេសម្លាប់ នៅក្នុងអំឡុងពេល ស-២១ ប្រតិបត្តិការមានចំនួន ១ម៉ឺន ២ពាន់ជាង ៧រយនាក់។ ប៉ុន្តែសាក្សី ឌុច ឱ្យដឹងថា មានអ្នកទោសជាច្រើននាក់ទៀត ដែលគេមិនសួរចម្លើយ ហើយយកទៅសម្លាប់តែម្ដង។
ក្រៅពីការធ្វើទារុណកម្ម អ្នកទោសខ្លះ ត្រូវបានគេយកទៅវះកាត់ពិសោធន៍ខាងវិជ្ជាពេទ្យ ហើយអ្នកទោសខ្លះទៀត ត្រូវគេយកទៅបូមយកឈាម៖ «អ្នកទោសដែលគេយកទៅបូមឈាម មានតែអ្នកទោសស្អាតៗ នៅភ្នំពេញ។ ពេទ្យនៅ ស-២១ ធ្វើបានតែក្រុមឈាមទេ។ នៅភ្នំពេញភាគច្រើនខ្ញុំជាអ្នកជ្រើសរើសអ្នកដែលមានសុខភាពល្អចៀសវាងជំងឺឆ្លង»។
សាក្សី ឌុច ជម្រាបអង្គជំនុំជម្រះថា បច្ចេកទេសសួរចម្លើយ និងស៊ើបអង្កេត លោកយកតាមរបៀបរបស់លោកម្ចាស់ ប៉ាវ ក្នុងរឿងតុលាការមុខដែកនៃរឿងភាគនិទានរបស់ចិន៖ «អារម្មណ៍ដែលនៅជាប់ក្នុងខ្លួនខ្ញុំ គឺបច្ចេកទេសយកការណ៍ តាមដាន និងសម្រេចក្ដីរបស់ម្ចាស់ ប៉ាវ ដែលកាលនោះ គេហៅថា ប៉ាវ កុង (Bao Kong) សំខាន់ គឺឈរលើភស្តុតាង។ តើទៅរកភស្តុតាងឯណា? អាហ្នឹងជាបញ្ហាមួយ។ ដល់ក្រោយមកខ្ញុំចូលដល់ ស-២១ ខ្ញុំរកបានសៀវភៅ តិចនិច ឌឺរ៉ង់សែងម៉ង់ (Techniques de renseignement) របស់លោក អាលឡិន ឌុលឡេស (Allen Dulles) ពីរក្បាល។ មួយក្បាលខ្ញុំខ្ចប់ផ្ញើទៅខាងលើ។ មួយក្បាលទៀតខ្ញុំមើលដែរ តែបារាំងខ្ញុំវាខ្សោយ ហើយគ្មានពេលផង ការងារវាជាប់អត់បានមើលទេ។ ដូច្នេះ បច្ចេកទេសសួរចម្លើយរបស់ខ្ញុំ អត់រៀនតាម អាលឡិន ឌុលឡេស ទេ ហើយ អាលឡិន ឌុលឡេស គាត់និយាយទូទៅ»។
សាក្សី ឌុច លោកមានរបៀបចាប់អ្នកទោសទាំងនោះជាច្រើនវិធី៖ «ករណីខ្លះដូចមិត្ត កេត ចៅ ហៅ សែម កងការពាររបស់ពូ នួន មុនដំបូងគាត់នាំមនុស្សមកឱ្យ ស-២១ ចាប់។ ដល់ចុងបញ្ចប់ នាំមនុស្សមកមួយចំនួន ហើយចាប់ខ្លួនគាត់ហ្នឹងទៅទៀត។ មិត្ត ប៉ង់ ក៏អ៊ីចឹង។ ពូ នួន នេះឱ្យមិត្ត ប៉ង់ ជិះម៉ូតូមកឱ្យ ស-២១ ចាប់។ ឱ្យបង វន ប្រាប់។ នេះជារបៀបចាប់មួយបែបទៀត»។
លោក ឌុច ទទួលស្គាល់ថា ការរំលោភផ្លូវភេទអ្នកទោសនៅគុកទួលស្លែង មានតែមួយករណីទេ គឺអ្នកគ្រូរបស់លោក។ លោកបដិសេធសក្ខីកម្មរបស់សាក្សីមុនដែលថា ការរំលោភផ្លូវភេទអ្នកទោសនៅគុកទួលស្លែង មានច្រើនជាងមួយករណី។ លោកថា បទល្មើសនឹងស្ត្រីភេទនៅគុកនោះ មិនងាយកើតឡើងទេ ព្រោះតែក្រមសីលធម៌បក្សកុម្មុយនិស្តកម្ពុជា ហាមប្រាមតឹងរ៉ឹងបំផុត។
ការផ្ដល់សក្ខីកម្មរបស់សាក្សី ឌុច បានភ្ជាប់ការពាក់ព័ន្ធរបស់ជនជាប់ចោទ នួន ជា ទៅនឹងឧក្រិដ្ឋកម្មសម្លាប់មនុស្សជាងមួយម៉ឺនពីរពាន់ (១២.៧០០) នាក់ នៅគុកទួលស្លែង ដែលរបបកម្ពុជាប្រជាធិបតេយ្យដាក់ឈ្មោះថា មន្ទីរសន្តិបាល ស-២១។ លោកថ្លែងថា មន្ទីរ ស-២១ ជាមន្ទីររបស់នគរបាលខ្មែរក្រហម ដែលនៅក្រោមការបញ្ជាផ្ដាច់មុខពីគណៈអចិន្ត្រៃយ៍ ឬមន្ទីរ ៨៧០ នៃគណៈមជ្ឈិមបក្សកុម្មុយនិស្តកម្ពុជា។ ជាពិសេសជនជាប់ចោទ នួន ជា ជាអ្នកបញ្ជាលោកផ្ទាល់ នៅក្នុងការចាប់ចង ឃុំឃាំងធ្វើទារុណកម្មសួរចម្លើយ រួចហើយសម្លាប់ចោល។
លោកថាមន្ទីរ ស-២១ មិនដែលដោះលែងអ្នកទោសឱ្យរួចខ្លួនវិញឡើយ ហើយជនជាប់ចោទ នួន ជា ជាអ្នកបញ្ជាលោឱ្យថតរូបអ្នកទោសបន្ទាប់ពីសម្លាប់ហើយ៖ «រូបថតដែលចាប់ផ្ដើមថតដំបូង គឺរូបថតរបស់ លី ផែល ហៅ ផែន ហើយរូបថតចុងក្រោយ គឺរបស់បង វន បង ហុក ហើយនិងមិត្ត ណាត។ ឯចំណែកក្នុងចន្លោះនោះ មិនដឹងនរណាខ្លះ ក៏ប៉ុន្តែដូចជារូបថតបស្ចិមប្រទេសផង។ ខ្ញុំសុំបញ្ជាក់ជារួមថារូបថត ទាំងមនុស្សដែលសម្លាប់ហើយ ទាំងមនុស្សដែលទើបនឹងសម្លាប់ គឺបង នួន បញ្ជា។ នេះខ្ញុំអត់ធ្វើចិត្តឯងបានទេ។ បង នួន បញ្ជាថា "ថតរូបឱ្យផង"។ ហ្នឹងសម្ដីគាត់ ខ្ញុំនៅចាំ»។
អ្នកទោសសំខាន់ៗ មានឋានៈខ្ពស់ ត្រូវបាន ឌុច បញ្ជាក់ថា គេឃុំឃាំងសួរចម្លើយយូរ ច្រើនសា មុននឹងគេយកទៅសម្លាប់។ ឯកសារចម្លើយសារភាព រូបថត និងឯកសារទាក់ទងនៅមន្ទីរ ស-២១ រាប់ពាន់សន្លឹក បានបន្សល់ទុកជាភស្តុតាងក្រោយរបបខ្មែរក្រហមដួលរលំនៅខែមករា ឆ្នាំ១៩៧៩។
សាក្សី ឌុច ឱ្យដឹងថា ជនជាប់ចោទ នួន ជា បានស្ដីបន្ទោសលោកដែលបានមិនបានបំផ្លាញឯកសារសន្ធឹកសន្ធាប់នៅមន្ទីរសន្តិសុខ ស-២១ មុនពេលរត់ចោលនៅខែមករា ឆ្នាំ១៩៧៩៖ «នៅឆ្នាំ១៩៨៣ ខ្ញជួបពូ នួន ដំបូង។ ដល់ពេលជួបគ្នា គាត់និយាយថា កាលនោះណ៎ា មិត្តអត់បានធ្វើការជាមួយនឹងខ្ញុំទេ ធ្វើការជាមួយអ៊ំ ហែម។ ខ្ញុំថាបាទ។ រួចហើយខ្ញុំរាយការណ៍ជូនគាត់ថា ឯកសារនៅស្រមាមប៉ាកទាំងអស់បង។ អត់បានកម្ទេចទេ។ ហ្នឹងហើយមិត្ត ខាងណេះកម្ទេចអស់ហើយណ៎ា! មិត្តគិតមិនទាន់។ គាត់ដូចជាថា ចោលម្សៀតផងមិនដឹងយ៉ាងម៉េចទេ។ គាត់ស្ដីឱ្យខ្ញុំ»។
លោកថ្លែងថា មន្ទីរ ៨៧០ នៃបក្សកុម្មុយនិស្តកម្ពុជាកំណត់តួនាទីរបស់មន្ទីរ ស-២១ ថាជាមន្ទីរប្រតិចារកម្ម គឺសម្រាប់តាមដាន និងប្រឆាំងចារបុរសគ្រប់ជាតិសាសន៍ ជាពិសេសភ្នាក់ងាររបស់វៀតណាម ដែលប៉ងធ្វើរដ្ឋប្រហារ ប៉ុល ពត។ នៅថ្ងៃទី២៣ មិថុនា សាក្សី ឌុច ឱ្យដឹងថា មានអ្នកទោសនៅគុកទួលស្លែងខ្លះ ដែលពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារនោះ បានឆ្លើយដាក់លោក ហេង សំរិន ប្រធានរដ្ឋសភាបច្ចុប្បន្ននេះ៖ «ខ្ញុំសុំនិយាយអំពីរឿងជាក់ស្ដែង ដែលខ្ញុំជាអ្នកប្រតិបត្តិការជាក់ស្ដែង ជាប្រធាន ស-២១។ ចម្លើយអ្នកទោស ដែលចាប់មកនៅ ស-២១ ពិតជាមានការឆ្លើយដាក់មនុស្សច្រើន ក្នុងនោះមានមិត្ត ចក្រី ឆ្លើយដាក់បង ឈូក ឆ្លើយដាក់ដូចបង ជ័យ សួន អីហ្នឹង ហើយមិត្ត អឿន សុទ្ធតែចាប់មកហើយ។ ដោយឡែក វាក៏ពិតជាមានឆ្លើយដាក់បង រិន ដែរ តែអត់បានចាប់មកទេ។ គាត់នៅរស់ទាល់តែសព្វថ្ងៃជាប្រធានសភាប្រជាជនកម្ពុជា។ ពិតជាមានការឆ្លើយដាក់»។
លោក ហេង សំរិន អតីតជាមេបញ្ជាការកងពលនៅភូមិភាគបូព៌ា ដែលមានកម្មាភិបាលឈ្មោះ សោ ភឹម ជាប្រធានភូមិភាគ និងជាសមាជិកនៃគណៈអចិន្ត្រៃយ៍នៃបក្សកុម្មុយនិស្តកម្ពុជា។ នៅពេលដែលមេធាវីការពារក្ដីសួរដេញដោលអំពីឈ្មោះលោក ហ៊ុន សែន លោកឆ្លើយថា លោកមិនស្គាល់ឈ្មោះនេះពីមកមុនមកទេ៖ «ឈ្មោះដែលរៀបរាប់អម្បាញ់មិញ ជាឈ្មោះដែលខ្ញុំស្គាល់ភាគច្រើន ហើយដែលជាប់នៅ ស-២១។ ដោយឡែកតែឈ្មោះ ហ៊ុន សែន ខ្ញុំសុំបញ្ជាក់ជាឱឡារិកថា ខ្ញុំអត់ដែលឮទេ។ ឈ្មោះ ហ៊ុន សែន នេះ ខ្ញុំឮក្រោយ ៧ មករា»។
សាក្សី ឌុច ជម្រាបអង្គជំនុំជម្រះសាលាដំបូងថា លោកនៅរស់ ព្រោះតែលោករក្សាសម្ងាត់នៅមន្ទីរ ស-២១ បានជិតល្អ។ អ្នកដែលលោករាយការណ៍ទៅផ្ទាល់ មែនតែលោក សុន សេន មិត្ត ប៉ង់ និងលោក នួន ជា ប៉ុណ្ណោះ៖ «ក្រោយមកមិត្ត ប៉ង់ គេចុះទៅក្នុងឋានៈជាអ្នកនាំពាក្យរបស់មជ្ឈិមរបស់បង ប៉ុល (ប៉ុល ពត) ខ្ញុំមានសិទ្ធិរាយការណ៍ខ្លះអំពីចម្លើយអ្នកទោសនៅ ស-២១។ នេះតាមការអនុញ្ញាតរបស់បង នួន (នួន ជា) នៅទីនេះ។ ក៏ប៉ុន្តែយើងសង្កេតមើល បើសិនណាខ្ញុំមិនរក្សាការសម្ងាត់អ៊ីចឹងនៅពេលដែលមិត្ត ប៉ង់ មកគ្រប់គ្រងខ្ញុំ អាចម្លើយខ្មាំងឆ្លើយដាក់មិត្ត ប៉ង់ មិត្ត ប៉ង់ កាន់ទៅជូនអចិន្ត្រៃយ៍។ ដូច្នេះ ការណ៍សម្ងាត់វាអ៊ីចឹង។ ច្បាស់លាស់ មិត្ត ប៉ង់ កាន់ចម្លើយពី ស-២១ ដែលខ្មាំងឆ្លើយដាក់គាត់យកទៅជូនអចិន្ត្រៃយ៍។ ដល់ក្រោយមក អចិន្ត្រៃយ៍សម្រេចចាប់មិត្ត ប៉ង់។ បង នួន ប្រើបង វន ឱ្យទៅប្រាប់ខ្ញុំថា អង្គការសម្រេចចាប់ ប៉ង់ ហើយ។ នេះដំណើរការ គឺអ៊ីចឹង។ ដាច់ខាតតែម្ដងជំនាន់ហ្នឹង»។
សាក្សី ឌុច ប្រៀបធៀបការចាប់ចងមនុស្សនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យថា មិនសូវមានហេតុផលដូចនៅក្នុងរឿងសាមកុករបស់ចិនឡើយ៖ «គេចេះតែចាប់ហូរហែ ខ្ញុំលៃពេលខ្លះទៅអានរឿងសាមកុក។ កាលនោះខ្ញុំមានរឿងសាមកុកសង្ខេបមួយជន្លាសប៉ុណ្ណេះ។ ខ្ញុំចង់ដឹងថា តើការកាប់សម្លាប់នៅសម័យសាមកុកសក្ដិភូមិចិន ហើយសម័យបក្សកុម្មុយនិស្តកម្ពុជាកាន់អំណាចវាខុសគ្នាយ៉ាងម៉េច? ខ្ញុំមើលទៅថា រឿងសាមកុកវាហាក់ដូចជាមានហេតុផលជាងការសម្លាប់នៅ ស-២១។ នេះខ្ញុំចំណាយពេលទៅខាងហ្នឹង។ អាហ្នឹងក៏ត្រូវគិតដែរថា ខ្ញុំអត់បានធ្វើការ ហើយចំណាយពេលអានអារឿងសាមកុក ដើម្បីជាការយល់អំពីរបបនយោបាយ»។
លោកបន្តថា មាគ៌ាបក្សក៏តម្រូវថា អ្នកទោសគេចាប់ហើយ ត្រូវតែសម្លាប់មិនអាចតវ៉ាបានឡើយ៖ «នេះវាជាគោលការណ៍សកលរបស់បក្សកុម្មុយនិស្តកម្ពុជាហើយ។ ចាប់ត្រូវតែកម្ទេច។ ដូច្នេះទៅនិយាយពីជោគវាសនាអីទៀត។ អត់ទេ។ អត់មានជជែកគ្នាលើមាគ៌ាបក្សទេ។ មាគ៌ាបក្សមិនមែនជារបស់ជជែកគ្នាពិភាក្សា ត្រូវ ឬមិនត្រូវទេ។ បក្សកំណត់យ៉ាងម៉េច ត្រូវតែធ្វើអ៊ីចឹង។ នេះមាគ៌ាបក្ស ឱ្យតែចាប់ហើយ សួរហើយ ឃុំហើយ បើរឹងរូសពេក មិនចាំបាច់ទុកតទេ គេកម្ទេច ហើយមិត្ត ប៉ង់ បែបគេកម្ទេចចោលដោយមិនចាំបាច់សួរអីផង។ ខ្ញុំឃើញគាត់ឆ្លើយច្របល់ ចម្លើយមិត្ត ប៉ង់ ដែលគេមកឱ្យខ្ញុំ»។
សាក្សី ឌុច ក៏បដិសេធឯកសារភាពយន្តរបស់ក្រុមអ្នកកាសែតកងទ័ពវៀតណាម គឺលោក ហូ វ៉ាន់តាយ ដែលជាអ្នកចូលទៅដល់ និងថតទិដ្ឋភាពគុកទួលស្លែងមុនគេ នៅខែមករា ឆ្នាំ១៩៧៩។ លោក ឌុច ក៏ចាត់ទុកភាពយន្តឯកសាររបស់លោក ហូ វ៉ាន់តាយ ថាជាភាពយន្តឯកសារក្លែងបន្លំ។ ប៉ុន្តែសាក្សី ឌុច ទទួលស្គាល់ លោក នង ចាន់ផល នៅក្នុងភាពយន្តនោះថា ពិតជាកុមារនៅរួចជីវិតពីគុកទួលស្លែង៖ «កាលនោះ លោកជំទាវ ខាត រ៉ាយស៍ (Silvia Cartwright) ថា គាត់ខំបញ្ចាំងរូបកូនក្មេងម្នាក់ស្រាត។ គាត់សួរថា អ្នកនេះ? ខ្ញុំសង្កេតមើលមុខជនរងគ្រោះនោះ ខ្ញុំឆ្ងល់។ បានចុងបញ្ចប់ខ្ញុំថា សុំឱ្យការិយាល័យសហព្រះរាជអាជ្ញារកសលាកបត្រ ស-២១ មកឱ្យខ្ញុំបញ្ជាក់អំពីម្ដាយ នង ចាន់ផល។ កាលនោះព្រះរាជអាជ្ញាខ្មែរ តាន់ សេណារ៉ុង យកសលាកបត្រ ស-២១ មកឱ្យខ្ញុំ។ ឃើញថាម្ដាយរបស់ នង ចាន់ផល ឈ្មោះអ្នកមីង មុំ យ៉ូវ ត្រូវបានចាប់មកនៅ ស២១ មែន។ ខ្ញុំថា សុំទោស នង ចាន់ផល។ អ្នកឯងពិតជាមានតួនាទីនៅក្នុងកុនហ្នឹងមែន។ ខ្ញុំទទួលស្គាល់ថាអ្នកឯងកំព្រាអត់ម៉ែអត់ឪមែន។ ម៉ែឪអ្នកឯងត្រូវស្លាប់នៅ ស-២១ មែន។ ឯចំណែកកុនរបស់ ហូ វ៉ាន់តាយ ធ្វើហ្នឹង គឺជាការក្លែងបន្លំ»។
ដោយឡែក សក្ខីកម្មនៅថ្ងៃអង្គារ ទី១៤ មិថុនា សាក្សី ឌុច បានហៅការបដិសេធរបស់ជនជាប់ចោទ ខៀវ សំផន ថាជាការភូតភរគ្មានភាពក្លាហាន។ លោក ឌុច ថា ជនជាប់ចោទ ខៀវ សំផន បានដឹងអំពីការចាប់មនុស្សសំខាន់ៗ បញ្ជូនទៅមន្ទីរសន្តិសុខ ស-២១។ ជាពិសេស ករណីចាប់កម្មាភិបាលក្រសួងពាណិជ្ជកម្ម ឈ្មោះ កុយ ធួន ហៅ ឃួន៖ «ក្រោយមក ស វ៉ាស៊ី ហៅ ឌឿន សុំចេញពីមន្ទីរមជ្ឈិមទៅធ្វើជាកុងសីក្រសួងពាណិជ្ជកម្មម្ដងបន្តពីបង ឃួន។ រឿងទាំងអស់នេះវាទៅអ៊ីចឹង ហើយថាមិនដឹងមិនឮអីសោះ ហ្អ៎ភរជាគ្នាតែម្ដង។ ដល់ឆ្នាំ១៩៧៩ បានដឹង ជាភាសាមួយមិនក្លាហានប្រឈមមុខ។ យើងជាអ្នកបដិវត្តន៍ យើងធ្វើការបម្រើប្រជាជន។ បើយើងខុស យើងសុំទោសប្រជាជនវិញដោយសុភាពរាបសា»។
លោកបន្តថា នៅពេលកងទ័ពវៀតណាម វាយចូលកម្ពុជា នៅថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ អតីតប្រធានរដ្ឋ ខៀវ សំផន ណែនាំលោកឱ្យបន្តធ្វើការងារធម្មតា។ លោកថ្លែងថា ជនជាប់ចោទ ខៀវ សំផន គឺជាមនុស្សពូកែលាក់ការណ៍សម្ងាត់ មិនដែលបរិហាររឿងអ្វីទេ។
អតីតប្រធានគុកទួលស្លែង កាំង ហ្កេកអ៊ាវ ហៅ ឌុច ឱ្យដឹងថា ទិសដៅបង្កើតមន្ទីរ ស-២១ ដំបូង គឺសម្រាប់ដាក់អ្នកទោស ដែលជាបក្ខជន និងយុទ្ធជន និងយុទ្ធនារីបដិវត្តន៍ ដែលធ្វើខុសមាគ៌ាបក្ស។ ក៏ប៉ុន្តែ ការអនុវត្តជាក់ស្ដែង មន្ទីរ ស២១ ដាក់អ្នកទោសគ្រប់ប្រភេទ មានទាំងប្រជាជនធម្មតាផង។ នៅក្នុងសំណុំរឿង ០០១ ឌុច ត្រូវបានសាលាក្ដីខ្មែរក្រហមសម្រេចផ្ដន្ទាទោស ដាក់គុកអស់មួយជីវិត ចំពោះការសម្លាប់អ្នកទោសនៅមន្ទីរ ស-២១ ជាង ១ម៉ឺន ២ពាន់នាក់ (១២.៧០០) ចាប់ពីឆ្នាំ១៩៧៥ ដល់ខែមករា ឆ្នាំ១៩៧៩។
សាលាដំបូងបានកោះហៅលោក ឌុច ឱ្យមកធ្វើជាសាក្សីម្ដងទៀត នៅក្នុងសំណុំរឿង ០០២ វគ្គ ២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន ទាក់ទងនឹងការបញ្ជាលើមន្ទីរ ស-២១។
អង្គជំនុំជម្រះសាលាដំបូង នឹងបន្តសវនាការស្ដាប់សាក្សីមួយរូបទៀត នៅថ្ងៃអង្គារ ទី៥ ខែកក្កដា សប្ដាហ៍ក្រោយ។ សវនាការនេះ នឹងផ្ដោតការដេញដោលលើអង្គហេតុបោសសម្អាតផ្ទៃក្នុងរបស់បក្សកុម្មុយនិស្តកម្ពុជា ដែលនាំឱ្យមានការចាប់ខ្លួនកម្មាភិបាល និងប្រជាពលរដ្ឋស៊ីវិលរាប់ម៉ឺននាក់។ អ្នកដែលត្រូវបានចាប់ខ្លួនខ្លះ ត្រូវបានគេយកទៅឃុំឃាំង ធ្វើទារុណកម្មសួរចម្លើយនៅគុកទួលស្លែង រួចហើយសម្លាប់ចោល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។