អាជ្ញាធរ​ខណ្ឌ ៧មករា​ដោះ​លែង​ពលរដ្ឋ ១២នាក់ និង ៥នាក់​ផ្សេង​ទៀត​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​មណ្ឌល​ព្រៃស្ពឺ

0:00 / 0:00

អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដោះលែង​ពលរដ្ឋ​សហគមន៍​បុរី​កីឡា ១២នាក់ ក្នុង​ចំណោម ១៧នាក់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​វាយ​កម្ទេច​អគារ​បុរី​កីឡា​ចាស់​នោះ ប៉ុន្តែ​ពលរដ្ឋ ៥នាក់​ផ្សេង​ទៀត ត្រូវ​បាន​សម្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បន្ត​នៅ​មណ្ឌល​សង្គមកិច្ច​ព្រៃ​ស្ពឺ។ ពលរដ្ឋ​បុរី​កីឡា​ព្រមាន​ថា នឹង​ទៅ​តវ៉ា​នៅ​មុខ​ផ្ទះ​លោក ហ៊ុន សែន បើ​សាលា​ក្រុង​ភ្នំពេញ​មិន​ផ្តល់​សំណង​សមរម្យ​ដល់​ពួក​គេ​ទេ​នោះ។

ទោះ​ជា​អាជ្ញាធរ​ដោះលែង​ពលរដ្ឋ​ទាំង ១២នាក់​នោះ​ក្តី ក៏​ទី​ជម្រ​របស់​ពួក​គេ គឺ​អគារ​បុរី​កីឡា​ចាស់ ត្រូវ​បាន​កម្លាំង​ចម្រុះ និង​គ្រឿងចក្រ​របស់​សាលា​ក្រុង​ភ្នំពេញ​វាយ​កម្ទេច​ចោល​អស់​ហើយ នៅ​ថ្ងៃ​ទី១៧ ខែ​កញ្ញា។ ក្រុម​ពលរដ្ឋ​បុរី​កីឡា ត្រូវ​សមត្ថកិច្ច​ខណ្ឌ ៧មករា ដោះ​លែង​មក​វិញ​កាល​ពី​ព្រលប់​ថ្ងៃ​ទី១៦ ខែ​កញ្ញា ហើយ​​​​សាលាក្រុង​ភ្នំពេញ​បាន​ចរចា​ផ្តល់​ប្រាក់​សំណង​សា​ជា​ថ្មី​ដល់​ពួក​គេ ប៉ុន្តែ​គ្មាន​ពលរដ្ឋ​ណា​ម្នាក់​យល់​ព្រម​ទទួល​សំណង​នោះ​ឡើយ។

ពលរដ្ឋ​បុរី​កីឡា លោកស្រី ភោគ សុភីន ឲ្យ​អាស៊ី​សេរី​ដឹង​ថ្ងៃ​ទី១៧ ខែ​កញ្ញា​ថា សាលា​ក្រុង​ចរចា​ផ្តល់​ប្រាក់​សំណង​ចំនួន ៥ពាន់​ដុល្លារ (៥.០០០) ប៉ុន្តែ​លោក​ស្រី​​មិន​ព្រម​ទទួល​យក​ទេ ​ព្រោះ​លុយ​នេះ​មិន​គ្រប់​​ចំនួន​​​ឲ្យ​លោក​ស្រី​អាច​ទិញ​បន្ទប់​នៅ​តំបន់​បុរី​កីឡា​បាន​ទេ។ លោកស្រី​លើក​ឡើង​ថា ពេល​នេះ​ពលរដ្ឋ​បុរី​កីឡា​រង​ភាព​អយុត្តិធម៌​ម្តង​ទៀត ដោយ​ត្រូវ​បាត់បង់​ជម្រក ទាំង​មិន​ទទួល​បាន​សំណង។ លោកស្រីបន្ត​ថា លោកស្រី​នឹង​បន្ត​ទាមទារ​រហូត​បាន​សំណង​សមរម្យ ​ហើយ​ជម្រើស​ចុង​ក្រោយ​លោកស្រី​នឹង​ទៅ​ទាមទារ​តវ៉ា​មុខ​ផ្ទះ​លោក ហ៊ុន សែន តែ​ម្តង៖ «ដំណោះ​ស្រាយ​របស់​សាលា​ក្រុង​គាត់​គិត​គាត់​ថា គាត់​កម្ទេច​អគារ​បាន​ជោគជ័យ គាត់​គិត​ថា គាត់​មិន​ចង់​ដោះ​ស្រាយ​ក៏​បាន​ដែរ សំណង​ប្រាំ​ពាន់​ដុល្លារ​ហ្នឹង។ ប៉ុន្តែ​ពួក​ខ្ញុំ​មិន​អាច​ទទួល​បាន​ទេ ព្រោះ​អី​សំណង​នេះ​តិចតួច​បំផុត ព្រោះ​សំណង​តិចតួច​បំផុត មិន​បាន​ស្មើ​នឹង​តម្លៃ​ឥវ៉ាន់ ដែល​ខ្ញុំ​បាត់បង់​នៅ​ក្នុង​ផ្ទះ​ផង»

អាជ្ញាធរ​ខណ្ឌ ៧​មករា បាន​ប្រើ​វិធី​ហិង្សា ចាប់​អូស​ពលរដ្ឋ ១២នាក់​ទាំង​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​​អគារ​​បុរី​​កីឡា កាល​ពី​ថ្ងៃ​ទី១៦ ខែកញ្ញា ក្នុងពេល​ចុះ​វាយ​កម្ទេច​អគារ​បុរី​កីឡា​ចាស់​ចោល។ ចំណែក​ពលរដ្ឋ​បុរី​កីឡា និង​អតីត​បុរី​កីឡា ៥នាក់​ផ្សេង​ទៀត ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួនមួយ​ថ្ងៃ​មុន​វាយ​អគារ ដោយសារ​ពួក​គាត់​ប្រឆាំង​តវ៉ា​​អាជ្ញាធរ​ មិន​ឱ្យរុះរើ​ឥវ៉ាន់​របស់​ពួក​គាត់​ចេញ​ពី​អគារ​បុរី​កីឡា​នោះ។

តំណាង​សហគមន៍​បុរី​កីឡា លោកស្រី ស ស៊ន ឲ្យ​អាស៊ី​សេរី​ដឹង​ថា អ្នក​ទាំង​នាក់​នោះ កំពុង​​ជាប់​ឃុំ​នៅ​មណ្ឌលសង្គម​កិច្ច​ព្រៃស្ពឺ ដោយ​សមត្ថកិច្ច​​មិន​ទាន់​ដោះលែងពួក​​គាត់វិញ​នៅ​ឡើយ​ទេ។

ទាក់ទង​ការ​ចាប់​ខ្លួន​ពលរដ្ឋ និង​ការ​ផ្តល់​សំណង​ដល់​ពលរដ្ឋ​នេះ អាស៊ី​សេរី​បាន​ព្យាយាម​សុំ​ការ​បំភ្លឺ ពី​អភិបាល​រាជធានី ភ្នំពេញ​លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា និង​អភិបាល​ខណ្ឌ ៧មករា លោក លឹម សុភា ជា​ច្រើន​ដង​ ចាប់​តាំង​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៧ ខែ​កញ្ញា ប៉ុន្តែ​មិន​ទទួល​​បាន​​ឆ្លើយ​តប ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល និង​ប្រព័ន្ធ​ទូរស័ព្ទ​មិន​អាច​ទទួល​ការ​ហៅ​ចូល​បាន។

លោកស្រី ស ស៊ន ឲ្យដឹងថា អភិបាល​រង​រាជធានី​ភ្នំពេញ លោក មាន ច័ន្ទយ៉ាដា បាន​ព្រមាន​លោកស្រី​មិន​ឲ្យ​ផ្តល់​ព័ត៌មាន ​ឬ​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី ពី​បញ្ហា​នៅ​បុរីកីឡា​នេះ​ទេ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក វណ្ណ សូផាត ប្រាប់​អាស៊ី​សេរី​ថា តាម​ព័ត៌មាន​ដែល​ទទួល​បាន​ពី​សហគមន៍​បុរី​កីឡា សាលា​ក្រុង​ភ្នំពេញ​នៅ​តែ​ប្រើ​របៀប​ផ្តល់​សំណង​បែប​លាក់លៀម​ដដែល គឺ​ហៅ​ពលរដ្ឋ​ជួប​ម្តង​មួយ​គ្រួសារៗ ដាច់​ដោយ​ឡែក​ពី​គ្នា។ លោក​បន្ត​ថា ក្នុង​ចំណោម​ពលរដ្ឋ​សេសសល់​ជាង ១០​គ្រួសារ​នោះ សាលា​ក្រុង​ភ្នំពេញ​ផ្តល់​សំណង​ដាច់​ដោយ​ឡែក​ពី​គ្នា ដោយ​អ្នក​ខ្លះ​តម្រូវ​ឲ្យ​ទទួល​យក​លុយ ៣ពាន់​ដុល្លារ (៣.០០០) អ្នក​ខ្លះ​ទៀត ត្រូវ​ទទួល​យក​ផ្ទះ​នៅ​អណ្តូង​ក្នុង​តំបន់​ដាច់​ស្រយាល​គ្មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ត្រឹមត្រូវ៖ «ឥឡូវ​ហ្នឹង​ដំណោះ​ស្រាយ​ហ្នឹង​នៅ​តែ​មិន​ទាន់​ចប់​ដដែល ដោយសារ​មាន​ការ​ខ្វែង​គំនិត​គ្នា ប៉ុន្តែ​អាគារ​ត្រូវ​បាន​កម្ទេច​ចោល​ហើយ ហើយ​បើ​មិន​បាន​ដោះ​ស្រាយ​តាម​សំណូម​ពរ​ឲ្យ​ពួក​គាត់​អាច​រស់នៅ​តំបន់​បុរី​កីឡា​ថា តើ​អាជ្ញាធរ​ឲ្យ​ពួក​គាត់​នៅ​ឯ​ណា ? ព្រោះ​ឥឡូវ​នេះ​ពួក​គាត់​អត់​មាន​ផ្ទះ​នៅ​ទេ»

មន្រ្តី​សិទ្ធិ​មនុស្ស​ដែល​តាម​ដាន​ករណី​ជម្លោះ​ដីធ្លី​នៅ​តំបន់​បុរី​កីឡា​រូប​នេះ ប្រាប់​ថា ពលរដ្ឋ​ទាំង​នោះ​គ្មាន​អ្នក​ណា​ម្នាក់​យល់​ព្រម​ ទទួល​សំណង ដែល​សាលា​ក្រុង​រៀបចំ​ផ្តល់​ឲ្យ​ពួក​គេ​នេះ​ទេ។

លោក វណ្ណ សូផាត ព្រួយ​បារម្ភ​ថា បើ​សាលា​ក្រុង​ភ្នំពេញ​មិន​ព្យាយាម​បញ្ចប់វិ​បត្តិដីធ្លី​នៅតំបន់​បុរី​កីឡា​ក្នុង​ពេល​នេះ​ទេ បញ្ហា​នេះ​នឹង​បន្ត​អូស​បន្លាយ​ដូច​កាល​ពី​ជាង ៧ឆ្នាំ​មុន ដែល​បន្ត​រហូត​មក​ដល់​ពេល​នេះ។

ទោះ​ជា​យ៉ាង​ណា ពលរដ្ឋ​បុរីឡា​ភាគ​ច្រើន​លើក​ឡើង​ថា បើ​សាលា​ក្រុង​ផ្តល់​សំណង ដែល​ពួក​គេ​អាច​ទិញ​បន្ទប់​នៅ​តំបន់​បុរី​កីឡា​បាន នោះ​ពួក​គេ​នឹង​យល់​ព្រម​ទទួល​យក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។