ពលរដ្ឋជាង ១៤៦គ្រួសារ ខេត្តព្រះវិហារ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនរ៉ែមាស ឌែលខម ខែមបូឌា (Delcom Cambodia) និងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) នៅមិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធរពាក់ព័ន្ធនៅឡើយទេ។ អ្នកភូមិថា ក្រុមហ៊ុនទាំងនេះ បានប្រើគ្រឿងចក្ររាប់សិបគ្រឿងឈូសឆាយ ដីស្រែចម្ការរបស់ពួកគាត់អស់ស្ទើរទាំងស្រុង ដើម្បីពង្រីកផ្ទៃដីធ្វើអាជីវកម្មរ៉ែមាស។
ពលរដ្ឋរស់នៅភូមិចំនួន៣ គឺ ភូមិស្វាយដំណាក់ ភូមិរំដេង និងភូមិអូរទ្រលោក ឃុំរមទម រវៀង អំពាវនាវជាថ្មីទៀត ឱ្យអាជ្ញាធរខេត្តព្រះវិហារ និងស្ថាប័នថ្នាក់ជាតិពន្លឿនដោះស្រាយជម្លោះដីធ្លីរវាងអ្នកភូមិ ១៤៦គ្រួសារ ជាមួយក្រុមហ៊ុន ឌែលខម ខែមបូឌា និងក្រុមហ៊ុន គីម ជាធួន គ្រុប ដែលបានហ៊ុមព័ទ្ធដីរាប់ពាន់ហិកតារ នៅតំបន់ភ្នំលុង ធ្វើអាជីវកម្មរ៉ែមាសជាថ្មីទៀត ប៉ះចំដីស្រែចម្ការរបស់អ្នកស្រុករស់នៅទីនោះ។
តំណាងពលរដ្ឋលោក ពុយ ឆេង ឱ្យដឹងនៅថ្ងៃទី១១ មករាថា ក្រុមហ៊ុនទាំងនេះបានហ៊ុមព័ទ្ធដីចាប់ពីចំណុចជើងភ្នំលុង រហូតដល់ចំណុចត្រពាំងព្រៃទួល ប្រវែងជាង ១គីឡូម៉ែត្របណ្ដោយជាង ៤គីឡូម៉ែត្រប៉ះពាល់ដីស្រែចម្ការអ្នកភូមិជាង ១រយគ្រួសារជាថ្មីទៀត នៅរយៈពេល ៥ខែចុងក្រោយនេះ។ លើសពីនេះ ក្រុមហ៊ុនបានរំលោភយកដីស្រែចម្ការរបស់អ្នកភូមិ ដែលជាដីកេរឪពុកម្ដាយ និងដីតំបន់ខ្លះទៀត ពលរដ្ឋបានកាន់កាប់ជិត ២០ឆ្នាំមកហើយ។ លោកថា ក្រុមពលរដ្ឋបានស្រែកទ្រហោយំទាមទារយុត្តិធម៌ជាច្រើនខែមកហើយ នៅតែគ្មានលទ្ធផល៖ «បានជាគេមិនដោះស្រាយដោយសារមានការចោទប្រកាន់ថា ប្រជាជនហ្នឹងទៅរំលោភយកដីក្រុមហ៊ុនវិញ។ តាមការពិតក្រុមហ៊ុនហ្នឹងឯង បានតាំងទីលំនៅក្រោយប្រជាជនទេ ប្រជាជនគាត់នៅតាំងពីដូនពីតាគាត់មកក្រុមហ៊ុនមក ក្នុងឆ្នាំ២០១៥ ហ្នឹង »។

អាស៊ីសេរីបានព្យាយាមទាក់ទងក្រុមហ៊ុន គីម ជាធួន គ្រុប (Kim Gia Thuan Group Co., Ltd) តាមរយៈលេខទូរស័ព្ទក្នុងលិខិតរបស់ក្រុមហ៊ុន តែទូរស័ព្ទមិនអាចទាក់ទងបាន នៅថ្ងៃទី១១ មករា។ ចំណែកតំណាងក្រុមហ៊ុន ឌែលខម ខែមបូឌា (Delcom Cambodia) វិញ អាស៊ីសេរី ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
លោក ពុយ ឆេង ឲ្យដឹងបន្ថែមថា ក្រុមហ៊ុនទាំងនេះបានពង្រាយកម្លាំងទាហានយាមល្បាតតំបន់នោះ យ៉ាងប្រុងប្រយ័ត្ន និងរារាំងឱ្យពលរដ្ឋម្ចាស់ស្រុក មិនឱ្យធ្វើស្រែលើដីកេរដូនតារបស់ខ្លួននោះទេ។ លោកថា អាជ្ញាធរឃុំ និងអាជ្ញាធរស្រុកមិនត្រឹមតែមិនជួយដោះស្រាយក្តីកង្វល់របស់ពលរដ្ឋនោះទេ ថែមទាំងគំរាមកំហែងពលរដ្ឋថា ដែលទាមទារដីស្រែចម្ការពីក្រុមហ៊ុនទៀតផង៖ «ក្រុមហ៊ុនគេថា គេបានច្បាប់ពីរដ្ឋាភិបាល ពួកយើងអត់មានសិទ្ធិធ្វើលើដីហ្នឹង គេគំរាម ហើយគេដាក់កម្លាំងទាហានយាមរាល់ថ្ងៃហ្នឹង។ បើប្រជាជនណា ទៅគេត្រួសបុស គេហាមគាត់មិនឱ្យត្រួសទេរាល់ថ្ងៃហ្នឹង។ ជាង ២ពាន់ហិកតារតែផ្ទៃដីហ្នឹងរួម »។
ពលរដ្ឋមានជម្លោះដីធ្លីរស់នៅភូមិរំដេង លោកស្រី យឹម ផាត រៀបរាប់ថា គ្រួសារលោកស្រីមានដី ១៥ហិកតារ អាស្រ័យផលជាង ១០ឆ្នាំមកហើយ មានដាំស្វាយចន្ទី ស្រូវ និងដំណាំរួមផ្សំផ្សេងៗ ទៀត តែត្រូវបានក្រុមហ៊ុន រំលោភយកទាំងស្រុងនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកស្រីថា គ្រួសារលោកស្រី និងពលរដ្ឋមួយចំនួនទៀត បានដាក់ពាក្យប្ដឹងទៅតុលាការ និងអាជ្ញាធរខេត្តឱ្យជួយរកយុត្តិធម៌ ប៉ុន្តែគ្មានដំណោះស្រាយឡើយ៖ «ខ្ញុំប្ដឹងទៅតុលាការ ខ្ញុំប្តឹងទៅចៅហ្វាយខេត្ត អត់ឃើញមានដំណោះស្រាយទេ ៣ខែហើយ។ អត់ទាំងអស់ទឹកភ្នែករហាម សូម្បីរើសតែចន្ទីក៏មិនឱ្យរើសដែរ។ កាប់ដើមដំបូងក៏មិនឱ្យកាប់ដែរ វាធ្វើបាបតែអ្នកក្រីក្រ »។
ចំណែកពលរដ្ឋមានមានជម្លោះដីធ្លីម្នាក់ទៀតគឺ លោកស្រី ទូច ធី ត្អូញថា ដីកេរឪពុកម្ដាយរបស់លោកស្រីទំហំ ១២ហិកតារ ត្រូវក្រុមហ៊ុន ឌែលខម រំលោភយកទាំងស្រុង កាលពីដើមឆ្នាំ២០២០។ លោកស្រីថា ការបាត់បង់ដីស្រែចិញ្ចឹមជីវិត បានរុញច្រានឱ្យជីវភាពគ្រួសារលោកស្រីធ្លាក់ដុនដាប ហើយកូនៗ លោកស្រី ៣នាក់បានបង្ខំចិត្តឈប់រៀន ធ្វើចំណាកស្រុក។ លោកស្រីចោទអាជ្ញាធរថា មិនត្រឹមតែមិនយកចិត្តទុកដាក់ដោះស្រាយក្តីកង្វល់របស់ពលរដ្ឋនោះទេ ថែមទាំងប្រើកម្លាំងយោធាប្រដាប់អាវុធគំរាមកំហែងពលរដ្ឋ៖ «ខ្ញុំឡើងមកប្ដឹងនៅខេត្ត និងតុលាការ អត់ឃើញមានដំណោះស្រាយអីឱ្យទេ។ ក្រុមហ៊ុនគ្រប់គ្រងទាំងស្រុង ខ្ញុំចូលធ្វើគេមិនឱ្យធ្វើទេ។ ចៅហ្វាយស្រុក ទៅប្រមាថយកខ្ញុំមកដាក់ក្នុងវង្សក្រចកសេះ។ ដីកេរពីម៉ែឪដីស្រែ គេយកទាំងអស់គ្មានសល់ទីតិចទេ »។
ចំណែកអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ វិញ លោកបដិសេធអធិប្បាយរឿងនេះ ដោយលោករុញឱ្យសួរប្រធានរដ្ឋបាលសាលាខេត្តព្រះវិហារវិញ។
មេឃុំរម្យទមលោក សោម ម៉ុត ទទួលស្គាល់ថា មានពលរដ្ឋជាច្រើនគ្រួសារមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឌែលខម និងក្រុមហ៊ុន គឹម ជាធួន គ្រុប ក៏ប៉ុន្តែពួកគាត់ភាគច្រើន បានទៅប្ដឹងអាជ្ញាធរជាតិឱ្យជួយដោះស្រាយ មិនសូវពឹងអាជ្ញាធរឃុំទេ។ លោកបញ្ជាក់ថា ជម្លោះដីធ្លីនេះមានភាពច្របូកច្របល់ច្រើន ដោយសារមានតំបន់ខ្លះ ពលរដ្ឋទៅកាន់កាប់មុនពេលដែលក្រុមហ៊ុនមកវិនិយោគ ហើយក៏មានតំបន់ខ្លះទៀត ក្រុមហ៊ុនទទួលសិទ្ធិវិនិយោគមុនពេលពលរដ្ឋទៅអាស្រ័យផល។ លោកបន្ថែមថា ក្រុមហ៊ុនវិនិយោគនៅតំបន់នោះ បានបង់ពន្ធជូនរដ្ឋត្រឹមត្រូវស្របតាមច្បាប់៖ «គេប្រមូលកម្លាំងដល់ ១០០នាក់ ប្ដឹងទៅថ្នាក់ជាតិផ្ដិតមេដៃ ខ្លះក៏មិនដឹងមិនឮចេះតែផ្ដិតគេទៅ។ គេមិនចង់ឱ្យក្រុមហ៊ុនមាននៅភូមិគេហ្នឹង។ គេរំសាយចោលក្រុមហ៊ុន គេធ្វើពាក្យបណ្ដឹងទៅថ្នាក់ជាតិអត់ឱ្យឃុំ និងភូមិដឹងទេ គេទៅស្ងាត់ៗ តែគេទេ »។
ទាក់ទងរឿងនេះអ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា យល់ថា អាជ្ញាធរថ្នាក់ជាតិគួរចុះស្រាវជ្រាវ និងរកដំណោះស្រាយរឿងនេះជូនពលរដ្ឋ មិនគួរអូសបន្លាយពេលនោះទេ ព្រោះនាំឲ្យប៉ះពាល់ជីវភាព និងដីអាស្រ័យផលរបស់អ្នកភូមិ។ លោកថា សមាគមអាដហុកបានទទួលបណ្ដឹងករណីនេះហើយ និងកំពុងធ្វើការស៊ើបអង្កេត៖ « ស្ថាប័នពាក់ព័ន្ធដែលពួកគាត់បានដាក់ពាក្យស្នើសុំជាលាយលក្ខណ៍អក្សរទាំងអស់ហ្នឹង គួរតែមានការបង្កើតគណៈកម្មការចម្រុះណាមួយធ្វើការទៅស្រាវជ្រាវពីវិវាទទាំងអស់ហ្នឹង រកដំណោះស្រាយជូនពួកគាត់ជាជាងឱ្យពួកគាត់មានការអស់ជំនឿ » ។
ស្ថាបនិកអង្គការមាតាធម្មជាតិលោក អាឡិកហាន់ដ្រូ ហ្គាន់សាឡេស ដេវីដសុន (Alejandro Gonzalez Davidson) ថ្លែងថា លោកទទួលព័ត៌មានច្បាស់ថា ត្រកូល ហ៊ុន បានរកស៊ីអាជីវកម្មរ៉ែមាស នៅតំបន់នោះ ទើបធ្វើឱ្យអាជ្ញាធរថ្នាក់ជាតិមិនហ៊ានអនុវត្តច្បាប់លើក្រុមហ៊ុនទាំងនេះ។ លោកបញ្ជាក់ថា តំបន់នោះជាកន្លែងធ្វើអាជីវកម្មរ៉ែមាសខ្នាតធំ របស់ត្រកូល ហ៊ុន ដែលមានជំនួយបច្ចេកទេសពីប្រទេសចិន៖ «ដរាបណាមានមាសក្រោមដីនៅតំបន់នោះ ហើយដរាបណា លោក ហ៊ុន សែន ជាមួយគ្នាគាត់កាន់អំណាច គឺគ្មានសង្ឃឹមសម្រាប់បរិស្ថាន និងពលរដ្ឋនៅតំបន់នោះ ហើយក៏គ្មានសង្ឃឹមថា រដ្ឋតាមរយៈពន្ធទទួលចំណូល គ្មានសង្ឃឹមទេ ខ្ញុំហ៊ានធានា ១០០ភាគរយ។ ដរាបណាមានមាសក្រោមដីដរាបណាលោក ហ៊ុន សែន កាន់អំណាច គឺគ្មានអីប្រែប្រួលទេ មានតែពង្រីកកាន់តែច្រើនទៅផលប៉ះពាល់ចំណូលរបស់បុគ្គលពាក់ព័ន្ធកាន់តែច្រើន ១០០ភាគរយ គឺអ៊ីចឹង »។
សកម្មជនបរិស្ថានរូបនេះសង្កត់ធ្ងន់ថា ប្រសិនបើលោក ហ៊ុន សែន ក្លាហាន ត្រូវនិយាយរឿងនេះជាសាធារណៈប្រាប់ពីចំណូលពន្ធចូលរដ្ឋ និងទំហំផ្ទៃដីជាក់ស្ដែង ដែលទទួលសិទ្ធិវិនិយោគ។ លោកថា អាជ្ញាធរនៅតែលាក់បាំងព័ត៌មាន ទាក់ទិនអាជីវកម្មរ៉ែនៅតំបន់ភ្នំលុង ធ្វើឲ្យពួកលោកសង្ស័យថា អាជីវកម្មរ៉ែមាសនៅទីនោះ សុទ្ធសឹងធ្វើឡើងដោយខុសច្បាប់គ្មានការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមត្រឹមត្រូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។