ពលរដ្ឋរស់នៅស្រុកជ័យ សែន និងស្រុករវៀង ខេត្តព្រះវិហារ ចំនួន ១៤៩គ្រួសារ ទាមទារឱ្យអាជ្ញាធរខេត្តនេះ ផ្ដល់សំណងសមរម្យ លើដីស្រែចម្ការ ដីអាស្រ័យផល និងលំនៅឋាន ដែលរងផលប៉ះពាល់ដោយសារការសាងសង់ទំនប់រក្សា។ ក្រុមពលរដ្ឋថា អាជ្ញាធរមិនបានផ្ដល់សំណងសមរម្យលើដីស្រែចម្ការ ដីលំនៅឋាន និងដីអាស្រ័យផល ស្របតាមតម្លៃទីផ្សារនៅឡើយទេ។
ពលរដ្ឋ ១៤៩គ្រួសាររស់នៅចំនួន ៣ឃុំ គឺឃុំពុទ្ទ្រា ឃុំរក្សា និងឃុំស្អាង របស់ស្រុកជ័យសែន និងពលរដ្ឋរស់នៅឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ កំពុងស្វែងកិច្ចអន្តរាគមន៍ពីផលប៉ះពាល់ដីស្រែចម្ការ និងអាស្រ័យផល ដោយសារគម្រោងសាងសង់ទំនប់ទឹករក្សា របស់អាជ្ញាធរខេត្តនេះ។ ក្រុមពលរដ្ឋ ១៤៩គ្រួសារ អះអាងថា អាជ្ញាធរហាក់ពន្យារពេលដោះស្រាយបញ្ហានេះ ដែលធ្វើឱ្យប៉ះដល់ប្រយោជន៍របស់ពលរដ្ឋ។
ពលរដ្ឋម្នាក់ រស់នៅភូមិវាលបរ ឃុំពុទ្ទ្រា ស្រុកជ័យសែន លោក អុយ អេត ឱ្យដឹងនៅថ្ងៃទី៦ មករាថា គ្រួសារលោក មានដីស្រែ ៦ហិកតារ ដែលរងផលប៉ះពាល់គម្រោងសាងសង់ទំនប់រក្សា អាជ្ញាធរមិនទាន់បានដោះស្រាយ ឬផ្តល់សំណងឱ្យបានសមរម្យ តាមតម្លៃទីផ្សារនៅឡើយទេ។ លោកបញ្ជាក់ថា ក្រុមពលរដ្ឋទាមទារសំណងថ្លៃដីស្រែពួកគាត់ក្នុង ១ហិកតារ ៣.៥០០ដុល្លារស្មើៗ គ្នា ខណៈដែលអាជ្ញាធរបានផ្ដល់សំណងដីស្រែចម្ការដល់ពួកគាត់ក្នុងមួយហិកតារតែ ៦៥០ដុល្លារតែប៉ុណ្ណោះ ធ្វើឱ្យពលរដ្ឋមិនអាចទទួលយកបាន៖ «ខ្ញុំចង់ឱ្យថ្នាក់ដឹកនាំរដ្ឋ ដោះស្រាយឱ្យពលរដ្ឋឱ្យ តម្លៃឱ្យបាន ១ហិកតារ ៣ពាន់ ៥រយដុល្លារមក ព្រោះអីគ្នា គ្នាបានអីទិញដីទៀត។ ១ហិកតារ ៦០០ គ្នាបានអីធ្វើស្រែ បើអ្នកខ្លះអស់រលីងហើយគ្នា » ។
ពលរដ្ឋម្នាក់ទៀត រស់នៅវាលបរ ឃុំពុទ្រា លោក សែន ចន្ធូ ឱ្យដឹងថា ក្រុមពលរដ្ឋមិនឯកភាព និងគោលការណ៍ដែលអាជ្ញាធរផ្ដល់សំណងជូនពលរដ្ឋនោះទេ ព្រោះមិនសមរម្យតាមតម្លៃទីផ្សារ។ លោកថា ដីស្រែចម្ការរបស់ក្រុមពលរដ្ឋភាគច្រើន មានលិខិតកាន់កាប់ស្របច្បាប់ចេញដោយមន្ត្រីជំនាញសុរិយោដី និងអាស្រ័យផលជាក់ស្ដែងតាំងពីឆ្នាំ២០០១ មក។ លោកបញ្ជាក់ថា គ្រួសារលោកមានដី ៣ហិកតារកន្លះ ធ្វើកសិកម្មជិត ២០ឆ្នាំមកហើយ អាជ្ញាធរផ្តល់សំណងតែ ៦៥០ដុល្លារប៉ុណ្ណោះក្នុង ១ហិកតារ ដែលមិនអាចទទួលយកបាន៖ «អ្នកខ្លះអស់ទាំងអស់ហ្មង។ ខ្លះប៉ះតិចតួច តែភាគច្រើនអស់ទាំងអស់ហ្មង ព្រោះវាចំបាតកណ្ដាលហ្មង។ តម្លៃហ្នឹងរកទិញអីណា ដើម្បីផ្គត់ផ្គង់លក្ខណៈគ្រួសារ គ្នាកូនក៏រៀន។ បើគ្នាអ្នកស្រែអ្នកចម្ការ អ្នកចម្ការដោយសារស្រូវហ្នឹងហើយ បើអត់ស្រូវធ្វើអីរស់កើត។ បើប៉ះពាល់លិចបាតៗ អាងហ្នឹង គ្នាអាស្រ័យផលរាល់ឆ្នាំ ហើយដល់ពេលតម្លៃ ៦០០ដុល្លារ គ្នាយកទៅណា ?» ។
ឆ្លើយតបរឿងនេះ នាយករដ្ឋបាលសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿង ប្រាប់អាស៊ីសេរីថា អាជ្ញាធរខេត្តបានទទួលពាក្យបណ្ដឹងករណីនេះរួចរាល់ហើយ។ រីឯអភិបាលខេត្តបានបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយបញ្ហានេះជូនពលរដ្ឋ។ លោកថា អាជ្ញាធរនៅមិនទាន់បង្ហាញលទ្ធផលដោះស្រាយរឿងនេះ បែបណានៅឡើយទេ ព្រោះមន្ត្រីជំនាញកំពុងស៊ើបអង្កេត។ លោកមិនបញ្ជាក់លម្អិតថា គម្រោងកសាងទំនប់ទឹកនេះ នឹងប៉ះពាល់ លើពលរដ្ឋប៉ុន្មានគ្រួសារនោះទេ៖ «បានគោលការណ៍ពីឯកឧត្ដម អភិបាលខេត្តវិញហើយ ព្រោះយើងមានគណៈកម្មការដោះស្រាយផលប៉ះពាល់ហ្នឹងមួយដែរ។ អ៊ីចឹងក្រុមការងារហ្នឹង នឹងចុះដោះស្រាយខាងមុខនេះ។ ចង់និយាយថា វាមិនប៉ះពាល់ធំធេងលើលំនៅឋានទេ គ្រាន់ថា វិសាលភាពទប់ទឹក គឺទំនប់ទឹក មិនមែនជាវារីអគ្គិសនី។ នេះជាគម្រោងរបស់រដ្ឋាភិបាល ព្រោះឥឡូវបច្ចុប្បន្នយើងកំពុងខ្វះខាតទឹក អ៊ីចឹងយើងធ្វើទំនប់ហ្នឹង ដើម្បីស្ទាក់ទឹក ដើម្បីប្រើប្រាស់ទេ។ វាប៉ះពាល់ដីស្រែចម្ការ នៅជាប់ៗ មាត់ស្ទឹង » ។
អាជ្ញាធរខេត្តព្រះវិហារថា អាងទំនប់ទឹករក្សា ជាគម្រោងរបស់រដ្ឋាភិបាល សាងសង់ឡើងដើម្បីទប់ទឹក សម្រាប់ពលរដ្ឋធ្វើកសិកម្ម ហើយគម្រោងនេះ រងផលប៉ះពាល់ លើដីស្រែចម្ការ របស់ពលរដ្ឋមួយចំនួន រស់នៅ ៣ស្រុក និងក្រុង១ គឺ ស្រុកជ័យ សែន ស្រុករវៀង ស្រុកគូលែន និងក្រុងព្រះវិហារ។ បច្ចុប្បន្នក្រុមហ៊ុនចិន កំពុងចាប់ផ្ដើមឈូសឆាយសង់ទំនប់នេះ ហើយពលរដ្ឋមួយចំនួន ក៏បានឯកភាពទទួលយកសំណងរបស់អាជ្ញាធររួចហើយដែរ។
មន្ត្រីសម្របសម្រួលសមាគម អាដហុក លោក ឡោ ចាន់ ដែលចុះអង្កេតរឿងនេះ ថ្លែងថា ក្រុមពលរដ្ឋកំពុងកើតទុក្ខមិនសុខចិត្ត ការផ្ដល់សំណងរបស់អាជ្ញាធរមិនសមរម្យ និងមានតម្លៃទាបមិនអាចទទួលយកបាន។ លោកថា ពលរដ្ឋបានស្នើសុំឱ្យអាជ្ញាធរផ្ដល់សំណង ១ហិកតារ ៣.៥០០ដុល្លារ សម្រាប់ដីទូទៅ ដូចជា ដីស្រែចម្ការ ដីលំនៅឋាន និងដីអាស្រ័យផលជាដើម។ លោកយល់ថា ដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋក្នុងរឿងនេះ អាជ្ញាធរគួរតែកោះហៅក្រុមពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ មកជជែកពិភាក្សាគ្នា រកតម្លៃសមរម្យណាមួយ ដែលធ្វើឱ្យពលរដ្ឋអាចទទួលយកបាន៖ «ខ្ញុំយល់ឃើញថា ដើម្បីឱ្យមានភាពយុត្តិធម៌ ក៏ដូចជាយើង រកដំណោះស្រាយទាំងអស់គ្នា អាជ្ញាធរគួរណាតែអញ្ជើញពលរដ្ឋ ក៏ដូចជាតំណាង ដែលគាត់បានដាក់ពាក្យបណ្ដឹងកន្លងមក ដើម្បីយកមកជជែកគ្នា រកតម្លៃណាមួយសមរម្យជូនពួកគាត់ ហើយឱ្យពួកគាត់អាចទទួលយកបាន » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា ក្រុមពលរដ្ឋ ១៤៩គ្រួសារ បានដាក់ពាក្យបណ្ដឹងសុំកិច្ចអន្តរាគមន៍ ករណីនេះ ទៅអាជ្ញាធរតាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកទល់ពេលនេះ អាជ្ញាធរខេត្តនៅមិនទាន់កោះហៅតំណាងពលរដ្ឋមកប្រជុំដោះស្រាយនៅឡើយទេ៕
(ក្រុមពលរដ្ឋរងផលប៉ះពាល់ទំនប់រក្សា ជួបពិភាក្សាជាមួយសមាគម អាដហុក និងអង្គការពន្លកខ្មែរ កាលពីអំឡុងខែធ្នូ ឆ្នាំ ២០២០។ រូប៖ អង្គការពន្លកខ្មែរ)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។