តំណាងពលរដ្ឋចំនួន៥នាក់ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុនវៀតណាម កាម៉ាដេនូ វេនឈ័រ (ខេមបូឌា) (Kamdhenu Ventures Cambodia Limited (KVCL) នៅខេត្តក្រចេះ ស្នើសុំតុលាការពន្យារពេលចូលឆ្លើយបំភ្លឺ ដោយសារមិនទាន់រកបានមេធាវីជួយការពារក្ដី និងមិនមានថវិកាគ្រប់គ្រាន់ក្នុងការធ្វើដំណើរទៅឆ្លើយបំភ្លឺ ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងប្រើប្រាស់អំពើហិង្សានោះឡើយ។ ប៉ុន្តែតំណាងពលរដ្ឋនៅតែអះអាងថា ពួកគាត់មិនបានប្រព្រឹត្តដូចការចោទប្រកាន់ របស់តុលាការខេត្តក្រចេះនោះទេ ផ្ទុយទៅវិញក្រុមហ៊ុនវៀតណាម គឺជាអ្នករំលោភយកដីធ្លីរបស់ប្រជាពលរដ្ឋទាំង៥ភូមិ។
តំណាងប្រជាពលរដ្ឋម្នាក់ គឺលោកស្រី អែល រ៉ូស្សា អះអាងប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៧ ខែសីហាថា តំណាងពលរដ្ឋសម្រេចចិត្តស្នើសុំទៅតុលាការខេត្តក្រចេះ ពន្យារពេលក្នុងការឆ្លើយបំភ្លឺពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងប្រើប្រាស់អំពើហិង្សា ដោយប្រជាពលរដ្ឋត្រូវស្វែងរកមេធាវីដែលមានចិត្តសប្បុរសធម៌ជួយការពារក្ដីពួកគាត់ ពីព្រោះតំណាងប្រជាពលរដ្ឋមិនចេះដឹងជ្រៅជ្រះផ្នែកច្បាប់នោះទេ មួយវិញទៀតពលរដ្ឋមិនមានថវិកាសម្រាប់ធ្វើដំណើរទៅឆ្លើយបំភ្លឺឡើយ ដោយសារផលដំណាំកសិកម្មរបស់ពួកគាត់ ត្រូវក្រុមហ៊ុនវៀតណាមឈូសឆាយបំផ្លាញអស់។
លោកស្រី អែល រ៉ូស្សា៖ «ពួកគេបំផ្លាញដំឡូងរបស់ពួកខ្ញុំ បំផ្លាញស្រូវ បំផ្លាញល្ង អ៊ីចឹងពួកខ្ញុំទាមទារឲ្យសងពីព្រោះពួកខ្ញុំជំពាក់ធនាគាររាល់ថ្ងៃនេះ អត់មានលុយបង់ធនាគារទេ អ៊ីចឹងពួកខ្ញុំសុំសំណងយកលុយនឹងមកបង់ធនាគារ គាត់ថាគាត់សងដល់ពេលធ្វើប័ណ្ណរួចបែរជាចោទយើងថាប្រើហិង្សាទៅវិញ»។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ លោក ទីវ វុធធេន បានទេ នៅថ្ងៃទី២៧ ខែសីហា។ ទោះជាយ៉ាងពលរដ្ឋថា តុលាការបានពន្យារពេល តាមការស្នើសុំរបស់ប្រជាពលរដ្ឋហើយ។
កាលពីថ្ងៃទី១៣ ខែសីហា តុលាការខេត្តក្រចេះ បានកោះហៅតំណាងប្រជាពលរដ្ឋចំនួន៥នាក់ ឲ្យចូលបំភ្លឺ នៅថ្ងៃទី២៧ខែសីហា ក្នុងនោះមាន លោក អ៊ុន សុខុំ ប្រុក ភារម្យ ភេន ឡៃ ឌុច សាគី និង លោកស្រី អែល រ៉ូស្សា ពីបទកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋ និងបទហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។
ប្រជាពលរដ្ឋស្នើឲ្យអាជ្ញាធរចុះដោះស្រាយ និងទម្លាក់បទចោទលើតំណាងប្រជាពលរដ្ឋទាំង ៥ភូមិ បើពុំដូច្នោះទេ ប្រជាពលរដ្ឋនឹងនាំគ្នាឡើងទៅតវ៉ានៅរាជធានីភ្នំពេញម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
