សង្គមស៊ីវិលស្នើសុំឱ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍លើទំនាស់ដីធ្លី រវាងក្រុមហ៊ុនឯកជនឈ្មោះ សេវិន អិន.ជី (7 NG) ជាមួយនឹងពលរដ្ឋជាអតិថិជនជាច្រើននាក់ បន្ទាប់ពី ក្រុមហ៊ុនរងការចោទថា លក់ដីខ្យល់ឱ្យអតិថិជន និងថែមទាំងប្ដឹងបកអតិថិជនទៀតផង។ អភិបាលកណ្ដាលថា មិនអាចលូកដៃអន្តរាគមន៍រឿងនេះបានទេ ព្រោះគ្មានបណ្ដឹងពីពលរដ្ឋ។
សង្គមស៊ីវិល លើកឡើងថា រដ្ឋាភិបាលឬអាជ្ញាធរពាក់ព័ន្ធ មិនគួរធ្វើព្រងើយកន្តើយនោះទេជុំវិញ ករណីពលរដ្ឋជាច្រើន អះអាងថា ពួកគេចាញ់បោកក្រុមហ៊ុនឈ្មោះ សេវិន អិន.ជី (7NG) រឿងទិញ ដីឡូតិ៍អស់លុយច្រើន ប៉ុន្តែក្រុមហ៊ុនគ្មានដីឱ្យដែលបណ្ដាលឱ្យភាគីទាំងពីរ ប្ដឹងផ្ដល់គ្នាទៅវិញទៅ មកនៅស្ថាប័នតុលាការ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO)លោក អំ សំអាត មានប្រសាសន៍ថា ក្រសួងដែនដី និងអាជ្ញាធរពាក់ព័ន្ធ គួរតែសិក្សាឱ្យបានល្អិតល្អន់ដើម្បីឱ្យមាន តម្លាភាព យុត្តិធម៌ កុំឱ្យខូចកេរ្តិ៍ឈ្មោះក្រុមហ៊ុន និងបាត់បង់ផលប្រយោជន៍អតិថិជន។ លោកបន្តថា ប្រសិនបើគ្មានការអន្តរាគមន៍របស់ក្រសួងស្ថាប័នពាក់ព័ន្ធនោះទេ គឺករណីនេះនឹងកាន់តែរីកធំហើយ ធ្វើឱ្យប៉ះពាល់ស្ថាប័នរបស់រដ្ឋផងដែរ៖ «ខ្ញុំថា ជៀសវាងការប្ដឹងផ្ដល់គ្នានេះ វាត្រូវតែមានដំណោះស្រាយ ពីស្ថាប័នពាក់ព័ន្ធ ដើម្បីបញ្ចប់រឿងដើម្បីកុំឱ្យមានបន្តទៅទៀតព្រោះយើងបារម្ភដែរ ប្រសិនបើរឿង នេះ នៅតែបន្តទៅទៀត អាចនឹងមានប្រជាពលរដ្ឋបន្តទៅទៀត ជាប់បណ្ដឹង។ ខ្ញុំយល់ថា ដល់ពេល ហើយរឿងបញ្ហាដីធ្លីនេះ ព្រោះយើងឃើញថា ចុងក្រោយនេះរដ្ឋាភិបាលជាពិសេសក្រសួងដែនដី ប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាដីធ្លី ដូច្នេះបញ្ហានៅកៀកក្រុងនេះ គួរតែយកចិត្តទុកដាក់ផងដែរ»
កាលពីថ្ងៃទី៦ ខែកញ្ញា នាយកក្រុមហ៊ុន7NG ឧកញ៉ា ស្រី ចន្ធូ បានប្ដឹងអតិថិជនម្នាក់ គឺលោកស្រី ឈុន ណារី ជាភរិយារបស់មន្ត្រីគយម្នាក់ពីបទបរិហារកេរ្តិ៍ និងទាមទារសំណងជាង ៧លានដុល្លារអាមេរិក ដោយសារខឹងអតិថិជនរូបនេះ ប្ដឹងលោកពីបទឆបោក និងស្នើសុំឱ្យតុលាការឃុំខ្លួនលោក ព្រមទាំងយកដីកាសន្និដ្ឋានរបស់តុលាការទៅបង្ហោះ លើហ្វេសប៊ុក (Facebook) ជាដើម។
កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុធា បានសម្រេចចោទប្រកាន់ឧកញ៉ា ស្រី ចន្ធូ និងឪពុករបស់លោកគឺឧកញ៉ា ស្រី សុធា ពីបទឆបោក តាមបណ្ដឹងរបស់លោកស្រី ឈុន ណារី ពាក់ព័ន្ធការលក់ដីខ្យល់ទំហំ ១ហិកតារ ស្ថិតនៅភូមិព្រែក ចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បន្ទាប់ពីចោទប្រកាន់ឧកញ៉ា ឪពុកកូនទាំង ២នាក់រួច លោក កែវ សុធា បានបញ្ជូនសំណុំរឿងទៅឱ្យចៅក្រមស៊ើបសួរចាត់ការបន្ត ដោយស្នើសុំ ឱ្យចៅក្រមចាប់ និងឃុំខ្លួនជនត្រូវចោទទាំងពីរជាបណ្ដោះអាសន្ន ប៉ុន្តែបច្ចុប្បន្នអ្នកទាំង២នាក់ កំពុងស្ថិតនៅក្រៅឃុំនៅឡើយ។
ក្រៅពីលោកស្រី ឈុន ណារី ក៏មានអតិថិជន២នាក់ទៀត បានប្ដឹងក្រុមហ៊ុន7NG ពីបទឆបោកដែរ។ ចំណែកអតិថិជនផ្សេងទៀត អះអាងថា ពួកគេក៏ជាជនរងគ្រោះចាញ់បោកក្រុមហ៊ុន 7NGដែរ ប៉ុន្តែ មិនទាន់សម្រេចចិត្តប្ដឹងនៅឡើយ ដោយសាររង់ចាំក្រុមហ៊ុន ដោះស្រាយតាមការសន្យាថា នឹងដោះ ស្រាយបញ្ចប់នៅដំណាច់ឆ្នាំ២០១៩។
អាស៊ីសេរី មិនទាន់អាចសុំបំភ្លឺរឿងនេះពីនាយកក្រុមហ៊ុន 7NG ឧកញ៉ា ស្រី ចន្ធូ នៅឡើយ។ ចំណែកមេធាវីតំណាងឧកញ៉ា ស្រី ចន្ធូ គឺលោក ដូង លឿង សុំមិនធ្វើអត្ថាធិប្បាយរឿងអតិថិជនប្ដឹង ចោទក្រុមហ៊ុន 7NGពីរឿងឆបោកឡើយ៖ «ខ្ញុំជាមេធាវីខ្ញុំដឹងតែរឿងនីតិវិធី នៅក្នុងតុលាការ រឿងអីផ្សេងៗខ្ញុំ មិនដឹងនោះទេ»។
កាលពីដើមឆ្នាំ២០១៩នេះ អតិថិជនជាច្រើននាក់ បាននាំគ្នាតវ៉ាទាមទារដីពីក្រុមហ៊ុន7NG បន្ទាប់ពី ពួកគេប្រគល់លុយឱ្យក្រុមហ៊ុនរួចហើយ ប៉ុន្តែក្រុមហ៊ុន មិនបានប្រគល់ដីតាមកិច្ចសន្យា។ ក្រោយ ការតវ៉ានោះ ក្រុមហ៊ុន 7NG បានចេញមុខសន្យាថា នឹងប្រគល់ដីជូនអតិថិជនតាមកិច្ចសន្យាឱ្យ បានមុនថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។
អាស៊ីសេរី បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងរៀបចំដែន លោក សេង ឡូត និង ឡោ ដាវុធ ជាច្រើនលើកតែគ្មានអ្នកទទួល។
ចំណែកអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ មានប្រសាសន៍ថា លោកមិនអាចលូកដៃចូល អន្តរាគមន៍រឿងនេះបានទេ ព្រោះគ្មានបណ្ដឹងពីភាគីក្រុមហ៊ុន និងភាគីអតិថិជន៖ «តាមរឿងនេះ វាយូរហើយមុនខ្ញុំធ្វើអភិបាលខេត្តម្ល៉េះ ហើយប្រជាជនដែលមានបញ្ហាជាមួយក្រុមហ៊ុន 7NG នេះ ក៏មិនដែលបានដាក់ពាក្យប្ដឹងមកអាជ្ញាធរជាពិសេស មកខេត្តដែរ។ ដូច្នេះរឿងរ៉ាវទាំងអស់នេះ ខ្ញុំអត់ដែលក្ដាប់បានទេ ហើយរឿងចុងក្រោយនេះលឺថា មានប្ដឹងផ្ដល់គ្នានៅតុលាការអីទៀត។ មកដល់ថ្ងៃនេះ អត់មានទាក់ទងមកសាលាខេត្តដើម្បីឱ្យខេត្ត ជួយអន្តរាគមន៍ ឬដោះស្រាយអីក៏អត់ដែរ»។
មន្ត្រីជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លើកឡើង អាជ្ញាធរមិនគួរចាំទាល់តែមានបណ្ដឹងទើប ចុះពិនិត្យដោះស្រាយនោះទេ ព្រោះករណីនេះផ្ទុះឡើងជាយូរមកហើយ និងត្រូវបានសារព័ត៌មានចុះ ផ្សាយព្រាតអំពីផលប៉ះពាល់របស់រដ្ឋជាមួយក្រុមហ៊ុន7NGនេះ៖ «ប្រសិនបើជាអាជ្ញាធររង់ចាំព័ត៌មានឬបណ្ដឹងទើបចុះស្រាវជ្រាវ ខ្ញុំគិតថា ដូចជាមិនសមហេតុសមផល ព្រោះប្រសិនបើផ្ទុះកាន់តែធំទៅ គឺនាំឱ្យកាន់តែពិបាកក្នុង ការដោះស្រាយ។ ទោះបីជាព័ត៌មានតាមប្រភពណាក៏ដោយអាជ្ញាធរ គួរតែធ្វើការស្រាវជ្រាវព្រោះ ដើម្បីតម្លាភាព និងស្វែងរកដំណោះស្រាយនិងកុំឱ្យរឿងផ្ទុះកាន់តែធំ»។
ក្រុមហ៊ុន7NG រងការចោទថា មានកេរ្តិ៍ឈ្មោះអាស្រូវក្នុងបញ្ជីរំលោភសិទ្ធិមនុស្សជាច្រើនឆ្នាំ មកហើយ ពាក់ព័ន្ធនឹងករណីប្រើហិង្សាសហការជាមួយអាជ្ញាធរក្រុងភ្នំពេញ បណ្ដេញប្រជាពលរដ្ឋជាង១ពាន់គ្រួសារ រស់នៅតំបន់ដីក្រហមក្បែររដ្ឋសភាជាតិ ដើម្បីយកដីដោយគ្មានសំណង និងដំណោះស្រាយសមរម្យ កាលចុងឆ្នាំ២០០៥។ បន្ទាប់មកនៅឆ្នាំ២០១៧ ក្រុមហ៊ុននេះ ក៏ត្រូវបានប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលជិត១រយគ្រួសារ ចោទថា ទិញដី របស់ពួកគាត់ តែមិនឱ្យលុយពួកគាត់គ្រប់ចំនួនផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។