អាដហុក​ថា​ជនជាតិ​វៀតណាម​ធ្វើ​របង​លើ​អ័ក្ស​ផ្លូវ​ចាស់​នៅ​ស្ទឹងត្រែង​ជា​ករណី​ល្មើស​ច្បាប់

ដោយ ម៉ែន សុធីរ
2017.05.15
របង​ជនជាតិ​វៀតណាម ស្ទឹងត្រែង ២០១៧ ១៤៤០ របង​របស់​ជនជាតិ​វៀតណាម ដែល​ពលរដ្ឋ​ខ្មែរ​អះអាង​ថា សង់​នៅ​លើ​អ័ក្ស​ផ្លូវ​ចាស់​ក្នុង​ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។ រូបថត​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA/Men Sothyr

សមាគម​អាដហុក (ADHOC) ចាត់​ទុក​ការ​ធ្វើ​របង​ស៊ីម៉ងត៍​របស់​ជនជាតិ​វៀតណាម នៅ​ក្រុង​ស្ទឹងត្រែង ថា​ជា​អំពើ​ខុស​ច្បាប់ ខណៈ​អាជ្ញាធរ​ជំនាញ​នៅ​ពុំ​ទាន់​ដោះស្រាយ​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​នោះ​នៅ​ឡើយ​ទេ។ ម្យ៉ាង អ្នក​ភូមិ​សង្ស័យ​ថា ជនជាតិ​វៀតណាម រូប​នោះ​នៅ​ពុំ​ទាន់​បំពេញ​បែបបទ​សុំ​ចូល​សញ្ជាតិ​ខ្មែរ​នៅ​ឡើយ។

ការ​លើក​ឡើង​នេះ ក្រោយ​ពី​ជនជាតិ​វៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ ម៉ឺន និង​ជា​ថៅកែ​សិប្បកម្ម​គ្រឿង​សង្ហារិម​ល្បី​ឈ្មោះ​នៅ​ខែត្រ​ស្ទឹងត្រែង បាន​ធ្វើ​របង​ស៊ីម៉ងត៍​កម្ពស់​ប្រហែល ៤​ម៉ែត្រ ប្រវែង ៣០០​ម៉ែត្រ នៅ​ចំណុច​អ័ក្ស​ផ្លូវ​ចាស់​សម្រេច​បាន​ប្រហែល ៩០​ភាគរយ​ទៅ​ហើយ។

តើ​ជន​បរទេស​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី និង​ធ្វើ​របង​លើ​ទឹកដី​របស់​កម្ពុជា បាន​ទេ?

ពលរដ្ឋ​មួយ​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ផ្លូវ​លំ​មួយ​ខ្សែ​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង សម្ដែង​ការ​សោកស្ដាយ​ពី​ភាព​ព្រងើយ​កន្តើយ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​អាជ្ញាធរ​ខែត្រ​ស្ទឹងត្រែង ដែល​កំពុង​មើល​រំលង​ពាក្យ​បណ្ដឹង​របស់​ពួក​គាត់​ជាង ២​ឆ្នាំ​ហើយ ពុំ​ឃើញ​មាន​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ចេញ​មុខ​ដោះស្រាយ​នៅ​ឡើយ។

ពលរដ្ឋ​រស់នៅ​ក្រុង​ស្ទឹងត្រែង លោក ភូ ថងសុំ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា លោក​មាន​ដី​ទំហំ ២៩​ម៉ែត្រ​គុណ​នឹង ៤៣​ម៉ែត្រ គ្រប់គ្រង​តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​លោក​បាន​សម្បទាន​ជូន​រដ្ឋ​សម្រាប់​អភិវឌ្ឍ​ផ្លូវ​ទំហំ​ដី​ចំនួន ៥​ម៉ែត្រ បណ្ដោយ ៤៣​ម៉ែត្រ ជាប់​ដី​វិហារ​សាសនា​គ្រឹះ។ ប៉ុន្តែ​អាជ្ញាធរ​សង្កាត់​ស្ទឹងត្រែង បាន​ឈូស​ឆាយ​ដី​រហូត​ដល់ ១០​ម៉ែត្រ បណ្ដោយ ៤៣​ម៉ែត្រ ដើម្បី​វាង​ចេញ​ពី​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ជនជាតិ​វៀតណាម។ ចំណែក​ដី​វិហារ​សាសនា​គ្រឹះ បាន​បើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​អភិវឌ្ឍ​ចំនួន​ទទឹង ៥​ម៉ែត្រ​ដែរ តែ​អាជ្ញាធរ​បែរ​ជា​មិន​ធ្វើ​ទេ ព្រោះ​ខ្លាច​បុក​ចំ​ដី​ជនជាតិ​វៀតណាម។ បញ្ហា​នេះ លោក​សង្ស័យ​ថា​ជា​ចេតនា​មិន​យក​ចិត្ត​ទុក​ដាក់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ ព្រោះ​ខ្លាច​ក្រែង​ប៉ះពាល់​ប្រយោជន៍​ឈ្មួញ​កែច្នៃ​ឈើ​ប្រណិត ហើយ​អាច​មាន​ភាព​មិន​ប្រក្រតី ឬ​ការ​សូកប៉ាន់​ណា​មួយ«អត់​ទទួល​ខុស​ត្រូវ​ទេ អត់​ទេ រុញ​ដាក់ ហ្គែង ដាក់​អញ​ទៅ​ខែត្រ​ហ្នឹង​គេ​រុញ។ ជា ថាវរិទ្ធ ថា ឈៀង ឡាក់ ឈៀង ឡាក់ អត់​ដោះស្រាយ​ទេ កាល​ពី​មុន​ដេញ​ឲ្យ​ខ្ញុំ​មក​ក្រុង ខ្ញុំ​ប្រាប់​គាត់​ថា មក​ធ្វើ​អី​ទៀត បើ​ក្រុង​គេ​អត់​ដោះស្រាយ»

លោក ភូ ថងសុំ បន្ថែម​ថា ជនជាតិ​វៀតណាម ហាក់​មាន​ឥទ្ធិពល​លើ​អាជ្ញាធរ​រដ្ឋាភិបាល ខណៈ​ការ​ដោះស្រាយ​បញ្ហា​នេះ​កន្លង​ទៅ អាជ្ញាធរ​មូលដ្ឋាន​មាន​ភាព​លម្អៀង​ទៅ​ជនជាតិ​វៀតណាម ជាពិសេស​គឺ​ការ​ធ្វើ​របង​លើ​អ័ក្ស​ផ្លូវ​ចាស់។ ដោយឡែក​ពាក្យ​បណ្ដឹង​របស់​លោក បាន​ដាក់​ជូន​សាលា​ខែត្រ​ស្ទឹងត្រែង ដោះស្រាយ​ច្រើន​ខែ​មក​ហើយ នៅ​តែ​ស្ងាត់​ដដែល។

កាល​ពី​ឆ្នាំ​២០១៥ អាជ្ញាធរ​សង្កាត់​ស្ទឹងត្រែង បាន​សម្រេច​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​ជា​កញ្ចប់​ថវិកា​សង្កាត់​ស្ទឹងត្រែង មាន​ទទឹង ៥​ម៉ែត្រ និង​បណ្តោយ​ប្រហែល​ជាង ៥០០​ម៉ែត្រ ហើយ​មុន​ឆ្នាំ​២០១៥ ផ្លូវ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពាក់​កណ្ដាល ដោយ​ឆ្ពោះ​ចូល​ក្នុង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ថៅកែ​ជនជាតិ​វៀតណាម ឈ្មោះ ខាំ ប៊ុនម៉េង ហៅ ម៉ឺន ដើម្បី​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ចូល​រោង​នោះ។ ជនជាតិ​វៀតណាម រូប​នោះ ត្រូវ​បាន​អ្នក​ភូមិ​ចោទ​ថា បច្ចុប្បន្ន​បម្រើ​ការងារ​ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ។

ឆ្លើយតប​រឿង​នេះ អភិបាល​ក្រុង​ស្ទឹងត្រែង លោក ប៊ុន ណារី បញ្ជាក់​យ៉ាង​ខ្លី​ថា កន្លង​ទៅ​អាជ្ញាធរ​ក្រុង​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​ប្រជាពលរដ្ឋ​នោះ ក៏ប៉ុន្តែ​ពលរដ្ឋ​មិន​អស់​ចិត្ត បាន​ប្ដឹង​ទៅ​អាជ្ញាធរ​ខែត្រ​ទៀត។ ការ​ដោះស្រាយ​រឿង​នេះ​ហួស​ពី​សមត្ថភាព​របស់​អាជ្ញាធរ​ក្រុង។ លោក​បញ្ជាក់​ថា កន្លង​ទៅ​អាជ្ញាធរ​បាន​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​មួយ​គ្រួសារ​នោះ ខណៈ​ដី​របស់​ពលរដ្ឋ​មួយ​ផ្នែក​ជា​ដី​ចំណី​ផ្លូវ។ លើស​ពី​នេះ អាជ្ញាធរ​ក្រុង​បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​សុរិយោដី យោគយល់​ដោយ​លើកលែង​មិន​យក​ពន្ធ​ពី​ពលរដ្ឋ​ក្នុង​ការ​ធ្វើ​ប្លង់​រឹង«សុំ​សម្រួល​មិន​ឲ្យ​គាត់​បង់​ពន្ធ​អី​ទេ ដល់​ក្រោយ​មក​ស្ងាត់​ទៅ គាត់​ដាក់​ពាក្យ​ប្ដឹង​ដល់​សាលា​ខែត្រ»

អ្នក​នាំ​ពាក្យ​សមាគម​អាដហុក លោក សំ ច័ន្ទគា ពន្យល់​ថា បុគ្គល​ដែល​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា សម្រាប់​តែ​បុគ្គល​ណា​ដែល​មាន​សញ្ជាតិ​ជា​ខ្មែរ ចំណែក​ជន​បរទេស​ដែល​ពុំ​ទាន់​ទទួល​បាន​សញ្ជាតិ​ខ្មែរ អាច​មាន​សិទ្ធិ​កាន់​កាប់​ទ្រព្យ​សម្បត្តិ ឬ​ទិញ​ផ្ទះ​សម្បែង​បាន​តែ​លើ​អគារ​ជាន់​ទី​មួយ​ឡើង​លើ។ ចំណែក​ការ​ធ្វើ​របង ឬ​សំណង់​រឹង ត្រូវ​សុំ​ការ​អនុញ្ញាត​ពី​មន្ត្រី​ជំនាញ​សុរិយោដី​ជា​មុន​សិន ហើយ​មន្ត្រី​ជំនាញ​នឹង​ចុះ​សិក្សា​ផល​ប៉ះពាល់។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ​សុរិយោដី​នៅ​ខែត្រ​ស្ទឹងត្រែង ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស​កសាង​សំណង់​រឹង​លើ​អ័ក្ស​ផ្លូវ​ពុំ​ទាន់​មាន​ការ​ដោះស្រាយ​រួច​រាល់«សំណូមពរ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​សុរិយោដី រួម​ទាំង​ក្រសួង​រៀបចំ​ដែនដី បើ​បាន​ទទួល​ដំណឹង​ហើយ សុំ​លោក​ត្រូវ​ចាត់​វិធានការ​ហ្នឹង​ផង បើ​មិន​ចឹង​ទេ បង្កើត​ឲ្យ​មាន​ការ​ល្មើស​ច្បាប់​កាន់​តែ​ធ្ងន់ធ្ងរ​ទៅៗ»

អាស៊ីសេរី មិន​អាច​ទាក់ទង​ប្រធាន​ភូមិបាល​ក្រុង​ស្ទឹងត្រែង លោក ទំ មនោ ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ឧសភា ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន។

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា (ANSA) លោក សន ជ័យ យល់​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​ផ្តល់​ឯកសារ​អត្រានុកូលដ្ឋាន​ដល់​ជន​បរទេស វា​នឹង​បង្ក​ផល​ប៉ះពាល់​វែង​ឆ្ងាយ​ដល់​សង្គម និង​អធិបតេយ្យភាព​ជាតិ ដែល​នាំ​ឲ្យ​មាន​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​ខុស​ច្បាប់ និង​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់ ជាដើម«ប្រសិន​បើ​ជន​បរទេស ចិន ក៏ដោយ យួន ក៏ដោយ ថៃ ក៏ដោយ ដែល​មាន​អត្តសញ្ញាណ​ក្លែងក្លាយ គេ​យក​ទៅ​ទិញ​អចលនទ្រព្យ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ខុស​ច្បាប់ ការ​រស់នៅ​របស់​ពួក​គេ ឬ​ការ​ប្រើប្រាស់​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ទទួល​បាន​អត្តសញ្ញាណ​ដោយ​ខុស​ច្បាប់ សិទ្ធិ​កាន់​កាប់ ឬ​ក៏​សិទ្ធិ​អចលនទ្រព្យ​ក៏​អាច​មាន​ការ​ប្រែប្រួល​ដែរ»

ច្បាប់​ស្ដីពី​សញ្ជាតិ​ឆ្នាំ​១៩៩៦ ចែង​ថា ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​តាម​ករណី​ទាមទារ​សញ្ជាតិ ត្រូវ​សម្រេច​ដោយ​ព្រះរាជក្រឹត្យ។ ជន​បរទេស​អាច​សុំ​ចូល​សញ្ជាតិ​ខ្មែរ​បាន​ដោយ​សញ្ជាតូបនីយកម្ម។ ពាក្យ​សុំ​នោះ អាច​បដិសេធ​ចោល​ដោយ​អំណាច​ឆន្ទានុសិទ្ធិ។ ទោស​បញ្ញត្តិ​ជន​បទេស​ណា​ដែល​កាន់​កាប់ និង​ប្រើប្រាស់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិត​ឆ្លង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ខុស​ច្បាប់ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៥​ឆ្នាំ​ដល់ ១០​ឆ្នាំ។

មន្ត្រី​សង្គម​ស៊ីវិល យល់​ថា ជន​បរទេស​គ្មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​នៅ​ប្រទេស​កម្ពុជា ដាច់ខាត ដរាប​ណា​ពួក​គេ​ពុំ​ទាន់​បំពេញ​បែបបទ​ស្នើសុំ​សញ្ជាតិ​តាម​ច្បាប់ ដែល​មាន​ព្រះហស្តលេខា​ពី​ព្រះមហាក្សត្រ​នោះ។ ម្យ៉ាង ជនជាតិ​វៀតណាម រូប​នោះ​រង​ការ​រិះគន់​ពី​ពលរដ្ឋ​ថា ជា​ឈ្មួញ​រក​ស៊ី​ឈើ​ប្រណិត​ខុស​ច្បាប់​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​មាន​សិប្បកម្ម​កែច្នៃ​គ្រឿង​សង្ហារិម​ល្មើស​ច្បាប់​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។