មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ស៊ី.ស៊ី.អេច្ឆ.អ (CCHR) ធ្វើរំលឹកឡើងវិញនូវ របាយការណ៍ឆ្នាំ២០១៦ ស្ដីពី ស្ថានភាពរបស់ជនងាយរងគ្រោះជាស្ត្រីនៅក្នុងជម្លោះដីធ្លី ដើម្បីចូលរួមក្នុង ទិវាស្ត្រីជនបទអន្តរជាតិ ដែលអង្គការសហប្រជាជាតិបានកំណត់យកថ្ងៃទី១៥ ខែតុលា ក្រោមប្រធានបទស្ត្រី និងក្មេងស្រីនៅតាមជនបទបង្កើតភាពធន់នឹងអាកាសធាតុ។ មន្ត្រីមជ្ឈមណ្ឌល CCHR ថា ស្ត្រីជួបវិបត្តិដីធ្លីបានកើនឡើងនៅឆ្នាំ ២០១៩នេះ។ ប៉ុន្តែមន្ត្រីរបបក្រុងភ្នំពេញ អះអាងថា រដ្ឋាភិបាលបានបន្តដោះស្រាយបញ្ហាដីធ្លី ស្ទើរតែបញ្ចប់ទាំងស្រុងទៅហើយ។
អ្នកឃ្លាំមើលសិទ្ធិដីធ្លីរកឃើញថា ស្ត្រីតវ៉ាដីធ្លី បន្តប្រឈមបញ្ហាសំខាន់ៗមួយចំនួន ដែលទាមទារឱ្យរដ្ឋាភិបាលត្រូវត្រួតពិនិត្យមើលឡើងវិញ ដោយចាត់វិធានការលើក្រុមហ៊ុនពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ដើម្បីដោះស្រាយជាបន្ទាន់។
អ្នកសម្របសម្រួលគម្រោង ធុរកិច្ច និងសិទិ្ធមនុស្ស របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ស្ត្រីនៅតែរងសម្ពាធពីផលប៉ះពាល់ការអភិវឌ្ឍន៍ដីធ្លីដែលថាបានអូសបន្លាយមកដល់បច្ចុប្បន្ននេះ មានដូចជាការបណ្ដេញចេញដោយបង្ខំ ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ការចាប់ខ្លួនតាមអំពើចិត្ត ការឃុំឃាំងខ្លួនដោយខុសច្បាប់ អំពើហិង្សា បញ្ហាផ្លូវចិត្ត ការផ្តន្ទាទោសដោយគ្មានហេតុផល បាត់បង់ប្រាក់ចំណូល ការចំណាកស្រុក និងការជំពាក់បំណុលធនាគារជាដើម។ លោក វណ្ណ សុផាត បន្តថា បញ្ហានេះនៅមិនទាន់ធូរស្រាលសម្រាប់ឱ្យស្ត្រីមានស្ថិរភាពក្នុងការរស់នៅនោះទេ៖ «រដ្ឋយើងក្រុមហ៊ុនធ្វើអាជីវកម្មគឺមានការទទួលខុសត្រូវ ក្នុងការការពារចំពោះការរងផលប៉ះពាល់ជាពិសេសក្រុមហ៊ុនឯកជនត្រូវមានការទទួលខុសត្រូវផងដែរ មិនមែនតែរដ្ឋទេ គឺត្រូវមានតួនាទីដើម្បីចាត់វិធានការការពារ ឬចាត់វិធានការទៅលើក្រុមហ៊ុនទាំងឡាយណាដែលរំលោភសិទ្ធិរបស់ប្រជាពលរដ្ឋ ផ្ទុយទៅវិញយើងឃើញថា នៅកម្ពុជាបច្ចុប្បន្ននេះមិនទាន់មានភាពច្បាស់លាស់ក្នុងការចាត់វិធានការទាំងអស់នេះទេ។ ហេតុដូច្នេះហើយទើបមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានផ្ដោតស្ថានភាពស្ត្រីក្នុងជម្លោះដីធ្លី ដើម្បីឱ្យរាជរដ្ឋាភិបាលចាប់អារម្មណ៍ជួយដោះស្រាយបញ្ហារបស់ពួកគាត់ ហើយសុំឱ្យមានការអនុវត្តទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលរដ្ឋាភិបាលបានផ្ដល់សច្ចាប័នមកដល់បច្ចុប្បន្ននេះ»។
របាយការណ៍ស្តីអំពី «ស្ត្រីក្នុងជម្លោះដីធ្លីនៅកម្ពុជា» ដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្វើការស្រាវជ្រាវ ឆ្នាំ២០១៦ ហើយបានធ្វើបច្ចុប្បន្នភាពផ្សព្វផ្សាយនៅពេលនេះ បង្ហាញថា កាលពីឆ្នាំ២០១៦ ៧៩%នៃប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងដីធ្លីនិងធនធានធម្មជាតិ។ ប្រជាពលរដ្ឋប្រមាណ ៧សែននាក់ បានរងផលប៉ះពាល់ដោយសារជម្លោះដីធ្លីក្នុងរយៈពេលពីរបី ទសវត្សចុងក្រោយនេះ។ ស្ត្រីនៅតាមជនបទគឺជាជនងាយរងគ្រោះជាពិសេសដោយសារជម្លោះដីធ្លីនិងការបណ្ដេញចេញពីលំនៅឋាន។
របាយការណ៍បង្ហាញទៀតថា ៩៨%នៃការបណ្ដេញចេញគឺជាការបង្ខិតបង្ខំ ឬប្រើអំពើហិង្សា (ជិត៨៣%) មិនទទួលបានការជូនដំណឹងជាមុនពីការបណ្ដេញចេញឡើយ ជាងនេះទៅទៀត (ជិត៩០%) ពួកគេមិនទទួលបានផ្ដល់សំណងទេ។ ការស្រាវជ្រាវនេះ រកឃើញថា បញ្ហាប្រឈមនានាបានកើតឡើងមកលើស្ត្រីជាបន្តបន្ទាប់ ជារឿយៗស្ត្រីបានទទួលរងនូវការធ្វើទុក្ខបុកម្នេញពីប្រព័ន្ធតុលាការ ការគំរាមកំហែងផ្សេងៗ កន្លែងតាំងទីលំនៅថ្មីច្រើនតែខ្វះហេដ្ឋារចនាសម្ព័ន្ធ និងការទទួលបានសេវាកម្មសំខាន់ៗចំបាច់ដូចជា ទឹក អនាម័យ និងថែទាំសុខភាពមូលដ្ឋាន។ ជាលទ្ធផលនៃជម្លោះដីធ្លី ជាង៩១%នៃគ្រួសារបានជួបប្រទះនូវការធ្លាក់ចុះនៃចំណូលគ្រួសារ (ជាង៥%) ស្ត្រីបានធ្វើចំណាកស្រុកដើម្បីរកការងារធ្វើនៅកន្លែងផ្សេង (ជិត៤៥%) ស្ត្រីបានយកប្រាក់កម្ចីធនាគារដើម្បីសម្រាលបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុដោយសារជម្លោះដីធ្លី។ ក្រៅពីនេះ ជាង៩៨%នៃស្ត្រីបានរាយការណ៍ថា ខ្លួនទទួលរងនូវបញ្ហាផ្លូវចិត្ត ដោយគិតចង់បញ្ចប់ជីវិតរបស់ខ្លួន មានគំនិតធ្វើអត្តឃាត និងបានប៉ុនប៉ងធ្វើអត្តឃាត។ ជម្លោះដីធ្លីនេះ ក៏បានបង្កឱ្យមានអំពើហិង្សាក្នុងគ្រួសារផងដែរ ដោយស្ត្រីបានបោះបង់ចោលការផ្គត់ផ្គង់ម្ហូបអាហារ និងតួនាទីជាមេផ្ទះដើម្បីចាប់យកការធ្វើយុទ្ធនាការទាមទារឱ្យមានសុវត្ថិភាពសិទ្ធិកាន់កាប់ដីធ្លី។
អតីតស្ត្រីតវ៉ានៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ដែលនិរទេសខ្លួនទៅរស់នៅក្រៅប្រទេស ថ្លែងថា ក្រៅពីរូបភាពរងគ្រោះទាំងនេះ លោកស្រីក៏រងនូវការលាបពណ៌ និងស្ថិតក្នុងបញ្ជីខ្មៅ ពីសំណាក់អ្នកមានអំណាច អាជ្ញាធររដ្ឋាភិបាល។ អ្នកស្រីថា ការរស់នៅក្នុងពន្ធនាគារដោយឈឺចាប់និងរងភាពអយុត្តិធម៌គឺជាបទពិសោធន៍ជីវិតដែលអ្នកស្រីមិនអាចបំភ្លេចបាន៖ «ជាក់ស្ដែងគឺករណីនេះបានធ្លាក់មកលើរូបនាងខ្ញុំផ្ទាល់តែម្ដង នៅពេលដែលនាងខ្ញុំបានចេញពីពន្ធនាគារ មានតំណាងមន្ត្រីរដ្ឋាភិបាល ៣នាក់ គេបានមកជួបនាងខ្ញុំនឹងម្ដាយ គេបានប្រើពាក្យសំដីលួងលោមផងគំរាមផង គេថា ប្រសិនជានាងខ្ញុំមិនធ្វើលិខិតចុះចូលជាមួយនឹងរដ្ឋាភិបាល ហើយផ្ញើទៅនាយករដ្ឋមន្ត្រី លោកមិនសប្បាយចិត្តទេ នោះគ្រួសារខ្ញុំនិងនាងខ្ញុំមិនអាចមានជីវិតរស់នៅបានសុខទេ ពីព្រោះគេចាត់ទុកថា នាងខ្ញុំជាអ្នកធ្វើការបម្រើឱ្យអាមេរិក និងអង្គការដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាល មិនមែនជាប្រជាពលរដ្ឋរស់នៅតំបន់បឹងកក់ ឬសកម្មជនដីធ្លីតំបន់បឹងកក់ទេ។ គេថាបើខ្ញុំធ្វើតាមសំណូមពរគេ គឺខ្ញុំនឹងរស់នៅបានសុខទាំងគ្រួសារ»។
ទោះបីជារបាយការណ៍បានលើកឡើងយ៉ាងនេះក្ដី អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ឆ្លើយតបថា ក្នុងបណ្ដឹងដែលទទួលបានទូទាំងប្រទេសប្រមាណ១ម៉ឺន៦ពាន់ករណី ក្រសួងកំពុងបន្តដោះស្រាយនៅសល់ប្រមាណប្រហែល១ពាន់ករណីទៀតប៉ុណ្ណោះ។ លោកថា គោលដៅនៃការដោះស្រាយនេះទៀតសោត ដើម្បីឱ្យមានសុខុមាលភាពនៅក្នុងសង្គម ផ្អែកលើគោលការណ៍ច្បាប់ជាមូលដ្ឋានដែលផ្ដល់យុត្តិធម៌ដល់គូរភាគី។ ទន្ទឹមនឹងការដោះស្រាយនេះ ក្រសួងក៏បានពន្លឿនការចុះបញ្ជីដីថែមទៀត៖ «យើងធ្វើការដោះស្រាយគ្រប់វិវាទទាំងអស់ ដែលមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា វិវាទជាមួយក្រុមហ៊ុនជាមួយប្រជាពលរដ្ឋ រវាងប្រជាពលរដ្ឋ ជាមួយប្រជាពលរដ្ឋ យើងដោះស្រាយទាំងអស់អត់មានយកវិវាទណាទៅទុកចោលមិនដោះស្រាយទេ គ្រប់ករណីទាំងអស់ដែលមានសំណើពីប្រជាពលរដ្ឋ។ ចំនួននេះនឹងថយទៅទៀត ដោយសារការពន្លឿនការចុះបញ្ជីដី រួមជាមួយវិធានការក្រសួង ស្នើទៅរដ្ឋបាលថ្នាក់ក្រោមជាតិបញ្ឈប់ការចុះហត្ថលេខាលើលិខិតផ្ទេរសិទ្ធិ ដែលហៅថាប្លង់ទន់ដែលមិនមានការបញ្ជាក់និយាមការច្បាស់លាស់ពីរដ្ឋបាលសុរិយោដី ដើម្បីឱ្យមានភាពច្បាស់លាស់ កុំដីហ្នឹងជាន់គ្នា កុំដីហ្នឹងនៅលើតែក្រដាស ហើយទីតាំងជាក់ស្ដែងគ្មានអ្វីជាសំអាង»។
អតីតស្ត្រីតវ៉ានៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ក្នុងនាមជាស្ត្រីដែលរស់នៅក្នុងប្រទេសកម្ពុជា ក្រោមផ្លាកអភិវឌ្ឍន៍របស់រដ្ឋាភិបាល អំពាវនាវដល់អង្គការជាតិ អន្តរជាតិបង្កើនការយកចិត្តទុកដាក់ តាមដានឃ្លាំមើលបញ្ហាស្ត្រី ដែលកំពុងជួបនូវទុក្ខលំបាកធ្ងន់ធ្ងរដែលត្រូវភៀសខ្លួនបែកបាក់ក្រុមគ្រួសារ។ អ្នកស្រីថា សូមកុំទុកពួកគាត់ចោលឱ្យរស់នៅឯកោ និងជាពិសេសសូមបញ្ឈប់នូវទង្វើរបស់រដ្ឋាភិបាលដែលយកស្ត្រីជាទាសករសិទ្ធិមនុស្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។