អង្គការការពារសិទ្ធិមនុស្សអន្តរជាតិធំៗចំនួនពីរ បានចេញសេចក្តីថ្លែងការណ៍ព្រមគ្នានៅថ្ងៃទី២១ មីនា នេះ ដោយទាមទារឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ចោលការស៊ើបអង្កេតលើអ្នកការពារព្រៃឈើ លោក អ៊ូច ឡេង និងសហការី៣ នាក់ផ្សេងទៀត។ ការអំពាវនាវរបស់អង្គការអន្តរជាតិនេះ គឺនៅចំថ្ងៃទិវាព្រៃឈើអន្តរជាតិ២០២០។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) និងអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) អំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញ និងការយាយីលើសកម្មជនការពារបរិស្ថានលោក អ៊ួច ឡេង និងសហគមន៍ព្រៃឡង់ ៣ នាក់ទៀត ដែលត្រូវបានឃាត់ខ្លួនកាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិទាំងពីរបានជំរុញឱ្យអាជ្ញាធរកម្ពុជា បើកការស៊ើបអង្កេតលើករណីសន្តិសុខក្រុមហ៊ុនស៊ីងបាយអូថេក បង្ខាំងអ្នកការពារព្រៃឈើទាំង ៤ រូប និងបានវាយដំសកម្មជនម្នាក់ឱ្យរងរបួសផងដែរ។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍ថា អាជ្ញាធរកម្ពុជាគួរតែបញ្ឈប់ការស៊ើបអង្កេតដោយបំពានលើអ្នកការពារបរិស្ថានទាំង៤ រូប ដែលជាច្រើនឆ្នាំមកនេះ ពួកគេបានធ្វើសកម្មភាពប្រឈមមុខនឹងគ្រោះថ្នាក់រាប់មិនអស់ប្រឆាំងនឹងការកាប់បំផ្លាញព្រៃឈើខុសច្បាប់។ ទន្ទឹមនឹងនេះ លោកថា អាជ្ញាធរត្រូវតែបញ្ឈប់ការប្រើប្រព័ន្ធតុលាការបែបនយោបាយ និងច្បាប់បែបគាបសង្កត់ ដើម្បីបំបិទមាត់ក្រុមសកម្មជន ហើយការពារឈ្មួញ និងមន្ត្រីពុករលួយតទៅទៀត។
ចំណែក អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) វិញ លើកឡើងថា ការធ្វើទុក្ខបុកម្នេញ និងការយាយីលើសកម្មជនការពារសិទ្ធិមនុស្ស និងបរិស្ថានទាំង៤ រូបនោះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសកម្មភាពនៅតាមមូលដ្ឋាន និងសិទ្ធិជនជាតិដើមភាគតិច ព្រមទាំងជាការកាត់ផ្ដាច់នូវកិច្ចខិតខំប្រឹងប្រែងជាសាកលប្រឆាំងនឹងការប្រែប្រួលអាកាសធាតុផងដែរ។ អង្គការអន្តរជាតិមួយនេះ អំពាវនាវដល់អាជ្ញាធរកម្ពុជាឱ្យទម្លាក់ចោលការស៊ើបអង្កេតគ្មានមូលដ្ឋានលើសកម្មជនបរិស្ថានទាំង៤ រូបនោះ និងស្នើឱ្យអាជ្ញាធរបើកការស៊ើបអង្កេតដោយហ្មត់ចត់ និងមិនលម្អៀងលើករណីឃុំខ្លួនតាមទំនើងចិត្ត អំពើទារុណកម្ម និងការកាប់ឈើខុសច្បាប់ ប្រព្រឹត្តដោយក្រុមហ៊ុនស៊ីងបាយអូថេកផងដែរ។
កាលពីព្រឹកថ្ងៃទី១៣ មីនា កន្លងទៅ សន្តិសុខក្រុមហ៊ុនស៊ីងបាយអូថេក (Think Biotech) បានចាប់ឃាត់ខ្លួនអ្នកការពារព្រៃឈើ ៤ រូប រួមមាន ប្រធានអង្គការកិច្ចការពិសេសសិទ្ធិមនុស្សកម្ពុជា (CHRTF) លោក អ៊ូច ឡេង និងសមាជិកសហគមន៍ព្រៃឡង់ ៣នាក់ គឺលោក ស្រី ថី លោក ខេម សុឃី និងលោក មេត ម៉ាត់ នៅពេលពួកគេចុះស៊ើបអង្កេតអាជីវកម្មឈើខុសច្បាប់ក្នុងតំបន់ព្រៃឡង់។ ក្នុងពេលឃាត់ខ្លួននេះ សន្តិសុខរបស់ក្រុមហ៊ុនបានប្រើហិង្សាលើលោក មេត ម៉ាត់ និងបានបង្ខាំងទុកអ្នកទាំង៤ រូប ជាច្រើនម៉ោង មុនពេលប្រគល់ជូនសមត្ថកិច្ច។
ក្រោយការសាកសួរអស់រយៈពេល៣ ថ្ងៃ និងមានការតវ៉ាឥតឈប់ពីសំណាក់ព្រះសង្ឃ សកម្មជន និងមន្ត្រីអង្គការសង្គមស៊ីវិល តំណាងអយ្យការខេត្តក្រចេះក៏បានសម្រេចដោះលែងអ្នកទាំង៤ រូបវិញ ក៏ប៉ុន្តែបានតម្រូវឱ្យពួកគេធ្វើកិច្ចសន្យាទទួលស្គាល់កំហុស និងបញ្ឈប់សកម្មភាពការពារព្រៃឈើ។ តំណាងអយ្យការមិនបានចោទប្រកាន់សកម្មជនទាំង៤ រូបអំពីបទល្មើសណាមួយនោះទេ ប៉ុន្តែបែរជាដាក់ពួកគេនៅក្នុងការស៊ើបអង្កេត ដែលនេះគឺជាឧបសគ្គរាំងស្ទះដល់បេសកកម្មការពារព្រៃឈើរបស់ពួកគាត់។
ទាក់ទងនឹងរឿងសេចក្តីថ្លែងការណ៍របស់អង្គការអន្តរជាតិនេះ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា នេះជារឿងមិនឆ្លុះបញ្ចាំងពីទិដ្ឋភាពច្បាប់របស់កម្ពុជា។ លោកថា មានតែតុលាការទេ ទើបជាអ្នកសម្រេចថា មាន ឬគ្មានបទល្មើស ដោយផ្អែកលើអង្គហេតុ និងអង្គច្បាប់៖ «នៅកម្ពុជាមិនមានការឃុំខ្លួនតាមទំនើងចិត្ត ឬក៏អំពើទារុណកម្មអ្វីនោះទេ។ ទីពីរ មិនថាសកម្មជនព្រៃឈើ ឬក៏មិនសកម្មជនទេ ឱ្យតែប្រព្រឹត្តល្មើសច្បាប់ត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ ទីបី អ្នកដែលកំណត់ថា អ្នកនោះប្រព្រឹត្តបទល្មើស ឬអត់ គឺតុលាការជាអ្នកសម្រេច ដោយមិនមានស្ថាប័នណាអាចបង្គាប់បញ្ជាបាននោះទេ»។
ទោះជាយ៉ាងណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ស៊ឹង សែនករុណា ថ្លែងថា លោកគាំទ្រចំពោះសេចក្ដីថ្លែងការណ៍របស់អង្គការអន្តរជាតិទាំងពីរ ដែលស្នើសុំឱ្យមានការទម្លាក់ចោលការស៊ើបអង្កេតប្រឆាំងនឹងលោក អ៊ូច ឡេង និងសមាជិកសហគមន៍ព្រៃឡង់ ៣នាក់ទៀត។ លោកថា ខាងតំណាងអយ្យការមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីចោទប្រកាន់អ្នកទាំង៤ នោះទេ ដូច្នេះលោកថា គ្មានហេតុផលអ្វីដែលអយ្យការត្រូវបន្តនីតិវិធីស៊ើបអង្កេតលើពួកគាត់នោះឡើយ៖ «អ្នកទាំងអស់គ្នាកំពុងទទូចចង់បានសម្ភារៈ ជាពិសេស ដូចជាម៉ូតូជាយាន្តជំនិះរបស់ពួកគាត់ ហើយនិងសម្ភារៈ បរិក្ខារមួយចំនួនទៀតដែលខាងតុលាការចាប់យកហ្នឹង គួរតែពិនិត្យពិច័យ ដើម្បីប្រគល់ទៅឱ្យពួកគាត់វិញ ដើម្បីឱ្យពួកគាត់យកទៅធ្វើការប្រកបរបរចិញ្ចឹមជីវិត និងបំពេញតួនាទីរបស់ខ្លួនបន្តទៀត។ ទីពីរទៀត ខាងតុលាការគួរតែពិនិត្យមើល និងទទួលយកអនុសាសន៍នៃអង្គការទាំងពីរបានលើកឡើងដើម្បីបង្ហាញទៅឆាកអន្តរជាតិថា យើងកំពុងតែអនុវត្តច្បាប់ ហើយនិងគោរពទៅតាមតួនាទីរបស់ខ្លួនបានត្រឹមត្រូវ»។
ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុក បានរួមគ្នាថ្កោលទោសក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) (Think Biotech Co., Ltd) ថា បានប្រើកងកម្លាំងសន្តិសុខ ឃាត់ខ្លួនសកម្មជនបរិស្ថាន លោក លោក អ៊ូច ឡេង និងអ្នកសហគមន៍ព្រៃឡង់ ៣នាក់ទៀត ដោយបំពានច្បាប់។ ពួកគេបានស្នើដល់អាជ្ញាធរឱ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការឃាត់ខ្លួននេះ និងទាមទារឱ្យអាជ្ញាធរ ស្វែងរកជនដៃដល់ និងអ្នកពាក់ព័ន្ធដែលបានប្រើអំពើហិង្សាលើលោក មេន ម៉ាត់ យកមកផ្ដន្ទាទោសតាមច្បាប់។ ទោះជាយ៉ាងណា មកដល់ពេលនេះ អាជ្ញាធរមិនបាននាំខ្លួនជនណាម្នាក់យកមកផ្ដន្ទាទោសនៅឡើយទេ។
កាលពីថ្ងៃទី១៨ មីនា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃវ៉ច្ឆ (Human Rights Watch) បានផ្ញើលិខិតមួយច្បាប់ទៅក្រុមហ៊ុនស៊ីងបាយអូថេក ដើម្បីចង់បានការបកស្រាយអំពីហេតុការណ៍សន្តិសុខរបស់ក្រុមហ៊ុនចាប់ឃាត់ខ្លួន និងវាយដំអ្នកការពារបរិស្ថាននេះ ក៏ប៉ុន្តែក្រុមហ៊ុនដែលមានម្ចាស់រួមគ្នាជាជនជាតិចិនតៃវ៉ាន់ និងខ្មែរនោះ មិនបានឆ្លើយតបរឿងនេះទេ។ អាស៊ីសេរីក៏មិនអាចទាក់ទងភាគីក្រុមហ៊ុនដើម្បីសាកសួរព័ត៌មាននេះបានដែរ គិតត្រឹមម៉ោងផ្សាយនេះ។
មន្ត្រីសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន មានប្រសាសន៍ថា អាជ្ញាធរកម្ពុជាគួរតែដឹងគុណក្រុមសកម្មជនបរិស្ថាន ដែលបានព្យាយាមការពារព្រៃឈើនៅសេសសល់ចុងក្រោយរបស់កម្ពុជា ជំនួសឱ្យការរាំងខ្ទប់សកម្មភាពរបស់ពួកគេ។ លោកបន្ថែមថា ម្ចាស់ជំនួយ និងអ្នកវិនិយោគលើកិច្ចការពារបរិស្ថាននៅកម្ពុជាទាំងអស់ ត្រូវតែទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន នាំខ្លួនមន្ត្រី និងក្រុមហ៊ុនល្មើសច្បាប់ទាំងឡាយ ឱ្យទទួលខុសត្រូវតាមផ្លូវច្បាប់ ហើយត្រូវតែគាំទ្រសកម្មជនបរិស្ថានដ៏ក្លាហានទាំង៤ នាក់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។