ពលរដ្ឋខេត្តកោះកុង នាំគ្នាត្រឡប់ទៅផ្ទះវិញ និងបន្តរកដំណោះស្រាយពីអភិបាលខេត្តជាថ្មីទៀត
2019.11.29
ក្រុមប្រជាពលរដ្ឋមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន សម្រេចចិត្តនាំគ្នាត្រឡប់ទៅខេត្តកោះកុងវិញ ក្រោយពីបានដាក់ញត្តិស្នើសុំក្រសួងដែនដី ឱ្យកំណត់ពេលវេលាច្បាស់លាស់ ដើម្បីចុះដោះស្រាយបញ្ហាជូនពួកគាត់។ ពួកគាត់ថា នឹងបន្តរកដំណោះស្រាយក្នុងជម្លោះដីធ្លីជាង ១០ឆ្នាំនេះ ពីអភិបាលខេត្តកោះកុងជាថ្មីទៀត នៅថ្ងៃដើមសប្ដាហ៍ក្រោយ។
តំណាងប្រជាពលរដ្ឋជាង ១០០គ្រួសារ លោក ម៉ូវ ស៊ីដាន ថ្លែងឲ្យដឹងថា អ្នកភូមិប្រមាណ ៤០នាក់មកពីឃុំតានួន ស្រុកបទុមសាគរ ខេត្តកោះកុង សម្រេចនាំគ្នាទៅផ្ទះវិញ ដោយផ្អាកការតវ៉ារកដំណោះស្រាយរឿងដីធ្លីពីក្រសួងដែនដី នៅរាជធានីភ្នំពេញមួយរយៈសិន រួចបន្តការតវ៉ាជាថ្មីនៅមុខសាលាខេត្តកោះកុងវិញម្ដង។ លោកបញ្ជាក់ថា ការតវ៉ារកដំណោះស្រាយពីអាជ្ញាធរខេត្តកោះកុង នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយនេះ ដើម្បីស្នើសុំអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង កំណត់ពេលវេលាជាក់លាក់ថា តើនឹងចាត់មន្ត្រីជំនាញឱ្យចុះដោះស្រាយឲ្យពួកគាត់នៅពេលណាឲ្យពិតប្រាកដ៖ «ខ្ញុំទៅនេះ ទៅពន្លឿនគេដោះស្រាយឲ្យប្រជាពលរដ្ឋឲ្យបានឆាប់ៗមក។ វាសង្ឃឹមភាគតិចណាស់ ព្រោះមួយរយៈពេលកន្លងមក ឡើងទៅខេត្តប៉ុន្មានឆ្នាំហើយ គាត់អត់ដោះស្រាយ បានឡើងទៅក្រសួងថ្នាក់ជាតិហ្នឹង»។
កាលពីថ្ងៃទី២៨ វិច្ឆិកា ក្រុមមន្ត្រីក្រសួងដែនដី ចុះទៅជួបពលរដ្ឋខេត្តកោះកុង ដោយផ្ទាល់នៅវត្តសាមគ្គីរង្សី ដោយទទួលយកសំណើជួយអន្តរាគមន៍ក្នុងវិវាទជាមួយក្រុមហ៊ុនចិន យូញៀន ទៅដោះស្រាយ ប៉ុន្តែខាងក្រសួងមិនបានប្រាប់ពលរដ្ឋថា នឹងចុះទៅដោះស្រាយឲ្យនៅពេលនោះទេ ដោយទម្លាក់ការងារទៅថ្នាក់ខេត្តវិញ។
អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ប្រាប់អាស៊ីសេរីថា អាជ្ញាធរនៅតែបន្តដោះស្រាយជូនពលរដ្ឋជាបន្តបន្ទាប់។ អ្នកស្រីបញ្ជាក់ថា នឹងបញ្ជូនទៅមន្ត្រីខេត្តទៅជួបពលរដ្ឋដោយផ្ទាល់ នៅសប្ដាហ៍ក្រោយនេះ ដើម្បីកុំឲ្យពលរដ្ឋពិបាកធ្វើដំណើរទៅសាលាខេត្ត៖ «ចំពោះការងារនេះ ខ្ញុំបានឲ្យខាងក្រុមការងារខេត្ត បានធ្វើការហើយ តែគ្រាន់តែគាត់បានធ្វើការជាមួយក្រុមការងារខេត្តអត់ទេ ព្រោះលោក សុខ សុធី គាត់ធ្វើការនៅហ្នឹងហើយ។ គាត់ធ្វើរបាយការណ៍ទៅក្រសួងហើយ។ នៅដោះស្រាយ គឺខ្ញុំនៅតែបន្តដោះស្រាយហ្នឹង។ លើកលែងតែគាត់មានអ្វីខុសពីការងារ ដែលត្រូវដោះស្រាយលើសពីហ្នឹងទៀតអីចឹង។ ខាងខេត្តនៅបន្តដោះស្រាយការងារហ្នឹងចឹង»។
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិមនុស្សនៃអង្គការ លីកាដូ ប្រចាំខេត្តកោះកុង លោក ហួរ អ៊ីន ឲ្យដឹងថា គិតមកដល់ពេលនេះ ក្រៅពីពលរដ្ឋជាង ១០០គ្រួសារនៅឃុំតានួន នៅមានពលរដ្ឋរាប់រយគ្រួសារទៀត ស្ថិតនៅឃុំព្រែកខ្សាច់ និងឃុំចម្លងគោ ក៏មិនទាន់ទទួលដំណោះស្រាយពីអាជ្ញាធរដែរ។ លោកបន្តថា ដំណោះស្រាយកន្លងមកនោះ គឺមិនមានការកាត់ឆ្វៀលដីប្រគល់ឲ្យពលរដ្ឋវិញទេ គឺមានការដោះដូរផ្ទះ និងដីចម្ការ ឲ្យទៅរស់នៅទីតាំងថ្មី រួមនឹងថវិកាមួយចំនួនប៉ុណ្ណោះ ចំពោះប្រជាពលរដ្ឋដែលស្ម័គ្រចិត្តព្រមទទួលយក។
មន្ត្រីឃ្លាំមើលផ្នែកសិទ្ធិរូបនេះសង្កេតឃើញថា ការសន្យាពីខាងអាជ្ញាធរជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែ វិវាទដីធ្លីដ៏រ៉ាំរ៉ៃ រវាងក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន (Union Development Group Co., Ltd) ជាមួយពលរដ្ឋនៅស្រុកបុទុមសាគរ និងស្រុកគិរីសាគរក្នុងខេត្តកោះកុង នៅតែបន្តអូសបន្លាយដល់ពេលបច្ចុប្បន្ននេះ គឺដោយសារតែក្រសួងដែនដី និងអាជ្ញាធរខេត្ត គ្មានឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ចប់ជម្លោះនេះ៖ «ករណីក្រុមហ៊ុន យូញៀន បើអាជ្ញាធរខេត្តនៅកំណត់ថា អ្នករស់នៅក្នុងមូលដ្ឋាន អ្នករស់នៅក្រៅមូលដ្ឋាន ហើយប្រជាពលរដ្ឋដែលកាន់កាប់នោះ រស់នៅលើដីឧទ្យាន បើនៅតែប្រកាន់គោលការណ៍បែបហ្នឹង ទំនាស់ហ្នឹងនៅតែមិនអាចដោះស្រាយបានទេ។ អ៊ីចឹង! ទាំងអាជ្ញាធរខេត្តក៏ដូចជាក្រសួងដែនដីហ្នឹង គួរកំណត់ពេលវេលាឲ្យបានជាក់លាក់សម្រាប់ប្រជាពលរដ្ឋ។ តើត្រូវការពេលវេលារយៈពេលប៉ុន្មានខែ ឬក៏ប៉ុន្មានឆ្នាំ ដែលអាចធ្វើការដោះស្រាយជូនពលរដ្ឋបាន ដោយឈរលើគោលការណ៍ច្បាប់»។
កាលពីឆ្នាំ២០០៨ ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន (Union Development Group Co., Ltd) បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួនជាង ៤ម៉ឺន ៥ពាន់ហិកតារ (៤៥.១០០) ពីរបបក្រុងភ្នំពេញ ដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ក្នុងរយៈពេល ៥០ឆ្នាំ ដែលត្រូវចំណាយទឹកប្រាក់ជិត ៤ពាន់លានដុល្លារ (៣,៨ពាន់លានដុល្លារ)។ គម្រោងទីក្រុងទេសចរណ៍ដ៏ធំសម្បើមមួយនេះ កំពុងសាងសង់នៅចំកណ្ដាលឧទ្យានជាតិបទុមសាគរ ក្នុងខេត្តកោះកុង រួមមានកន្លែងកម្សាន្តសម្រាប់ភ្ញៀវទេសចរ វាលយន្តហោះ ទីលានវាយកូនហ្គោល និងកំពង់ផែជាដើម។
គម្រោងអភិវឌ្ឍនេះ បានបណ្ដាលឲ្យប្រជាពលរដ្ឋជាង ១ពាន់គ្រួសារ ចាកចេញពីលំនៅឋាន ប៉ុន្តែនៅមានប្រជាពលរដ្ឋជាច្រើនគ្រួសារទៀត នៅមិនទាន់ទទួលបានដំណោះនៅឡើយមកដល់ពេលនេះ។ ពលរដ្ឋអះអាងថា ក្រុមហ៊ុនចិន យូញៀន ឌីវេឡុបមិន បានធ្វើសកម្មភាពជាច្រើន ដើម្បីបណ្ដេញប្រជាពលរដ្ឋចេញពីលំនៅឋាន ក្នុងភូមិក្បែរមាត់សមុទ្រ ដោយឲ្យសំណងមិនសមរម្យទៅពលរដ្ឋ។
បច្ចុប្បន្នក្រុមហ៊ុនចិន យូញៀន កំពុងពន្លឿនការសាងសង់វាលយន្តហោះ ក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ ខណៈសហរដ្ឋអាមេរិកសម្ដែងក្ដីព្រួយបារម្ភថា ការសំណង់នេះ អាចជាការដាក់មូលដ្ឋានទ័ពអាកាសរបស់ប្រទេសចិនក្នុងទឹកដីកម្ពុជា ដើម្បីវាតទីក្នុងតំបន់អាស៊ីទាំងមូល។
អ្នកភូមិតានួន ប្រកាន់ជំហរថា បើអាជ្ញាធរខេត្តមិនអាចផ្ដល់ដំណោះស្រាយឲ្យពួកគាត់បានដូចការសន្យាទេ ពួកគាត់នឹងនាំគ្នាឡើងទៅតវ៉ារកដំណោះស្រាយនៅរាជធានីភ្នំពេញជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។