តំណាង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​កោះកុង​ឡើង​មក​ភ្នំពេញ​ដាក់​ពាក្យ​បណ្ដឹង

ដោយ អ៊ុង សេរីវុទ្ធ
2014.07.23
Share on WhatsApp
Share on WhatsApp

ប្រជាពលរដ្ឋ​៩នាក់ តំណាង​ឲ្យ​១៣៥​គ្រួសារ​នៅ​ភូមិ​ព្រែក​ខ្សាច់ ភូមិ​សំរុង​តាកែវ និង​ភូមិ​យាយស៊ែន ឃុំ​ព្រែកខ្សាច់ ស្រុក​គីរីសាគរ ខេត្ត​កោះកុង ​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ដាក់​ពាក្យ​បណ្ដឹងទៅស្ថាប័ន​ជាតិ និងអន្តរជាតិ​ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដី​ធ្លី​ពួក​គាត់​ជាមួយ​ក្រុមហ៊ុន កោះកុង អែស អ៊ី ហ្សិត(KohKong S E Z) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា។

ស្ថាប័ន​ដែល​ពួក​គាត់​គ្រោង​ដាក់​ពាក្យ​ប្ដឹង​ទាំងនោះ​រួមមាន ​ធនាគារ​ពិភពលោក ការិយាល័យ​ឧត្ដម​ស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស សហគមន៍​អឺរ៉ុប ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។

លោក រៀម រុំ តំណាង​ពលរដ្ឋ​ម្នាក់ ​ទទូច​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោយ​សារ​រឿង​នេះ​ពុំ​មានការដោះស្រាយ​ពី​អាជ្ញាធរ​ខេត្ត​កោះកុង​ឡើយ៖ «ពួក​ខ្ញុំ​ចង់​បាន​ឲ្យ​ក្រុមហ៊ុន​មាន​ដំណោះស្រាយ​ជូន​ពួក​ខ្ញុំ​វិញ ហើយ​ខ្ញុំ​សំណូម​ពរ​ឲ្យ​សម្ដេច​ចុះ​អន្តរាគមន៍​ជួយ​ពួក​ខ្ញុំ​១៣៥​គ្រួសារ​ផង»

ទាក់​ទង​បញ្ហា​នេះដែរ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ប្រចាំ ខេត្តកោះកុង​​លោក អ៊ិន គង់ជិត បាន​ឲ្យ​ដឹង​ថា ករណី​ដែល​ធ្វើ​ពលរដ្ឋ​ឡើង​តវ៉ា​នៅ​ភ្នំពេញ ដោយ​សារ​ពលរដ្ឋ​អស់​ជំនឿ​លើ​អាជ្ញាធរ និង​តុលាការខេត្ត ដោយពួកគាត់អះអាងថា ជាអ្នក​កាន់​ជើង​ខាង​ភាគី​ក្រុមហ៊ុន និង​អ្នក​មាន​អំណាច​៖ «កន្លង​មក​ដូច​ជា​នៅ​ខេត្ត​កោះកុង​វា​មាន​បញ្ហា​ដីធ្លី​ធំ ហើយ​យើង​ឃើញ​រាជរដ្ឋាភិបាល​បាន​ចេញ​លិខិត​បទ​បញ្ជា​ផ្សេងៗ ដើម្បី​ចូលរួម​ចំណែក​ដោះស្រាយ​អនុវត្ត​ឲ្យ​បញ្ចប់​បញ្ហា​ទំនាស់​ដីធ្លី ប៉ុន្តែ​អាជ្ញាធរ​ខេត្ត និង​ក្រុមហ៊ុន​ពុំ​ដែល​បាន​អនុវត្ត​នូវ​ចំណុច​ណា​មួយ​ឲ្យ​បាន​ជោគជ័យ​ទេ ពួកគាត់​អាជ្ញាធរ​ខេត្ត​តែង​តែ​លម្អៀង​ទៅ​រក​ក្រុមហ៊ុន»

លោក​បាន​បញ្ជាក់​ទៀត​ថា​កន្លង​ទៅ​រាជរដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា​លេខ ០១ និង​លិខិត​អន្តរ​ក្រសួង​លេខ១៧៧ របស់​ក្រសួង​កសិកម្ម និង​លិខិត​លេខ ២០៦ របស់​ក្រសួង​បរិស្ថាន ដោយ​ឲ្យ​ភាគី​ក្រុមហ៊ុន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​នានា​ត្រូវ​គោរព​ច្បាប់ និងអនុវត្តតាមរូបមន្ត​ស្បែក​ខ្លា បើសិនជា​ទីតាំង​ដី​សម្បទាន​នោះ​ប៉ះ​ពាល់លើ​ដី​អភិរក្ស និង​ដី​សហគមន៍​ពលរដ្ឋ ត្រូវ​ជៀសវាង​កុំ​ឲ្យ​មាន​ទំនាស់ និង​ធានា​ឲ្យ​បាន​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព តម្លាភាព គណនេយ្យ​ភាព និង​ប្រសិទ្ធភាព។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​អាជ្ញាធរ​បាន​បដិសេធថា ​ចំពោះ​ការ​ដោះស្រាយ​ដី​ធ្លី​ណា​ដែល​ហួស​សមត្ថភាព​របស់​ខ្លួន គួរ​តែ​តុលាការ​ជា​អ្នក​ដោះស្រាយ​រវាង​ភាគី​ពលរដ្ឋ​និង​ក្រុមហ៊ុន​ទៅ​តាម​ពាក្យ​បណ្ដឹង។

ចំណែក​ខាង​ប្រជាពលរដ្ឋ​វិញ​ថា ដំណោះស្រាយ​បែប​នេះ​បង្ហាញ​ពី​ការ​មិន​ទទួល​ខុសត្រូវ​របស់​អាជ្ញាធរ និង​ដាក់​ការ​កៀប​សង្កត់​ពលរដ្ឋ​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដែល​មិន​ឯករាជ្យ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។