អង្គការសង្គមស៊ីវិលដែលឃ្លាំមើលផ្នែកសិទ្ធិមនុស្ស និងបញ្ហាដីធ្លី នៅខេត្តកោះកុង សាទរសេចក្ដីសម្រេចរបស់ក្រសួងដែនដី ដែលថា នឹងចុះពិនិត្យមើលវិវាទដីធ្លីមួយកន្លែង រវាងពលរដ្ឋជាមួយឧកញ៉ាម្នាក់ នៅស្រុកស្រែអំបិល។ ចំណែកក្រុមប្រជាពលរដ្ឋជិត ២រយគ្រួសារ ប្រកាន់ជំហរថា ប្រសិនបើខាងក្រសួងចុះពិនិត្យមើលហើយ នៅតែមិនអាចដោះស្រាយបាន ពួកគាត់នៅតែបន្តការតវ៉ាទៀត។
ក្រសួងដែនដីសម្រេចឱ្យក្រុមការងាររបស់ខ្លួន នឹងចុះទៅពិនិត្យមើលជម្លោះដីធ្លីក្នុងខេត្តកោះកុង ដើម្បីធ្វើអត្តសញ្ញាណកម្មដីក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប (Heng Huy Agriculture Group) និងដីពលរដ្ឋជិត ២គ្រួសារ ស្ថិតនៅឃុំជីខលើ និងឃុំជីក្រោម ក្នុងស្រុកស្រែអំបិល។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២២ សីហា ក្រសួងដែនដីបញ្ជាក់ថា ការចុះពិនិត្យនេះ មិនមែនដោះស្រាយដីជូនពលរដ្ឋនោះទេ។ ប្រសិនបើក្រសួងដែនដីពិនិត្យឃើញថា ទីតាំងវិវាទនោះស្ថិតនៅលើដីប័ណ្ណកម្មសិទ្ធិរបស់ក្រុមហ៊ុន ឬបុគ្គលផ្សេង គឺត្រូវទៅដោះស្រាយនៅតុលាការ។
ប៉ុន្តែនៅក្នុងលិខិតរបស់ក្រសួងដែនដី មិនបានកំណត់កាលបរិច្ឆេទច្បាស់លាស់ថា នឹងចុះទៅនៅថ្ងៃ ណានោះទេ។ អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីអនុរដ្ឋលេខាធិការក្រសួងដែនដី លោក ទេព ធន បានទេ នៅថ្ងៃទី២៤ សីហា ដោយសារទូរស័ព្ទហៅចូលតែគ្មានអ្នកទទួល។
ចំណែកតំណាងពលរដ្ឋ លោកស្រី អ៊ិន ធូ ប្រាប់អាស៊ីសេរីថា ខាងក្រសួងនឹងចុះទៅមើលរឿងរ៉ាវពួកគាត់នៅខែវិច្ឆិកាខាងមុខ ប៉ុន្តែមិនកំណត់ថា ថ្ងៃទីប៉ុន្មាននោះទេ។ «»
ការដែលក្រសួងដែនដីងាកមកពិនិត្យមើលបញ្ហារបស់ពលរដ្ឋវិញនេះ គឺបន្ទាប់ពីមានការតវ៉ារបស់អ្នកកោះកុងប្រមាណ ១រយនាក់ នៅមុខក្រសួងដែនដី ក្នុងរាជធានីភ្នំពេញ អស់រយៈពេលជិត ២ខែមកនេះ។ ក្នុងពេលតវ៉ាមួយរយៈពេលចុងក្រោយនេះ អ្នកកោះកុងទទួលរងការប្រើអំពីហិង្សាពីក្រុមសន្តិសុខខណ្ឌចម្ការមន ដែលរុញច្រាន និងវាយដំពួកគាត់ឱ្យចេញឆ្ងាយពីមុខក្រសួង។
កាលពីដើមខែកក្កដាកន្លងមក រដ្ឋបាលខេត្តកោះកុង បានចេញលិខិតមួយច្បាប់ ដោយបដិសេធសំណើពលរដ្ឋដែលសុំកាត់ឆ្វៀលដីទំហំ ៤២១ហិកតារ ចេញពីគម្រោងរបស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប ស្ថិតនៅក្នុងឃុំជីខលើ ស្រុកស្រែអំបិល។ ក្នុងលិខិតនោះ អាជ្ញាធរខេត្តកោះកុងអះអាងថា ទីតាំងដែលពលរដ្ឋស្នើសុំកាត់ឆ្វៀលនោះ គឺស្ថិតលើដីដែលមានប័ណ្ណកម្មសិទ្ធិរួចហើយ របស់ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប។ អាជ្ញាធរបញ្ជាក់ថា ការដោះស្រាយ គឺសមត្ថកិច្ចរបស់ស្ថាប័នតុលាការ។
លោកស្រី អ៊ិន ធូ ដែលជាប់បណ្ដឹងឧកញ៉ា ហេង ហ៊ុយ នៅតុលាការខេត្តកោះកុង ឱ្យដឹងថា ពួកគាត់ដែលជាប្រជាពលរដ្ឋក្រក្រី រស់នៅទីតាំងនោះចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ។ លោកស្រីលើកឡើងថា ស្រាប់តែនៅឆ្នាំ២០០៧ រហូតមកដល់ឆ្នាំ២០១៣ ទើបលេចឈ្មោះក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប ចូលមកឈូសឆាយដីស្រែចម្ការពួកគាត់ ដោយអះអាងថា ដីពលរដ្ឋដែលអាស្រ័យផល គឺជាដីសម្បទានសេដ្ឋកិច្ចដែលរដ្ឋផ្ដល់ឱ្យក្រុមហ៊ុនទៅវិញ។
លោកស្រីមិនយល់ថា ហេតុអ្វីបានជាអាជ្ញាធរមិនអាចចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីឱ្យពលរដ្ឋដែលរស់នៅលើដីរស់ខ្លួនបាន បែរជាចេញឱ្យក្រុមហ៊ុន មានប្លង់ និងប័ណ្ណកាន់កាប់ដីធ្លីរបស់ពួកគាត់ទៅវិញ។ តំណាងពលរដ្ឋរូបនេះនៅតែទាមទារសំណងជាដីធ្លី និងថវិកាមួយចំនួនពីភាគីក្រុមហ៊ុន។ «»
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកោះកុង លោក មាន ព្រហ្មមុនី សាទរចំណាត់ការរបស់ក្រសួងដែនដី ដែលយល់ព្រមទទួលតាមសំណើពលរដ្ឋ ចុះពិនិត្យករណីដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ។ លោក មាន ព្រហ្មមុនី លើកឡើងថា ក្រសួងដែនដី ក្នុងនាមជាអាជ្ញាធររដ្ឋ គួរតែរិះរកដំណោះស្រាយណា ដែលពលរដ្ឋអាចទទួលយកបាន ចៀសវាងការចុះទៅពិនិត្យហើយ ដោះស្រាយមិនបាន។ មន្ត្រីផ្នែកសិទ្ធិមនុស្សរូបនេះ ហាក់ជំនឿតិចតួច ដែលពលរដ្ឋក្រីក្រនឹងអាចឈ្នះក្ដីលើភាគីក្រុមហ៊ុន ប្រសិនបើក្រសួងមិនអាចដោះស្រាយបាន ហើយឱ្យពលរដ្ឋទៅដោះស្រាយនៅតុលាការវិញនោះ។ «»
របបក្រុងភ្នំពេញផ្ដល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ជាង ៤ពាន់ហិកតារ ដើម្បីវិនិយោគដំណាំស្ករអំពៅ កាលពីឆ្នាំ២០០៧។ នៅឆ្នាំ២០១០ ពលរដ្ឋចោទក្រុមហ៊ុន ហេង ហ៊ុយ ថា បានយកគ្រឿងចក្រទៅឈូសឆាយដីលំនៅប្រជាពលរដ្ឋ និងគំរាមចាប់ខ្លួនប្រជាពលរដ្ឋណា ដែលហ៊ានតវ៉ា ចំពោះការឈូសឆាយវាទយកដីរបស់ក្រុមហ៊ុន។ ពួកគាត់អះអាងថា បានចូលកាន់កាប់ និងអាស្រ័យផលលើដីធ្លីចាប់តាំងពីឆ្នាំ១៩៩៣ មកម្ល៉េះ ដោយមានប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។
ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ពលរដ្ឋឱ្យដឹងថា ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រី ខលឈ័រ គ្រុប ដែលប្ដូរឈ្មោះពីក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ បានឈប់ដាំដំណាំអំពៅ ចំណែករោងចក្រផលិតចេញស្ករស ក៏មិនឃើញមានសកម្មភាពមមាញឹកនោះដែរ។
ក្នុងវិវាទដីធ្លីនេះ មានតំណាងប្រជាពលរដ្ឋ ១០នាក់ មានស្រី ៥នាក់ និងប្រុស ៥នាក់ ជាប់បណ្ដឹងរបស់ឧកញ៉ា ហេង ហ៊ុយ នៅតុលាការខេត្តកោះកុង ពីបទបរិហារកេរ្តិ៍ជាសាធារណៈ បទបរិហារបង្កាច់កេរ្តិ៍ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។
ទោះបីជាយ៉ាងនេះក្ដី ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តកោះកុង បញ្ជាក់ថា ពួកគាត់នឹងបន្តការតវ៉ារកដោះស្រាយពីមុខក្រសួងដែនដីជាថ្មី បើក្រសួងចុះពិនិត្យមើលករណីពួកគាត់ក្នុងខែវិច្ឆិកាខាងមុខនេះហើយ នៅតែមិនអាចដោះស្រាយបានទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។