អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ប្រាប់​ឱ្យ​ពលរដ្ឋ​រស់នៅ​ដី​អូរ​សង្កាត់​លេខ​៤ រុះរើ​ផ្ទះ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៣​មករា

0:00 / 0:00

រដ្ឋបាល​ខេត្ត​ព្រះសីហនុ តម្រូវ​ឱ្យ​ពលរដ្ឋ​ចំនួន​២៩​គ្រួសារ រស់នៅ​លើ​ផ្លូវ​លេខ​៨១៨៨ ក្រុម​២៨ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ត្រូវ​រុះរើ​សំណង់​របស់​ខ្លួន​ចេញ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​២៣ ខែ​មករា ជា​កំហិត។

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​អះអាង​ថា ក្រុម​ពលរដ្ឋ​ទាំងនោះ កំពុង​រស់នៅ​លើ​ដី​ចំណី​អូរ និង​ចំណី​ផ្លូវ​សាធារណៈ​របស់​រដ្ឋ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​រំដោះ​ទឹក និង​គម្រោង​ស្ថាបនា​ផ្លូវ ក្នុង​ក្រុងព្រះសីហនុ​។ អាជ្ញាធរ​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ ថ្ងៃ​ទី​១៧ ខែ​មករា ថា ការ​រុះរើ​នេះ គឺ​ដើម្បី​បញ្ចៀស​ការ​លិចលង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ក្នុង​ក្រុងព្រះសីហនុ ដែល​តែងតែ​ទទួលរង​ដោយ​ជំនន់​ទឹកភ្លៀង។

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ឱ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៩ មករា ថា ពេលនេះ​អាជ្ញាធរ​មូលដ្ឋាន​កំពុង​យក​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​ប្រគល់​ជូន​ពលរដ្ឋ​ឱ្យ​ដើម្បី​ត្រៀមខ្លួន​រុះរើ​។ អ្នកនាំពាក្យ​រូប​នេះ​រំពឹង​ថា ពលរដ្ឋ​នឹង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ដោយ​យល់ព្រម​រុះរើ​ផ្ទះ និង​សំណង់​របស់​ខ្លួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រព័ន្ធ​រំដោះ​ទឹក៖ «មែនទែន​ទៅ​ការ​ស្តារ​អូរ​ប្រឡាយ​ឡើងវិញ​នេះ​គឺ​យើង​ធ្វើតាម​ប្លង់​ប្រព័ន្ធ​តាម​សុរិយោដី ដើម្បី​គោលបំណង​ធំ​របស់​យើង​បញ្ចៀស​ឱ្យ​នូវ​ការ​ជន​លិច​ទីក្រុង»។

អ្នក​សម្របសម្រួល​សមាគម អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី សង្កេតឃើញ​ថា ពលរដ្ឋ​បាន​រស់នៅ​លើ​តំបន់​នេះ​ជា យូរ​ណាស់​មក​ហើយ ដូច្នេះ​អ្នកស្រី​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​គួរ​មាន​ការ​ជជែក​ជាមួយ​ពលរដ្ឋ​ជាមុន​សិន​មុននឹង​មាន​វិធានការ​រុះរើ៖ «មិនមែន​ថា គាត់​មិន​ចូលរួម​ទេ​បញ្ហា​ចម្បង​នោះ​គឺ​ប៉ះ​ផ្ទះ​គាត់​អស់​អ៊ីចឹង​មិន​ដឹង​ថា ពួកគាត់​ទៅ​រស់​នៅ​ឯណា»។

ឆ្លើយតប​ការ​លើក​ឡើង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារម្យ ប្រាប់​ថា មុន​ឈាន​ដល់​ការ​ជូនដំណឹង​នេះ អាជ្ញាធរ​ខេត្ត​បាន​ចុះ​ប្រាប់​ពលរដ្ឋ​ជា​ច្រើនដង​មក​ហើយ​។ ដោយឡែក ហើយ​ប្រសិនបើ​មាន​ការចរចា​យ៉ាង​ណានោះ លោក​ថា គឺជា​ការ​សម្រេច​ចិត្ត​របស់​ថ្នាក់ដឹកនាំ​ខេត្ត។

រដ្ឋបាល​ខេត្ត​ព្រះសីហនុ ព្រមាន​ថា ក្នុង​ករណី​ពលរដ្ឋ​មិន​រុះ​រើចេញ​តាម​ការណែនាំ អាជ្ញាធរ​ខេត្ត​នឹង​ចុះ​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការខូចខាត​សម្ភារៈ ឬ​ការ​បាត់បង់​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ឡើយ។

នៅ​រយៈពេល​ចុងក្រោយ​នេះ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បាន​ប្រើ​វិធានការ​ក្តៅ​ដោយ​ប្រើ​កម្លាំង​ចម្រុះ​ចុះ​រុះរើ​លំនៅឋាន និង​តូប​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ដូចជា​នៅ​ឆ្នេរ​អូរត្រេះ​ក្នុង​ក្រុងព្រះសីហនុ និង នៅ​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។