តុលាការខេត្តព្រះសីហនុសម្រេចចោទប្រកាន់ពលរដ្ឋមានបញ្ហាដីធ្លី ៦នាក់ ក្នុងករណីជម្លោះដីធ្លីនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពីបទកាប់គាស់រុករានដីព្រៃយកធ្វើជាកម្មសិទ្ធិ និងរារាំង បង្កគ្រោះថ្នាក់របួសស្នាមលើមន្ត្រីអនុវត្តច្បាប់។ មន្ត្រីសង្គមស៊ីវិលដែលតាមដំណើររឿងនេះសង្កេតឃើញថា ពលរដ្ឋដែលរងការចោទប្រកាន់ទាំងនោះជាពលរដ្ឋចាញ់បោកគេ និងអ្នកខ្លះទៀត ជាអ្នកស៊ីឈ្នួលមើលថែដីឱ្យគេប៉ុណ្ណោះ។
ពលរដ្ឋដែលរងការចោទប្រកាន់ពីតុលាការ ទាំង ៦នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងព្រឹត្តិការណ៍បណ្ដេញចេញពីលំនៅឋាន កាលពីថ្ងៃទី១៥ មករា ដោយសមត្ថកិច្ចចោទប្រកាន់ពួកគាត់ថា បានកាប់ទន្ទ្រានរុករានយកដីព្រៃតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ ”រាម”។
ក្នុងពេលនោះសមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋទាំងអស់ចំនួន ៧នាក់ ប៉ុន្តែតុលាការបានដោះលែងពលរដ្ឋម្នាក់វិញ ក្រោយរកឃើញថា ស្ត្រីរូបនោះមិនជាប់ពាក់ព័ន្ធនឹងករណីនេះ។
អ្នកសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី១៨ ខែមករាថា ក្រោយតុលាការចោទប្រកាន់ចៅក្រមស៊ើបសួរបានបន្តសាកសួរពលរដ្ឋទាំងនោះបន្ថែម។ មន្ត្រីសង្គមស៊ីវិលរូបនេះឱ្យដឹងទៀតថា អ្នកស្រីក៏បានសាកសួរពលរដ្ឋទាំងនោះបានខ្លះៗដែរ ហើយពលរដ្ឋបានប្រាប់អ្នកស្រីថា ពួកគេចូលមករស់នៅទីនោះដោយមានមនុស្សជួលពួកគេឱ្យមកចាំដី និងប្រាប់ថា បើចង់បានដីឱ្យកាប់ឆ្ការព្រៃយកដីនោះចុះ ហើយអ្នកខ្លះគ្រាន់តែមកលក់ដូរក្នុងតំបន់នោះប៉ុណ្ណោះ។ អ្នកស្រីសង្កេតឃើញទៀតថា ពលរដ្ឋដែលរងការចោទប្រកាន់ថា បានប្រើហិង្សាលើសមត្ថកិច្ចនោះ ជាពលរដ្ឋមានអាយុច្រើន និងមិនសមមានកម្លាំងអាចប្រើហិង្សាលើសមត្ថកិច្ចបាននោះទេ៖ «យើងសួរទៅពួកគាត់ភាគច្រើនចាញ់បោកគេ គេហៅមកចាំដី ចាំផ្ទះឱ្យគេហើយអ្នកខ្លះទៀតគាត់រកស៊ីលក់ដូរនៅកំពង់ធំទេ ប៉ុន្តែគេហៅគាត់ថា មករកស៊ីនៅភូមិនេះ ទៅមនុស្សច្រើនហើយអត់មានអ្នកណាលក់ដូរអ៊ីចឹង»។
អ្នកសម្របសម្រួលសមាគម អាដហុក រូបនេះមានប្រសាសន៍ទៀតថា បើតាមសម្តីពលរដ្ឋ ជនដៃដល់ជាយុវជន ដែលបានប្រើហិង្សាលើសមត្ថកិច្ចនោះ ពួកគេបានរត់ឡើងភ្នំគេចខ្លួនបាត់អស់ហើយ។ មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើទៅតុលាការថា គួរទម្លាក់ចោលការចោទប្រកាន់លើពលរដ្ឋ ឬអនុញ្ញាតឱ្យពលអាចនៅក្រៅឃុំ៖ «ពួកគាត់សុទ្ធតែធ្វើការស្នើសុំអត់ចង់បានអីទាំងអស់គាត់សុខចិត្តឱ្យទាំងអស់គាត់សុំត្រឡប់ទៅខេត្តទៅផ្ទះសម្បែងគាត់វិញទាំងអស់»។
អាស៊ីសេរីមិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យតុលាការខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បាននៅឡើយទេ នៅថ្ងៃទី១៨ ខែមករា ដោយប្រព័ន្ធទូរស័ព្ទមិនទទួលការហៅចូល។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ធ្លាប់ប្រាប់អាស៊ីសេរីថា វិធានការរបស់អាជ្ញាធរខេត្តលើក្រុមពលរដ្ឋទាំងនោះ គឺដើម្បីការពារដីរដ្ឋ។ លោកថា ពលរដ្ឋទាំងនោះទើបចូលរស់នៅទីនោះ កាលពីអំឡុងឆ្នាំ២០១៦ ជាពលរដ្ឋចំណូលថ្មី ដែលអាជ្ញាធរមិនអនុញ្ញាតឱ្យរស់នៅលើដីនោះបានឡើយ៖ «ចូលមកថ្មីៗអ៊ីចឹងហើយ គាត់ថាគាត់មកនៅយូរហើយអ៊ីចឹងខុសគ្នា អ្នកដែលនៅយូរគេបានកាត់ឆ្វៀលចេញប័ណ្ណកម្មសិទ្ធិហើយអស់ហើយ អាជ្ញាធរយើងអត់មានធ្វើអីរំលោភសិទ្ធិពលរដ្ឋគឺយើងធ្វើទីមួយទៅតាមទិដ្ឋភាពផ្លូវច្បាប់ ទី២ក៏យើងមើលដែរប្រជាពលរដ្ឋដែលគាត់ក្រីក្រពិតប្រាកដ»។
អាជ្ញាធរខេត្តព្រះសីហនុបានចោទពលរដ្ឋទាំងនោះថា បានប្រើហិង្សា ដោយប្រើប្រាស់កាំភ្លើងច្នៃ កាំបិត ពូថៅ ដំបង ដុំថ្ម ជំពាមកៅស៊ូ និងដបសាំង បាញ់ វាយ កាប់ និងគប់បណ្តាលឱ្យសមត្ថកិច្ចចំនួន ៣នាក់រងរបួសធ្ងន់ ក្នុងពេលសមត្ថកិច្ចចម្រុះខេត្តចុះរុះរើលំនៅឋានរបស់ពលរដ្ឋទាំងនោះ កាលពីថ្ងៃទី១៥ ខែមករា។ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ ចោទក្រុមពលរដ្ឋថាបានចូលទៅកាប់ទន្ទ្រានរុករានយកដីព្រៃតំបន់ការពារធម្មជាតិក្នុងដែនឧទ្យានជាតិព្រះសីហនុ ”រាម” ត្រង់ចំណុចខាងលិចក្បាលព្រែកកោះខ្យង ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ប៉ុន្តែក្រុមពលរដ្ឋហៅតំបន់នេះថា ជាតំបន់ជ្រលងភ្នំត្បែង។ សមត្ថកិច្ចព្រមានថា កំពុងតាមរកចាប់ពលរដ្ឋបន្ថែមទៀត ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។