ពលរដ្ឋ​នៅ​ស្វាយរៀង​តវ៉ា​ថា​​តុលាការ​​កាត់​ក្តី​អយុត្តិធម៌

ប្រជា​ពលរដ្ឋ​ទំនាស់​ដីធ្លី​ជា​មួយ​មន្ត្រី​​យោធា​ការពារ​ព្រំដែន​នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​ ប្រតិកម្ម​ចំពោះ​មុខ​អាជ្ញាធរ​ និង​មន្ត្រី​សាលាដំបូង​ខេត្ត​ដែល​ចុះ​អនុវត្ត​​សាលក្រម​ប្រគល់​ដី​ធ្លី​ទៅ​​ឲ្យមន្រ្តី​យោធា​ជា​អ្នក​ឈ្នះ​ក្ដី​។
ដោយ ហ៊ុំ ចំរើន
2013.12.22
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជា​មួយ​​យោធា​ នៅ​ស្វាយរៀង ​តវ៉ា​ថា​តុលាការ​​កាត់​ក្តី​អយុត្តិធម៌។ RFA/Hum Chamroeun
RFA/Hum Chamroeun

​ប្រជាពលរដ្ឋ​ភាគី​ទំនាស់​ដី​បាន​បដិសេធ​ពុំ​ទទួល​ស្គាល់​តាម​សេចក្ដី​សម្រេច​​របស់​តុលាការ​ឡើយ​ ដោយ​បញ្ជាក់​ថា​ ដី​មាន​ទំនាស់​នោះ​ជា​កម្មសិទ្ធិ​របស់​ខ្លួន​កាន់​កាប់​ស្រប​ច្បាប់​។ប្រជាពលរដ្ឋមាន​ទំនាស់​ដី​ធ្លី​ប្រុស​ស្រី​ចាស់​ក្មេង​ប្រហែល​ម្ភៃ​នាក់​ ខ្លះ​ដៃ​កាន់​បដា​ដែល​មាន​សរសេរ​ខ្លឹម​សារ​រិះ​គន់​តុលាការ​ថា ​អយុត្តិធម៌​ ឈរ​ស្រែក​តវ៉ា​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ដើម្បី​បង្ហាញ​ដល់​​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​​​នៅ​តំបន់​ជម្លោះ​ដី​ធ្លី​នៅ​ក្រុង​បាវិត​។ ប្រជាពលរដ្ឋ​តវ៉ា​ដើម្បី​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ​ជា​ពិសេស​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ឲ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​ប្រគល់​ដី​ឲ្យ​ពួកគាត់​​វិញ​ ។

ក្រុម​ប្រជាពលរដ្ឋ​ថ្លែង​ទាំង​អួល​ដើម​ក​បញ្ជាក់​ថា​ ​ដី​របស់​ខ្លួន​មាន​កម្មសិទ្ធិ​ស្របច្បាប់​ដែល​មាន​ការ​ទទួល​ស្គាល់​ពី​​អាជ្ញាធរ​មូលដ្ឋាន​របស់​ខ្លួន​​ត្រឹម​ត្រូវ ហើយ​ថា​សេចក្ដី​សម្រេច​របស់​តុលាការ​ធ្វើ​ឡើង​ដោយ​ពុំបាន​ស៊ើបអង្កេត​តាម​រយៈ​អាជ្ញាធរ​ភូមិ​ឃុំ​នោះ​ឡើយ​។ បញ្ហា​នេះ​ធ្វើ​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដី​ធ្លី​ខកចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​ ដែល​បាន​សម្រេច​​ឲ្យ​ពួក​គាត់​ចាញ់​ក្ដី​នេះ​ ថា​ជា​រឿង​អយុត្តិធម៌​ដែល​មិន​អាច​ទទួល​យក​បាន​នោះ​ឡើយ​«ខ្ញុំ​ខំ​សង្ឃឹម​ទៅ​លើ​តុលាការ​ គឺ​គ្រប់​គ្រង​ជួយ​ដោះស្រាយ​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ ផ្ទុយ​ទៅ​វិញ​តុលាការ​ហ្នឹង​អត់​មាន​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ទេ​។ ឥឡូវ​ឲ្យ​ខ្ញុំ​ទៅ​ពឹង​អ្នក​ណា​ពី​ដំបូង​មក​ដល់​កំពូល​អត់​បាន​ទេ​។ អង្គការ​ជាតិ​អន្តរជាតិ​ឲ្យដឹង​ពី​ភាព​ឈឺ​ចាប់ពី​ប្រជាជន​ខ្មែរ​ថា​វា​ពុករលួយ​ប៉ុន​ហ្នឹង​​ អ៊ីចឹង​ពួក​យើង​ទាំង​អស់​ត្រូវ​តែ​ក្រោក​តស៊ូ​ឡើង​។ យើង​លះបង់​ជីវិត​លះបង់​លុយ​ដើម្បី​រក​យុត្តិធម៌ ​ឲ្យ​កូន​ខ្មែរ​ទាំង​អស់​គ្នា​មាន​ភាព​យុត្តិធម៌​ផង​កុំ​ឲ្យ​គេ​បំពាន​យក​ដី​ច្រើន​ពេក​​។ នៅ​ក្នុង​ក្រុង​បាវិត​ហ្នឹង​យក​ច្រើន​កន្លែង​ណាស់​ដែល​អត់​មាន​ភាព​យុត្តិធម៌​អញ្ចឹង​ អាជ្ញាធរ​ដែន​ដី​យក​ៗ​លក់​ឲ្យ​អ្នក​មាន​លុយ»។

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ជា​មួយ​​យោធា​ នៅ​ស្វាយរៀង ​តវ៉ា​ថា​ តុលាការ​​កាត់​ក្តី​អយុត្តិធម៌។  RFA/Hum Chamroeun
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ជា​មួយ​​យោធា​ នៅ​ស្វាយរៀង ​តវ៉ា​ថា​ តុលាការ​​កាត់​ក្តី​អយុត្តិធម៌។ RFA/Hum Chamroeun
RFA/Hum Chamroeun

 

ស្រដៀង​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​ទំនាស់​ដី​ធ្លី​នៅ​ភូមិ​តាបិប​ សង្កាត់​បាវិត​ លោក​ គី​ សារិទ្ធ​ ថ្លែង​ក្នុង​ទឹក​មុខ​ស្រពោន​ ថា​ដី​មាន​ទំនាស់​នេះ​កាល​ពី​សម័យ​សង្គ្រាម​ គឺ​ជា​ដី​ស្ថិត​ក្នុង​តំបន់​ខ្សែ​ត្រៀម​ប្រយុទ្ធ​ រវាង​កងទ័ព​ខ្មែរ​ក្រហម​ និង​វៀតណាម​ លុះ​ក្រោយ​ឆ្នាំ​១៩៧៩​ គឺ​គ្មាន​ប្រជា​កសិករ​ណា​ម្នាក់​ហ៊ាន​ទៅ​រុករាន​លើ​ផ្ទៃ​ដី​ដែល​មាន​ទំនាស់​នោះ​ឡើយ​ ព្រោះ​ខ្លាច​គ្រាប់​មីន​ និង​គ្រាប់​ផ្ទុះ​ផ្សេង​ៗ​ ដែល​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​។ លុះ​ដល់​ឆ្នាំ​១៩៨៥​ លោក​គី​ សារិទ្ធ​ និយាយ​គ្រួសារ​របស់​ លោក​បាន​ទៅ​បង្កបង្កើន​ផល​នៅ​លើ​ដី​នោះ​ ដោយ​ប្រថុយ​នឹង​គ្រោះ​ថ្នាក់​ ដោយ​សារ​ការ​ថែរក្សា​ដាំដុះ​បន្ទាប់​មក​ដី​នោះ​បាន​ក្លាយ​ទៅ​ជា​ដីស្រែ ​​រហូត​មក​ទល់​សព្វ​ថ្ងៃ​«ខ្ញុំ​ក៏​ជាប់​ធ្វើ​រហូត​ដែរ​ហើយ​ស្រាប់​តែ​ទៅ​ឆ្នាំ​២០០០​ហ្នឹង​ មាន​គេ​មក​បោះ​បង្គោល​ ខ្ញុំ​ក៏​ប្ដឹង​ផ្ដល់​មួយ​សា​ទៅ​។ បាទ​ខ្ញុំ​និយាយ​ដែរ​ គេ​អត់​ស្ដាប់​ គេ​ស្ដាប់​តែ​ម្ខាង មើល​ប្លង់​គេ​ខុស​លើគោក​ ខ្ញុំ​ផ្ដល់​ជូន​ឯកសារ​ដែល​ខុស​នៅ​តែ​តុលាការ​នៅ​តែ​ធ្វើ​ដូច​ជា​ព្រំ​ប្រទល់​ខាង​កើត​ព្រំ​ប្រទល់​ខាង​ជើង​ក៏​ខុស​ការ​វាស់​វែង​ដី​ ដី​ហ្នឹង​ ១១៨​ម៉ែត្រ​ប្លង់​គេ​តែ ​១០០​ម៉ែត្រ​ក៏​ខុស​ៗ​ទាំង​៣​ចំណុច​»

ទាក់​ទង​នឹង​បញ្ហា​ទំនាស់​ដី​ធ្លី​នេះ​ មន្ត្រី​ក្រុមប្រឹក្សា​សង្កាត់​បាវិត​ដែល​បាន​ចូល​រួម​ក្នុង​ថ្ងៃ​អនុវត្ត​​សាលក្រម​ គឺ​ លោក​ ប៉ែន ផែល​ មានប្រសាសន៍​ថា​ បញ្ហា​ក្ដី​នេះ​ភាគី​ទំនាស់​ទាំង​២​ពុំ​បាន​ប្ដឹង​រក​ដោះស្រាយ​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​ឡើយ​ ដោយ​អ្នក​ទាំង​២​ប្ដឹង​រក​ដំណោះ​ស្រាយ​ទៅ​ស្ថាប័ន​តុលាការ​ ។

លោក​បន្ត​ថា​ ដូច​នេះ​បញ្ហា​ក្ដីក្ដាំ​មួយ​នេះ​បាន​ផុត​ដែន​កំណត់​របស់​ សមត្ថកិច្ច​មូលដ្ឋាន​ទៅ​ហើយ​«គ្រាន់​តែ​ដឹង​ថា​ដី​ហ្នឹង​មុំ ដារា​គាត់​ទិញ​បន្ត​​ពី​គេ​ដែរ​ ហើយ​ដល់​ពេល​ទំនាស់​ជាមួយ​គ្រួសារ​បង​គី​ សារិទ្ធ​ហ្នឹង​មិន​ដឹង​ជា​យ៉ាង​ម៉េច​ៗ​ខ្ញុំ​អត់​ដឹង​។ ព្រោះ​ដែន​សមត្ថកិច្ច​របស់​ខ្ញុំ​វា​ផុត​និយាយ​បាន ព្រោះ​ប្ដឹង​ទៅ​សាលាដំបូង​ខេត្ត​ស្វាយរៀង ​ប្ដឹង​ទៅ​សាលា​កំពូល​រាជធានី​ភ្នំ​ពេញ​​។​ ដល់​ថ្នាក់​កំពូល​ចេញ​សាលដីកា​មក​ ថ្ងៃនេះ​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូល​មក​ឲ្យ​ចូល​រួម​ជា​តំណាង​ឲ្យ​ឃុំ​គឺ​ដើម្បី​មើល​ថា​តើ​ការ​អនុវត្តន៍​សាលក្រម​របស់​តុលាការ​ហ្នឹង​យ៉ាង​ម៉េច​ហើយ​មាន​បាតុភាព​ម៉េច​ៗ ខ្ញុំ​មាន​សិទ្ធិ​តែ​ម្យ៉ាង​គឺ​ឈរ​ជួយ​មើល»​​

វិទ្យុអាស៊ី​សេរី​ពុំ​ទាន់​អាច​ទាក់​ទង​ភាគី​ម្ខាង​ទៀត​ជា​មន្ត្រី​យោធា​ វរការពារព្រំ​ដែន​ដែល​តុលាការ​សម្រេច​​ឲ្យ​ឈ្នះ​ក្ដី​នេះ​ដើម្បី​​មាន​ឱកាស​ឆ្លើយ​តប​និង​បញ្ហា​នេះ​បាន​នៅឡើយ​។ ប៉ុន្តែ​ ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង លោក​ កៀង សុន្ទរោ បញ្ជាក់​ថា​ លោក​ពុំ​អាច​បញ្ជាក់​ពី​ដំណើរ​ដើម​ទង​​នៃ​វិវាទ​ដី​ធ្លី​នេះ​បាន​ទេ​ ព្រោះ​តុលាការ​បាន​សម្រេច​ចេញ​សាលក្រម​ស្ថាពរ​ប្រគល់​ដី​ឲ្យ​អ្នក​​ឈ្នះ​ក្ដី​នេះ​រួច​ទៅ​ហើយ​«ទាក់​ទង​នឹង​ដើម​ហេតុ​ដំបូង​របស់​ដី​ហ្នឹង​ខ្ញុំ​មិន​ធ្វើ​ការ​បក​ស្រាយ​ទេ​ ព្រោះ​តុលាការ​កំពូល​គេ​បក​ស្រាយ​រួច​ហើយ​។ បើ​ខ្ញុំ​បក​ស្រាយ​ទៀត​វា​ខុស​ អ៊ីចឹង​អ្វី​ដែល​មាន​នៅ​ក្នុង​សាលដីកា​របស់​តុលាការ​កំពូល​បង្គាប់​យ៉ាង​ម៉េច​ គឺ​ខ្ញុំ​ធ្វើ​អ៊ីចឹង​»

ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ជា​មួយ​​យោធា​ នៅ​ស្វាយរៀង ​តវ៉ា​ថា​ តុលាការ​​កាត់​ក្តី​អយុត្តិធម៌។  RFA/Hum Chamroeun
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ ជា​មួយ​​យោធា​ នៅ​ស្វាយរៀង ​តវ៉ា​ថា​ តុលាការ​​កាត់​ក្តី​អយុត្តិធម៌។ RFA/Hum Chamroeun


​​​​​​​ផ្ទៃ​ដី​ដែល​មាន​ទំនាស់​នេះ​ មាន​ទំហំ​ ៤​ពាន់​៧​រយ​ (៤.៧០០)ម៉ែត្រ​ក្រឡា​ មាន​ទី​តាំង​ស្ថិត​តាម​​បណ្ដោយ​ផ្លូវ​ជាតិ​១​ នៅ​ភូមិ​តាពៅ​​នៃ​សង្កាត់​បាវិត​ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​។ សព្វ​ថ្ងៃ​ហាង​ឆេង​ដី​នៅ​តំបន់​នោះ​ មាន​តម្លៃ​ប្រហែល​ ២៥​ដុល្លារ​ ក្នុង​មួយ​ម៉ែត្រ​​ក្រឡា​។ ផ្ទៃ​ដី​នេះ​មាន​ទំនាស់​ប្ដឹង​ផ្ដល់​គ្នា​រវាង​ប្រជាពលរដ្ឋ​នឹង​មន្ត្រី​យោធាវីរៈ​ការពារ​ព្រំដែន​ ប្រចាំ​នៅ​ក្រុង​បាវិត ដោយ​ភាគី​ទាំង​សងខាង​ផ្ដើម​​ប្ដឹង​គ្នា​ដណ្ដើម​ដី​នេះ​ជា​កម្មសិទ្ធិ​រៀង​ខ្លួន​ ហើយ​ប្ដឹង​​ឡើង​តុលាការ​នៃ​សាលាដំបូង​ខេត្ត​ស្វាយរៀង​ នៅ​​​ឆ្នាំ២០០៥​។ ប៉ុន្តែ​ដំណើរ​ក្ដី​នៅ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​ ពុំ​អាច​​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​ក្ដីក្ដាំ​មួយ​នេះ​បាន​នៅ​​ឡើយ​។ ​បន្ទាប់​មក​ភាគី​ទាំង​សងខាង​បាន​បន្ត​រក​ដំណោះ​ស្រាយ​ទៅ​ស្ថាប័ន​តុលាការ​ដទៃ​ទៀត​រហូត​ដល់​តុលាការ​កំពូល។

នៅ​ថ្ងៃ​ទី​១៩ ​ធ្នូ ​ឆ្នាំ​២០១៣​ ​ព្រះរាជអាជ្ញា​រង​ អម​សាលាដំបូង​ខេត្ត​ស្វាយរៀង ​បាន​ដឹក​នាំ​កម្លាំង​សមត្ថកិច្ច​ចុះ​អនុវត្តន៍​ដីកា​​ស្ថាពរ​ចុះ​ថ្ងៃ​ទី​៨ ខែ​ធ្នូ​ ឆ្នាំ​២០១១​ របស់​តុលាការ​កំពូល​ ដើម្បី​ប្រគល់​ដី​ទំនាស់​នោះ​ទៅ​ឲ្យ​ភាគី​ឈ្នះ​ក្ដី​គឺ​ លោក ​មុំ ដារា ជា​កម្មសិទ្ធិ​ស្របច្បាប់​ ចាប់​ពី​ថ្ងៃ​ទី​១៩​ ធ្នូ​ ឆ្នាំ​២០១៣​ តទៅ។

ប្រជាពលរដ្ឋ​ឲ្យដឹង​ថា​តុលាការ​កាត់​ឲ្យ​ពួកគេ​ចាញ់​ក្ដី​ក្នុង​ទំនាស់​ដី​នេះ​ អាច​បណ្ដាល​ពី​បញ្ហា​ធ្វើ​​ប័ណ្ណ​កាន់​កាប់​ដី​ធ្លី​របស់​មន្ត្រី​សុរិយោដី​ខេត្ត​ស្វាយរៀង​ដែល​មិន​បាន​ពិនិត្យ​ច្បាស់លាស់​នាំ​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​ដល់​ដី​​មាន​ទំនាស់​របស់​ប្រជាពលរដ្ឋ​។ បញ្ហា​នេះ​ក៏​អាច​ជា​កំហុស​របស់​តុលាការ​ដែរ​ ដែល​មិន​បាន​ស៊ើប​អង្កេត​ពី​​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​ទំនាស់​​ឲ្យ​បាន​ស៊ីជម្រៅ​ជា​មុន​សិន​។​​​​​

ទោះ​ជា​យ៉ាង​នេះ​ក្ដី​ បញ្ហា​នេះ​​ប្រជាពលរដ្ឋ​បាន​​ប្ដឹង​សុំ​អន្តរាគមន៍​រួម​មាន​ក្រសួង​យុត្តិធម៌​ ទី​ស្ដីការ​គណៈរដ្ឋ​មន្ត្រី​ ក្រសួង​ការពារ​ជាតិ​ និង​ប្ដឹង​ទៅ​រដ្ឋសភា​ជា​ដើម ហើយ​ស្ថាប័ន​ទាំង​អស់​នោះ​បាន​ចេញ​លិខិត​អន្តរាគមន៍​ស្នើ​ ដល់​ស្ថាប័ន​ពាក់​ព័ន្ធ​ឲ្យ​ជួយ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​ក្រុង​បាវិត​នេះ​រួច​មក​ហើយ​។ ប៉ុន្តែ​សាលា​ដំបូង​ខេត្ត​ស្វាយរៀង​នៅ​តែ​​បន្ត​​អនុវត្ត​សាលក្រម​ដោយ​ប្រគល់​ដី​ដែល​មាន​ទំនាស់​នោះ​ទៅ​ឲ្យ​មន្ត្រី​យោធា​ការពារ​ព្រំដែន​ដដែល៕​​​​​​​​​​​​​​​​​​​​​​​​


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។