សហគមន៍​តាតុក​នៅ​ខណ្ឌ​ដង្កោ​តវ៉ា​លើក​ទី​១៧ ទាមទារ​ឱ្យ​សាលាក្រុង​ចេញ​ប្លង់​កាន់​កាប់​ដីធ្លី

0:00 / 0:00

ពលរដ្ឋ​ប្រមាណ​ ១០០​នាក់​រស់​នៅ​តាម​បណ្ដោយ​ប្រឡាយ ជាយក្រុង​ភ្នំពេញ នាំ​គ្នា​លើក​បដា​មុខ​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​អភិបាលក្រុង លោក ឃួង ស្រេង ពន្លឿន​ដំណោះស្រាយ ដោយ​អនុញ្ញាត​ឱ្យ​ពួកគាត់​រស់នៅ​ទីតាំង​ដើម និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។ ការ​តវ៉ា​ជាថ្មី​នេះ ដោយសារតែ​អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​មិនទាន់​ផ្ដល់​ដំណោះស្រាយ​ណាមួយ​ជូន​ពួកគាត់​នៅ​ឡើយ។ សង្គម​ស៊ីវិល​សង្ឃឹម​ថា អាជ្ញាធរ​នឹង​ផ្ដល់​គោល​នយោបាយ​ដោះស្រាយ​រឿង​នេះ តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ ដើម្បី​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​ទីក្រុង​តទៅ​ទៀត។

ពលរដ្ឋ​៣៥​គ្រួសារ​ដែល​រស់នៅ​លើ​គម្រោង​អភិវឌ្ឍន៍​ប្រឡាយ​០៣ ក្នុង​សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ បន្ត​រក​ដំណោះស្រាយ​លើក​ទី​១៧ នៅ​សាលា​រាជធានី​ភ្នំពេញ ស្នើសុំ​ឱ្យ​អាជ្ញាធរ ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​កាន់កាប់​ដីធ្លី និង​កាត់​ឆ្វៀល​ដី​ឱ្យ​ពួកគាត់​ធ្វើការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។ ប៉ុន្តែ​អាជ្ញាធរ ច្រានចោល​សំណើ​ពួកគាត់​អស់​ជាច្រើនលើក​មក​ហើយ។

តំណាង​សហគមន៍​តាតុក អ្នកស្រី ប៉ៅ ស្រីម៉ៅ ឱ្យ​អាស៊ីសេរី​ដឹង​ថា សាលា​រាជធានី​ភ្នំពេញ​តម្រូវ​ឱ្យ​ពលរដ្ឋ​ទៅ​ដាក់​លិខិតស្នាម និង​ឯកសារ​ស្នាក់នៅ​ជាថ្មី​នៅ​សាលា​ខណ្ឌ​ដង្កោ ក្រោយពី​ឈរ​រង់ចាំ​​ការ​ឆ្លើយ​តប​ពី​សាលាក្រុង​អស់​ពេល​មួយ​ព្រឹក នៅ​ថ្ងៃ​ទី​២១ សីហា។

អ្នកស្រី ប៉ៅ ស្រីម៉ៅ លើកឡើង​ថា ពួកគាត់​ដែល​ជា​ពលរដ្ឋ​ក្រីក្រ ស្នើ​ដល់​សាលាក្រុង​ភ្នំពេញ ឆ្វៀល​ដី​ទំហំ​ជាង ៤​ពាន់​ម៉ែត្រការ៉េ និង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ដើម្បី​ឱ្យ​ពួកគាត់​អភិវឌ្ឍន៍​ដោយ​ខ្លួន​ឯង​។

អ្នកស្រី ប៉ៅ ស្រីម៉ៅ បញ្ជាក់​ថា ពួកគាត់​មិន​ចង់​ផ្លាស់ប្ដូរ​ទីលំនៅ​ទៅ​តំបន់​ឆ្ងាយៗ​ពី​ទីក្រុង ដូច​ករណី​បុរី​កីឡា​ទេ ព្រោះថា​ទីតាំង​រស់នៅ​សព្វថ្ងៃ ពួកគាត់​អាច​ប្រកប​របរ​ជីវិត​បាន​ស្រួល ហើយ​កូនចៅ ក៏​មាន​ឱកាស​ទៅ​សាលារៀន​ដែរ​។ តំណាង​ពលរដ្ឋ​រូប​នេះ អះអាង​ថា ពួកគាត់​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​នេះ ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ​៨០​មក​ម្ល៉េះ៖ «ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​គាត់​ឆ្វៀល​ដី​ដែល​ប៉ះពាល់​ប្រឡាយ៣។ ឆ្វៀល​ពី​ប្រជាពលរដ្ឋ​យើងខ្ញុំ​ពី​ប្រឡាយ​ហ្នឹង ឱ្យ​មក​នៅ​មួយ​ជួរ ព្រោះថា​ពួក​ខ្ញុំ​ត្រូវការ​តែ​ ១០​ម៉ែត្រ​ទេ សល់​ប៉ុន្មាន​ធ្វើ​ប្រឡាយ ធ្វើ​ផ្លូវថ្នល់​បាន​។ បើសិនជា​ចេញពី​កន្លែង​ហ្នឹង​ទៅ វា​អត់​មាន​កន្លែង​ណា​ល្អ​ជាង​កន្លែង​នេះ​ទេ ព្រោះថា​កន្លែង​ហ្នឹង គាត់​អាច​រក​ត្រី ហើយ​អាច​ធ្វើ​សំណង់ និង​រោងចក្រ​អី​បាន ហើយ​សាលារៀន​មន្ទីរពេទ្យ ក៏​នៅ​ជិត​ហ្នឹង​ដែរ​។ វា​មាន​ផល​ប៉ះពាល់​ច្រើន ប្រសិនបើ​គាត់​រុញ​ទៅ​ឆ្ងាយ ឧទាហរណ៍​ទៅ​នៅ​ភ្នំ​ប្រសិទ្ធ ទៅ​ឧត្ដុង្គ អី​ហ្នឹង ពួក​ខ្ញុំ​អត់​មាន​កន្លែង​ច្បាស់លាស់​ទេ​។ ពិបាក​រកស៊ី​ហើយ​កូនចៅ ក៏​ពិបាក​ទៅ​រៀន​ដែរ។ ចំណុច​ហ្នឹងហើយ ដែល​ពួក​ខ្ញុំ​ជ្រើសរើស​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង»។

ជុំវិញ​ដំណោះស្រាយ​រឿង​នេះ អាស៊ីសេរី​មិន​អាច​សុំ​ការ​បកស្រាយ​ពី​អភិបាល​ខណ្ឌ​ដង្កោ លោក នុត ពុធដារ៉ា បានទេ នៅ​ថ្ងៃ​ទី​២១ សីហា​ ដោយ​លោក​ប្រាប់​ថា ជាប់រវល់​ប្រជុំ។

កាលពី​ខែ​ឧសភា កន្លងមក ក្រសួង​ដែនដី​ចេញ​សេចក្ដីជូនដំណឹង​មួយ ថា ក្រសួង​មិន​អាច​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដល់​ពលរដ្ឋ​ដែល​រស់​នៅ​លើ​ប្រឡាយ​០៣​បានទេ ដោយសារ​គម្រោង​ប្រឡាយ​នេះ​សម្រាប់​រំដោះ​ទឹក​ប្រើប្រាស់​ទាំង​រដូវប្រាំង និង​រដូវវស្សា និង​ជា​គម្រោង​អភិវឌ្ឍន៍​នា​ពេល​អនាគត​នៅ​ក្នុង​តំបន់។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត លើកឡើង​ថា អាជ្ញាធរ​គួរ​ផ្ដល់​ដំណោះស្រាយ​ដល់​ពលរដ្ឋ​នៅ​សហគមន៍​តាតុក ឱ្យ​ពួក​គាត់​រស់នៅ​ទីតាំង​ចាស់ ដូច​ទៅ​នឹង​ដំណោះស្រាយ​ដែល​អាជ្ញាធរ​បាន​ផ្ដល់​ឱ្យ​ពលរដ្ឋ​រស់នៅ​តាម​បណ្ដោយ​ប្រឡាយ​ស្ទឹងមានជ័យ កន្លង​មក​។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​និង​បញ្ហា​ដីធ្លី​រូប​នេះ យល់​ថា ប្រសិនបើ​អាជ្ញាធរ​អាច​ដាក់​ចេញ​ជា​ដំណោះស្រាយ​បែបនេះ​បាន ចំពោះ​សហគមន៍​តាតុក ការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​លំនៅឋាន ក៏​នឹង​មិន​មាន​ដែរ៖ «ប្រជាពលរដ្ឋ​រស់នៅ​ទីក្រុង​ភ្នំពេញ​នេះ គាត់​​មិន​ចង់​ទៅ​រស់នៅ​ចេញ​ឆ្ងាយ​ពី​ទីកន្លែង​ដែល​គាត់​ធ្លាប់​បាន​រស់នៅ​ទេ​។ កន្លែង​ណា​ក៏​ដូច​កន្លែង​ណា អ៊ីចឹង​ដែរ។ ជា​ដំណោះស្រាយ​ដ៏​សមរម្យ សាលា​រាជធានី​ភ្នំពេញ ដក​ពិសោធន៍​រួចហើយ គួរ​តែ​​ធ្វើ​យ៉ាង​ណា​ឱ្យ​គាត់​ទៅ​រស់នៅ​កន្លែង​ណាមួយ ឬមួយ​ក៏​នៅ​ជិតៗ​ហ្នឹង កុំ​ឱ្យ​ទៅ​ឆ្ងាយ​ដូច​ខាង​សហគមន៍​មួយ​ចំនួន​ដែល​គាត់​ទៅ​ឆ្ងាយ។ យើង​ឃើញ​ហើយ រឿង​ហ្នឹង​អត់​ចប់​ទេ។ គាត់​នៅតែ​បន្ត​​មក​តវ៉ា​ដដែល​។ អ៊ីចឹង​ ! ឃើញ​ថា ដោះ​មិន​ចប់​ទេ»។

លោក វណ្ណ សូផាត សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ និង​ក្រសួង​ដែនដី នឹង​រួមគ្នា​ខិតខំ​ដោះស្រាយ​បញ្ហា​នេះ ដោយ​សន្តិវិធី សមធម៌ និង​តម្លាភាព ដើម្បី​ផ្ដល់​ភាព​សុខដុមរមនា​ដល់​ពលរដ្ឋ​រស់​នៅ​​ក្នុង​សហគមន៍​ក្រីក្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។