ពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី

ប្រជាពលរដ្ឋ​ចំនួន ៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ បាន​លើក​គ្នា​ទៅ​សាលា​ខេត្ត ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ អន្តរាគមន៍​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាង ១០០​ហិកតារ ឋិត​នៅ​ភូមិ​រស្មីសាមគ្គី សង្កាត់​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​កើត​មាន​ទំនាស់​ជាមួយ​បុគ្គល​ម្នាក់ ឈ្មោះ ស៊ូ វណ្ណារិទ្ធិ ហៅ ទ្រី រស់​នៅ​ក្រុង​ប៉ោយប៉ែត។

តំណាង​ប្រជាពលរដ្ឋ​ឈ្មោះ ម៉េង ឃីម ថ្លែង​ថា ដី​ទំហំ​ជាង ១០០​ហិកតារ​នោះ ក្រុម​អ្នក​ភូមិ​ចំនួន ៤៥​គ្រួសារ បាន​កាន់​កាប់ និង​សង់​លំនៅឋាន​រស់​នៅ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​ដោយសារ​តែ​មាន​ទំនាស់​ជាមួយ​បុគ្គល​ឈ្មោះ ស៊ូ វណ្ណារិទ្ធិ ហៅ ទ្រី ទើប​ខាង​ជំនាញ​សុរិយោដី​ពុំ​អាច​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​បាន៖ «ប្រជាពលរដ្ឋ​មាន​បំណង​សុំ​ឲ្យ​អភិបាល​ខេត្ត​ជួយ​ដោះស្រាយ​បញ្ជាក់​ការ​កម្មសិទ្ធិ​ដីធ្លី​ឲ្យ​បាន​គ្រប់​គ្នា កុំ​ឲ្យ​មាន​បញ្ហា​ជាមួយ​ឈ្មោះ ស៊ូ វណ្ណារិទ្ធិ ហៅ ទ្រី ហ្នឹង។ ដី​ហ្នឹង​កន្លង​មក​មាន​ទំនាស់​ម្តង​ហើយ ប៉ុន្តែ​សម្ដេច​គាត់​ចេញ ស.ជ.ណ ហើយ ប៉ុន្តែ​ភូមិ​ឃុំ​គេ​អត់​ចុះ​ធ្វើ​ឲ្យ​ប័ណ្ណ​កម្មសិទ្ធិ​ឲ្យ​ទេ ហើយ​មួយ​ចំនួន​ដែល​បាន​ហើយ បែរ​ជា​និរាករណ៍ គេ​ថា​គេ​កាត់​ច្រឡំ»

ពួក​គាត់​បន្ត​ថា ក្រោយ​ពី​មាន​ការ​លើក​គ្នា​តវ៉ា​រួច​មក មន្ត្រី​សាលា​ខេត្ត​បន្ទាយមានជ័យ បាន​សន្យា​ថា នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ចាត់​វិធាន​ការ​ដោះស្រាយ​ទំនាស់​ដី​ជូន​ប្រជាពលរដ្ឋ ដើម្បី​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់ និង​ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ដែល​អាច​កើត​មាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។