អាដហុករៀបចំសិក្ខាសាលាស្ដីពីបញ្ហាដីធ្លីនិងធនធានធម្មជាតិនៅខេត្តកំពង់ធំ
2014.04.30

សមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) នៅខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាស្តីបញ្ហាដីធ្លី និងបញ្ហាធនធានធម្មជាតិ ដែលមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងតំណាងសហគមន៍ដែលមកពីតំបន់ដែលមានបញ្ហា ប្រមាណជិត ១០០នាក់ កាលពីថ្ងៃទី២៤ មេសា។ ក្នុងវេទិកានោះ មានការសួរដេញដោលរវាងប្រជាពលរដ្ឋ និងអាជ្ញាធរខេត្ត ក្នុងការស្វែងរកដំណោះស្រាយរួមមួយប្រកបដោយភាពយុត្តិធម៌ និងដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋដែលមកពីតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្តកំពង់ធំ ដែលមានបញ្ហារឿងដីធ្លី និងដីសហគមន៍របស់ខ្លួន បានចូលរួមសិក្ខាសាលាមួយ ដែលបានរៀបចំឡើងដោយសមាគមការពារសិទ្ធិមនុស្សអាដហុក នៅក្នុងខេត្តកំពង់ធំ។ សិក្ខាសាលានោះ គឺមានគោលបំណងដើម្បីឱ្យប្រជាពលរដ្ឋអាចមានឱកាសក្នុងការលើកពីបញ្ហារបស់ខ្លួនដែលជួបប្រទះ ជូនទៅដល់អាជ្ញាធរខេត្ត ដើម្បីឱ្យអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ យកបញ្ហាទាំងនោះទៅធ្វើការពិភាក្សា និងធ្វើការដោះស្រាយទៅតាមនីតិវិធី និងជាការបង្កើតវប្បធម៌រាស្ត្រ និងមន្ត្រី មានឱកាសជួបគ្នាដោយចំពោះមុខ។
ប្រជាពលរដ្ឋម្នាក់មកពីឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ លោក ហង្ស សេដ្ឋ ដែលមានវ័យ ៦២ឆ្នាំ មានប្រសាសន៍ថា នៅក្នុងភូមិរបស់លោក គឺមានប្រជាពលរដ្ឋ ២៨គ្រួសារ កំពុងមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុន ស៊ី.អ.ស៊ី.ខេ (CRCK) ដែលកំពុងធ្វើការឈូសឆាយលើដីព្រៃនៅក្រោយភូមិដែលលោកអះអាងថា ជាដីចម្ការវិលជុំរបស់ប្រជាពលរដ្ឋ ហើយប្រសិនបើដីតំបន់នោះត្រូវបាត់បង់ ប្រជាពលរដ្ឋប្រាកដជាជួបការលំបាកមិនខាន៖ «ហើយដល់ជិតភូមិហ្នឹង ដីអត់មានធ្វើកសិកម្មទេ ព្រោះដីនៅជើងភូមិហ្នឹងឯងមានចម្ការរបស់បងប្អូននៅតាមជើងភូមិ។ ឥឡូវគេឃ្វាលយកតាមព្រៃដែលនៅសេសសល់តិចៗហ្នឹង ហើយដែលគេទុកដីកសិកម្ម ប៉ុន្តែបានជាខ្ញុំសុំឡើងមកជួបរដ្ឋអំណាចចៅហ្វាយខេត្តអីនេះ គឺចង់ឱ្យគាត់ទុកដីនោះឯងឱ្យប្រជាពលរដ្ឋបង្កបង្កើនផល ដើម្បីដោះស្រាយជីវភាពរបស់បងប្អូន»។
លោកបន្តទៀតថា កន្លងមកអាជ្ញាធរបានទៅធ្វើការដោះស្រាយដែរ ប៉ុន្តែមិនបានលទ្ធផលអ្វីនោះទេ ហើយអាជ្ញាធរខេត្តក៏បានបញ្ជាក់ថា ដីតំបន់នោះ គឺខាងរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចដល់ក្រុមហ៊ុនរួចហើយ ដូចនេះខាងអាជ្ញាធរមិនមានសមត្ថភាពដោះស្រាយនោះទេ។
ប្រជាពលរដ្ឋមួយរូបទៀតមកពីឃុំសានគរ ស្រុកកំពង់ស្វាយ លោក ស៊ត ស៊ីម បានឱ្យដឹងដែរថា ពួកគាត់ដែលបានដាក់ពាក្យមកអាជ្ញាធរខេត្ត គឺមានជាង ៥០គ្រួសារ មានផ្ទៃដីប្រមាណជា ២០០ហិកតារ ដែលមានបញ្ហាជាមួយក្រុមហ៊ុន ដួង ហេង តាំងពីឆ្នាំ២០០៥ នោះ។ លោកបន្តថា មូលហេតុដែលលោកចូលរួមក្នុងវេទិកានោះ គឺដើម្បីចង់បង្ហាញពីទុក្ខលំបាករបស់ខ្លួនទៅដល់អាជ្ញាធរ ដើម្បីឱ្យជួយដោះស្រាយបញ្ហារបស់ពួកគាត់៖ «ហើយក្រុមហ៊ុនគេចង់មានបញ្ជាក់ឯកសារលិខិតពីខេត្តដែរ ថាដីមានទំនាស់មិនអ៊ីចឹង? ហើយបើសិនយើងចុះទៅធ្វើមិនខុសវាខុស វាមានបញ្ហានៅកន្លែងស្រែ។ ដូចនេះ បើសិនយើងចុះទៅធ្វើ គឺទាល់តែមានឯកសារលិខិតបញ្ជាក់ពីឯកឧត្តមអភិបាលខេត្តទៅ ទើបក្រុមហ៊ុនហ្នឹងគេទទួលស្គាល់»។
ក្រៅពីនេះក៏មានប្រជាពលរដ្ឋមកពីបណ្ដាសហគមន៍ផ្សេងៗទៀត បានជជែកដេញដោលជាមួយអភិបាលខេត្ត និងមន្ត្រីដែលពាក់ព័ន្ធមួយចំនួន ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា និងដើម្បីឱ្យអាជ្ញាធរជំរុញការដោះស្រាយបញ្ហាជូនពួកគាត់។
អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន បានមានប្រសាសន៍ឆ្លើយតបទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋមួយចំនួន ហើយនៅចុងបញ្ចប់ លោកបានលើកឡើងថា អាជ្ញាធរខេត្តនឹងជំរុញការដោះស្រាយនូវរាល់បញ្ហាដែលសេសសល់របស់ប្រជាពលរដ្ឋ ប្រកបទៅដោយការទទួលខុសត្រូវ និងទៅតាមនីតិវិធី៖ «យើងខ្ញុំជាអាជ្ញាធរសាធារណៈទាំងអស់គ្នា ទាំងរាជការ ទាំងកម្លាំងប្រដាប់អាវុធ បានដឹងពីបញ្ហាសេសសល់ យោបល់ប្រជាជនបញ្ហាអីដែលខ្លួនឯងធ្វើមិនបានល្អនៅពេលកន្លងទៅ នឹងបង្កើនការគិតគូរដោះស្រាយទទួលខុសត្រូវ។ ទីពីរ ប្រជាពលរដ្ឋដែលចូលរួមទីនេះ និងមិនបានចូលរួម ក៏បានដោះស្រាយខាងស្មារតីបានខ្លះដែរ»។
លោកបន្ថែមទៀតថា ក្នុងបញ្ហានេះ ប្រជាពលរដ្ឋក៏មានចំណែកក្នុងការអនុវត្តច្បាប់ និងគោរពច្បាប់ឱ្យបានត្រឹមត្រូវទាំងអស់គ្នានោះផងដែរ។
ប្រធានផ្នែកដីធ្លី និងសាលាក្តីខ្មែរក្រហមនៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ឡាត់ គី មានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានោះឡើង គឺដើម្បីលើកទឹកចិត្តឱ្យមានការប្រជុំពិភាក្សារវាងប្រជាពលរដ្ឋ និងអាជ្ញាធរ សម្រាប់ជាការងាយស្រួលក្នុងការដោះស្រាយបញ្ហារបស់ពួកគាត់។ លើសពីនេះទៀត ដើម្បីស្វែងរកអនុសាសន៍ល្អៗសម្រាប់ធ្វើការដោះស្រាយនូវរាល់បញ្ហារបស់ប្រជាពលរដ្ឋដែលបានកើតឡើង នៅតាមភូមិស្រុកប្រកបដោយភាពយុត្តិធម៌៖ «ក្នុងការបង្កើតនូវវប្បធម៌ជួបពិគ្រោះពិភាក្សាគ្នារវាងសហគមន៍ជនរងគ្រោះ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្វែងរកដំណោះស្រាយនូវវិវាទដីធ្លីដែលកំពុងកើតមាននៅក្នុងមូលដ្ឋាន។ គោលបំណងនេះ គឺយើងចង់ឱ្យផ្ដោតសំខាន់រវាងបញ្ហារាស្ត្រ និងមន្ត្រីឱ្យមានវប្បធម៌ពិគ្រោះពិភាក្សាគ្នាយកបញ្ហាទាំងអស់គ្នា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា»។
លោកបន្ថែមទៀតថា សមាគមអាដហុក នឹងរៀបចំប្រមូលចងក្រងនូវរាល់បញ្ហារបស់ប្រជាពលរដ្ឋ ដាក់ជូនអាជ្ញាធរខេត្ត និងមន្ត្រីជំនាញ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការជំរុញឱ្យមានការដោះស្រាយវិវាទទាំងឡាយដែលបានពិភាក្សាគ្នាក្នុងអង្គសិក្ខាសាលានោះ៕