ប្រជាសហគមន៍ក្នុងតំបន់អារ៉ែង ជាមួយក្រុមយុវជនករុណាអារ៉ែង និងក្រុមយុវជនខ្មែរថាវរៈ បានរួមគ្នាដាក់ញត្តិស្នើសុំឱ្យមន្ទីរបរិស្ថាន បង្ហាញព្រំប្រទល់ដីដែលត្រូវកាត់ឆ្វៀលដើម្បីអភិរក្ស។ មន្ត្រីអង្គការសង្គមស៊ីវិលយល់ថា ដើម្បីរក្សាព្រៃសហគមន៍ឱ្យបានគង់វង្ស អាជ្ញាធរចាំបាច់ត្រូវតែបង្ហាញព្រំប្រទល់ដីព្រៃសហគមន៍ឱ្យបានច្បាស់លាស់។
ប្រជាសហគមន៍ជនជាតិដើមភាគតិចជង នៅក្នុងតំបន់អារ៉ែង ជាមួយក្រុមយុវជនករុណាអារ៉ែង ព្រមទាំងក្រុមយុវជនខ្មែរថាវរៈ សរុប១៤នាក់ ក្នុងនោះក៏មានព្រះសង្ឃ២អង្គផងដែរ បានរួមគ្នាដើរដង្ហែក្បួនពីវិទ្យាល័យកោះកុង ទៅដាក់ញត្តិនៅមន្ទីរបរិស្ថានខេត្តកោះកុង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ ការដាក់ញត្តិនេះធ្វើឡើងក្នុងគោលបំណង ស្នើសុំឱ្យប្រធានមន្ទីរបរិស្ថានខេត្តកោះកុងលោក ហ៊ុន ម៉ារ៉ាឌី បង្ហាញផែនទីព្រំប្រទល់ដីព្រៃសហគមន៍ និងអនុកម្បចិត្តលេខ៣០ ចុះនៅឆ្នាំ២០២១ ស្ដីពីការកាត់ឆ្វៀលដីនៅក្នុងតំបន់អភិរក្សទៅឱ្យរដ្ឋបាលខេត្តដើម្បីការពារ។ ក្រុមជនជាតិដើមភាគតិចជង បានស្លៀកខោចេវ សំពត់ពណ៌ខ្មៅ និងអាវវាលកពណ៌ផ្ទៃមេឃ ដែលជាសំលៀកបំពាក់ប្រពៃណីរបស់ពួកគាត់។ ចំណែកក្រុមយុវជនវិញ ពួកគេបានស្លៀកចងក្បិន និងពាក់អាវប៉ាក់ ដើម្បីបង្ហាញពីសាមគ្គីភាព ក្នុងការការពារបរិស្ថាន និងសិទ្ធិមនុស្ស បើទោះបីជាពួកគេមានវប្បធម៌ ប្រពៃណីខុសគ្នាក៏ដោយ។
សមាជិកប្រជាសហគមន៍តំបន់អារ៉ែង និងជាជនជាតិដើមភាគតិចជង លោក វ៉ែន វ៉ន ដែលបានចូលរួមដាក់ញត្តិនេះ ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមជនជាតិដើមភាគតិចជង បានរស់នៅក្នុងតំបន់ជ្រលងភ្នំអារ៉ែងនេះតាំងពីដូនតារៀងមក ក៏ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ប្រជាសហគមន៍ភាគច្រើនមិនហ៊ានធ្វើដីស្រែ ចម្ការរបស់ខ្លួនដែលនៅឆ្ងាយពីផ្ទះនោះទេ ពីព្រោះពួកគាត់មិនដឹងច្បាស់ពីព្រំប្រទល់ដីព្រៃអភិរក្ស និងដីព្រៃសហគមន៍។ លោកបន្ថែមថាកន្លងមក បុគ្គលិកអង្គការសម្ព័ន្ធមិត្តសត្វព្រៃ រួមជាមួយមន្ត្រីបរិស្ថាន តែងតែដុត និងបំផ្លាញផលដំណាំប្រជាពលរដ្ឋចោល ដោយសំអាងថាដីទាំងនោះស្ថិតនៅក្នុងតំបន់អភិរក្ស ហេតុនេះប្រជាពលរដ្ឋខ្លះប្រឈមនិងបញ្ហាជីវភាពជាខ្លាំង៖
«សំណូមពរទៅដល់រាជរដ្ឋាភិបាលជួយសម្រួល ទី១ គឺបង្ហាញផែនទីឱ្យបានជាក់លាក់ឱ្យប្រជាពលរដ្ឋហ្នឹងគាត់បានដឹងថាកន្លែងណាខ្លះអាចប្រើប្រាស់ និងកន្លែងណាខ្លះត្រូវបានហាមឃាត់ ទី២ រាល់ការកំណត់ទីតាំងភូមិសាស្ត្រណាមួយដែលទាក់ទងទៅនឹងសិទ្ធិប្រជាពលរដ្ឋ ដូចជាជនជាតិដើមភាគតិច គួរតែសហការជាមួយប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ផ្ដល់តម្លៃឱ្យជនជាតិដើមភាគតិចដែលពួកគាត់រស់នៅក្នុងតំបន់ហ្នឹង ហើយនិងសិទ្ធិអាស្រ័យផលរបស់ពួកគាត់»។
មន្ត្រីរដ្ឋបាលមន្ទីរបរិស្ថានខេត្តកោះកុង បានទទួលយកញត្តិរបស់ក្រុមប្រជាសហគមន៍រួចហើយ កាលពីព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ក៏ប៉ុន្តែមិនមានការសន្យាណាមួយនោះទេ។
ប្រជាសហគមន៍ នៅតំបន់អារ៉ែង ក៏ធ្លាប់បានស្នើសុំអាជ្ញាធរខេត្តទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចជងផងដែរ ដើម្បីរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដើមរបស់ខ្លួន និងទទួលបានសិទ្ធិផ្សេងៗក្នុងនាមជាជនជាតិដើមភាគតិច កាលពីឆ្នាំ២០១៦ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ ពួកគាត់មិនទាន់ទទួលបានការឆ្លើយតបពីអាជ្ញាធរខេត្តកោះកុងនៅឡើយទេ។
សកម្មជនខ្មែរថាវរៈ អ្នកនាង ឈឿន ដារ៉ាវី ប្រាប់វិទ្យុអាស៊ីសេរីថា ខណៈដីព្រៃនៅក្នុងតំបន់អារ៉ែងឡើងថ្លៃជារៀងរាល់ឆ្នាំ ដីព្រៃអភិរក្សនៅក្នុងតំបន់អភិរក្សមួយនេះ ក៏កំពុងប្រឈមក្នុងការបាត់បង់ផងដែរ។ អ្នកនាងស្នើសុំឱ្យមន្ទីបរិស្ថានដាក់បង្ហាញព្រំប្រទល់ដីសហគមន៍ និងដីព្រៃអភិរក្សជាក់លាក់ ឱ្យបានឆាប់ៗក្នុងពេលខាងមុខនេះ ដើម្បីបញ្ចៀសការរំលោភលើសិទ្ធិជនជាតិដើមភាគតិចដែលមានប្រវត្តិរស់នៅក្នុងតំបន់នេះរាប់រយឆ្នាំមកហើយ ហើយក៏ដើម្បីការពារព្រៃនៅក្នុងតំបន់អភិរក្សអារ៉ែងនេះផងដែរ៖
«ការការពារអភិរក្សតំបន់ព្រៃឈើនេះ មិនមែនពឹងផ្អែកទាំងស្រុងទៅលើបរិស្ថាននោះទេ សហគមន៍ផ្ទាល់នេះ គឺចង់ដឹងដើម្បីងាយស្រួលក្នុងការការពារ កុំឱ្យមានជនឆក់ឱកាសហ្នឹង ឆ្លៀតយកពេលដែលមិនមានការបង្ហាញច្បាស់លាស់ហ្នឹង ប្រើអំណាចឆ្លៀតទៅទន្ទ្រានព្រៃ ប៉ះពាល់ទាំងដីរបស់សហគមន៍ ក៏ដូចជាដែនអភិរក្សអញ្ចឹង»។
កាលពីខែតុលា កន្លងទៅ ដីព្រៃអភិរក្សស្ថិតក្នុងតំបន់អារ៉ែង ចំនួន៥ហិកតារ ក៏ត្រូវបានកាប់ទន្ទ្រានដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេមិនទាន់ឃើញអាជ្ញាធរចាត់វិធានការទៅលើបុគ្គលណាម្នាក់នោះឡើយ ក៏ប៉ុន្តែបែរជាមានការចោទប្រកាន់ខុសពីការពិតថា ជំទប់ទី២ ឃុំជំនាប់ ដែលមកពីគណបក្សភ្លើងទៀន មានជាប់ពាក់ព័ន្ធនឹងការកាប់ទន្ទ្រានដីព្រៃនេះទៅវិញ។
ពាក់ព័ន្ធទៅនឹងរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា ប្រាប់វិទ្យុអាស៊ីសេរីថា លោកមិនទាន់ទទួលបានញត្តិរបស់ក្រុមប្រជាសហគមន៍នេះនៅឡើយទេ។
ជុំវិញរឿងនេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ (LICADHO) លោក អំ សំអាត យល់ឃើញថា អាជ្ញាធរគួរតែបង្ហាញព្រំប្រទល់ដែនអនុក្រឹត្យឱ្យបានច្បាស់លាស់ ដើម្បីបញ្ចៀសទំនាស់រវាងប្រជាពលរដ្ឋសហគមន៍ និងដីព្រៃដែលត្រូវអភិរក្ស៖
«បើអត់មានព្រំប្រទល់ផងអញ្ចឹង អាជ្ញាធរគាត់ចេះតែថា សហគមន៍គាត់ថាប៉ុណ្ណេះ អាជ្ញាធរថាមិនមែនអញ្ចឹង វាអត់មានកន្លែងណាច្បាស់លាស់ថាកន្លែងណាជាដីរបស់សហគមន៍ ឬក៏ដីអភិរក្សដែលបង្កឱ្យមានទំនាស់ អាហ្នឹង បើយើងមើលទៅការធ្វើរបៀបនេះទាក់ទងនឹងផលប្រយោជន៍ច្រើនជាងការចង់ឱ្យមានស្ថិរភាព និងសុវត្ថិភាពរបស់សហគមន៍»។
ជ្រលងភ្នំអារ៉ែង គឺជាកន្លែងដ៏ស្រស់ស្អាតមួយក្នុងខេត្តកោះកុង។តំបន់នោះជាកន្លែងដែលជនជាតិដើមភាគតិចជងជាង ១ពាន់ ៥រយនាក់ (១.៥០០) កំពុងរស់នៅ ជាមួយនឹងបរិស្ថានធម្មជាតិដ៏ស្រស់បំព្រង តាមបណ្ដោយជ្រលងភ្នំ ដែលមានសត្វព្រៃកម្ររស់នៅជាច្រើនប្រភេទរួមមាន សត្វក្រពើភ្នំ ត្រីនាគ ដំរីព្រៃ ជាដើម។ ក្រោយពីមានការអភិវឌ្ឍផ្លូវតភ្ជាប់ពីតំបន់អារ៉ែង ទៅកាន់ស្រុកជីផាត ខេត្តកោះកុងមក ដីនៅក្នុងតំបន់នេះចាប់ផ្ដើមឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។ ក៏ប៉ុន្តែ ដីនៅក្នុងតំបន់នេះមិនទាន់មានការកំណត់ព្រំប្រទល់ច្បាស់លាស់រវាងដីប្រជាសហគមន៍ និងដីព្រៃត្រូវអភិរក្សនោះទេ ដែលជាហេតុធ្វើឲ្យដីព្រៃដែលត្រូវអភិរក្សកំពុងប្រឈមក្នុងការបាត់បង់ តាមរយៈការកាប់ទន្ទ្រានដើម្បីធ្វើជាកម្មសិទ្ធិឯកជន និងលក់ទៅឱ្យឈ្មួញធំៗ។ ជាមួយគ្នានេះ ប្រជាសហគមន៍ជនជាតិដើមភាគតិចជងមួយចំនួនក៏ពុំអាចប្រើប្រាស់ដី ដែលជាកេរដំណែលរបស់ដូនតាផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។