អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ សាងសង់​របង​ចូល​ដី​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក

0:00 / 0:00

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ​១០០​នាក់​នៅ​ព្រឹក​ថ្ងៃទី​២៤ មេសា បាន​ចុះ​កាយ​ដី និង​សាងសង់​របង​ចូល​ដី​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក។ ពលរដ្ឋ​ឲ្យ​ដឹង ថា អាជ្ញាធរ​កំពុង​រំលោភ​លើ​ដី​លំនៅឋាន​របស់​ពួកគាត់ ហើយ​មិន​បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​បាន​ដឹង​អំពី​ការ​កាយ​ដី និង​សង់​របង​នៅ​ខាងក្រោយ​ផ្ទះ​របស់​ពួកគាត់​នេះ​ឡើយ។

អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ​១០០​នាក់ ក្នុង​ឈុត​ឯកសណ្ឋាន​ជា​នគរបាល និង​ស៊ីវិល បាន​ប្រើ​គ្រឿងចក្រ​២​គ្រឿង ចុះ​កាយ​ដី​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹង​តា​មោក ស្ថិត​នៅ​ក្នុង​សង្កាត់​សំរោង​ត្បូង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ និង​ធ្វើ​របង​ហ៊ុមព័ទ្ធ​រំលោភ​លើ​ដី​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​ចំនួន​៦​គ្រួសារ ប្រវែង​ប្រមាណ​១០​ម៉ែត្រ ព្រមទាំង​កាប់​ដើម​អំពិល​ទឹក​នៅ​លើ​ដី ដែល​ពលរដ្ឋ​មិនទាន់​ទទួល​យក​គោលនយោបាយ​ជាមួយ​អាជ្ញាធរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១៥១ នៅក្នុង​សង្កាត់​សំរោង​ត្បូង។

ពលរដ្ឋ​បឹង​តាមោក​ម្នាក់​គឺ​លោកស្រី សឿន ស្រីសុទ្ធ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃទី​២៤ មេសា​ថា ការ​ចុះ​កាយ​ដី និង​សង់​របង​ចូល​ដី​ពលរដ្ឋ​នៅ​ពេល​នេះ អាជ្ញាធរ​មិន​បាន​ជូន​ដំណឹង​មក​ពលរដ្ឋ​មុន​នោះ​ទេ​។ លោកស្រី​ឲ្យ​ដឹង​ថា ការ​កាយ​ដី និង​ហ៊ុមព័ទ្ធ​ដី​ក្រោយ​ផ្ទះ​ពលរដ្ឋ​នេះ អាជ្ញាធរ​ថា ដើម្បី​ធ្វើ​កន្លែង​ទុក​សម្ភារៈ​សាងសង់​ស្ពាន។

លោកស្រី សឿន ស្រីសុទ្ធ៖ «មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ហេតុអ្វី​គាត់​ធ្វើ​ស្ពាន​ខាងក្រោយ​ផ្ទះ​ពួក​ខ្ញុំ ទាំង​ដែល​ពួក​ខ្ញុំ​កំពុង​ស្ថិត​ក្នុង​ការ​ស្នើសុំ​។ គាត់​ធ្វើ​អ្វីមួយ គាត់​មិនដែល​ជូនដំណឹង ហើយ​ពួកគាត់​រក​រនាំង​មក​បាំង​ចូលក្នុង​ដី​ផ្ទះ​របស់​ពួក​ខ្ញុំ ដោយ​គ្មាន​លិខិត​ជូនដំណឹង​មក​ពួក​ខ្ញុំ​សោះ ដល់ពេល​ពួក​ខ្ញុំ​ចុះទៅ​ទប់ស្កាត់ គាត់​ថា​មិនមែន​ចុះ​មក​ប្លន់​ដី ឬ​កាយ​ផ្ទះប្រជា​ពលរដ្ឋ​ទេ»។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ លោក ធឹម សំអាន ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៤ មេសា។

នេះ​ជា​លើក​ទី​២​ហើយ ដែល​អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ប្រើប្រាស់​គ្រឿងចក្រ​កាយ​ដី ខាងក្រោយ​ផ្ទះ​ពលរដ្ឋ​បឹងតាមោក​ចំនួន​៦​គ្រួសារ ក្រោយ​ពី​អាជ្ញាធរ​បាន​បរាជ័យ​លើក​ទី​១ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ មេសា។ គ្រានោះ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ ប្រមាណ​១៥​នាក់ ស្លៀក​ឯកសណ្ឋាន​ជា​នគរបាល និង​ស៊ីវិល​បាន​ប្រើប្រាស់​គ្រឿងចក្រ​ចំនួន ២​គ្រឿង ទៅ​កាយ​ដី​នៅ​ខាងក្រោយ​ផ្ទះ​ពលរដ្ឋ ប៉ុន្តែ​មិនបាន​ជោគជ័យ​ដោយសារតែ​ពលរដ្ឋ បាន​ចូល​ទៅ​ហាមឃាត់​សកម្មភាព​កាយ​ដី​នោះ​ដែល​នាំ​ឲ្យ​មានការ​ប៉ះទង្គិច​គ្នា​រវាង​ពលរដ្ឋ និង​អាជ្ញាធរ បណ្ដាល​ឲ្យ​ពលរដ្ឋ​២​នាក់ រង​របួស​ស្រាល។

៣ថ្ងៃ​បន្ទាប់ពី​ការប្រើ​អំពើ​ហិង្សា​ទាំង​កំរោល​នេះ នៅ​ព្រឹក​ថ្ងៃទី​៩ មេសា ប្រជា​សហគមន៍​សំរោង​ត្បូង​ចំនួន ១០ នាក់ បាន​ទទួល​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន ដើម្បី​សាកសួរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៤ មេសា​។ ប៉ុន្តែ​ពលរដ្ឋ​បាន​ច្រានចោល​ដីកាកោះ​នោះ ព្រោះ​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​នូវ​កាលបរិច្ឆេទ នៃ​ការប្រព្រឹត្ត​បទល្មើស ហើយ​ពលរដ្ឋ​ក៏​មិនបាន​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកាកោះ​នោះ​ដែរ។

វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក បាន​អូសបន្លាយ​ពេល​ជិត​៥​ឆ្នាំ​ហើយ ក្រោយពី​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​ប្រគល់​ដី​នៅ​តំបន់​នោះ ឲ្យ​ទៅ​អ្នកមាន​លុយ មានអំណាច ក្រោម​ហេតុផល​អភិវឌ្ឍ និង​សម្រាប់​គោលបំណង​ផ្សេងៗ​ជា​បន្តបន្ទាប់។

កន្លងទៅ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ធ្លាប់​ទទូច​ដល់​រដ្ឋាភិបាល​ឲ្យ​គិតគូរ​ពី​ផល​ប៉ះពាល់​ពលរដ្ឋ និង​បរិស្ថាន នៅពេល​អភិវឌ្ឍ​នៅ​តំបន់​ណាមួយ​ដូច​ករណី​នៅ​តំបន់​បឹង​តាមោក​នេះ​។ ពួកគេ​ក៏​ស្នើ​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​ចរចា និង​ស្ដាប់​ពី​តម្រូវការ​គ្នា​ទៅវិញទៅមក ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដែល​គ្រប់​ភាគី​ពាក់ព័ន្ធ​អាច​ទទួល​យក​បាន​ដោយ​សន្តិវិធី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។