អាជ្ញាធរខេត្តមណ្ឌលគិរីប្ដេជ្ញាថា នឹងដោះស្រាយវិបត្តិដីធ្លី នៅតំបន់ភ្នំដោះក្រមុំ ដែលជាកន្លែងវប្បធម៌បូជនីយកិច្ចជនជាតិដើមភាគតិចឲ្យដាច់ស្រឡះ នៅអំឡុងខែមីនា ឆ្នាំ២០១៩ នេះ។ ការលើកឡើងនេះ ក្រោយពីមានសារព្រមាន ពីលោក ហ៊ុន សែន បានបញ្ជាឲ្យអភិបាលខេត្តរូបនេះ ទប់ស្កាត់ការទន្ទ្រានដីនៅតំបន់នោះ និងត្រូវរឹបអូសដីទាំងនោះមកវិញ។
សហគមន៍ជនជាតិដើមភាគតិច និងគណៈកម្មាធិការគ្រប់គ្រងភ្នំដោះក្រមុំ នៅមិនទាន់មានជំនឿចិត្តទាំងស្រុង លើប្រសិទ្ធភាពការងារ របស់អាជ្ញាធរខេត្តមណ្ឌលគិរី នៅឡើយទេ ទាក់ទិនការដោះស្រាយជម្លោះដីធ្លី នៅតំបន់ភ្នំដោះក្រមុំ ដែលជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តភាគឦសាននេះ។
ថ្មីៗ នេះ អាជ្ញាធរខេត្តមណ្ឌលគិរី បានបើកកិច្ចប្រជុំបន្ទាន់មួយ មានអាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មាធិការគ្រប់គ្រងភ្នំដោះក្រមុំចូលរួម ពិភាក្សារកដំណោះស្រាយករណីនេះ។ អភិបាលខេត្តមណ្ឌលគិរី ស្វាយ សំអ៊ាង បានថ្លែងក្នុងកិច្ចប្រជុំនោះថា នឹងដោះស្រាយវិវាទដីធ្លីនេះឲ្យរួចរាល់នៅអំឡុង ខែមីនានេះ ហើយលោកទទួលស្គាល់ថា មានពលរដ្ឋជាច្រើនគ្រួសារ បានសង់លំនៅឋាន តាមជើងភ្នំដោះក្រមុំ។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ ឲ្យដឹងនៅថ្ងៃទី៣ មីនាថា រដ្ឋបាលខេត្តមណ្ឌលគិរីគួរតែដោះស្រាយវិបត្តិដីធ្លីនេះ ផ្អែកតាមសេចក្តីសម្រេចរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលកំណត់តំបន់នោះ ជាវប្បធម៌បូជនីយកិច្ចជនជាតិដើមភាគតិច កាលពីឆ្នាំ២០០៤ មានទំហំដី ១០២ហិកតារ។
ក៏ប៉ុន្តែបច្ចុប្បន្នដីនៅតំបន់នោះ បានថយចុះជាបន្តបន្ទាប់ ដោយសារអ្នកមានអំណាច មន្ត្រីនគរបាលខ្លះ និងពលរដ្ឋជាច្រើនគ្រួសារ បានសង់លំនៅឋាន ភូមិគ្រឹះ ខារ៉ាអូខេ និងហ៊ុមព័ទ្ធរបង យកដីមួយផ្នែកធ្វើជាទ្រព្យបុគ្គល។
លោកស្រីថា អាជ្ញាធរខេត្តមណ្ឌលគិរី មិនបានអនុញ្ញាតឲ្យតំណាងសហគមន៍ជនជាតិដើមភាគតិច ចូលរួមពិភាក្សារកដំណោះស្រាយរឿងនេះទេ កាលពីពេលថ្មីៗ នេះ៖ «គាត់អត់ឲ្យមានស្ត្រីចូលរួមសម្រេចចិត្តនៅក្នុងហ្នឹងហ្មង គឺគាត់ឲ្យតែគ្នាគាត់ គណៈកម្មការដែលគាត់ជ្រើសរើសដោយខ្លួនឯង។ ខ្ញុំចង់ឲ្យអាជ្ញាធរខេត្តគួរតែគោរពតាម ស . ច . ណ របស់សម្ដេចទៅ ដោយសារការពិភាក្សារបស់ពួកខ្ញុំ គេមិនយល់ស្របការសម្រេចរបស់ខេត្តផ្ដេសផ្ដាសទេ » ។
អាស៊ីសេរីមិនអាចទាក់ទង អភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអ៊ាង ដើម្បីសុំការបំភ្លឺរឿងនេះបានថា យ៉ាងណានៅឡើយទេ ព្រោះទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន កាលពីថ្ងៃទី៣ ខែ មីនា ។
លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងភ្នំដោះក្រមុំ លោក ក្រើង តុលា សង្កេតឃើញថា អាជ្ញាធរខេត្ត នៅមិនទាន់មានជំហរច្បាស់លាស់ ដោះស្រាយករណីនេះ ឲ្យរួចរាល់ថ្ងៃណាឲ្យប្រាកដនោះទេ ដែលជាដើមចមធ្វើឲ្យជនជាតិដើមភាគតិចហាក់ពុំមានជំនឿចិត្ត លើប្រសិទ្ធភាពការងាររបស់រដ្ឋបាលខេត្តនេះ។
លោកសង្កេតឃើញថា ជើងភ្នំដោះក្រមុំ គឺមានការសាងសង់លំនៅឋាន ភូមិគ្រឹះ និងខារ៉ាអូខេ ហើយនៅចង្កេះភ្នំ នៅតែមានការប៉ុនប៉ងរំលោភយកដីជាបន្តបន្ទាប់៖ «ខ្ញុំឃើញគាត់ មានឆន្ទៈដោះស្រាយ តែអត់មានដាក់លក្ខខណ្ឌថា ថ្ងៃនេះយើងត្រូវដោះស្រាយ។ ឥឡូវមានការជំទាស់ មានអីយើងត្រូវមានវិធានការអត់មាន។ ខ្ញុំគិតថា បើពាក្យថា យោគយល់អត់ដោះស្រាយបានទេ។ តែបើអនុវត្តច្បាប់ និងបទបញ្ជាអាចដោះស្រាយបាន ព្រោះតាមប្រសាសន៍សម្ដេច អាគារណា ដែលសាងសង់ក្រោយ ស . ច . ណ របស់គាត់ ត្រូវបំផ្លាញទាំងអស់ » ។
ភ្នំដោះក្រមុំ មានទីតាំងនៅកណ្ដាលក្រុងសែនមនោរម្យ ឋិតក្នុងភូមិស្វាយចេក សង្កាត់សុខដុម ខេត្តមណ្ឌលគិរី។ តួលេខប៉ាន់ប្រមាណរបស់សហគមន៍បច្ចុប្បន្នផ្ទៃដីភ្នំដោះក្រមុំនៅសល់ជាង ៨៧ហិកតារតែប៉ុណ្ណោះ បន្ទាប់ពីពលរដ្ឋរាប់សិបគ្រួសារអង្គភាពទឹកស្អាត មន្ទីរមុខងារសាធារណៈ មន្ទីររ៉ែ និងថាមពល បានចូលទៅតាំងលំនៅ និងបោះទីតាំងនៅទីនោះ។
អគ្គលេខាធិការសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យុន ឡូរ៉ង់ យល់ថា អាជ្ញាធរខេត្ត ត្រូវតែអនុញ្ញាតឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដោះស្រាយបញ្ហានេះ និងគោរពសេចក្ដីសម្រេចចិត្តរបស់ជនជាតិដើមភាគតិច ទើបអាចមានពន្លឺយុត្តិធម៌ខ្លះ ហើយអ្វីដែលលោកព្រួយបារម្ភខ្លាចក្រែងដំណោះស្រាយនេះ មានការបន្លំភ្នែកថ្នាក់ដឹករដ្ឋ។
លោកបារម្ភទៀតថា ការដោះស្រាយរឿងនេះ មិនផ្អែកតាមសេចក្ដីសម្រេចរបស់គណៈរដ្ឋមន្ត្រី (ស.ច.ណ) ដែលចាត់ទុកភ្នំនេះជាមជ្ឈមណ្ឌលវប្បធម៌ជនជាតិដើមភាគតិច មានផ្ទៃដី ១០២ហិកតារ កាលពីឆ្នាំ២០០៤៖ «ឯកឧត្ដម ស្វាយ សំអ៊ាង ត្រូវមានភាពក្លាហានដោះស្រាយយោងទៅលើ ស . ច . ណ និងមានការពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធទាំងអស់ អាហ្នឹងទើបអាច ព្រោះនៅហ្នឹងមានភាពមិនប្រក្រតីជាច្រើន។ បុគ្គលឯកជន ក្រុមហ៊ុនខារ៉ាអូខេ សាងសង់ជិតហ្នឹង ជនជាតិដើមភាគតិចទាំងអស់គិតថា វាមិនស្របច្បាប់ទេ ហើយ ស . ច . ណ ឲ្យមន្ទីរសាងសង់ទីហ្នឹងក៏ពុំមានភាពច្បាស់លាស់ដែរ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា ប្រសិនបើអាជ្ញាធរខេត្តដោះស្រាយរឿងនេះមិនបានត្រឹមត្រូវ និងពុំមានការពិគ្រោះយោបល់ពីគ្រប់ភាគីពាក់ព័ន្ធនោះទេ នឹងមិនអាចឆ្លើយតប ការចង់បានរបស់លោក ហ៊ុន សែន និងសេចក្ដីត្រូវការរបស់សហគមន៍ជនជាតិដើមភាគតិចនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។