តំណាង​ពលរដ្ឋ​រស់នៅ​តំបន់​បឹងតាមោក លោកស្រី ស៊ា ដាវី ចូល​បំភ្លឺ​នៅ​តុលាការ​ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ

តំណាង​ពលរដ្ឋ​រស់នៅ​តំបន់​បឹងតាមោក លោកស្រី ស៊ា ដាវី ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​ហិង្សា​ដោយ​ចេតនា និង​ប្រឆាំង​នឹង​អ្នក​រាជការ​សាធារណៈ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែ​កក្កដា។

ការ​ចូល​បំភ្លឺ​នៅ​ពេល​នេះ គឺ​ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន​ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វិវឌ្ឍនៈ កាល​ពី​ថ្ងៃ​ទី៩ ខែកក្កដា តាម​ពាក្យ​បណ្ដឹង​របស់​ដើម​បណ្ដឹង​ឈ្មោះ រុន តាក់។

តំណាង​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក លោកស្រី ស៊ា ដាវី ប្រាប់​វិទ្យុ​អាស៊ី​សេរី ក្រោយ​ចេញ​ពី​តុលាការ​ថា លោកស្រី​ត្រូវ​បាន​ក្រឡា​បញ្ជី​ម្នាក់ សាកសួរ​ពី​ដំណើរ​រឿង ដែល​អាជ្ញាធរ​បាន​ចោទ​ថា លោកស្រី បាន​រារាំង​គ្រឿង​ចក្រ​ និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​អាជ្ញាធរ ព្រម​ទាំង​រឿង​ដុត​ស្បៃ​មោង​ជាដើម។ ប៉ុន្តែ​លោកស្រី បាន​ឆ្លើយ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ និង​ស្នើ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​នេះ។

លោកស្រី ស៊ា ដាវី៖«វា​អយុត្តិធម៌ ដែល​ចោទ​ថា ខ្ញុំ​និង​ប្រជាពលរដ្ឋ​ហ្នឹង វាយ​អាជ្ញាធរ​ដោយ​ជាន់​គាត់​កប់​ភក់ ជាន់​ក្បាល​អាជ្ញាធរ​កប់​ទៅ​នឹង​ភក់ ។ ខ្ញុំ​ជម្រាប​ទៅ​ក្រឡា​បញ្ជី ក្រឡា​បញ្ជី​ថា ថ្ងៃ​ហ្នឹង អត់​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​វាយ​អាជ្ញាធរ​កប់​ភក់​ទេ មាន​តែ​ប្រជាពលរដ្ឋ​ស្រីៗ ៦ ឬ​៧​នាក់​ចុះ​ទៅ​សំណូមពរ​ឲ្យ​បញ្ឈប់​គ្រឿងចក្រ​សិន សុំ​ជួប​អភិបាល​សិន​ដើម្បី​សួរនាំ​គាត់ ដើម្បី​បញ្ជាក់​ថា ទុក​ដី​លំនៅឋាន​ហ្នឹង ឲ្យ​ពួក​ខ្ញុំ​ប៉ុន្មាន​ម៉ែត្រ តែ​ប៉ុណ្ណឹង អាជ្ញាធរ​គាត់​អត់​ស្ដាប់​ហើយ បែរជា​រុញ​ច្រាន​ស្រីៗ ហ្នឹង​បណ្ដាល​ឲ្យ​មាន​សន្លប់។ ហើយ​ការ​ដុត​ស្បៃ​មោង​ហ្នឹង​គឺ​មិន​មែន​របួស​ខាង​អាជ្ញាធរ​ទេ គឺ​របួស​ប្រជាពលរដ្ឋ។ ដូច្នេះ វា​ជា​រឿង​អយុត្តិធម៌​ណាស់ ដែល​ពួក​យើង​អស់​កន្លែង​អាស្រ័យផល​ហើយ ហើយ​រង​ពាក្យបណ្ដឹង ហើយ​​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ គ្រាន់​តែ​ទៅ​ដល់​ភ្លាម​និយាយ​តែ​ប៉ុន្មាន​មាត់ ​គេ​សំណូមពរ​ឲ្យ​ឃុំ​ខ្លួន វា​អយុត្តិធម៌​មែន​ទែន​សម្រាប់​ពលរដ្ឋ​ដែល​រងគ្រោះ​ពី​បញ្ហា​ដី​ធ្លី»។

វិទ្យុ​អាស៊ី​សេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ ដើម្បី​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី៣០ ខែកក្កដា។

នេះ​ជា​ការ​សាកសួរ​លើក​ទី៤ ហើយ ក្នុង​សំណុំ​រឿង​ដដែល​នេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ឆែ វិវឌ្ឍនៈ បាន​សាកសួរ​ពលរដ្ឋ​រស់នៅ​តំបន់​បឹង​តាមោក​ចំនួន ៣នាក់ គឺ​លោកស្រី គង់ តឿ លោស្រី អំ ភឿន និង​លោក អ៊ុត អាត កាល​ពី​ពេល​កន្លង​ទៅ។

កាលពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ បាន​ប្រើ​គ្រឿងចក្រ ចំនួន ២គ្រឿង ចុះ​កាយ​ដី​ខាង​ក្រោយ​ផ្ទះ​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ ដោយ​អាជ្ញាធរ​អះអាង​ថា ដើម្បី​សាងសង់​ប្រឡាយ ដែល​មាន​ទទឹង ៤០ម៉ែត្រ ដើម្បី​រំដោះ​ទឹក​ជំនន់។ ប៉ុន្តែ​ការ​ដាក់​គ្រឿង​ចក្រ​កាយ​ប្រឡាយ​នោះ អាជ្ញាធរ​ពុំ​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ ដែល​កំពុង​អាស្រ័យផល​លើ​ផ្ទៃ​បឹង​ឡើយ ថែមទាំង​បាន​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារ បណ្ដាល​ឲ្យ​មាន​ស្ត្រី​ម្នាក់​ដួល​សន្លប់ នៅ​ពេល​គាត់​ព្យាយាម​រារាំង​មិន​ឲ្យ​អាជ្ញាធរ​កាយ​ដី ដែល​ពលរដ្ឋ​កំពុង​ចិញ្ចឹម​ត្រី និង​ដាំ​បន្លែ​ផ្សេងៗ។ ប៉ុន្តែ​អាជ្ញាធរ​បែរ​ជា​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​ទៅ​វិញ។ មក​ទល់​ពេលនេះ តំណាង​ពលរដ្ឋ​ចំនួន១០នាក់ បាន​ជាប់​បណ្ដឹង​ក្នុង​តុលាការ​ជា​ច្រើន​ករណី ដោយសារ​ការ​តស៊ូ​ទាមទារ​ដំណោះស្រាយ​ដីធ្លី ហើយ​តំណាង​សហគមន៍​ម្នាក់ គឺ​អ្នកស្រី ប្រាក់ សុភា បាន​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន។ ក្រៅពី​នេះ ពលរដ្ឋ​ទាំង​នោះ ក៏​រង​ការ​បង្ក្រាប​ដោយ​ហិង្សា​មិន​ឲ្យ​តវ៉ា ការ​គំរាមកំហែង ការ​បំផ្លិចបំផ្លាញ​មុខរបរ និង​ការ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​ពួកគាត់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។