ពលរដ្ឋមានទំនាស់ដីធ្លីនៅបឹងតាមោកស្នើតុលាការលុបចោលបទចោទលើពួកគាត់
2023.09.15

ប្រជាពលរដ្ឋមានទំនាស់ដីធ្លីនៅបឹងតាមោក ទាមទារឲ្យតុលាការក្រុងភ្នំពេញ លុបចោលការចោទប្រកាន់លើពួកគាត់ ហើយងាកមកដោះស្រាយវិវាទដីធ្លីជូនពួកគាត់ដោយយុត្តិធម៌វិញ។ការទាមទារនេះ គឺបន្ទាប់ពីពលរដ្ឋ៣នាក់ទៀតក្នុងចំណោម៩នាក់ បានចូលបំភ្លឺតាមការកោះហៅរបស់តុលាការ ពាក់ព័ន្ធនឹងបណ្តឹងរបស់អាជ្ញាធរ ដែលប្តឹងពួកគាត់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងអ្នករាជការសាធារណៈ ដោយសារពលរដ្ឋ តវ៉ាមិនឲ្យអាជ្ញាធររុះរើទ្វារផ្ទះ។
ស្របពេលអាជ្ញាធរខណ្ឌព្រែកព្នៅ កំពុងធ្វើទុក្ខបុកម្នេញបណ្តេញពលរដ្ឋជាងពីររយ (២០០)គ្រួសារចេញពីដីធ្លី និងផ្ទះសម្បែងដែលរស់នៅជាប់បឹងតាមោក ក្នុងសង្កាត់សំរោង ខណ្ឌព្រែកព្នៅនោះ តុលាការសាលាដំបូងរាជធានីភ្នំពេញ ក៏មិនបង្អង់យូរដែរក្នុងការចាត់វិធានការបន្ថែមទៅលើប្រជាពលរដ្ឋដែលនៅតែតវ៉ាទាមទារសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគាត់។
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ចៅក្រមស៊ើបសួរ លោក លឹម សុគន្ធារ៉ា ប្រើពេលជាង ១ម៉ោងសាកសួរប្រជាពលរដ្ឋ ៣នាក់ ក្នុងចំណោម ៩នាក់នៅក្នុងបណ្តឹងរបស់អាជ្ញាធរខណ្ឌព្រែកព្នៅ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងអ្នករាជការសាធារណៈ។ ហេតុការណ៍ប្ដឹងផ្ដល់នោះកើតឡើងបន្ទាប់ពីខណ្ឌព្រែកព្នៅ ដាក់កម្លាំងជាច្រើននាក់ ទៅរារាំងក្រុមពលរដ្ឋ មិនឲ្យជួសជុលទ្វារផ្ទះរបស់សមាជិកសហគមន៍លោកស្រី ហេង នាង ហើយបណ្តាលឲ្យប៉ះទង្គិចពាក្យសម្ដី និងរុញច្រានគ្នាទៅវិញទៅមក។
ពលរដ្ឋដែលចូលបំភ្លឺនៅតុលាការទាំង៣នាក់នោះ រួមមានលោកស្រី គង់ តឿ លោកស្រី យន គឹមយឿន និងលោក សឿន ចំរើន។ នៅខាងមុខតុលាការវិញ អ្នកភូមិជាង៣០នាក់ ក៏បាននាំគ្នាទៅជួយលើកទឹកចិត្តអ្នកទាំង ៣នាក់ដែរ។
តំណាងសហគមន៍បឹងតាមោកមួយរួប លោកស្រី គង់ តឿ ប្រាប់វិទ្យុអាស៊ីសេរីថា ចៅក្រម បានចោទសួរលោកស្រី និងអ្នកផ្សេងទៀតដូចៗគ្នាថា តើពួកគាត់ បានចូលរួមប្រើហិង្សាលើអាជ្ញាធរដែរឬទេ? ប៉ុន្តែពួកគាត់ បានបដិសេធ និងរៀបរាប់ថា អាជ្ញាធរទៅវិញទេ ដែលចូលទៅរារាំង រករឿង និងបង្កហិង្សាលើពលរដ្ឋ ខណៈពលរដ្ឋ គ្រាន់តែជួយចងទ្វារផ្ទះកុំឱ្យចោរលួចស៊ីម៉ង់ និងការ៉ូរបស់សមាជិកសហគមន៍ប៉ុណ្ណោះ។
លោកស្រី គង់ តឿ៖ «អាជ្ញាធរដាក់សម្ពាធខ្ញុំថា ពួកខ្ញុំវាយអាជ្ញាធរ ប៉ុន្តែខ្ញុំសុំបដិសេធ ខ្ញុំអត់បានវាយអាជ្ញាធរទេ។ គាត់(អាជ្ញាធរ)ចោទប្រកាន់ខ្ញុំទេ។ ខ្ញុំចង់បន្ថែមឲ្យលឺដល់សម្តេចឡើងថ្មីនេះ (លោក ហ៊ុន ម៉ាណែត) ជួយរកយុត្តិធម៌ ឲ្យខ្ញុំផង។ ខ្ញុំសុំរស់នៅនឹងកន្លែង ខ្ញុំរស់នៅជាង៣០ឆ្នាំហើយ ដូច្នេះសុំឲ្យចេញ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងប័ណ្ណកម្មសិទ្ធិឲ្យប្រជាពលរដ្ឋផង»។
ពលរដ្ឋម្នាក់ទៀត គឺលោកស្រី យន គឹមយឿន លើកឡើងថា ជារឿងអយុត្តិធម៌ដែលតុលាការ កោះហៅពួកគាត់ ជាជនរងគ្រោះពីការរំលោភដីធ្លីមកសាកសួរ តាមបណ្តឹងរបស់អាជ្ញាធរ។លោកស្រីយល់ថា បណ្តឹងរបស់អាជ្ញាធរ និងវិធានការរបស់តុលាការនេះ គឺជាការដាក់សម្ពាធមិនឲ្យពលរដ្ឋងើបតវ៉ារកដំណោះស្រាយ ដីធ្លីបន្តទៀត ហើយយល់ព្រមចាកចេញទៅទីតាំងថ្មីដែលមិនសមរម្យ។
លោកស្រី យន គឹមយឿន៖ «ប្រហែលជាពួកគាត់ ចង់គំរាមពួកខ្ញុំ ដែលហ៊ានតវ៉ាជាមួយគាត់។ និយាយចំ គាត់(អាជ្ញាធរ)រំលោភបំពានលើពួកខ្ញុំហ្មង»។
ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកដែលរងការបណ្តេញចេញពីដីធ្លី និងផ្ទះសម្បែងនេះ មាន២៥០គ្រួសារ។ ពួកគាត់បានរស់នៅទីតាំងនោះ តាំងពីឆ្នាំ១៩៩០ មក។ ពលរដ្ឋមួយចំនួនតូច បានយល់ព្រមចាកចេញទៅតាំងថ្មីតាមគោលការណ៍ដោះដូររបស់អាជ្ញាធរ ខណៈពលរដ្ឋភាគច្រើន សុំអភិវឌ្ឍន៍នឹងកន្លែង។ មកទល់ពេលនេះ តំណាងពលរដ្ឋ ចំនួន១០នាក់ហើយ បានជាប់បណ្តឹងក្នុងតុលាការជាច្រើនករណី ដោយសារការតស៊ូទាមទារដំណោះស្រាយដីធ្លី ហើយតំណាងសហគមន៍ម្នាក់ គឺអ្នកស្រី បាក់ សុភា បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការចាប់ខ្លួន។ ក្រៅពីនេះ ពលរដ្ឋទាំងនោះ ក៏បានជួបប្រទះហេតុការណ៍ជាច្រើនទៀតដែររយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាអាជ្ញាធរ បង្ក្រាបដោយហិង្សាមិនឲ្យតវ៉ា ការគំរាមកំហែង ការបំផ្លិចបំផ្លាញមុខរបរ និងការបូមខ្សាច់ពន្លិចផ្ទះពួកគាត់ជាដើម។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ថ្លែងថា នៅពេលអាជ្ញាធរ ព្យាយាមបណ្តេញពលរដ្ឋ ចេញពីដីធ្លីនិងផ្ទះសម្បែង ហើយតុលាការ យកច្បាប់ព្រហ្មទណ្ឌមកចោទប្រកាន់លើពលរដ្ឋថែមទៀត គឺជារឿងអយុត្តិធម៌បំផុតសម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់។ លោកយល់ថា ផ្អែកតាមទិដ្ឋភាពជាក់ស្តែង និងទិដ្ឋភាពច្បាប់ ពលរដ្ឋទាំងនោះ គួរតែមានសិទ្ធិរស់នៅទីនោះ។
លោក វណ្ណ សុផាត៖ «ប្រព័ន្ធយុត្តិធម៌យើង ត្រូវផ្តល់យុត្តិធម៌ឲ្យបានស្មើភាពគ្នា។ ហេតុអ្វីបានត្រូវផ្តល់ដីហ្នឹងឲ្យអ្នកមានអំណាចអ្នកមានលុយបាន ហើយ ហេតុអីមិនអាចឲ្យប្រជាពលរដ្ឋបាន ខណៈពលរដ្ឋបានរស់នៅទីនោះ២០ទៅ៣០ឆ្នាំមកហើយ។ ហេតុអីឲ្យគាត់មិនបាន? តើច្បាប់នេះរបៀបម៉េច? បើឆ្លុះបញ្ចាំងពីស្មារតីច្បាប់វិញ គឺថា អនុវត្តស្មើគ្នា មិនថាអ្នកមានអ្នកក្រ។ដូច្នេះបើសិនជាឲ្យទៅ អ្នកទាំងអស់នោះបាន ត្រូវតែធ្វើម៉េចច្បាប់ហ្នឹង ក៏ត្រូវតែអនុវត្តដើម្បីផ្តល់ដីឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ដីវិញដែរ។ហើយគាត់សុំអភិវឌ្ឍន៍នឹងកន្លែងគឺជាសុទ្ធតែជាដំណោះស្រាយដែលអាចទៅរួច»។
ប្រជាពលរដ្ឋទាំងនោះ បានស្នើឱ្យរដ្ឋាភិបាលកាត់ឆ្វៀលដីដែលពួកគាត់កំពុងរស់នៅនោះ មានទំហំសរុបជាង៥ហិកតារ ប៉ុន្តែរដ្ឋាភិបាល មិនបានអើពើនោះទេ។
ផ្ទុយទៅវិញ ទន្ទឹមនឹងការបណ្តេញពលរដ្ឋនេះ រដ្ឋាភិបាល បែរសម្រេចកាត់ផ្ទៃដីបឹងតាមោកជាង៧០លើក គិតត្រឹមខែសីហា ដែលមានទំហំរហូតដល់ជាង ២ពាន់ ៣រយហិកតារ(២.៣៧៦,៩៩) ប្រគល់ទៅឱ្យស្ថាប័នរដ្ឋក្រុមហ៊ុន និងបុគ្គលឯកជនដែលជាគ្រួសារនិងសាច់ញាតិរបស់អ្នកមានលុយមានអំណាច ដើម្បីសាងសង់ផ្សារ មន្ទីរពេទ្យ ផ្ទះល្វែង និងអគារផ្សេងៗ។ ពលរដ្ឋអះអាងថា បើទោះបីជា អាជ្ញាធរ ប្រើប្រាស់បណ្តឹងផ្សេងៗដែលយុទ្ធសាស្ត្រ ដើម្បីបំបាក់ស្មារតី និងកាត់បន្ថយសិទ្ធិពួកគាត់បែបណាក្តី ក៏ពួកគាត់ នឹងនៅតែតស៊ូទាមទារសិទ្ធិរស់នៅលើដីធ្លីរបស់ពួកគាត់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។