សហគមន៍​​ផ្លូវ​​រថភ្លើង​ស្នើ​សុំ​​អាជ្ញាធរ​​ផ្ដល់​ទីតាំង​​រស់​​នៅ​​ថ្មី​ក្នុង​​ក្រុង​​ភ្នំពេញ

ដោយ ជី វិតា
2021.10.11
សហគមន៍​​ផ្លូវ​​រថភ្លើង​ស្នើ​សុំ​​អាជ្ញាធរ​​ផ្ដល់​ទីតាំង​​រស់​​នៅ​​ថ្មី​ក្នុង​​ក្រុង​​ភ្នំពេញ ប្រជាពលរដ្ឋ​សហគមន៍​ចំនួន​៨ ក្នុង​រាជធានី​ភ្នំពេញ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង តវ៉ា​នៅ​មុខ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Rann Samnang
រូប៖ RFA

ក្រុមប្រជា​ពលរដ្ឋ​ ៣០ ​គ្រួសារ​ រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ​ក្នុង​សង្កាត់​ទឹក​ល្អក់​១ និង​សង្កាត់​បឹង​កក​២ ស្វែង​រក​ដំណោះស្រាយ​ពី​អាជ្ញាធរ​ខណ្ឌ​ទួល​គោក​ជា​ថ្មី​ ក្រោយ​ពី​មាន​ការ​ដោះដូរ​តំណែង​អភិបាល​ខណ្ឌ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។ ពលរដ្ឋ​ដែល​នឹង​រង​ការ​បណ្ដេញ​ចេញ​នៅ​ពេល​ខាង​មុខ​ ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​បេតុង​​របស់​រដ្ឋ​ ស្នើ​សុំ​អាជ្ញាធរ​ដោះ​ដូរ​ដី​​ឲ្យ​ពួកគាត់​ទៅ​រស់នៅ​ទីតាំង​ថ្មី នៅ​ម្ដុំ​ក្រោយ​វត្ត​ទួល​សន្តិវ័ន ក្នុង​ខណ្ឌ​ឫស្សីកែវ ដើម្បី​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​បាន​ដូច​សព្វថ្ងៃ​។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម ​៥​នាក់ គឺលោកស្រី ហ៊ុយ សាឃឿន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី​១១ ខែតុលាថា​ ខាង​អាជ្ញាធរ​ខណ្ឌ​ទួល​គោក​នៅ​តែ​ប្រកាន់​ដំណោះស្រាយ​ដដែល​ជូន​ពលរដ្ឋ គឺ​ឲ្យ​ពួកគាត់​ផ្លាស់​​ទៅ​រស់​នៅ​តាំង​ថ្មី​ ដែល​មាន​ចម្ងាយ​ប្រមាណ​ពី ​២០​ ទៅ​ ៣០​គីឡូម៉ែត្រ ​ពី​ទី​ក្រុង​ភ្នំពេញ ដោយ​សារ​មិន​មាន​ដី​នៅ​ទី​តាំង​ផ្សេង​ក្នុង​ទី​ក្រុង​ភ្នំពេញ ដោះដូរ​ឲ្យ​ពលរដ្ឋ​ទេ។

លោក​ស្រីឲ្យ​ដឹង​ថា ទីតាំង​ថ្មី​​២​កន្លែង​ដែល​អាជ្ញាធរ​ផ្ដល់​ឲ្យ​ពលរដ្ឋ​ ជំនួស​ការ​បាត់​បង​ផ្ទះ​សម្បែង​នោះ មាន​១​កន្លែង គឺ​នៅ​សង្កាត់​គោក​ខ្សាច់ ក្នុង​ខណ្ឌ​កំបូល និង​១​កន្លែង​ទៀត​នៅ​តំបន់ សេវិន.អ៊ែន.ជី (7NG) ​ក្នុង​ស្រុក​វិហារ​សួគ៌ ខេត្ត​កណ្ដាល។

លោកស្រីបន្ត​ថា ការ​រុញ​ឲ្យ​ពលរដ្ឋ​ទៅ​នៅទី​តាំង​នោះ ហាក់​ដូច​ជា​សម្លាប់​ពួក​គាត់​ទាំង​រស់ ព្រោះ​ថា​សព្វ​ថ្ងៃ​នេះ អ្នក​ភូមិ​ភាគ​ច្រើន​ប្រកប​របរ​ចិញ្ចឹម​ជីវិត​មួយថ្ងៃ​គឺ​សម្រាប់​មួយ​ថ្ងៃ ដោយ​មាន​អ្នក​ខ្លះ​​ដើរ​រើស​អេតចាយ​ រុញ​រទេះ​លក់​លៀស​ហាល រត់​ម៉ូតូឌុប និង​ដើរ​លក់​នំ​ជា​ដើម។

តំណាង​ពលរដ្ឋ​ដែល​រស់​នៅ​តំបន់​នេះជាង​ ៣០​ឆ្នាំបញ្ជាក់​ថា អ្នក​ភូមិ​មិន​បដិសេធ​នឹង​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល​នោះ​ទេ ប៉ុន្តែ​ពួកគាត់​ស្នើ​សុំ​អាជ្ញាធរ​ជួយ​សម្រួល​​ផ្ដល់​ទីតាំង​ថ្មី​នៅ​ក្នុង​ទី​ក្រុង​ ដើម្បី​ឲ្យ​ពួកគាត់​អាច​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​បាន​ដូច​ដើម ហើយ​ងាយ​ស្រួល​ដល់​ការ​សិក្សា​របស់​ក្មេង​ៗ​៖ «គោល​ដៅ​ ដោយសារ​ប្រជាពលរដ្ឋ​គាត់​ដឹង​ថា នៅ​ក្រោយ​ទួល​អស់​លោក​ហ្នឹង មាន​ដី​ទូលាយ​ធំ ដី​ដល់​៤​គីឡូ​កន្លះ។ នៅ​ដូច​ជា​ជាង​១​ពាន់​គ្រួសារ​ជាង។ ហើយ​ដី​ក៏​នៅ​ទំនេរ​ដែរ ហើយ​ប្រជាពលរដ្ឋ​ទទូច​ចង់បាន​នៅ​ទី​ហ្នឹង ច្រើន​ជាង​គេ។ កាល​ណា​គាត់​បាន​ទី​ហ្នឹង​ហើយ គាត់​ពេញ​ចិត្ត​ហើយ ព្រោះ​បង​ប្អូន​មួយ​ណា អ្នក​ភូមិ​១៧ និង​១៦​ អ្នក​ណា​ក៏​ចង់​បាន​អ៊ីចឹង​ដែរ។ គាត់​អត់​អត់​ចង់​ចេញ​ឆ្ងាយ​ពី​កន្លែង​ដែល​គាត់​ធ្លាប់​រស់​នៅ​រក​ស៊ី​អ៊ីចឹង»។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​អភិបាល​ខណ្ឌ​ទួលគោកលោក ជា​ ពិសី បាន​ទេ ដោយ​លោក​ប្រាប់​ថា​ ជាប់​រវល់​ប្រជុំ​។

ទាក់​ទង​នឹង​រឿង​នេះ អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្សរបស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជាលោក វណ្ណ សូផាត សង្កេត​ឃើញ​ថា អាជ្ញាធរ​ ហាក់​មិន​សូវ​យក​ចិត្ត​ទុកដាក់​អំពី​ផល​ប៉ះពាល់​ដល់​ផ្ទះ​សម្បែង​ និង​មុខ​របរ​ចិញ្ចឹម​គ្រួសារ​របស់​ពលរដ្ឋ​ ក្រៅ​ពី​ផ្ដល់​ជម្រើស​ឲ្យ​ទៅ​រស់​នៅ​ទីតាំង​ថ្មី ឬ​ផ្ដល់​ជា​សំណង​សាច់​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ចាកចេញ។

លោក​បន្ត​ថា ការ​ផ្ដល់​ដំណោះស្រាយ​របស់​អាជ្ញាធរ​ខណ្ឌ​ឲ្យ​ពលរដ្ឋ​នៅ​ម្ដុំ​ផ្លូវ​រត់​ភ្លើង​ ទៅ​រស់​នៅ​ទីតាំង​ថ្មី​ គឺ​ស្រដៀង​គ្នា​ទៅ​នឹង​ពលរដ្ឋ​រស់នៅ​តំបន់​ដីក្រហម បុរី​កីឡា ​និង​បឹង​កក់​ ដែល​ត្រូវ​បាន​អាជ្ញាធរ​បណ្ដេញ​ចេញ​ឲ្យ​ទៅ​នៅ​តំបន់​ជាយ​ក្រុង។

លោក​យល់​ថា អាជ្ញាធរ​រដ្ឋ​គួរ​ផ្ដល់​គោលនយោបាយ​ដោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ល្អ​ប្រសើរ​ជាង​នេះ ដើម្បី​លើកកម្ពស់​ជីវភាព​ និង​សិទ្ធិ​រស់នៅ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ​ដូច​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរ​ជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស​​៖​ «ភាគ​ច្រើន​ប្រជាពលរដ្ឋ​ហ្នឹង គាត់​ស៊ាំ​នឹង​ការងារ​ធ្វើ​ការ​នៅ​ភ្នំពេញ ហើយ​បើ​ទៅ​ គាត់​ក៏​គ្មាន​ស្រែ​ចម្ការ​ធ្វើ​អី​ដែរ។ ជា​តំបន់​ដែល​ពុំ​មាន​សេដ្ឋកិច្ច​លូតលាស់ ទប់​នឹង​ជីវភាព​គ្រួសារ​គាត់​បាន​ទេ ហើយ​ពេល​កូវីដ​១៩​នេះ​ទៀតមិន​គួរ​ធ្វើការ​រុះរើ​ឲ្យ​គាត់​ទៅ​រខេករខាក​នៅ​តាម​ទី​ជនបទ​ ឬ​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ផ្ទះ​សម្បែង​របស់​គាត់ ដែល​ប្រឈម​នឹង​ការ​ចម្លង​កូវីដ​១៩​ទេ»។

សាលា​រាជធានី​ភ្នំពេញ​អភិវឌ្ឍ​ផ្លូវ​បេតុង​មួយ​ខ្សែ​តាម​បណ្ដោយ​ផ្លូវ​រថ​ភ្លើង ដែល​មាន​ទទឹង​១២​ម៉ែត្រ និង​មាន​ដាក់​​ប្រព័ន្ធ​​លូ។ ការ​អភិវឌ្ឍ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​រស់​នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង ចាប់ពី​ខណ្ឌ​ទួលគោក​រហូតដល់​ខណ្ឌ​ដូនពេញ និង​​ខណ្ឌ​ឫស្សីកែវ។

កាល​ពី​ឆ្នាំ២០២០ របាយការណ៍​មួយ​របស់​អង្គការ​សមាគម​ធាង​ត្នោត ស្ដីពី​ការ​បណ្ដេញ​ចេញ និងការ​ដោះដូរ​ទីតាំង បង្ហាញ​ថា​ ចាប់​តាំង​ពី​ឆ្នាំ​១៩៨០មក​មាន​សហគមន៍​​ជាង​​៥០​ ឬ​ស្មើ​នឹង​ប្រជា​ពល​រដ្ឋ​ជាង​៤ម៉ឺន​នាក់ (៤០.០០០) ​រង​ការ​បណ្ដេញ​ចេញពី​លំនៅឋាន​ ដែល​ភាគច្រើន​មិន​ទទួល​បាន​សំណង​ណាមួយ​សមរម្យ​នោះឡើយ។

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ និង​សិទ្ធិ​លំនៅឋាន ស្នើ​រដ្ឋាភិបាលឱ្យ​ធ្វើការ​អភិវឌ្ឍ ដោយ​ឈរ​លើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស​ដូច​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​និង​អន្តរជាតិ ហើយផ្ដល់​ដំណោះ​ស្រាយ​ប្រកប​ដោយ​តម្លាភាព យុត្តិធម៌ និង​សំណង​ដែល​អាច​ទទួល​យក​បាន​ដល់​ប្រជា​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​​ការ​អភិវឌ្ឍ​នោះ​៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។