ពលរដ្ឋបឹងតាមោកស្ថិតក្នុងស្ថានភាពមិនប្រក្រតីក្រោយសមាជិកគ្រួសារជាច្រើននាក់ជាប់បណ្ដឹងនៅតុលាការ
2024.05.23
ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមោកមួយចំនួនកំពុងស្ថិតក្នុងស្ថានភាពតានតឹង មានសម្ពាធផ្លូវចិត្ត និងប្រឈមបញ្ហាគ្រួសារ ក្រោយពេលអាជ្ញាធរខណ្ឌព្រែកព្នៅ បានប្ដឹងពួកគាត់ទៅតុលាការជាច្រើនករណី ដោយសារការតស៊ូទាមទាររកដំណោះស្រាយដីធ្លី។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សយល់ឃើញថា រដ្ឋាភិបាលគួរតែគិតគូរពីបញ្ហាប្រឈមរបស់ពលរដ្ឋជាធំ ជាជាងធ្វើឱ្យមានការប៉ះទង្គិចគ្នារវាងពលរដ្ឋ និងអាជ្ញាធរដែលបង្កឱ្យខាតបង់ប្រយោជន៍ជាតិ។
ពលរដ្ឋមានជម្លោះដីធ្លីនៅតំបន់បឹងតាមោកលើកឡើងថា អាជ្ញាធរខណ្ឌព្រែកព្នៅ និងតុលាការកំពុងដាក់សម្ពាធបន្ថែមលើពួកគាត់ ខណៈកុមារខ្លះមិនបានទៅសាលារៀន និងពលរដ្ឋខ្លះមានបញ្ហាស្មារតីមិនល្អ ដោយសារតុលាការចេញដីកាកោះហៅជាបន្តបន្ទាប់។
ពលរដ្ឋរស់នៅតំបន់បឹងតាមោក លោកស្រី សឿន ស្រីសុទ្ធ ឱ្យវិទ្យុអាស៊ីសេរីដឹងថា សមាជិកគ្រួសាររបស់លោកស្រីចំនួន៣នាក់ជាប់ពាក្យបណ្ដឹងនៅតុលាការ ដោយសារប្រើសិទ្ធិសេរីភាពការពារដីលំនៅឋាន។ លោកស្រីបន្តថា ដោយសារបញ្ហាបាត់បង់ប្រាក់ចំណូល និងមានដីកាកោះហៅឡើងតុលាការជាញឹកញាប់ផងនោះធ្វើឱ្យគ្រួសារលោកស្រីរស់នៅមិនចុះសម្រុងគ្នា។
លោកស្រី សឿន ស្រីសុទ្ធ៖ «ដេកគិតដេកព្រួយមិនហ៊ានដើរចោលផ្ទះទេ ខ្លាចមកវិញគេកាយផ្ទះរលំ ឬចាក់ដីលើផ្ទះគិតសព្វបែបសព្វយ៉ាងពីព្រោះដំណោះស្រាយកាន់តែតវ៉ាកាន់តែទាមទារសិទ្ធិរស់នៅពួកគាត់តែងតែបន្ទាបតម្លៃ ឬក៏គំរាមកំហែងមកលើប្រជាសហគមន៍ជាបន្តបន្ទាប់»។
ជារឿយៗអាជ្ញាធរខណ្ឌព្រែកព្នៅតែងតែគំរាមកំហែង ប្រើអំពើហិង្សា និងតាមឃ្លាំមើលពលរដ្ឋដោយសារពួកគាត់មិនព្រមដោះដូរដីទៅរស់នៅទីតាំងថ្មីតាមការចង់បានរបស់អាជ្ញាធរ។ បញ្ហាពលរដ្ឋមិនព្រមដោះដូរនេះបានធ្វើឱ្យពួកគាត់ជាប់បណ្ដឹងនៅតុលាការជាច្រើនករណីដោយអាជ្ញាធរខណ្ឌព្រែកព្នៅគឺជាអ្នកប្ដឹង រហូតដល់តំណាងសហគមន៍ម្នាក់ គឺលោកស្រី ប្រាក់ សុភា បានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការចាប់ខ្លួន។
ពលរដ្ឋរស់នៅជាប់បឹងតាមោក គឺលោកស្រី ស៊ា ដាវី ថ្លែងថា ក្រោយពីរងការយាយីពីសំណាក់អាជ្ញាធរខណ្ឌព្រែកព្នៅជាបន្តបន្ទាប់ហើយនោះ ពលរដ្ឋមួយចំនួនបានប៉ះទង្គិចផ្លូវចិត្ត ដេកមិនលក់ ដោយសារខ្លាចបាត់បង់ដីលំនៅឋានដែលជាទ្រព្យសម្បត្តិសេសសល់ចុងក្រោយរបស់ពួកគាត់។
លោកស្រី ស៊ា ដាវី៖ «រំខានមែនទែនទី១ខាតពេលវេលារកស៊ីសម្ពាធផ្លូវចិត្តយើងត្រូវចំណាយថវិកាផ្សេងៗទាំងមធ្យោបាយធ្វើដំណើរ ទៅរកអ្នកច្បាប់អ្នកអីសម្រាប់ការពារ ហើយយើងអត់មានពេលវេលារកស៊ីទេយើងដើរចោលផ្ទះចោលសម្បែងរហូត។ ម្ង៉ៃៗដើរតស៊ូមតិរឿងដីធ្លីដឹងស្រាប់ហើយបឹងតាមោកហ្នឹងគឺអាជ្ញាធរមកធ្វើទុក្ខបុកម្នេញ រុកកួនប្រជាពលរដ្ឋមិនឱ្យមានសេចក្ដីខុស និយាយទៅមួយខែទល់មួយខែក្នុងខែឧសភា ឡើងតុលាការ៤ដងហើយវាមិនតិចទេ»។
ជាមួយគ្នានេះ ពលរដ្ឋបឹងតាមោកម្នាក់ទៀតគឺ លោកស្រី អំ ភឿន រៀបរាប់ថា កាលពីថ្ងៃទី២១ ខែឧសភា សាលាឧទ្ធរណ៍ភ្នំពេញ បានប្រកាសសាលក្រមឱ្យលោកស្រី និងកូនស្រី២នាក់ជាប់ពន្ធនាគាររយៈពេល ៨ខែពីបទ «ប្រឆាំងនឹងអ្នករាជការសាធារណៈ» និងពិន័យជាប្រាក់ក្នុងម្នាក់ៗ១លានរៀល (១.០០០.០០០) ។ លោកស្រីចាត់ទុកការសម្រេចរបស់តុលាការជាន់ទាបនេះ គឺជាការគំរាមកំហែង និងដាក់បន្ទុកដល់ពលរដ្ឋរងគ្រោះដីធ្លី។
លោកស្រី អំ ភឿន៖ «និយាយទៅយុត្តិធម៌សម្រាប់ពួកខ្ញុំអ្នកក្រីក្រគឺគ្មានទេសម្រាប់សហគមន៍បឹងតាមោក។ យុត្តិធម៌ចំពោះពួកខ្ញុំគឺគ្មានទេ មានតែយុត្តិធម៌ចំពោះអ្នកមានលុយមានអំណាចទេរាល់ថ្ងៃអ៊ីចឹងបានខ្ញុំស្រែកយំរាល់ថ្ងៃអំពាវនាវទៅដល់សារព័ត៌មានគ្រប់ទាំងក្រៅប្រទេសទាំងក្នុងប្រទេសឱ្យគេជួយផ្សព្វផ្សាយឱ្យគេជួយដឹងលឺថា ប្រជាសហគមន៍សំរោងត្បូងរងពាក្យបណ្ដឹងពីអាជ្ញាធរខណ្ឌព្រែកព្នៅហ្នឹងតែម្ដង»។
ក្រៅពីលោកស្រី អំ ភឿន លោកស្រី ស៊ា ដាវី និងលោកស្រី សឿន ស្រីសុទ្ធ ប្រឈមនឹងជាប់ពន្ធនាគារហើយនោះ នៅមានពលរដ្ឋបឹងតាមោកប្រមាណ ១៥នាក់ទៀតក៏កំពុងជាប់ពាក្យបណ្ដឹងនៅតុលាការ ក្រោមបទចោទដូចគ្នាៗគឺ«ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រឆាំងអ្នករាជការសាធារណៈ»នៅពេលពួកគាត់ចេញរារាំងមិនឱ្យអាជ្ញាធរចុះរុះរើផ្ទះសម្បែងរបស់ពួកគាត់។
ជាងនេះទៅទៀត កាលពីថ្ងៃទី០៨ ខែឧសភា អភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន បានចេញលិខិតព្រមានពលរដ្ឋនៅតំបន់បឹងតាមោកចំនួន ៦គ្រួសារ ឱ្យរុះរើផ្ទះចេញពីដីលំនៅឋានជាបន្ទាន់ដោយទុកពេលឱ្យត្រឹមថ្ងៃ២៤ ខែឧសភា។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខណ្ឌព្រែកព្នៅ លោក ធឹម សំអាន និងប្រធានក្រុមអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២២ ខែឧសភា។
ទាក់ទិនបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្សដីធ្លី ធនធានធម្មជាតិនៃសមាគមការពារសិទ្ធិមនុស្សអាដហុកលោក យិន ម៉េងលី លើកឡើងថា ការប្ដឹងពលរដ្ឋរងគ្រោះដីធ្លីទៅតុលាការមិនមែនជាដំណោះស្រាយសមរម្យសម្រាប់ពួកគាត់ឡើយ ផ្ទុយទៅវិញវាកាន់តែធ្វើឱ្យពលរដ្ឋធ្លាក់ក្នុងស្ថានភាពក្រីក្រ និងកូនៗបាត់បង់អនាគត។
លោក យិន ម៉េងលី៖ «បង្វែររឿងនេះមកធ្វើការចរចាសម្រុះសម្រួលគ្នាខ្ញុំគិតថា គ្មានអីប្រសើរជាងចរចាសម្រុះសម្រួលទេរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ពីព្រោះ អ្នកទាំង២អាស្រ័យគ្នាមិនអាចអត់ប្រជាពលរដ្ឋបានទេ។ ប្រជាពលរដ្ឋក៏ត្រូវការអាជ្ញាធរដែរ អ៊ីចឹងវា អាស្រ័យគ្នាទៅវិញទៅមកអ៊ីចឹងគប្បីតុលាការទម្លាក់បទចោទទាំងអស់ ហ្នឹងហើយបង្វិលបញ្ហានេះមកឱ្យអាជ្ញាធរធ្វើការសម្រុះសម្រួលឡើងវាជាការល្អដើម្បីមុខមាត់រដ្ឋាភិបាលយើងផង»។
ចាប់តាំងពីរដ្ឋាភិបាលដឹកនាំដោយអតីតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ឆ្វៀលដីនៅតំបន់បឹងតាមោកឱ្យទៅបក្ខពួក និងសែស្រឡាយដែលស្និទ្ធនឹងលោក យកទៅធ្វើជាកម្មសិទ្ធិឯកជនមក ធ្វើឱ្យពលរដ្ឋដែលធ្លាប់រស់អាស្រ័យផលពីបឹងតាមោកបាត់បង់ប្រភពចំណូលទាំងស្រុង។
បញ្ហានេះធ្វើឱ្យប្រជាពលរដ្ឋ ធ្លាក់ខ្លួនក្រីក្រ ជំពាក់បំណុលធនាគារ អ្នកខ្លះបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេស ហើយអ្នកខ្លះទៀតលក់ប្រហុកផ្អកបន្តិចបន្តួច គ្រាន់បានប្រាក់ចំណូលចិញ្ចឹមជីវិត។
កាលពីថ្ងៃទី១៥ ខែឧសភា អង្គការសមាគមធាងត្នោតបានចេញរបាយការណ៍មួយដែលមានចំណងជើងថា «សុវត្ថិភាពដីធ្លីនៃសហគមន៍ក្រីក្រនៅទីក្រុង បញ្ហាប្រឈម និងដំណោះស្រាយ»។ អង្គការសមាគមធាងត្នោតរកឃើញថា មានសហគមន៍ក្រីក្រចំនួន១១ នៅរាជធានីភ្នំពេញក្នុងនោះក៏មានសហគមន៍សំរោងត្បូងផងដែរ កំពុងជួបប្រទះបញ្ហាដីធ្លី និងលំនៅឋាន បញ្ហាជីវភាព ការបាក់ទឹកចិត្ត ការគំរាមកំហែងពីសំណាក់អាជ្ញាធរ និងការចោទប្រកាន់តាមប្រព័ន្ធតុលាការជាដើម។ អង្គការសមាគមធាងត្នោតបញ្ជាក់ថា ពលរដ្ឋរស់នៅជាប់បឹងតាមោក ប្រឈមនឹងការបណ្ដេញចេញទាំងបង្ខំ ដោយរដ្ឋាភិបាលអនុវត្តច្បាប់គ្មានតម្លាភាពដោយឱ្យក្រុមហ៊ុនឯកជនមានសិទ្ធិសាងសង់បុរី និងមានប័ណ្ណកម្មសិទ្ធិដីធ្លី ប៉ុន្តែមិនព្រមកាត់ឆ្វៀលដី និងចេញប្លង់កម្មសិទ្ធិស្របច្បាប់ឱ្យពលរដ្ឋឡើយ។
ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងតាមោកទទូចឱ្យអាជ្ញាធរកាត់ឆ្វៀលដី និងចេញប្លង់កម្មសិទ្ធិដីធ្លីជូនពួកគាត់ពីព្រោះបច្ចុប្បន្នដីដែលនៅសល់មិនដល់ ៥ហិកតារនោះទេ។ ពួកគាត់ស្នើឱ្យអាជ្ញាធរខណ្ឌព្រែកព្នៅឈប់ធ្វើទុក្ខបុកម្នេញ និងចាត់ទុកពលរដ្ឋដែលស្វែងរកដំណោះស្រាយដីធ្លីជាសត្រូវ ដែលធ្វើឱ្យពួកគាត់កាន់តែធ្លាក់ខ្លួនក្រីក្រ និងកូនៗបាត់បង់អនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។