អ្នកបុរីកីឡា ១៤គ្រួសារដែលកំពុងរស់នៅត្រាំត្រែងក្នុងអគារចាស់ កណ្ដាលក្រុងភ្នំពេញថ្លែងថា អាជ្ញាធរ ដាក់សម្ពាធជាថ្មីឲ្យពួកគាត់ទទួលយកសំណងមិនសមរម្យ ជាថ្នូរនឹងការចាកចេញ ដើម្បីយកដីអគារនោះប្រគល់ទៅឲ្យក្រុមហ៊ុនចិន។ អ្នកបុរីកីឡា ស្នើសុំសាលារាជធានីភ្នំពេញ ផ្ដល់សំណងជាទឹកប្រាក់មួយចំនួនដល់ពួកគាត់ ដែលអាចទិញផ្ទះរស់នៅក្នុងទីក្រុងបាន ប្រសិនបើខាងក្រុមហ៊ុនមិនអាចសង់ ១០អគារដូចតាមការសន្យា។ ចំណែកសាលារាជធានីភ្នំពេញ ដាក់ឱសានវាទ ត្រឹមដំណាច់ខែសីហានេះ ដោយតម្រូវឲ្យពលរដ្ឋទៅពិភាក្សារឿងសំណងនៅសាលាខណ្ឌ ៧មករា។
តំណាងពលរដ្ឋបុរីកីឡា លោកស្រី ស ស៊ន ប្រាប់អាស៊ីសេរី នៅថ្ងៃទី២០ ខែសីហាថា សមត្ថកិច្ចជាច្រើននាក់ ចុះទៅបិទសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ នៅគ្រប់ផ្ទះទាំងអស់ក្នុងអគារចាស់ ដោយតម្រូវឲ្យពួកគាត់ជួបពិភាក្សាគ្នាអំពីសំណងនៅរដ្ឋបាលខណ្ឌ ៧មករា ។
លោកស្រី ស ស៊ន លើកឡើងថា ក្នុងពេលចរចា កន្លងមក ហើយដល់ពេលនេះ អភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា នៅតែប្រកាន់ជំហរផ្ដល់ផ្ទះនៅភូមិអណ្ដូង ដែលមានទទឹង ៤ម៉ែត្រ បណ្ដោយ ៥ម៉ែត្រដល់ពួកគាត់ដដែល។ ប៉ុន្តែអ្នកបុរីជាង ១០គ្រួសារ បដិសេធទទួល ព្រោះពួកគាត់មើលឃើញថា គ្រួសារជាច្រើនដែលប្ដូរពីបុរីកីឡាទៅរស់នៅភូមិអណ្ដូងកន្លងមក មានជីវភាពកាន់តែពិបាកទៅៗ ដោយមិនដឹងថា ត្រូវប្រកបរបរអ្វីចិញ្ចឹមគ្រួសារប្រចាំថ្ងៃ។
លោកស្រី ស ស៊ន បញ្ជាក់ថា អ្នកបុរីកីឡាដែលនៅសេសសល់ក្នុងអគារចាស់សព្វថ្ងៃនេះ ចង់បានសំណងជាទឹកប្រាក់ប្រមាណ ២ម៉ឺន ៥ពាន់ដុល្លារក្នុង ១គ្រួសារ ដើម្បីឲ្យពួកគាត់មានលទ្ធភាពរកទីកន្លែងផ្សេងរស់នៅបានប្រសើរជាងនេះ នៅក្នុងភ្នំពេញ។ ពួកគាត់ មិនចង់ចាកចេញឆ្ងាយពីទីក្រុងឡើយ ព្រោះកូនក្នុងបន្ទុកកំពុងរៀនសូត្រ ហើយក៏ងាយស្រួលប្រកបរបរបន្តិចបន្តួច គ្រាន់នឹងបានចំណូលខ្លះដោះស្រាយជីវភាពប្រចាំថ្ងៃ៖ «មីងគិតថា គ្មានដំណោះស្រាយសម្រាប់ពួកមីង អ៊ីចឹង គឺជាការរំលោភសិទ្ធិមនុស្សលើពួកមីង បណ្ដេញដោយបង្ខំជាលើកទី២ទៀតហើយ ព្រោះអីលោកមុនឈូសផ្ទះពួកមីងអស់ ៣៨០ខ្នងផ្ទះ។ ឥលូវដោះស្រាយពួកមីងដោយបង្ខំ។ អ៊ីចឹង ! បានពួកមីងគិតថា ចាក់ចេញគឺស្លាប់ នៅក៏ស្លាប់ដូចគ្នា។ អ៊ីចឹង ! បានចេះតែនៅហ្នឹង។ ព្រោះអីមិនមែនចង់បានអីច្រើន គឺចង់បានសំណងណាមួយដែលអាចទិញផ្ទះបាន និងសងបំណុលគេបានអ៊ីចឹង»។
ទាក់ទងនឹងរឿងនេះ រដ្ឋបាលសាលារាជធានីភ្នំពេញ ចេញលិខិតជូនដំណឹងមួយចុះថ្ងៃទី១៥ សីហា អំពីការកំណត់រយៈពេលចុងក្រោយនៃការទទួលដោះស្រាយគោលនយោបាយ ជូនពលរដ្ឋនៅសេសសល់ក្នុងតំបន់បុរីកីឡា។ ក្នុងរយៈពេល២សប្ដាហ៍ គិតចាប់ពីផ្សាយដំណឹងនេះ អាជ្ញាធរក្រុងភ្នំពេញ ស្នើដល់អ្នកបុរីកីឡា ១៤គ្រួសារ ដែលមិនទាន់ទទួលយកគោលនយោបាយ សូមទៅជួបរដ្ឋបាលខណ្ឌ ៧មករា ដើម្បីទទួលយកគោលនយោបាយរបស់ខ្លួន។ អាជ្ញាធរក្រុងភ្នំពេញ បញ្ជាក់ថា ផុតរយៈពេលកំណត់នេះ អាជ្ញាធរក្រុងភ្នំពេញ នឹងអនុវត្តវិធានរដ្ឋបាល និងផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារៈនានា និងការបាត់បង់ផលប្រយោជន៍របស់ពលរដ្ឋឡើយ។
អាស៊ីសេរី មិនអាចសុំការបំភ្លឺបន្ថែមរឿងនេះ ពីអភិបាលរងសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា បាននៅឡើយទេ ដោយហៅទូរស័ព្ទចូលជាច្រើនដងតែត្រូវលោកចុចបិទវិញ។ ប៉ុន្តែលោក មាន ចាន់យ៉ាដា ធ្លាប់បានប្រាប់អាស៊ីសេរី កាលពីកន្លងមកថា ការផ្ដល់ផ្ទះនៅភូមិអណ្ដូង ជាគោលការណ៍មនុស្សធម៌ ដើម្បីជួយពលរដ្ឋឲ្យមានលំនៅឋានត្រឹមត្រូវ។ អភិបាលរងក្រុងរូបនេះ បញ្ជាក់ថា ខាងរដ្ឋបាលមិនមានគោលនយោបាយ ឬលទ្ធភាពផ្ដល់សំណងជូនពលរដ្ឋនៅបុរីកីឡា ជាទឹកប្រាក់រាប់ម៉ឺនដុល្លារដូចដែលពលរដ្ឋស្នើសុំនោះទេ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ដែលតាមករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅបុរីកីឡានេះ សង្កេតឃើញថា ដំណោះស្រាយកន្លង អាជ្ញាធរ មានផ្ដល់សំណងជាប្រាក់សុទ្ធឲ្យអ្នកបុរីកីឡា ហើយពលរដ្ឋខ្លះទៀតក៏ទទួលបានជាផ្ទះនៅភូមិអណ្ដូង។ លោក វណ្ណ សូផាត យល់ថា ដំណោះស្រាយនៅតែមាន ប្រសិនបើអាជ្ញាធរមានឆន្ទៈពិតប្រាកដ ដោះស្រាយបញ្ចប់បញ្ហារបស់អ្នកបុរីកីឡាដែលនៅសេសសល់១៤គ្រួសារនេះ ៖«ការដែលគាត់ស្នើសុំឲ្យមានដំណោះស្រាយជាថវិកា សម្រាប់ឲ្យគាត់អាចទិញដីនៅកន្លែងណាបានហ្នឹង ខ្ញុំយល់ថា វាការដែលគាត់ដឹងពីស្ថានភាពជាក់ស្ដែង អ្នករងគ្រោះនៅភូមិអណ្ដូងហ្នឹងវាយ៉ាងមិច។ វាប៉ះពាល់ដល់ជីវភាពពួកគាត់ ប្រាក់ចំណូលពួកគាត់អ៊ីចឹង។ ការទទួលបានរបស់ភាគីទាំងសងខាង ហ្នឹងវាសមរម្យហើយ ហើយតម្លាភាពយ៉ាងមិចនោះ វារកមិនឃើញទេ»។
កន្លងទៅ ពលរដ្ឋបុរីកីឡា ២ក្រុម ដែលអាជ្ញាធរបានផ្ដល់សំណង គឺក្រុមពលរដ្ឋដែលគ្មានឯកសារគ្រប់គ្រាន់ចំនួន ៣២គ្រួសារ និងក្រុមពលរដ្ឋមានឯកសារគ្រប់គ្រាន់ចំនួន ១៤គ្រួសារ។ ពលរដ្ឋដែលគ្មានឯកសារគ្រប់គ្រាន់ជិត ២០គ្រួសារ ព្រមទទួលយកសំណងជាផ្ទះនៅជាយក្រុងភ្នំពេញ ដែលមានទីតាំងស្ថិតនៅភូមិអណ្ដូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ។ ចំណែកពលរដ្ឋ១៤គ្រួសារ ដែលមានឯកសារគ្រប់គ្រាន់ ស្នើសុំការអភិវឌ្ឍនៅនឹងកន្លែង ដោយផ្ដល់ជាផ្ទះនៅបុរីកីឡា ឬទឹកប្រាក់ដែលអាចរកទិញផ្ទះបាន។
ក្នុងរយៈពេល ៣ថ្ងៃទៀត អ្នកបុរីកីឡាបញ្ជាក់ថា ពួកគាត់នឹងនាំគ្នាទៅរកដំណោះស្រាយជាថ្មីពីសាលាក្រុងភ្នំពេញ។ អ្នកបុរីកីឡា នៅតែរក្សាជំហរទាមទារផ្ទះនៅបុរីកីឡា ឬសំណងជាទឹកប្រាក់ សម្រាប់គ្រួសារនីមួយៗ។ ប្រសិនបើមិនបានដូចការស្នើសុំនេះទេ ពួកគេនៅតែបន្តរស់ក្នុងអគារចាស់តទៅទៀត ទោះបីជាត្រូវប្រឈមនឹងការបណ្ដេញជាថ្មីទៀតក៏ដោយ។
ក្នុងមួយរយៈពេលចុងក្រោយនេះ អ្នកបុរីកីឡាឃើញ មានមេការជនជាតិចិនជាច្រើននាក់ ដើរទៅថតរូបអគារចាស់បុរីកីឡាជាច្រើនដងមកហើយ។ ពួកគាត់យល់ថា ទិដ្ឋភាពបែបនេះ អាចជាផ្នែកមួយ ដែលជំរុញឲ្យអាជ្ញាធរដាក់គំនាបបង្ខំពួកគាត់ឲ្យប្រញាប់យកសំណង ជាផ្ទះ នៅភូមិអណ្ដូង ព្រោះថាក្រុមហ៊ុនចិនទំនងជាត្រូវការពង្រីកការដ្ឋានរបស់ពួកគេ ប៉ុន្តែនៅទើសអគារចាស់មួយ។
ទាក់ទងសំណង់ថ្មីនៅបុរីកីឡានេះ នៅក្នុងគេហទំព័រអចលនទ្រព្យកម្ពុជា ចុះផ្សាយកាលពីខែមករា ឆ្នាំ២០១៨ ឲ្យដឹងថា ផ្ទៃដីនៅបុរីកីឡា ដែលបណ្ដេញពលរដ្ឋចេញដោយបង្ខំ កាលពីឆ្នាំ២០១២ នឹងត្រូវជំនួសមកវិញ ជាអគារលំនៅឋានបែបពាណិជ្ជកម្មអន្តរជាតិដំបូងគេនៅកម្ពុជា ឈ្មោះថា CEO KT Pacific តាមរយៈការអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុនចិន ឈ្មោះ លីស៊ីន គ្រុប (LiXin Group) និងក្រុមហ៊ុន ខេធី ប៉ាស៊ីហ្វិច គ្រុប (KT Pacific Group)។ ចំណែកក្រុមចិនឈ្មោះ ស៊ីឈួន ហ័រស៊ី គ្រុប (Sichuan Huaxi Group) ទទួលសិទ្ធិសាងសង់អគារពាណិជ្ជកម្មមួយនេះ ដែលមានកម្ពស់ ៣៣ជាន់ ស្ថិតនៅក្នុងខណ្ឌ ៧ មករា។ គេរំពឹងថា គម្រោងនេះនឹងបញ្ចប់នៅឆ្នាំ២០២០ រួមមាន អគារលំនៅឋាន សាលសន្និបាតពាណិជ្ជកម្មអន្តរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ ផ្សារទំនើប កន្លែងកម្សាន្ត និងភោជនីយដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។