ប្រជាពលរដ្ឋរស់នៅក្នុងអគារចាស់បុរីកីឡា ប្រមាណ ១១គ្រួសារ នាំគ្នាទៅដាក់ញត្តិ នៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៨ ខែធ្នូ ស្នើសុំលោក ឱម យ៉ិនទៀង ផ្ដល់យុត្តិធម៌ដល់ពលរដ្ឋក្រីក្រ។ ពលរដ្ឋទាំងនោះទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយ បើកការស៊ើបអង្កេតលើមន្ត្រីសាលាខណ្ឌ៧មករា និងមន្ត្រីសាលារាជធានីភ្នំពេញ រឿងពន្យារពេលមិនផ្ដល់សំណងជាថ្នូរនឹងការចាកចេញដល់ពួកគាត់។
តំណាងសហគមន៍បុរីកីឡា លោកស្រី ភោគ សុភិន ប្រាប់អាស៊ីសេរីថា ការមិនព្រមដោះស្រាយបញ្ចប់បញ្ហាឲ្យអ្នកបុរីកីឡាមកដល់ពេលនេះ ទំនងជាមានអំពើពុករលួយចាប់តាំងពីថ្នាក់ខណ្ឌរហូតដល់ថ្នាក់ក្រុង។ លោកស្រី បន្តថា ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ពួកគាត់រស់នៅលំបាកវេទនា ក្នុងអគារបុរីកីឡាចាស់ ក្បែរគំនរសំរាម រហូតដល់ពេលអាជ្ញាធរប្រើគ្រឿងចក្រទៅវាយកម្ទេចអគារចាស់ចោលកាលពីនៅថ្ងៃទី១៦ ខែកញ្ញា ក៏ពួកគាត់ ១១គ្រួសារ នៅមិនទាន់បានដំណោះស្រាយណាមួយពីសាលារាជធានីភ្នំពេញនៅឡើយ។
តំណាងពលរដ្ឋរូបនេះ ស្នើដល់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជួយអន្តរាគមន៍ផ្ដល់យុត្តិធម៌ ក្នុងបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃមួយនេះ ដើម្បីឲ្យពលរដ្ឋមានលំនៅឋានត្រឹមត្រូវ និងមានឱកាសប្រកបរបរចិញ្ចឹមជីវិតឲ្យបានសមរម្យដូចពលរដ្ឋដទៃទៀត។
លោកស្រី ភោគ សុភីន ឲ្យដឹងថា អ្វីដែលពលរដ្ឋទាំង ១២គ្រួសារចង់បាន គឺការអភិវឌ្ឍនៅនឹងកន្លែងដែលជាការផ្ដល់បន្ទប់អាគារឲ្យពួកគាត់នៅតំបន់បុរីកីឡាដដែល ប៉ុន្តែសាលាក្រុងភ្នំពេញបែរជាឲ្យពួកគាត់ទៅនៅផ្ទះឯភូមិអណ្ដូង ខណ្ឌព្រែកព្នៅ ជាយក្រុងភ្នំពេញ ដែលជាតំបន់ដាច់ស្រយាល ឬទទួលទឹកប្រាក់ចន្លោះពី ៣.០០០ ទៅ ៥.០០០ដុល្លារ ដែលមិនស័ក្ដិសម នឹងការបាត់បង់លំនៅឋានរបស់ពលរដ្ឋឡើយ។
ក្នុងរយៈពេលចុងក្រោយនេះ ពលរដ្ឋបុរីកីឡាតែងតែ ព្យាយាមសុំជួបមន្ត្រីសាលាក្រុងភ្នំពេញ ដើម្បីជជែកពីការផ្ដល់សំណងនៃការវាយកម្ទេចអាគារ ប៉ុន្តែមន្ត្រីសាលាក្រុងភ្នំពេញបានព្រងើយកន្តើយមិនឆ្លងឆ្លើយ និងមិនលើកលេខទូរស័ព្ទរបស់ពលរដ្ឋនោះទេ។
អាស៊ីសេរីមិនអាចសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បាននៅឡើយ ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញវិវាទដីធ្លីនៅបូរីកីឡាចំកណ្ដាលក្រុងភ្នំពេញនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត យល់ថា ចំនួនពលរដ្ឋ ដែលនៅសេសសល់ មិនច្រើននោះទេ ដូច្នេះលោកជំរុញអាជ្ញាធរដោះស្រាយបញ្ចប់បញ្ហានេះ ដើម្បីកុំឲ្យបន្តអូសបន្លាយតទៅមុខទៀត៕
(អ្នកបុរីកីឡាដែលស្វែងរករកដំណោះស្រាយបញ្ហាដីធ្លីពីអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។