កូនៗសកម្មជនដីធ្លីខេត្តកោះកុងស្នើតុលាការដោះលែងម្ដាយ
2023.09.15

កូនរបស់សកម្មជនដីធ្លីខេត្តកោះកុង ថា ម្ដាយពួកគាត់កំពុងឈឺធ្ងន់ក្នុងពន្ធនាគារ ខណៈដែលពួកគេត្រូវការម្ដាយដើម្បីមើលថែក្រុមគ្រួសារ។ មន្ត្រីសង្គមស៊ីវិលថាតុលាការគួរសាលាផ្ដល់សេរីភាពដល់ពួកគាត់ ព្រោះសកម្មភាពកន្លងមករបស់សកម្មជនដីធ្លីគឺជាការអនុវត្តសិទ្ធិក្នុងការទាមទារដីធ្លីប៉ុណ្ណោះ។
កូនៗសកម្មជនដីធ្លីខេត្តកោះកុងស្នើសាលាឧទ្ធរណ៍ខេត្តព្រះសីហនុច្រានចោលសាលក្រមសាលដំបូងខេត្តកោះកុងដែលបានចោទប្រកាន់ម្ដាយរបស់ពួកគេពីបទ«បរិហារកេរ្តិ៍»។ កូនៗសកម្មជនដីធ្លីចាត់ទុកថាការកាត់ក្ដីរបស់ចៅក្រមសាលាដំបូងខេត្តកោះកុងកន្លងមកគឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។
កូនលោកស្រី ផាវ ញើង គឺលោក ហង្ស វាសនា លើកឡើងថា ស្ថានភាពគ្រួសាររបស់លោកកាន់តែលំបាកកាន់តែខ្លាំង និងមិនមានលទ្ធភាពទៅតវ៉ាដូចមុន។ ទោះជាយ៉ាងណា លោក ហង្ស វាសនា គ្រួសារលោកនឹងបន្តទាមទារតាមប្រព័ន្ធតុលាការតាមរយៈការដាក់ពាក្យបណ្ដឹងទៅកាន់សាលាឧទ្ធរណ៍ព្រះសីហនុឱ្យទម្លាក់ការចោទប្រកាន់មកលើម្ដាយលោក។
លោក ហង្ស វាសនា ចាត់ទុកថាការផ្ដន្ទាទោសម្ដាយលោកពីបទញុះញង់នេះគឺជារឿងមិនសមហេតុផល និងមិនអាចទទួលយកបាន ព្រោះសកម្មភាពដែលម្ដាយលោកធ្វើគឺដើម្បីស្វែងរកយុត្តិធម៌ក្នុងនាមអ្នករងគ្រោះដីធ្លីប៉ុណ្ណោះ។
លោក ហង្ស វាសនា៖ «ការសម្រេចហ្នឹងគឺអយុត្តិធម៌ខ្លាំងបំផុតពួកគាត់ជាអ្នកការពារទៅលើដីខ្លួនឯងដែលមានបញ្ហាដីធ្លីហើយ ពួកគាត់ឃើញបញ្ហានៅក្នុងសង្គម នៅក្នុងភូមិស្រុករបស់គាត់ថាមានគេលួចដីហើយគាត់មានការទាមទារតវ៉ាបែរជាមានការចាប់ខ្លួន អ៊ីចឹងការតវ៉ារបស់គាត់គឺក្រៅពីការទាមទារនូវដីរបស់ខ្លួនឯងគឺគាត់ជួយទៅដល់សម្បត្តិរួមដែលជាសម្បត្តិរបស់ជាតិ»។
ចំណែកកូនស្រីរបស់សកម្មជនដីធ្លី លោកស្រី សេង លីន គឺលោកស្រី សេង លីណា ឱ្យដឹងថាម្ដាយមានវ័យ៥៦ឆ្នាំកំពុងមានជំងឺលើសឈាម និងជំងឺប្រចាំកាយផ្សេងៗ ហើយស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរដោយសារស្ថានភាពរស់នៅពន្ធនាគារមិនល្អ។ លោកស្រី សេង លីណា ស្នើដល់តុលាការទម្លាក់ការចោទប្រកាន់ និងដោះលែងម្ដាយលោកស្រីឱ្យមានសេរីភាពវិញ ព្រោះលោកស្រីជឿជាក់ថា ម្ដាយលោកស្រីពុំបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។
លោកស្រី សេង លីណា៖ «ខ្ញុំនឹកគាត់ពេលគាត់ឈឺ គាត់អីមិនដឹង គេមើលគាត់បានដិតដល់ឬអត់ បើនៅផ្ទះមានកូនមើលថែគាត់ ហើយបាយទឹក បាយអីមិនដឹងម៉េចអីម៉េច ព្រោះម៉ាក់ខ្ញុំរបស់ហិរគាត់អត់ហូប គាត់មិនសូវហូបផ្ដេសផ្ដាសដោយសារក្រពះ»។
សាលាឧទ្ធរណ៍ព្រះសីហនុនៅថ្ងៃទី២៩ សីហា សម្រេចឲ្យសកម្មជនដីធ្លី ខេត្តកោះកុងចំនួន៩នាក់ ឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន លើចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរខេត្តកោះកុងចាប់ខ្លួន កាលពីថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣។
ប៉ុន្តែក្នុងនោះមនុស្ស២នាក់ ត្រូវបន្តឃុំខ្លួន ដែលរួមមានសកម្មជនដីធ្លីដែលសកម្មគឺអ្នកស្រី ផាវ ញ៉ើង និង អ្នកស្រីសេង លីន ដោយសារពួកគេត្រូវបានសាលដំបូងខេត្តកោះកុងបានប្រកាសសាលក្រមលើបទ«បរិហារកេរ្តិ៍» នៅថ្ងៃទី០២ ខែសីហា ផ្ដន្ទាទោសមួយឆ្នាំ និងពិន័យជាទឹកប្រាក់សរុប៤០លានរៀល ពាក់ព័ន្ធនឹងការតវ៉ាវិវាទដីធ្លីក្នុងសហគមន៍ពីពេលកាលពីកន្លងទៅ។
តែទោះជាយ៉ាងណាមេធាវីការពារសិទ្ធិរបស់លោកស្រី សេង លីន និងលោកស្រី ផាវ ញ៉ើង ដាក់ពាក្យបណ្ដឹងជំទាស់នឹងសាលក្រមសាលដំបូងខេត្តកោះកុង ទៅកាន់សាលាឧទ្ធរណ៍ព្រះសីហនុកាលពីថ្ងៃទី១៥ ខែសីហា។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ព្រះសីហនុលោក លឹម ស៊ីណាត និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង ដើម្បីសុំការឆ្លើយតបចំពោះបញ្ហានេះបានទេ នៅថ្ងៃទី១៤ កញ្ញា។
ចំណែកនាយក ទទួលបន្ទុកកិច្ចការទូទៅនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍ថា សាលាឧទ្ធរណ៍គួរច្រានចោលចំពោះការចោទប្រកាន់ថា សកម្មជនទាំងពីរនាក់នេះបានប្រព្រឹត្តបទល្មើស។
លោក អំ សំអាត៖ «ករណីទាំងអស់នេះវាជាភាពអយុត្តិធម៌សម្រាប់គាត់ ហើយគាត់ការពារឬទាមទារក៏ដើម្បីតែដីធ្លីរបស់គាត់ សហគមន៍របស់គាត់ដែលត្រូវបាត់បង់ ផ្ទុយទៅវិញគាត់ត្រូវរងភាពអយុត្តិធម៌ដោយការជាប់ពន្ធនាគារ បន្ថែមទៀត អ៊ីចឹងសង្ឃឹមថា សាលាឧទ្ធរណ៍ផ្ដល់យុត្តិធម៌សម្រាប់គាត់»។
ពលរដ្ឋចំនួន១៩៧គ្រួសារមកពីឃុំជីខលើ និងជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង តែងតែមកតវ៉ានៅរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីរកអន្តរាគមន៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នរដ្ឋផ្សេងទៀត ឱ្យជួយដោះស្រាយវិវាទដីធ្លីរបស់ពួកគាត់ ដោយចោទថា ក្រុមហ៊ុន ហេង ហ៊ុយ បានរំលោភយកដីធ្លីពួកគាត់តាំងពីឆ្នាំ២០០៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។