ជនជាតិដើមភាគតិចជងតំបន់អារ៉ែង នាំគ្នាមកដាក់ញត្តិនៅសាលាខេត្តកោះកុង នៅថ្ងៃចន្ទ ទី២៤ ធ្នូ នេះ ដើម្បីសុំឱ្យអាជ្ញាធរខេត្តជួយពន្លឿនសំណើសុំធ្វើស្វ័យអត្តសញ្ញាណឱ្យពួកគាត់។ ញត្តិនោះត្រូវបានមន្ត្រីរដ្ឋបាលខេត្តកោះកុងទទួលយក ហើយមន្ត្រីរដ្ឋបាលប្រាប់ពួកគាត់ថា នឹងបញ្ជូនញត្តិនោះទៅថ្នាក់ដឹកនាំខេត្ត ដើម្បីពិនិត្យ។
ជនជាតិដើមភាគតិចជងតំបន់អារ៉ែង បានស្វះស្វែងរកអន្តរាគមន៍ជាថ្មីទៀត ជុំវិញសំណើសុំធ្វើស្វ័យអត្តសញ្ញាណរបស់ខ្លួន បន្ទាប់ពីទន្ទឹងរង់ចាំអស់រយៈពេល ២ឆ្នាំ នៅតែគ្មានស្ថាប័នជំនាញណាចុះជួយពួកគាត់ក្នុងរឿងនេះ។
ប្រធានសហគមន៍ជនជាតិដើមភាគតិចជងភូមិជំនាប់តំបន់អារ៉ែង លោក ហ៊ឹង ពៅ ឱ្យអាស៊ីសេរីដឹងថា ពលរដ្ឋជនជាតិដើមភាគតិចជងភូមិជំនាប់ និងភូមិប្រឡាយ បានដាក់សំណើសុំធ្វើស្វ័យអត្តសញ្ញាណទៅខាងអាជ្ញាធរអស់រយៈពេល ២ឆ្នាំទៅហើយ។ ក៏ប៉ុន្តែសំណើរបស់អ្នកភូមិជំនាប់នៅជាប់គាំងនៅថ្នាក់ខេត្ត រីឯសំណើរបស់អ្នកភូមិប្រឡាយវិញ គឺនៅជាប់ទ្រឹងត្រឹមថ្នាក់ឃុំនៅឡើយ។ លោកបញ្ជាក់ថា ពលរដ្ឋចង់ឱ្យអាជ្ញាធរជំនាញជួយពន្លឿននីតិវិធីនេះឱ្យបានឆាប់រហ័ស ដើម្បីពួកគាត់អាចបំពេញនីតិវិធីដទៃទៀត ឈានទៅដល់ការចុះបញ្ជីជានីតិបុគ្គល ដើម្បីមានសិទ្ធិសម្រេចជោគវាសនារបស់សហគមន៍ដោយខ្លួនឯង៖ «ពេលដែលយើងបានចុះបញ្ជីទៅ វាមានសារៈសំខាន់ ណាស់សម្រាប់ ជនជាតិដើមភាគតិចរបស់យើង។ យើងអាចរក្សាវប្បធម៌ប្រពៃណី និងអាចប្រមូលផល អនុផលព្រៃឈើនៅជុំវិញកន្លែងរបស់ពួកយើងរស់នៅហ្នឹងបានដោយស្របច្បាប់ ដោយសារពួកយើងជាម្ចាស់តំបន់។ ហើយមួយទៀត បើគេទទួលស្គាល់ពួកយើងជាជនជាតិដើមភាគតិចហើយ អ៊ីចឹងក្រុមហ៊ុនចង់ទៅវិនិយោគ ឬក៏សម្បទានណាមួយ គឺអត់អាចធ្វើបានទេ ដោយសារតំបន់ហ្នឹងជនជាតិដើម ភាគតិច ហើយមួយទៀត យើងរក្សាវប្បធម៌ប្រពៃណី ផ្នូរដូនតារបស់យើង ដែលគាត់បានរស់នៅតាំងពីយូរណាស់មកហើយ យើងអាចអភិរក្សសម្បត្តិអស់ទាំងហ្នឹងសម្រាប់ទុកឱ្យក្មេងជំនាន់ក្រោយ»។
ពលរដ្ឋជនជាតិដើមភាគតិចជងនៅភូមិជំនាប់ ឃុំជំនាប់ និងនៅភូមិប្រឡាយ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ព្រួយបារម្ភខ្លាចបាត់បង់វប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ដើម ដោយសារបច្ចុប្បន្ន មានជនចំណូលថ្មីជាច្រើនបានទៅដល់តំបន់អារ៉ែង ហើយបានទិញដីតំបន់នោះជាកម្មសិទ្ធិផ្ទាល់ខ្លួនទៀតផង។ ពលរដ្ឋបញ្ជាក់ថា ពួកគាត់មិនប្រឆាំងនឹងការអភិវឌ្ឍនោះទេ ប៉ុន្តែគ្រាន់តែចង់បានកិច្ចការពារផ្លូវច្បាប់ទៅលើដីធ្លី ព្រៃឈើ និងធនធានធម្មជាតិក្នុងតំបន់អារ៉ែង ដូច្នេះទើបពួកគាត់ប្រឹងប្រែងឱ្យមានការទទួលស្គាល់សហគមន៍របស់ពួកគាត់ជាផ្លូវការបែបនេះ។
អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តកោះកុង លោក សុខ សុទ្ធី ថ្លែងថា លោកមិនទាន់អាចធ្វើអត្ថាធិប្បាយរឿងនេះបាននៅឡើយទេ ដោយសារលោកកំពុងជាប់រវល់ប្រជុំនៅរាជធានីភ្នំពេញ ក៏ប៉ុន្តែលោកបញ្ជាក់ថា កាលណាមានសំណើ ឬបណ្តឹងពីពលរដ្ឋ អាជ្ញាធរខេត្តនឹងពិនិត្យដោះស្រាយករណីទាំងនោះឱ្យបានទាន់ពេលវេលា៖ «គ្រប់ករណី ទាំងអស់ មិនមែនតែករណីនេះទេ ឱ្យតែចូលមក គឺរដ្ឋបាលខេត្ត ជាពិសេស លោកជំទាវ តែងតែចាត់ចែងពិនិត្យដោះស្រាយ ហើយដោះស្រាយដោយ លឿនទៀត»។
កាលពីដើមខែមេសាកន្លងទៅ ពលរដ្ឋជនជាតិដើមភាគតិចជងតំបន់អារ៉ែង បានឡើងទៅដាក់ញត្តិនៅក្រសួងអភិវឌ្ឍន៍ជនបទ ខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ក្នុងគោលបំណងដូចគ្នានេះដែរ ក៏ប៉ុន្តែជាច្រើនខែកន្លងទៅនេះ ពលរដ្ឋអះអាងថា ពួកគាត់មិនទទួលបានការឆ្លើយតប ឬអន្តរាគមន៍ពីស្ថាប័នទាំងនោះឡើយ។
អ្នកសម្របសម្រួលស្តីទីអង្គការ លីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក ហ៊ួរ អ៊ីន ថ្លែងថា ពលរដ្ឋជនជាតិដើមភាគតិចជងតំបន់អារ៉ែង មានលក្ខណៈគ្រប់គ្រាន់អាចក្លាយជាសហគមន៍បាន ក៏ប៉ុន្តែជាច្រើនឆ្នាំមកនេះ ពួកគាត់នៅតែមិនត្រូវបានចុះបញ្ជីទទួលស្គាល់តាមផ្លូវច្បាប់នៅឡើយ។ លោកយល់ថា បញ្ហានេះទំនងដោយសារអាជ្ញាធរមិនពេញចិត្តដែលពួកគាត់បានតវ៉ាប្រឆាំងនឹងគម្រោងធ្វើទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង។ លោកជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពន្លឿននីតិវិធីនេះឱ្យបានឆាប់ជូនពលរដ្ឋ៖ «កាលណាមានការចុះបញ្ជីទៅ គឺពួកគាត់អាចមានសិទ្ធិការពារសហគមន៍របស់គាត់ហ្នឹង ការពារទាំងដីធ្លី ការពារទាំងព្រៃឈើបាន។ កាលណាមានការចុះបញ្ជីជនជាតិដើមភាគតិចអ៊ីចឹងទៀត វាអាចធ្វើឱ្យរាំងស្ទះ ឬក៏មានការលំបាកក្នុងការអនុវត្តគម្រោងធំៗ ដែលផ្តល់ទៅឱ្យក្រុមហ៊ុន អ៊ីចឹងហើយយើងឃើញថា ការចុះបញ្ជីរបស់ពួកគាត់ហ្នឹង គឺនៅតែមានឧបសគ្គ និងការលំបាក»។
ការចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិចមានដំណាក់កាលច្រើន និងត្រូវបំពេញឯកសារជាច្រើន។ សហគមន៍ជនជាតិដើមភាគតិចតម្រូវឱ្យធ្វើស្វ័យអត្តសញ្ញាណខ្លួនឯងថាជាក្រុមជនជាតិដើមភាគតិចណាមួយ មុននឹងបំពេញនីតិវិធីជាបន្តបន្ទាប់ទៀត ដើម្បីក្លាយជានីតិបុគ្គល អាចចុះបញ្ជីដីសហគមន៍ជាកម្មសិទ្ធិសមូហភាពបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។