ពលរដ្ឋ និង​សកម្មជន​បារម្ភ​ថា រដ្ឋាភិបាល​បន្តវេន​នឹង​បន្ត​កាត់​ផ្ទៃ​បឹងតាមោក​ទាំងស្រុង​ឱ្យ​ឯកជន

បឹង​តាមោក ឬ​បឹងកប់​ស្រូវ​ដែល​មាន​ទំហំ​ជាង ៣​ពាន់​ហិកតារ​ក្នុង​ឆ្នាំ​២០១៦ នៅ​សល់​ត្រឹមតែ​៨៧០ ហិកតារ​ក្នុង​ឆ្នាំ​២០២៣​នេះ ក្រោយ​រដ្ឋាភិបាល​បាន​កាត់​ផ្ទៃដី​បឹង​នេះ​ចំនួន​៧០​ដង​ទៅ​ឱ្យ​ក្រសួង ស្ថាប័នរដ្ឋ ឧកញ៉ា និង​វិស័យ​ឯកជន។ ពលរដ្ឋ និង​សកម្មជន​ការពារ​ធនធានធម្មជាតិ​ព្រួយបារម្ភ​ថា​រដ្ឋាភិបាល​បន្តវេន​នឹង​បន្ត​កាត់​ផ្ទៃ​បឹង​ទាំងស្រុង​ទៅ​ឱ្យ​អ្នកមាន​លុយ មាន​អំណាច ព្រោះ​កន្លង​មក​រដ្ឋាភិបាល​មិន​ដែល​ទទួល​យក​ការ​ស្នើ​បញ្ឈប់​ការ​កាត់​បឹង​តាមោក របស់​ពលរដ្ឋ និង​សកម្មជន​នោះ​ទេ។

បឹង​កប់​ស្រូវ គឺជា​បឹង​មួយ ដែល​នៅសល់​ចុងក្រោយ​ក្នុងចំណោម​បឹង​ស្តុក​ទឹកធំៗ ដើម្បី​ទុកជា​អាង​ស្ដុក​ទឹក​កខ្វក់ និង​រំដោះ​ទឹក​ចេញពី​រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ រដ្ឋាភិបាល ចេញ​អនុក្រឹត្យ​ស្តីពី​ការកំណត់​ផ្ទៃ​បឹង ចំនួន ៣២៣៩ ហិកតារ ដែល​គ្របដណ្ដប់​បឹង​តាមោក ឬ បឹងកប់​ស្រូវ និង​ដី​ជុំវិញ ទុក​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ។

អង្គការ​សមាគម​ធាងត្នោត នៅ​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​ចេញ​របាយការណ៍​មួយ​ដោយ​បង្ហាញ​ថា គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០២១ ផ្ទៃ​បឹង​តាមោក ឬ​បឹងកប់​ស្រូវ ប្រមាណ​ជាង​២​ពាន់​ហិកតារ ឬ​ស្មើ​ជិត ៦៥% ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​សាធារណៈ ដែល​សរុប​នៃ​ការ​កាត់​ទាំងអស់​មាន​ចំនួន​៤៣​ដង។

រដ្ឋាភិបាល​ពុករលួយ និង​បក្ខពួក​និយម​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​បញ្ឈប់​ការ​លុប​បឹង​ទៅ​ឱ្យ​ឧកញ៉ា មន្ត្រី និង​ក្រុមហ៊ុន​ឯកជន​ត្រឹមនេះ​នោះ​ទេ​។ ក្នុង​ឆ្នាំ​២០២២ រដ្ឋាភិបាល​បានសម្រេច​កាត់​ផ្ទៃដី​នៃ​បឹង​តា​មោក ជាង ៧ (៧,០៥) ហិកតារ ទៅ​ឱ្យ​អគ្គិសនី​កម្ពុជា (EDC) និង​ចំនួន​៣​ហិកតារ​ទៅ​ឱ្យ តារាចម្រៀង និង​ជា​សមាជិក​បក្ស​កាន់អំណាច លោក ព្រាប សុវត្ថិ។

ក្នុង​ឆ្នាំ​២០២២ លោក ហ៊ុន សែន កាត់​ផ្ទៃដី​បឹងតាមោក មាន​ទំហំ​សរុប​ជាង​៦​ហិកតារ ទៅ​ឱ្យ​លោក សេង យូអ៊ាន់ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង​កាត់​ដី​បឹងតាមោក​ទំហំ​៦៧ ហិកតារ ទៅ​ឱ្យ​លោក នុត តុន ដែល​គេ​ស្គាល់​ថា ជា​នាយក​ក្រុមហ៊ុន អ័រគីដេ វីឡា (Orkide Villa)។

ចំណែក​នៅ​ដើមឆ្នាំ​២០២៣ លោក ហ៊ុន សែន បាន​កាត់​ដី​ទំហំ​ជាង​១៣ ហិកតារ​ឱ្យទៅ​ទឹប្រឹក្សា​ផ្ទាល់​លោក ហ៊ុន សែន គឺ​លោក​ឧកញ៉ា ឡាញ់ ភារ៉ា ផង​ដែរ​។ គិត​មកដល់​កក្កដា ឆ្នាំ​២០២៣​នេះ អង្គការ​សមាគម​ធាងត្នោត (STT) បាន​ចេញ​របាយការណ៍​ថា រដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ ផ្ទៃដី​បឹងតាមោក មក​ជា​ទ្រព្យសម្បត្តិ​ឯកជន​របស់​រដ្ឋ និង​ប្រគល់​ឱ្យ​បុគ្គល ឯកជន​និង​ស្ថាប័ន​នានា​ជា​បន្តបន្ទាប់ សរុប​ចំនួន​៧០​លើក​ស្មើ ២ ៣៦៩,៨ ហិកតារ។

ពលរដ្ឋ​រស់នៅ​ក្បែរ​បឹង​តាមោក អ្នកស្រី សឿន ស្រីសុត លើកឡើង​ថា គ្រឿងចក្រ​កំពុងតែ​ចាក់​បំពេញ​ដី​ក្នុង​បឹង​តា​មោក​រាល់ថ្ងៃ ហើយ​អ្នកស្រី​បារម្ភ​ថា​បឹង​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​នឹង​បាត់បង់​នា​ពេល​ខាង​មុខ​ក្នុងករណី​ដែល​រដ្ឋាភិបាល​នៅ​បន្ត​កាត់​ដី​ទៅ​ឱ្យ​ឯកជន និង​ក្រុម​បក្ខពួក​ដែល​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល។

អ្នកស្រី សឿន ស្រីសុត បន្ត​ថា រដ្ឋាភិបាល​ដែល​អះអាង​ថា ការ​លុប​បឹងតាមោក​ដើម្បី​អភិវឌ្ឍ​នោះ​គ្រាន់តែ​ជា​ពាក្យ​ដោះសារ​ប៉ុណ្ណោះ តែ​ជាក់ស្ដែង​មានតែ​ក្រុម​បក្ខពួក​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​នោះ​ទេ ដែល​ទទួល​បាន​ផល​ប្រយោជន៍។ ចំណែក​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​ពី​បឹង​តាមោក​វិញ បែរ​ជា​ត្រូវ​រដ្ឋាភិបាល​ប្រើ​ប្រព័ន្ធ​តុលាការ​ធ្វើទុក្ខបុកម្នេញ និង​បណ្ដេញ​ចេញ​ដោយ​បង្ខំ។

អ្នកស្រី សឿន ស្រីសុត៖ «ប្រជាពលរដ្ឋ​ដែល​រស់នៅ​ដូចជា​ពួក​ខ្ញុំ​ផ្ទាល់​អត់​បាន​ទទួលផល​ពី​ផ្ទៃ​បឹង ហើយ គេ​លុប​អស់​ហើយ បែរជា​ចង់​បណ្ដេញ​ចេញ​ពួក​យើង​ជា​ពលរដ្ឋ​ដែល​ពួក​ខ្ញុំ​ធ្លាប់​អាស្រ័យ​ផល​ស្រែប្រាំង​ពី​មុន​មក និយាយ​រួម​ទៅ គាត់​ធ្វើ​អ៊ីចឹង​វា​អត់​ត្រូវ ដោយសារ​ផ្ទៃ​បឹង​ទៅ​ថ្ងៃមុខ ពលរដ្ឋ​មិន​អាច​ទទួល​ផល​បាន​ទៀត​ទេ ព្រោះ​អី​គ្រឿងចក្រ​គេ​នៅតែ​បន្ត​លុប ពួក​យើង​ជា​ពលរដ្ឋ​ទប់ស្កាត់​ក៏​អត់​ឈ្នះ​ទេ គ្រាន់តែ​រាល់ថ្ងៃ​នេះ​ពួក​ខ្ញុំ​ភ័យខ្លាច​បំផុត​គឺ​ការ​បណ្ដេញ​ពួក​ខ្ញុំ​ចេញពី​លំនៅឋាន​របស់​ពួក​ខ្ញុំ​ផ្ទាល់»។

សកម្មជន​ចលនា​មាតា​ធម្មជាតិ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ដោយសារ ស្នើ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ឈប់​ការ​លុប​បឹង​តាមោក គឺ​កញ្ញា ឡុង គន្ធា លើកឡើង​ថា ទណ្ឌកម្ម​ធម្មជាតិ​ដែល​ធ្លាក់​មក​លើ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​នោះ កើតឡើង​ដោយមាន​ទឹកជំនន់​រាល់ពេល​មាន​ភ្លៀង​ធ្លាក់។ កញ្ញា ឡុង គន្ធា ថា ទណ្ឌកម្ម​ធម្មជាតិ​ទាំងនេះ​បណ្ដាល​មក​ពី​រដ្ឋាភិបាល​នៅ​តែ​បន្ត​លុប​បឹង​ឥត​ឈប់ឈរ​រហូត​បឹង​តាមោក​ដែល​នៅ​សល់​ចុងក្រោយ​ត្រូវ​បាន​ចាក់​បំពេញ​ស្ទើរតែ​ទាំងស្រុង។

កញ្ញា ឡុង គន្ធា មិន​រំពឹង​ថា រដ្ឋាភិបាល​បន្ត​វេន​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ក្នុង​ពេល​ខាងមុខ​នេះ អាច​រក្សា​បាន​នូវ​បឹង​ធម្មជាតិ​បាន​នោះ​ទេ ព្រោះ​កន្លង​មក​នៅ​ពេល​ដែល​សកម្មជន និង​ពលរដ្ឋ បាន​ស្នើ​ដល់​រដ្ឋាភិបាល​ការពារ​បឹង​តាមោក ប៉ុន្តែ​អ្វី​ដែល​ទទួល​បាន​គឺ​សកម្មជន​ជាប់​ពន្ធនាគារ​ប៉ុណ្ណោះ។

កញ្ញា ឡុង គន្ធា ថា៖ «វា​ពិតជា​រឿង​ដែល​សោកស្ដាយ​ដែល​យើង​បាន​លើក​ឡើង​ពី​ក្ដី​កង្វល់ លើកឡើង​អំពី​ការ​ស្នើ​សុំ ហើយ នៅ​ពេល​ដែល​យើង​ធ្វើការ​ដើម្បី​ការពារ​ទៅលើ​បឹង​ធម្មជាតិ​ដែល​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ជា​ទ្រព្យសម្បត្តិ​រួម​របស់​យើង​ទាំងអស់​គ្នា តែ​បែរជា​យើង​ត្រូវ​បាន​ចោទប្រកាន់ ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ បន្ទាប់​មក​បឹង​ធម្មជាតិ​ទាំងអស់​ហ្នឹង​ដែល​បម្រើ​ប្រយោជន៍​ទៅដល់​សាធារណជន​ទាំងមូល ត្រូវ​បាន​កាត់​ជា​បន្តបន្ទាប់​ទៅ​ឱ្យ​បុគ្គល​ឯកជន​ដែល​ជា​អ្នក​មាន​អំណាច»។

ជុំវិញ​រឿង​នេះ សកម្មជន​សិទ្ធិមនុស្ស និង​ជា​អ្នកការពារ​បរិស្ថាន​លោក សាន់ ម៉ាឡា យល់ឃើញ​ថា​រដ្ឋាភិបាល​តែងតែ​ប្រកាស​គោល​នយោបាយ​ស្ដីពី​ការ​ការពារ​ព្រៃឈើ ការពារ​បឹង​ធម្មជាតិ និង​ការពារ​សំណង់​បុរាណ​ជាដើម ប៉ុន្តែ​រដ្ឋាភិបាល​ខ្លួនឯង​ផ្ទាល់​ជា​អ្នក​បំផ្លាញ​សម្បត្តិ​ខ្មែរ​ទៅវិញ។

លោក សាន់ ម៉ាឡា បន្ថែម​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​បច្ចុប្បន្ន ឬ​រដ្ឋាភិបាល​នា​ពេល​អនាគត​ក្ដី ឱ្យ​តែ​កាត់​ដី​បឹង​តាមោក​ឱ្យទៅ​វិស័យ​ឯកជន ឬ​អ្នក​មាន​អំណាច នឹង​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ និង​ប្រជាពលរដ្ឋ​ខ្មែរ ក្នុង​ករណី​មាន​ការ​រក​ឃើញ​ពី​ភាព​មិន​ប្រក្រតី ឬ​ប្រព្រឹត្ត​អំពើពុករលួយ​ដែល​ចេញពី​ការ​កាត់​ផ្ទៃ​បឹង​តាមោក​នេះ។

លោក សាន់ ម៉ាឡា៖ «សម្រាប់​ខ្ញុំ​នៅ​ថ្ងៃ​អនាគត​បើសិន​យើង​មាន​ប្រព័ន្ធ​តុលាការ​មួយ​ដែល​អាច​ជឿទុក​ចិត្ត​បាន​សម្រាប់​មហាជន​ខ្មែរ​ទូទៅ ជាពិសេស​យើង​មាន​តុលាការ​រដ្ឋបាល​ដែល​ខ្ញុំ​គិតថា អង្គការ​សង្គម​ស៊ីវិល ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការអភិវឌ្ឍន៍​នេះ ប្រហែលជា​មាន​ឱកាស និង​លទ្ធភាព​ក្នុង​ការ​រៀបចំ​ជា​បណ្ដឹង ដើម្បី​ប្ដឹង​ឱ្យ​អ្នក​ដែល​គាត់​ជាប់​ពាក់ព័ន្ធ​នឹង មក​ទទួលខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​លោក នេត្រ ភក្ត្រា និង​អភិបាលរង​រាជធានី​ភ្នំពេញ លោក កើត ឆែ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៩ កក្កដា។

ប្រធាន​គម្រោង​សិទ្ធិ​លំនៅឋាន និង​ស្រាវជ្រាវ​នៃ​អង្គការ​សមាគម​ធាងត្នោត (STT) លោក ស៊ាង មួយឡៃ បាន​លើក​ឡើង​ថា តាមរយៈ​ការ​ចេញ​របាយការណ៍​ចុង​ក្រោយនេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​លុប​បឹងតាមោក បង្ក​ផល​ប៉ះពាល់​កាន់តែ​ខ្លាំង​ដល់​រាជធានី​ភ្នំពេញ​ដូចជា ទឹកជំនន់ និង​ការ​បាត់បង់​សោភ័ណភាព​ទីក្រុង។ ក្រៅ​ពី​នេះ​លោក ស៊ាង មួយឡៃ ថា ទៅ​លើ​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​នៅ​លើ​បឹង​តាមោក មិន​ត្រឹមតែ​បាត់បង់​ផលប្រយោជន៍​ទទួល​បាន​ពី​បឹងតាមោក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពួកគេ​ថែមទាំង​ត្រូវ​បាន​អាជ្ញាធរ បណ្ដេញ​ចេញ​ពី​លំនៅឋាន​ផង​ដែរ។

លោក ស៊ាង មួយឡៃ៖ «ជា​អ្វី​ដែល​ខ្លួន​ខ្ញុំ​ផ្ទាល់​សន្និដ្ឋាន​ថា ការ​កាត់​នេះ​វា​មិន​បាន​គោរព​ទៅតាម​បទដ្ឋាន​ក៏ដូចជា​ការសិក្សា​ឱ្យ​បាន​ច្បាស់លាស់​មុននឹង​មានការ​កាត់​នោះ​ទេ ដែល​វា​អាច​ជះឥទ្ធិពល​អាក្រក់​ទៅដល់​ស្ថានភាព​ទីក្រុង​ភ្នំពេញ​អាច​មាន​ដូចជា​ទឹកជំនន់ បាត់បង់​នៅ​ប្រព័ន្ធ​អេកូឡូស៊ី សម្រាប់​ទីក្រុង​ដែល​ជា​កន្លែង​មួយ​សម្រាប់​មនុស្ស​ក្នុង​ទីក្រុង​ទៅ​កម្សាន្ត សម្រាក​នៅ​ថ្ងៃ​ចុង​សប្ដាហ៍»។

កន្លងទៅ អង្គការ​សមាគម​ធាងត្នោត​រកឃើញ​ថា ចាប់តាំងពី​ឆ្នាំ​១៩៩០ មក ក្នុងចំណោម​បឹង​ធម្មជាតិ​ចំនួន​២៦​កន្លែង នៅ​រាជធានី​ភ្នំពេញ​មាន​បឹង​ចំនួន​១៦​កន្លែង ត្រូវ​បាន​លុប​ទាំងស្រុង និង​មាន​បឹង​ធម្មជាតិ​ចំនួន​១០​ទៀត ត្រូវ​បាន​លុប​ជា​បន្តបន្ទាប់​រួច​ហើយ ដើម្បី​សាងសង់​បុរី លំនៅឋាន និង​ទីក្រុង​រណប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។