សង្គម​ស៊ីវិល និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ខិតខំ​ដោះ​ស្រាយ​ដីធ្លី​តាម​ច្បាប់

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​ និង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មួយ​ចំនួន អំពាវនាវ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ឱ្យ​ជួយ​ពន្លឿន​ដោះ​ស្រាយ​រឿង​ដីធ្លី និង​ត្រូវ​យក​ច្បាប់​មក​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធ​ភាព ខណៈ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​ បន្ត​កើត​មាន​ស្ទើរ​គ្រប់​ខេត្ត ហើយ​ដំណោះ​ស្រាយ​កន្លង​មក​ មិនសូវ​មាន​ប្រសិទ្ធភាព។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទ​ថ្នាក់​ជាតិ​លើក​ទី១២ ​ស្តីពី​អភិបាលកិច្ច​ដីធ្លី និង​ធនធាន​ធម្មជាតិ ដែល​មាន​តំណាង​រដ្ឋាភិបាល តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ តំណាង​ដៃគូ​អភិវឌ្ឍន៍ ព្រម​ទាំង​តំណាង​សហគមន៍​រង​ផល​ប៉ះពាល់​ប្រមាណ ៥រយ (៥០០) ​នាក់​ចូលរួម នៅ​ទី​២៥ ខែ​តុលា នៅភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ។

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី លើក​ឡើង​ថា ដោយសារតែ​ការ​អភិវឌ្ឍ​របស់​រដ្ឋាភិបាល មិន​បាន​គោរព​តាម​គោលការណ៍​នីតិរដ្ឋ​ និង​សិទ្ធិមនុស្ស បាន​នាំ​ឲ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ក្រីក្រ​នេះ ភាគ​ច្រើន​រងគ្រោះ​ដោយសារ​ការ​រំលោភ​ដីធ្លី ព្រម​ទាំង​ធ្វើ​ឲ្យ​បាត់បង់​នូវ​ធនធាន​ធម្មជាតិ។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត មាន​ប្រសាសន៍​ថា បញ្ហា​ទំនាស់​ដីធ្លី និង​ធនធាន​ធម្មជាតិ នៅ​តែ​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ ទោះ​បី​ជា​តំណាង​រដ្ឋាភិបាល​អះអាង​ថា បាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ក៏​ដោយ។ លោក​មើល​ឃើញ​ថា ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ និង​ការ​បាត់បង់​ធនធាន​ធម្មជាតិ​កើត​ឡើង​ជា​បន្ត​បន្ទាប់​នេះ ដោយសារ​តែ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ភាព​ចន្លោះ​ប្រហោង។ មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ថែទាំ​ធនធាន​ធម្មជាតិ និង​ដោះ​ស្រាយ​ឲ្យ​ចប់​សព្វ​គ្រប់​នូវ​ជម្លោះ​ដីធ្លី ដែល​កើត​ចេញ​ពី​ការ​វិនិយោគ ឬ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច៖ « អង្គ​សន្និសីទ​ទាំង​មូល​ បាន​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​សហការ​គ្នា​ ជាពិសេស​ជាមួយ​សង្គម​ស៊ីវិល​ ក៏ដូចជា​សហគមន៍​ដែរ​ ដើម្បី​បន្ត​ដោះស្រាយ​ហើយ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​និង​តម្លាភាព​ហើយ​ឲ្យ​ទាន់​ពេល​ ហើយ​បើ​មាន​បញ្ហា​អ្វី​ សូម​ឲ្យ​គោរព​នូវ​មតិយោបល់​របស់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ដីធ្លី »

ដោយឡែក អគ្គនាយក​រង​នៃ​អគ្គនាយកដ្ឋាន​សុរិយោដី និង​ភូមិសាស្ត្រ នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក វុឌ្ឍី វណ្ណារ៉ា លើក​ឡើង​ក្នុង​សន្និសីទ​ថា ការងារ​ចុះ​បញ្ជី​ដីធ្លី និង​ការ​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​កន្លង​មក ទទួល​បាន​លទ្ធផល​ល្អ។ លោក បញ្ជាក់​ថា ក្នុង​ចំណោម​បណ្ដឹង​នានា ដែល​ក្រសួង​រៀបចំ​ដែន​ដី​ទទួល​បាន សរុប​ជិត ២ពាន់ (១.៩៦៤) ករណី គឺ​បាន​ដោះ​ស្រាយ​ជាង ៤រយ (៤៦៤) ករណី និង កំពុង​ដោះ​ស្រាយ​ជាង ១ពាន់ ៤រយ (១.៤៦៦) ករណី។

នាយក​ប្រតិបត្តិ​វេទិកា នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ស្ដីពី​កម្ពុជា (NGO Forum) លោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា សន្និសីទ​តស៊ូ​មតិ​ថ្នាក់​ជាតិ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ជា​រៀងរាល់​ឆ្នាំ ក្នុង​គោល​បំណង​ចូលរួម​ចំណែក​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស ជំរុញ​ឲ្យ​មាន​អភិបាលកិច្ច​ល្អ ក្នុង​ការ​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ ព្រម​ទាំង​និរន្តរភាព​នៃ​របរ​ចិញ្ចឹម​ជីវិត​របស់​ពលរដ្ឋ​កម្ពុជា៖ « គោល​បំណង​នៃ​សន្និសីទ គឺ​យើង​ចង់​ផ្ដល់​ឱកាស​ដល់​សហគមន៍​ និង​អ្នក​ពាក់ព័ន្ធ​ បាន​ជួប​ប្រាស្រ័យ​ទាក់ទង​គ្នា​ជជែក​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក​ទៅ​លើ​បញ្ហា​ទាំង​អស់​ ដែល​កើត​មាន​ដើម្បី​រួមគ្នា​ធ្វើ​កិច្ច​សហប្រតិបត្តិ​ការណ៍​ហើយ​នឹង​ធ្វើ​សកម្មភាព​រួមគ្នា​ដោះ​ស្រាយ​បញ្ហា​ដែល​កើតមាន​ជុំវិញ​បញ្ហា​ដីធ្លី​ និង​ធនធាន​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា »

កន្លងមក​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ថា បញ្ហា​ដីធ្លី​កើត​ឡើង​ច្រើន ដោយសារ​អ្នក​មាន​លុយ និង​មាន​អំណាច រំលោភបំពាន​លើ​ដី​របស់​ប្រជាពលរដ្ឋ ហើយ​បូក​ផ្សំ​ និង​ប្រព័ន្ធ​យុត្តិធម៌​ទន់ខ្សោយ​នោះ ធ្វើឲ្យ​ជនរងគ្រោះ​មិន​ទទួល​បាន​យុត្តិធម៌​ទេ។

តំណាង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ម្នាក់ លោកស្រី ផាវ ញ៉ើង មក​ពី​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ប្រាប់​អាស៊ី​សេរី​ថា ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​លោក​ស្រី​រាប់​ពាន់​គ្រួសារ​រង​ទុក្ខ​វេទនា ដោយសារ​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ក្រុមហ៊ុន​ដាំ​អំពៅ​របស់​ឧញ៉ា ហេង ហ៊ុយ និង​ក្រុមហ៊ុន​ដាំ​អំពៅ របស់​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា ក្រោយ​ពី​រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​ឲ្យ​ក្រុមហ៊ុន​ទាំង​នេះ។ លោកស្រី​បន្ត​ថា សព្វថ្ងៃ​នេះ មាន​ពលរដ្ឋ​មួយ​ចំនួន​បង្ខំ​ទទួល​យក​ដំណោះ​ស្រាយ​មិន​សមរម្យ ហើយ​មួយ​ចំនួន​ទៀត កំពុង​បន្ត​ស្វែង​រក​ដំណោះ​ស្រាយ។ ពលរដ្ឋ​រូប​នេះ​រៀបរាប់​ថា ការ​ស្វែង​រក​ដំណោះស្រាយ​កន្លង​មក ជួប​ផល​លំបាក​ខ្លាំង​ដោយសារ​អាជ្ញាធរ​តាំង​ពី​ក្រោម​ដល់​លើ គឺ​មិន​សូវ​អើពើ​ជា​មួយ​ពលរដ្ឋ​នោះ​ទេ ថែម​ទាំង​ចោទ​ប្រកាន់​ពលរដ្ឋ និង​គំរាមកំហែង​ពលរដ្ឋ​ជាដើម៖ « ពួក​យើង​ស្នើសុំ​ឲ្យ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ដោយ​សន្តិវិធី​ មិន​មែន​ដី​ពួក​យើង​បាត់​បង់​ដោយសារ​តែ​ក្រុមហ៊ុន​រំលោភ​យក​តែ​នៅ​ពេល​ដែល​យើង​ទៅ​តវ៉ា​បែរជា​ ក្រុមហ៊ុន​ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​ពួក​គាត់។ យើង​ស្នើសុំ​ថា​ បញ្ឈប់​ការ​លាប​ពណ៌ស​កម្ម​ជន​ដីធ្លី​ សកម្មជន​ព្រៃឈើ​ទៅ​ជា​រឿង​នយោបាយ​ព្រោះ​ពួក​យើង​ពលរដ្ឋ​រងគ្រោះ​ពិ​តៗ​ ដូច្នេះ​ ហើយ​ពួក​យើង​សុំ​ឲ្យ​មាន​ការ​ដោះស្រាយ​ជា​បន្ត​បន្ទាប់ »

របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ដែល​ចេញ​ផ្សាយ​កាលពី​សីហា​កន្លង​ទៅ បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ គិត​ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៨ ដល់​ខែ​មីនា ឆ្នាំ​២០១៩ មាន​មនុស្ស​ចំនួន ១៩​នាក់​ ត្រូវ​បាន​អាជ្ញាធរ​របប​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន ១៥នាក់​ត្រូវ​បាន​កោះហៅ ២១នាក់​ត្រូវ​បាន​ឃុំ​ខ្លួន និង ៤៥​នាក់​ត្រូវ​បាន​សាកសួរ ព្រមទាំង ៥​នាក់ ត្រូវ​បាន​ផ្ដន្ទាទោស​រឿង​ទំនាស់​ដីធ្លី​នៅ​កម្ពុជា។​

អង្គការ​សិទ្ធិ​មនុស្ស​មួយ​នេះ​ពិនិត្យ​ឃើញ​ទៀត​ថា សេរីភាព​នៃ​ការ​តវ៉ា​ដោយ​សន្តិវិធី​រឿង​ទំនាស់​ដីធ្លី​នេះ​ ត្រូវ​បាន​រំលោភបំពាន​ដោយ​មិន​សម​ហេតុផល ហើយ​ជា​ញឹកញាប់​អាជ្ញាធរ​តែងតែ​រារាំង​ការ​តវ៉ា ប្រើប្រាស់​កម្លាំង​មិន​សមាមាត្រ​ចំពោះ​ការ​តវ៉ា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។