សហគមន៍ និងសង្គមស៊ីវិលសាទរចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ប្រចាំតំបន់តាំងនៅខេត្តព្រះសីហនុ ឲ្យតំណាងសហគមន៍ដីធ្លីខេត្តកោះកុងចំនួន ៨នាក់ ឈ្នះក្ដី លោក ហេង ហ៊ុយ ។ ពួកគាត់លើកឡើងថា ការសម្រេចនេះ ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដែលសម្រេចឲ្យពលរដ្ឋឈ្នះអ្នកមានលុយ មានអំណាច និងស្នើដល់តុលាការគ្រប់ជាន់ថ្នាក់យកគំរូតាមសាលាឧទ្ធរណ៍ព្រះសីហនុ។
តំណាងសហគមន៍ដីធ្លី១៩៧គ្រួសារ លោកស្រី ដេត ហ៊ួរ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១៦ វិច្ឆិកា ថា លោកស្រីសាទរចំពោះសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ព្រះសីហនុ ដែលសម្រេចឲ្យពួកគាត់ឈ្នះក្ដីលោក ហេង ហ៊ុយ នៅពេលនេះ។
លោកស្រី ក៏ស្នើដល់រដ្ឋាភិបាលចាត់ឲ្យមានក្រុមដោះស្រាយវិវាទដីធ្លីឯករាជ្យ ដើម្បីដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។
លោកស្រី ដេត ហួរ៖ «ខ្ញុំក៏សង្ឃឹមថា សម្ដេចនឹងឮសារមួយនេះ ខ្ញុំកំពុងតែយំស្រែក ហើយកំពុងតែបាត់បង់ដីធ្លី សម្ដេចនឹងដោះស្រាយបញ្ហាជូនពួកខ្ញុំក្រៅប្រព័ន្ធតុលាការ។ ខ្ញុំសង្ឃឹមហើយនៅតែជឿជាក់ថា សម្ដេចថ្ងៃណាមួយនឹងបានឮសារពួកខ្ញុំ ហើយថ្ងៃណាមួយ នឹងមានមន្ត្រីឯករាជ្យមួយ ដែលគាត់ធ្វើការឲ្យប្រជាពលរដ្ឋពិតប្រាកដ»។
ការលើកឡើងនេះ បន្ទាប់ពីចៅក្រមសាលាឧទ្ធរណ៍ព្រះសីហនុ នៅថ្ងៃទី១៦ វិច្ឆិកា បានប្រកាសសាលដីកា សម្រេចឲ្យតំណាងសហគមន៍ដីធ្លី១៩៧គ្រួសារ ចំនួន៨ នាក់រួមមានលោកស្រី ដេត ហួរ លោកស្រី កើត នៅ និងលោក សុខ ជ័យ និងតំណាងសហគមន៍៥នាក់ផ្សេងទៀត ឈ្នះក្ដី លោក ហេង ហ៊ុយ ដែលបានប្ដឹងតំណាងសហគមន៍ទាំង៨នាក់ ពីបទបរិហារបង្កាច់កេរ្តិ៍ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលប្រព្រឹត្តនៅខេត្តកោះកុង ពាក់ព័ន្ធនឹងការតវ៉ាទាមទារស្វែងរកដំណោះស្រាយវិវាទដីធ្លី។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ វិច្ឆិកា ថា លោកសាទរ និងស្វាគមន៍ចំពោះការសម្រេចឲ្យតំណាងសហគមន៍រងគ្រោះដីធ្លី ឈ្នះក្ដីអ្នក ដែលរំលោភយកដីពួកគាត់។ លោកស្នើដល់តុលាការនៅតាមរាជធានីខេត្តទាំងអស់យកគំរូតាមសាលាឧទ្ធរណ៍ព្រះសីហនុក្នុងការស្វែងរកយុត្តិធម៌ជូនពលរដ្ឋ។
លោក វណ្ណ សូផាត៖ «នេះជាលើកទី១ ហើយក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែរ ក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលបានកាត់ក្ដីឲ្យប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់រួចពីការចោទប្រកាន់របស់អ្នកមានអំណាចជាពិសេស គឺអ្នក ដែលរំលោភយកដីគាត់តែម្ដង។ តាមពិតទៅសាលាដំបូងត្រូវទម្លាក់ការចោទប្រកាន់តាំងពីដំបូងម្ល៉េះ»។
ពលរដ្ឋនៅខេត្តកោះកុងរាប់ពាន់គ្រួសារ បានបាត់បង់ដីធ្លី ដោយសារការផ្ដល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ទៅឱ្យឧកញ៉ា និងអ្នកមានអំណាច ក្នុងនោះ រួមមានលោក លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ មន្ត្រីជាន់ខ្ពស់ពាក់ផ្កាយពីរ នៃក្រសួងមហាផ្ទៃ។
ពលរដ្ឋបានព្យាយាមតវ៉ា និងដើរដាក់ញត្តិរាប់មិនអស់ ទាំងនៅថ្នាក់ខេត្ត និងតាមក្រសួងស្ថាប័ននៅថ្នាក់ជាតិ ដើម្បីស្វែងរកដំណោះស្រាយដីធ្លីអូសបន្លាយអស់រាប់ឆ្នាំមកហើយ ប៉ុន្តែមិនដែលទទួលបានដំណោះស្រាយឡើយ ក៏ប៉ុន្តែតុលាការបានចោទប្រកាន់ពួកគាត់ពីបទព្រហ្មទណ្ឌ និងបានចាប់ឃុំខ្លួនក្នុងពន្ធនាគារថែមទៀត។
មកទល់នឹងថ្ងៃទី១៦ វិច្ឆិកានេះ គឺជាលើកទី១ហើយ ដែលតុលាការបានកាត់ក្ដី ឲ្យពលរដ្ឋរងគ្រោះបាត់បង់ដីធ្លីឈ្នះក្ដីអ្នកមានអំណាច ក៏ប៉ុន្តែមន្ត្រីអង្គការសង្គមស៊ីវិលបារម្ភថា អ្នកមានអំណាចទាំងនោះ នឹងមិនបញ្ចប់រឿងក្ដីត្រឹមសាលាឧទ្ធរណ៍នោះទេ ហើយពួកគេនឹងប្ដឹងជំទាស់ទៅតុលាការកំពូលបន្តទៀត។ ទោះជាយ៉ាងណា អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត នៅតែទទូចដល់តុលាការគ្រប់ជាន់ថ្នាក់ពិនិត្យពាក្យបណ្ដឹងឲ្យបានល្អិតល្អន់ មុននឹងសម្រេចចិត្តចោទប្រកាន់លើពលរដ្ឋណាម្នាក់ ជៀសវាងបង្កទុក្ខជាន់លើទុក្ខដល់ពលរដ្ឋ។ មួយវិញទៀត លោកថា ករណីសហគមន៍ដីធ្លី១៩៧គ្រួសារនៅខេត្តកោះកុងនេះ តុលាការមិនគួរចោទប្រកាន់ពួកគាត់តាំងពីដំបូងមកម្ល៉េះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។