ជនជាតិដើមភាគតិចកួយចំនួន ៣ភូមិ រស់នៅខេត្តកំពង់ធំ ស្នើឱ្យអាជ្ញាធរខេត្តនេះ ចេញដីការក្សាការពារដីសហគមន៍មួយកន្លែង ជាបណ្តោះអាសន្នសិន ដើម្បីទប់ទល់ការបំពារបំពាន ពីសំណាក់ក្រុមហ៊ុនឯកជនមួយ។ ពួកគាត់សង្កេតឃើញថា កន្លងទៅអាជ្ញាធរខេត្តនេះ តែងតែមិនអើពើ ចេញដីការក្សាការពារ សុវត្ថិភាពដីធ្លីជូនប្រជាសហគមន៍ ស្របតាមគោលការណ៍ណែនាំរបស់រដ្ឋាភិបាលនោះទេ គឺផ្តល់ឱកាសឱ្យក្រុមហ៊ុនបន្តរំលោភបំពានដីសមូហភាពដែលអ្នកភូមិអាស្រ័យផល បែបប្រពៃណី។
ពលរដ្ឋរាប់រយគ្រួសារភាគច្រើនជាជនជាតិដើមភាគតិចកួយ រស់នៅក្នុងភូមិចំនួន៣ ក្នុងឃុំងន ស្រុកសណ្ដាន់ មិនទាន់ស្ងប់ចិត្តនៅឡើយទេ ដរាបណា អាជ្ញាធរខេត្តកំពង់ធំនៅតែ ពន្យារពេលមិនចេញដីការក្សាការពារដីព្រៃសមូហភាពក្បិតចង្ហូរខ្នា ដើម្បីទប់ស្កាត់ការរំលោភបំពាន ពីសំណាក់ក្រុមហ៊ុនសម្បត្តិ ផ្លេធីណឹម(SAMBATH PLANTINUM Co., LldTD) ។ ពួកគេអះអាងថា ការចេញដីកា ការពារដីសមូហភាពនេះ គឺជារឿងចាំបាច់បំផុត ដើម្បីរក្សាសុវត្ថិភាពដីសហគមន៍ ដែលកំពុង រង់ចាំដំណោះស្រាយជាស្ថាពរ ពីអាជ្ញាធររដ្ឋ។
អនុប្រធានទី១ នៃសហគមន៍ជនជាតិដើមភាគកួយក្បិតចង្ហូរខ្នា គឺលោក ហ៊ាន ហៀក ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ កក្កដាថា ព្រៃសមូហភាពក្បិតចង្ហូរខ្នា កំពុងឋិតក្នុងភាពផុយស្រួយ ឬប្រឈមការបាត់បង់ ប្រសិនបើអាជ្ញាធរខេត្តកំពង់ធំ មិនរួសរាន់ ចេញដីការក្សាការពារនោះទេ។
លោកបញ្ជាក់ថា ដីសមូហភាពនេះ អ្នកភូមិបានស្នើសុំចុះបញ្ជីទំហំជាង ៦០០ ហិកតារ (៦០០,៥១) គឺប្រភពសេដ្ឋកិច្ចយ៉ាងសំខាន់ របស់ពលរដ្ឋរាប់រយគ្រួសារ កំពុងប្រឈមការរំលោភបំពាន ពីសំណាក់ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម។ លើសពីនេះ កន្លងទៅ ក្រុមហ៊ុននេះ បានបោះបង្គោលរបង លយចូលដីព្រៃសមូហភាព របស់សហគមន៍អស់ជាច្រើនហិកតារ ធ្វើឱ្យអ្នកភូមិកើតទុក្ខមិនសុខចិត្ត និងកំពុងស្វែងរកកិច្ចអន្តរាគមន៍ ទៅស្ថាប័នពាក់ព័ន្ធ៖ «ពួកក្រុមហ៊ុនហ្នឹងគាត់យកបង្គោលបោះរុញមក ចម្ការស្វាយចន្ទីរ របស់ពលរដ្ឋទៀត អ៊ីចឹងកើតមានបញ្ហាជម្លោះទាស់ទែងគ្នារហូតដល់ពេលបច្ចុប្បន្ន។ រំលោភបន្តិច ពួកខ្ញុំមានចិត្តក្ដៅក្រហល់ក្រហាយខ្លាំង បានមានចិត្តពិភាក្សា ពីគ្រោះយោបល់គ្នា។
តំណាងសហគមន៍រូបនេះ បន្ថែមថា ប្រសិនបើអាជ្ញាធរខេត្តនេះ មិនចេញដីកា រក្សាការពារ ដីព្រៃសមូហភាពនេះទេ អ្នកភូមិមិនហ៊ានចូលទៅអាស្រ័យផល និងបង្កបង្កើនផល ដីនៅតំបន់នោះទេ។ លោកថា ក្រុមហ៊ុនមានចេតនា ច្បាមយកដីសមូហភាពនេះអស់ជាបន្តបន្ទាប់ ទើបអ្នកភូមិខឹងសម្បារ ហើយកំពុងរកមធ្យោបាយ ការពារសុវត្ថិភាពដីអភិរក្សនេះឱ្យគង់វង្ស ដើម្បីជាប្រយោជន៍យូរអង្វែងរបស់ពលរដ្ឋ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺបន្ថែម ពីតំណាងក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម លោក ឆេង ផាន់ បាននៅឡើយទេ នៅថ្ងៃទី១២ កក្កដា។
ចំណែកឯ អភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ ក៏វិទ្យុអាស៊ីសេរីមិនទាន់អាចសុំការបំភ្លឺបានដែរ ដោយទូរស័ព្ទហៅចូលច្រើនដង តែគ្មានអ្នកលើក។
ប្រជាសហគមន៍បន្ថែមថា ដីសមូហភាពក្បិតចង្ហូរខ្នា មានព្រៃអារក្ស ព្រៃខ្មោច ព្រៃបុស្ស និងព្រៃបម្រុងទុក ដែលអ្នកភូមិបានស្នើសុំចុះបញ្ជីដីសមូហភាព ទៅក្រសួងដែនដី ក្រសួងមហាផ្ទៃ និងក្រសួងអភិវឌ្ឍន៍ជនបទ ហើយមកទល់ពេលនេះកំពុងឋិតក្នុងដំណើរការនីតិវិធីមិនទាន់រួចរាល់ជាស្ថាពរនៅឡើយទេ។
អ្នកភូមិថា កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ មន្ត្រីជំនាញសុរិយោដី បានចុះវាស់វែង ដីព្រៃសមូហភាពនេះ ដោយរកឃើញទំហំផ្ទៃដីជាក់ស្តែង ប្រមាណជិត ១ពាន់ហិកតារ ហើយពួកគាត់កំពុងស្នើឱ្យអាជ្ញាធរធ្វើផែនទី និងកំណត់បង្គោលព្រំដីឱ្យច្បាស់លាស់ ដើម្បីងាយស្រួលការពារ។
របាយការណ៍របស់ប្រជាសហគមន៍បង្ហាញថា កាលពីដើមឆ្នាំ២០២១ ក្រុមហ៊ុនសម្បត្តិផ្លេធីណឹមបានបោះបង្គោលរំលោភយកដីសមូហភាពសហគមន៍ របស់អ្នកភូមិ អស់ជាច្រើនហិកតារ ហើយពលរដ្ឋបានស្នើសុំកិច្ចអន្តរាគមន៍ ទៅរដ្ឋមន្ត្រីក្រសួងដែនដី។
ក្រោយមក ក្រសួងដែនដីចេញលិខិត ផ្ញើឱ្យអភិបាលខេត្តកំពង់ធំ ឱ្យដោះស្រាយបញ្ហាប្រឈមទាំងនេះ ប៉ុន្តែប្រជាសហគមន៍អះអាងថា អាជ្ញាធរខេត្តនេះ មិនអើពើដោះស្រាយជម្លោះដីធ្លីនេះ ឱ្យច្បាស់លាស់នោះទេ ពោលគឺបណ្ដែតបណ្ដោយឱ្យ ក្រុមហ៊ុនបន្តរំលោភបំពានសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលលេខាធិការដ្ឋានសម្ព័ន្ធជនជាតិដើមភាគតិចកម្ពុជា លោក យុន ឡួរ៉ង់ យល់ថា ប្រសិនបើរដ្ឋាភិបាល និងអាជ្ញាធរខេត្តនេះមានឆន្ទៈដោះស្រាយជម្លោះដីធ្លីនេះ គួរតែគាំទ្រ បំណងរួមរបស់ប្រជាសហគមន៍ ដោយចេញដីកា រក្សាការពារដីសមូហភាពនេះជាមុនសិន។ លោកថា ការចេញដីកា រក្សាការពារ គឺជាយន្តការស្របច្បាប់មួយ ដែលមានចែងក្នុងអនុក្រឹត្យលេខ ៨៣ របស់រដ្ឋាភិបាល ដែលបញ្ជាឱ្យអាជ្ញាធរខេត្តអនុវត្តវិធានការនេះ ដើម្បីការពារសុវត្ថិភាពដីធ្លីជូនពលរដ្ឋ៖ «ដោះឬមិនដោះសំខាន់ការពារកន្លែងហ្នឹងសិន ចាំយើងរកដំណោះស្រាយពេលក្រោយ កុំឱ្យបន្តឱ្យមានការឈូសឆាយ អ៊ីចឹងទៅវា ធ្វើឱ្យមានបញ្ហា វាអាចប៉ះពាល់តំបន់គាត់ ឬមួយដីព្រៃនៅទីនោះកាន់តែខ្លាំង។ កន្លងមក ការចេញដីកា ការពារបណ្ដោះអាសន្ន វាអត់ត្រូវបានផ្សព្វផ្សាយ និងអនុវត្តទេ នេះជាបញ្ហាកើតឡើងគ្រប់កន្លែងទាំងអស់។ វិធានការនេះវាគួរតែមានឥទ្ធិពល វាការពារព្រៃ និងការពារដីបាន តែវាជាក់ស្តែងអត់អ៊ីចឹង កន្លងមក»។
លោក យុន ឡូរ៉ង់ សង្កេតឃើញថា កន្លងទៅអាជ្ញាធរខេត្តកំពង់ធំ និងអាជ្ញាធរខេត្តដទៃទៀត មិនគោរពគោលការណ៍ណែនាំ របស់រដ្ឋាភិបាលនោះទេ គឺបណ្តែតបណ្តោយឱ្យក្រុមហ៊ុន និងអ្នកមានឥទ្ធិពល រំលោភយកដីធ្លីរបស់ប្រជាសហគមន៍អស់ជាបន្តបន្ទាប់ ស្របពេលដែលដីមានជម្លោះនោះ កំពុងឋិតក្នុងដំណើរការនីតិវិធីដោះស្រាយ។ លោកថា រដ្ឋាភិបាលគួរតែតាមដាន ប្រសិទ្ធភាពការងាររបស់អាជ្ញាធរខេត្តកំពង់ធំ និងខេត្តដទៃទៀត ដែលមិនអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល។
ប្រជាសហគមន៍ថា កន្លងទៅដីសមូហភាពក្បិតចង្ហូរខ្នា មានផ្ទៃដីទំហំ ជាង ១.០០០ហិកតារ ហើយក្រុមហ៊ុនបានឈូសឆាយអស់រាប់រយហិកតារ ហើយបច្ចុប្បន្ននៅសល់ដីជាង ៦០០ហិកតារប៉ុណ្ណោះ ដែលពួកគាត់កំពុងការពារ និងថែទាំ។
ក្រុមហ៊ុនសម្បត្តិផ្លេធីណឹមទទួលសិទ្ធិវិនិយោគដីពីរដ្ឋាភិបាលទំហំជាង ២ពាន់ ៤រយហិកតារ (២.៤៩៦) កាលពីឆ្នាំ២០១០។ ក្រុមហ៊ុននេះ វិនិយោគដំណាំឧស្សាហកម្ម កៅស៊ូ និង ដំណាំផ្សេងទៀត ស្ថិតក្នុងដែនជម្រកសត្វព្រៃបឹងពែរ នៃស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ អ្នកភូមិថា ក្រោយពីមានវត្តមានក្រុមហ៊ុននេះ វិនិយោគតំបន់នោះ ធ្វើឱ្យអ្នកភូមិជួបការលំបាកច្រើន ដោយសារបាត់បង់ព្រៃឈើ ដីធ្លី សត្វព្រៃ និងដីព្រៃសមូហសហគមន៍ ដែលពួកគាត់តែងតែបង្កបង្កើនផល បែបប្រពៃណីជនជាតិដើមភាគតិចកួយ មុនពេលដែលក្រុមហ៊ុនវិនិយោគនៅទីនោះ។
របាយការណ៍អង្កេតរបស់អង្គការជនជាតិដើមភាគតិចកម្ពុជា ឱ្យដឹងថា សហគមន៍ជនជាតិដើមភាគតិចកួយក្បិតចង្ហូរខ្នា បានចុះបញ្ជីទទួលស្គាល់ស្វ័យអត្តសញ្ញាណជនជាតិដើមភាគតិចកួយ ដោយក្រសួងអភិវឌ្ឍន៍ជនបទ កាលពីឆ្នាំ២០១៦ និងក្រសួងមហាផ្ទៃ នៅឆ្នាំ២០១៧ ដោយសហគមន៍មានផែនទីបឋម កំណត់ទំហំផ្ទៃដីសមូហភាពច្បាស់លាស់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។