សហគមន៍​អះអាង​ថា អាជ្ញាធរ​ស្រុក​ឆែប​ព្រមាន​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​មិន​ឲ្យ​ចូល​ទៅ​ធ្វើស្រែ​ចម្ការ​នៅក្នុង​ក្រុមហ៊ុន​ស្ករអំពៅ​ចិន

សហគមន៍​រងគ្រោះ​ដីធ្លី នៅ​ស្រុក​ឆែប ខេត្ត​ព្រះវិហារ អះអាង​ថា អាជ្ញាធរ​បាន​ព្រមាន​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី និង​ហាមឃាត់​អ្នកភូមិ​ប្រើស​ក្អក មិន​ឲ្យ​ចូល​ទៅ​ធ្វើស្រែ​ចម្ការ​របស់​ពួកគេ​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ចិន រ៉ូយ ហ្វេង (Rui Feng) ទៀត​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ឃើញ​ថា អាជ្ញាធរ​មិន​គួរ​ប្រើប្រាស់​ពាក្យសម្ដី​គំរាមកំហែង​និង​មិន​ស្វែងរក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឡើយ។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី នៅ​ភូមិ​ប្រើស​ក្អក ឃុំ​ម្លូរព្រៃពីរ ស្រុក​ឆែប ខេត្តព្រះវិហារ អះអាង​ថា អាជ្ញាធរ​ស្រុក​ឆែប មិនបាន​រក​ដំណោះស្រាយ ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​នោះ​ទេ និង​គំរាម​ប្ដឹង​ពលរដ្ឋ​ទៅ​តុលាការ​ថែម​ទៀត។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ​នៅ​ភូមិ​ប្រើស​ក្អក លោក ជុំ សុភឿត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែ​ឧសភា​ថា ពលរដ្ឋ​ភូមិ​ប្រើស​ក្អក​ចំនួន​៧​នាក់ បាន​ចូលរួម​កិច្ចប្រជុំ​ស្វែងរក​ដំណោះស្រាយ​ជាមួយ​អភិបាលស្រុក​ឆែប លោក ឡង់ សុបិន នៅ​សាលាស្រុក​ឆែប កាលពី​ថ្ងៃទី​១៣ ខែ​ឧសភា ប៉ុន្តែ​ក្នុង​កិច្ចប្រជុំ​នោះ មិន​មាន​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ចូលរួម​នោះ​ទេ ក្រៅពី​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​និង​អាជ្ញាធរ​ស្រុក ហើយ​អាជ្ញាធរ​បាន​ដកហូត​ទូរស័ព្ទ​និង​សម្ភារៈ​ផ្សេងៗ​ដែល​អាច​ថតរូប​និង​សំឡេង​។ លោក​ថា នៅក្នុង​កិច្ចប្រជុំ​នោះ​អភិបាលស្រុក​ឆែប លោក ឡង់ សុបិន បាន​ព្រមាន​ប្រជាពលរដ្ឋ​មិន​ឲ្យ​ចូល​ទៅ​ធ្វើស្រែ​ចម្ការ​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ស្ករអំពៅ​ចិន​នោះ​ឡើយ ដោយ​សំអាង​ថា ដី​ទាំងនោះ​ជា​របស់​ក្រុមហ៊ុន​ចិន​វិនិយោគ ដើម្បី​អភិវឌ្ឍន៍​។ លោក​បន្ថែម​ថា ការណ៍​ដែល​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​អាស្រ័យ​ផល​នៅ​លើ​ដីស្រែ​ចម្ការ​របស់​ពួកគេ គឺជា​ទង្វើ​រំលោភបំពាន​និង​គ្មាន​យុត្តិធម៌​សម្រាប់​ជនជាតិ​ដើម និង​ជា​អ្នករងគ្រោះ។

លោក ជុំ សុភឿត៖ «ដី​ទាំងអស់​នោះ​គាត់​ប្រើប្រាស់​យូរណាស់​មក​ហើយ ធ្វើ​ប្លង់​ឲ្យ​ពួកគាត់​ទៅ​វា​លែង​មាន​រឿងរ៉ាវ​ហើយ វា​គ្មាន​ភាព​យុត្តិធម៌ អ្នក​ឈ្មួញ​កណ្ដាល​គេ​មក​ពីណា​ពី​ណី​យក​បាន​ដី​រាប់​រាយ​ហិកតារ​មកដល់​ពេល​អ្នក​ដែល​មាន​ស្រែចម្ការ​ធ្លាប់ធ្វើ​ពី​ដូន​ពី​តា​មក​បែប​ជា​ដេញ​គាត់​មិន​ឲ្យ​ធ្វើ​វា​គ្មាន​ភាព​យុត្តិធម៌»។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​អភិបាល​ស្រុក​ឆែប លោក ឡង់ សុបិន និង​អភិបាល​ខេត្ត​ព្រះវិហារ លោក គីម រីទ្ធី បាន​ទេ នៅ​ថ្ងៃទី​២៨ ខែ​ឧសភា។

ទោះជា​យ៉ាងណា​អាជ្ញាធរ​ស្រុក​ឆែប ធ្លាប់​ចេញ​សេចក្ដី​ប្រកាស​ហាមឃាត់​ប្រជាពលរដ្ឋ​ចំនួន​១៧​ភូមិ ក្នុង​ឃុំ​ចំនួន​៦ មិន​ឲ្យ​ចូល​ទៅ​ឈូស​ឆាយ ឬ​ភ្ជួរ​ដី ធ្វើស្រែ​ចម្ការ​នៅក្នុង​បរិវេណ ក្រុមហ៊ុន​ចិន រ៉ូយ ហ្វេង ដែល​ស្ថិតនៅ​ក្នុងស្រុក​ឆែប ខេត្ត​ព្រះវិហារ ម្ដង​រួច​មក​ហើយ ប៉ុន្តែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ចំណាកស្រុក​អាច​ចូល​ធ្វើ​ស្រែចម្ការ​ជំនួស​ជនជាតិ​ដើម​ភាគតិច​កួយ​វិញ។

ទាក់ទិន​នឹង​បញ្ហា​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញ​ថា អាជ្ញាធរ​ស្រុក​ឆែប​កំពុងតែ​គាំទ្រ​ក្រុមហ៊ុន និង​ក្រុម​ឈ្មួញកណ្ដាល ដែល​រកស៊ី​ជួល​ដី​ធ្វើស្រែ ហើយ​កោះហៅ​ប្រជាពលរដ្ឋ​យក​ទៅ​ដាក់​សម្ពាធ​បន្ថែម​បែបនេះ​មិនមែន​ជា​យន្តការ​ស្វែងរក​ដំណោះស្រាយ​ឡើយ​។ លោក​បន្ថែម​ថា ប្រសិនបើ​អាជ្ញាធរ​យល់​អំពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ច្បាប់​ភូមិបាល​ច្បាស់លាស់ អាជ្ញាធរ​នឹង​មិន​ប្រើប្រាស់​ពាក្យសម្ដី​គំរាមកំហែង​ដល់​ពលរដ្ឋ​បែប​នេះ​នោះ​ទេ។

លោក ប៉ឹក សោភ័ណ៖ «គាត់​យល់​ពី​សិទ្ធិ​ពលរដ្ឋ​យល់​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច មាន​ក្នុង​ច្បាប់​ភូមិបាល ប្រហែលជា​គាត់​គោរព​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​គាត់​នឹង​មិន​ប្រើ​ពាក្យពេជ​ណាមួយ ដែល​បញ្ហា​ពី​ការរំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ដែល​គាត់​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​គាត់​ប្រើប្រាស់​អាស្រ័យ​ផល​ដីធ្លី​តាំងពី​ដូនតា​គាត់​មក»។

ក្រុមហ៊ុន ហេង ហ្វូ ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០១១ លើ​ផ្ទៃដី​ជិត​៥​ម៉ឺន​ហិកតារ (៤៩,០០០) នៅ​ខេត្តព្រះវិហារ​ដើម្បី​វិនិយោគ​ទៅលើ​ផលិត​ស្ករស ដែល​មាន​ក្រុមហ៊ុន​ជា​បុត្រ​សម្ព័ន្ធ​ចំនួន​៥ រួមមាន​ក្រុមហ៊ុន រ៉ូយ ហ្វេង (Rui Feng ) ឡាន ហ្វេង (Lan Feng ) ហេង យូ (Heng Yue) និង ហេង ណុង (ខេមបូឌា) អ៊ីនធើណេសិនណល ខមភេនី (Heng Non (Cambodia) International Company)​។ ក្រុមហ៊ុន​មួយ​នេះ​បាន​ផ្អាក​ដំណើរការ​ម្ដង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០១៩ ប៉ុន្តែ​នៅ​ឆ្នាំ​២០២៣​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បាន​អះអាង​ថា ក្រុមហ៊ុន​ស្ករ​អំពៅ​នៅតែ​ដំណើរការ​ជា​ធម្មតា​។ ទោះជា​យ៉ាងណា រហូតមកដល់​ឆ្នាំ​២០២៤​នេះ គេ​មិន​ទាន់​ឃើញ​ក្រុមហ៊ុន ហេង ហ្វូ ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី ក្រៅ​ពី​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ជួល​ដី​ទាំងនោះ​ឲ្យ​ទៅ​ពលរដ្ឋ​ចំណាកស្រុក​ឲ្យ​ដាំ​ដំណាំ​កសិកម្ម និង​មិន​ព្រម​ដោះស្រាយ​ជម្លោះដីធ្លី​ឲ្យ​ពលរដ្ឋ​នៅ​តំបន់​នោះ​នៅឡើយ ព្រមទាំង​មាន​ការ​ប្ដឹងផ្ដល់​ពលរដ្ឋ​មាន​វិវាទ​ដីធ្លី​ទៅ​តុលាការ​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។