តំបន់សន្លុងស្លដែកមានផ្ទៃដីជាង ៥ ហិកតារ ឋិតក្នុងភូមិអូរពោរ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ដែលជាកន្លែងអភិរក្សវប្បធម៌យ៉ាងសំខាន់របស់ជនជាតិដើមភាគតិចកួយ ត្រូវបានមេការក្រុមហ៊ុនទ្រីភាព ( TRY PHEAP IMPORT EXPORT CO., LTD. ) ប្រើគ្រឿងចក្រ ៣ គ្រឿង ឈូសបំផ្លាញចោលទាំងស្រុង ឱ្យក្លាយជាវាលរហោឋាន នៅរយៈពេលជាង ១ សប្តាហ៍ចុងក្រោយនេះ។ អ្នកភូមិជាង ៣០ គ្រួសារ រស់នៅភូមិ តាឡែក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ជាប់ព្រំដែនខេត្តព្រះវិហារ កំពុងកើតទុក្ខមិនសុខចិត្តចំពោះទង្វើនេះ និងចាត់ទុកថា ជាការរំលាយអត្តសញ្ញាណប្រវត្ថិសាស្ត្រ និងជាន់ពន្លិចប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិចកួយ។
យុវជនជនជាតិដើមភាគតិចកួយលោក ហុក ឡេង ឱ្យដឹងនៅថ្ងៃទី២៤ ខែឧសភាថា តំបន់សន្លុងស្លដែក ឬហៅម្យ៉ាងទៀតថា សន្លុងត្នោត ជាកន្លែងគោរពបូជាយ៉ាងសំខាន់របស់អ្នកស្រុកតាំងពីដើមមក។ លើសពីនេះ តំបន់នោះ មានទឹកផុសខួបប្រាំង និងវស្សា អំណោយផលគាប់ប្រសើរឱ្យអ្នកស្រុក ធ្វើស្រែចម្ការគ្រប់រដូវបាន។ ទន្ទឹមនឹងនេះ មានស្រះទឹកបុរាណ ដែលដូនតាកួយកសាង ដើម្បីចម្រាញ់ថ្មឱ្យក្លាយជាដែក អមដោយចង្ក្រាន និងបំពង់បង្ហូរដែកជាដើម។ សំណល់វប្បធម៌ទាំងនេះ ត្រូវបានគេឈូសកម្ទេចចោលទាំងស្រុង។ លោកបន្ថែមថា តំបន់នោះមានដើមឈើធំៗ ទួលបុរាណ សត្វព្រៃ វល្លិ៍ និងកន្លែងឃ្វាលគោក្របី ដែលអ្នកស្រុកចាត់ទុកថា របស់ជនជាតិកួយ ត្រូវបានបាត់បង់ទាំងស្រុងដែរ៖ «មានដើមឈើធំៗ យើងមិនព្រោះតំបន់ជំនឿ ដួលអស់ហើយអត់មានសល់ទេ សូម្បីអាចម៍ដែក និងបំពង់បង្ហូរដែក ដែលភាសាបច្ចេកទេសហៅថា ត្រឡែក ក៏ឈូសគ្មានសល់ទេ។ ខាងអាជ្ញាធរកុំថាឡើយ ថែ គាត់មិនមកមើលផង បើប៉ូលិសវិញ នៅពេលគេវាយព្រៃ គាត់មកឈរមើល»។

លោក ហុក ឡេង បន្ថែមថា កន្លងមក ជនជាតិដើមភាគតិចកួយ ទាញប្រយោជន៍ច្រើន ពីតំបន់សន្លុងស្លដែក និងទាក់ទាញភ្ញៀវទេសចរណ៍ ព្រោះកន្លែងនោះ មានទេសភាពស្អាត និងជាស្ថានីយ៍ស្លដែកកាលពីសម័យបុរាណ ដែលដូនតារបស់ពួកគាត់បានផលិតដែកមានគុណភាពខ្ពស់ សម្រាប់យកទៅសាងសង់ប្រាសាទ ដោះដូរគោក្របី និងសម្រាប់យកទៅថ្វាយព្រះមហាក្សត្រជាដើម។ លោកថា ការបំផ្លាញតំបន់នេះ ធ្វើឱ្យសហគមន៍ខាតប្រយោជន៍ច្រើន និងបាត់បង់ កន្លែងប្រត្តិសាស្ត្រ ដែលដូនតាកួយបន្សល់ទុក៖ «បាត់បង់អ៊ីចឹងទៅ យកគិតមើល ប្រាក់ចំណូលសេដ្ឋកិច្ចរបស់សហគមន៍ខ្លួនឯង បានទៅពីណា ? បានទៅក្រុមហ៊ុនអស់ហើយ បំផ្លាញទាំងប្រវត្តិសាស្ត្រកន្លែងអស់ហើយ។ មន្ទីរវប្បធម៌ យើងមិនដែលឃើញគាត់ ចុះធ្វើចុះបញ្ជីតំបន់ប្រវត្តិសាស្ត្រ និងដាក់ស្លាកដាក់អីទេ »។
ជុំវិញការឈូសឆាយកម្ទេចតំបន់សន្លុងស្លដែកនេះ ជនជាតិដើមភាគតិចកួយ ១៤នាក់ បានធ្វើដំណើរទៅសាលាស្រុករវៀង នៅរសៀលថ្ងៃទី២៤ ខែឧសភា ដើម្បីស្វែងរកដំណោះស្រាយករណីនេះ ប៉ុន្តែអ្នកភូមិថា មិនឃើញអភិបាលស្រុកលោក ហោ ប៊ុនហូរ នៅការិយាល័យនោះទេ។
ជនជាតិដើមភាគតិចកួយលោកស្រី ងួន ហ៊ាង ថ្លែងថា អ្នកភូមិគ្មានសមត្ថភាពទប់ទល់គ្រឿងចក្ររបស់មេការ ក្រុមហ៊ុន ទ្រី ភាព គឺលោក តយ បាននោះទេ ហើយពួកគេបានរាយការណ៍ប្រាប់អាជ្ញាធរ និងនគរបាលឱ្យចុះទប់ស្កាត់ដែរ តែគ្មានដំណោះស្រាយឡើយ។ លោកស្រីថា អ្នកភូមិមានជំនឿថា តំបន់សន្លុងស្លដែកពូកែស័ក្តិសិទ្ធិ និងចាត់ទុកតំបន់នោះ ជាបេតិកភណ្ឌដ៏មានតម្លៃ របស់ជនជាតិដើមកួយ៖ «គេចង់បំបាត់វប្បធម៌យើង ដោយសារព្រៃយើងខំទុកគោរពតាំងពី យូរយាមកហើយ ស្លដែក មានសព្វគ្រប់។ យើងបានសែនព្រេន ពេលនេះ ឈូសខ្ទេចខ្ទីអស់ហើយ »។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអភិបាលខេត្តព្រះវិហារលោក ប្រាក់ សុវណ្ណ និង អ្នកនាំពាក្យសាលាខេត្តនេះលោក យ៉ុង គឹមហឿង បាននៅឡើយទេ នៅថ្ងៃទី២៤ ខែឧសភា។ ចំណែកអភិបាលស្រុករវៀងលោក ហោ ប៊ុនហួរ និងមេការក្រុមហ៊ុន ទ្រី ភាព លោក តយ ក៏អាស៊ីសេរីមិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ ដោយទូរស័ព្ទចូលពុំមានអ្នកទទួល។
ប៉ុន្តែអ្នកនាំពាក្យក្រសួងវប្បធម៌លោក ឡុង ប៊ុណ្ណសេរីវឌ្ឍន៍ មានប្រសាសន៍ថា បញ្ហានេះលោកមិនអាចបំភ្លឺបានភ្លាមៗ ទេ តែលោកស្នើឱ្យអាស៊ីសេរី តាំងសំណួរផ្ញើមកក្រសួងតាមតេលេក្រាម (Telegram) ហើយលោកសន្យាថា ក្រសួងនឹងចាត់ឱ្យមន្ត្រីជំនាញស្រាយបំភ្លឺរឿងនេះ។ លោកពន្យល់ថា គោលនយោបាយអភិរក្សបេតិកភណ្ឌ ដីបេតិកភណ្ឌ និងដីបុរាណវិទ្យាក្តី ត្រូវបានការពារដោយច្បាប់ មិនអនុញ្ញាតឱ្យប៉ះពាល់ដាច់ខាត ហើយត្រូវរក្សាទុកតំបន់នោះ ជាដីសាធារណៈរបស់រដ្ឋ ក្នុងបំណងថែរក្សាសម្បត្តិវប្បធម៌។ លោកបញ្ជាក់ថា លោកមិនទាន់ទទួលបានរបាយការណ៍ ស្តីពីការបាត់បង់តំបន់សន្លុងស្លដែកនេះនៅឡើយទេ៖ «ជាគោលនយោបាយក្រសួងតែវត្តអារាម ដែលយើងចាត់ជាបេតិកភណ្ឌជាតិ ក៏យើងអត់ឱ្យមានប៉ះពាល់ទេ យើងត្រូវការពារ និងរកវិធីសាស្ត្រណា ទោះបីយើងផ្តោត អភិរក្សអាចធ្ងន់ និងស្រាលជាកិច្ចអភិវឌ្ឍន៍ ក៏យើងត្រូវមានស្អីត្រូវរក្សាទុក និងថ្លឹងថ្លែងដែរ អាហ្នឹងយើងនិយាយជាច្បាប់។ ច្បាប់និងគោលនយោបាយ រដ្ឋាភិបាលមានការយកចិត្តទុកដាក់លើស្ថានីយ និងបេតិកភណ្ឌវប្បធម៌ហ្នឹង»។

ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរលោក ប៉ឹក សោភ័ណ ផ្តល់ទស្សនៈថា ក្រសួងវប្បធម៌មានករណីកិច្ចទទួលខុសត្រូវចម្បង ក្នុងការអភិរក្ស ថែទាំ និងការពារតំបន់វប្បធម៌របស់ជនជាតិដើមភាគតិច។ លោកថា ប្រសិនបើមានការឈូសឆាយតំបន់នោះ ធ្វើឱ្យខូចខាតសម្បត្តិវប្បធម៌របស់រដ្ឋ ក្រសួងជំនាញ ត្រូវចាត់វិធានការឱ្យទាន់ពេល ដោយត្រូវដោះស្រាយករណីនេះ ដោយតម្លាភាព និងយុត្តិធម៌៖ «អាជ្ញាធរត្រូវចាត់វិធានការទៅដល់ក្រុមហ៊ុនដែលធ្វើការ បំផ្លាញនូវសម្បត្តិវប្បធម៌ ដែលខំរក្សាទុកនេះ ហើយធ្វើវិធានការនេះ ដោយមានតម្លៃភាព ដើម្បីឱ្យមតិជា និងអន្តរជាតិឃើញថា វិស័យឯកជនមួយ មកបំផ្លាញសម្បត្តិវប្បធម៌ជាតិ គឺជារឿងមួយ មិនសមហេតុផល »។
ឯកសាររបស់លោក អាំង ជួលាង និងលោក គង់ វីរៈ បកប្រែពីភាសាបារាំងពន្យល់ថា ពាក្យថា សន្លុង មានន័យថា ចង្ក្រានទាប ដែលអ្នកស្រុករស់នៅតំបន់ភ្នំតែងហៅ។ លើសពីនេះ ជនជាតិបារាំង បានផ្តល់តម្លៃលើជនជាតិដើមភាគតិចកួយ យកថ្មស្លឱ្យក្លាយជាដែក មានគុណភាពខ្ពស់ មុត និងមានតម្លៃថ្លៃ ដែលអ្នកស្រុក អាចដោះដូរទំនិញ ដូចជា គោក្របីជាដើម។ ដែករបស់ជនជាតិកួយ គេយកសាងសង់ប្រាសាទ និងថ្វាយព្រះមហាក្សត្រ នៅសម័យព្រះបាទអង្គឌួង ក្នុងចន្លោះឆ្នាំ១៨៥៣ ដល់ឆ្នាំ១៨៦៣។ នៅសម័យនោះ ក្សត្រអង្គនេះ បានចាត់ឱ្យចៅហ្វាយខេត្តម្នាក់គ្រប់គ្រងរ៉ែដែករបស់ជនជាតិដើមភាគតិចកួយ ដើម្បីផ្គង់ផ្គង់តម្រូវការព្រះនគរជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។