អាជ្ញាធរខេត្តព្រះសីហនុបន្តសាកសួរ និងឃុំខ្លួនពលរដ្ឋ ៥នាក់ និងអ្នកកាសែត ២នាក់ ពាក់ព័ន្ធករណីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែង នៅខេត្តព្រះសីហនុ ក្រោយសមត្ថកិច្ចបានចាប់ខ្លួនពួកគេ កាលពីថ្ងៃទី១៩ ខែកក្កដា។ មន្ត្រីសង្គមស៊ីវិលដែលតាមដានដំណើររឿងនេះស្នើទៅសមត្ថកិច្ចដោះលែងអ្នកទាំងនោះឱ្យសេរីភាពវិញ និងត្រូវពន្លឿនការដោះស្រាយវិវាទដីធ្លីមួយនេះ។
មន្ត្រីសង្គមស៊ីវិលហៅការចាប់ខ្លួននេះថា ជាការបំភិតបំភ័យ គំរាមកំហែង និងបំបិទសិទ្ធិសេរីភាព ប្រជាពលរដ្ឋ ខណៈបញ្ហារបស់ពួកគេបានអូសបន្លាយជាច្រើនឆ្នាំដោយគ្មានដំណោះស្រាយ។ មន្ត្រីសង្គមស៊ីវិល រំលឹកទៅអាជ្ញាធរខេត្តព្រះសីហនុថា ការចាប់ខ្លួនពលរដ្ឋ ពេលនេះ គឺជាការបំពានទៅនឹងបទបញ្ជារបស់លោក ហ៊ុន សែន ដែលបានណែនាំអាជ្ញាធរមិនឱ្យចាប់ខ្លួនពលរដ្ឋក្នុងករណីជម្លោះដីធ្លី។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី ដែលតាមដានដំណើររឿងនេះយល់ថា នេះជារឿងអាយុត្តិធម៌ចំពោះពលរដ្ឋ ព្រោះពួកគេបានរងគ្រោះពីជម្លោះដីធ្លីជាង ២០ឆ្នាំ ដោយមិនទាន់ទទួលបានដំណោះស្រាយ ហើយពេលនេះត្រូវសមត្ថកិច្ចចាប់ខ្លួនថែមទៀត។ អ្នកស្រីស្នើទៅតុលាការខេត្តព្រះសីហនុថា គួរពន្លឿនសំណុំរឿងនេះ ដើម្បីដោះស្រាយជូនពលរដ្ឋ ជាងជាងការចាប់ខ្លួនពលរដ្ឋបែបនេះ៖ «ចង់និយាយថា មិនចង់ឱ្យមានការចាប់ខ្លួនពលរដ្ឋដោយសារវិវាទដីធ្លីទេ ព្រោះអ្វីដែលពួកគាត់ទាមទារឱ្យមានការដោះស្រាយការខាតប្រយោជន៍ពួកគាត់ បើនិយាយទៅដីនោះពួកគាត់ចូលមកកាន់កាប់មុនក្រុមហ៊ុនចូលមកទៀត»។
កាលពីថ្ងៃទី១៩ ខែកក្កដា កម្លាំងកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថខេត្តនេះ លោក ហេង ប៊ុនទី បានបញ្ជាកម្លាំងចាប់ពលរដ្ឋប្រាំនាក់ ក្នុងនោះស្រីបួននាក់ និងប្រធានក្លឹបអ្នកកាសែតឯករាជ្យ លោក ហ៊ុន សុខា និងចាងហ្វាងកាសែត TN លោក កែវ រតនា ក្នុងករណីជម្លោះដីធ្លីរ៉ាំរ៉ៃ ដែលមានទីតាំងនៅក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។
ការចាប់ខ្លួនពលរដ្ឋ និងអ្នកកាសែតនេះ បានកើតឡើងក្នុងខណៈដែលក្រុមពលរដ្ឋផ្ទុះការតវ៉ាប្រឆាំងនឹងក្រុមហ៊ុនចិនដាក់បារ៉ាស់កុងត្រូល បិទផ្លូវមិនឱ្យប្រជាពលរដ្ឋដើរចេញ-ចូល ទៅលំនៅឋានពួកគេ នៅក្នុងតំបន់ដីមានជម្លោះនោះ។
អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី ប្រាប់ថា ជម្លោះដីធ្លីនេះពលរដ្ឋមានបញ្ហាដំបូងជាមួយក្រុមហ៊ុន ថៃ ប៊ុនរ៉ុង របស់ឧកញ៉ា ថេង ប៊ុនម៉ា តាំងពីអំឡុងឆ្នាំ១៩៩៦ មកម្ល៉េះ ប៉ុន្តែក្រោយពីលោក ថេង ប៊ុនម៉ា ទទួលមរណភាព សាច់ញាតិឧកញ៉ារូបនេះ ដែលមានងារជាឧកញ៉ាដែរគ្រប់គ្រងជំនួស ហើយពួកគេបានក៏បានជួលដីនោះឱ្យក្រុមហ៊ុនចិនធ្វើការវិនិយោគ។
ជុំវិញការចាប់ខ្លួននេះ អាស៊ីសេរីបានសុំការបំភ្លឺពីអ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ ថ្ងៃទី២០ ខែកក្កដាដែរ ប៉ុន្តែលោកសុំមិនធ្វើអត្ថាធិប្បាយទេ ហើយលោកបញ្ជាក់ថា ករណីនេះ គឺស្ថិតក្នុងចំណាត់ការរបស់កងរាជអាវុធហត្ថ និងស្ថាប័នតុលាការ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ប្រាប់អាស៊ីសេរីថា វិធានការនេះ គឺអាវុធហត្ថធ្វើតាមបញ្ជារបស់ព្រះរាជអាជ្ញាខេត្តព្រះសីហនុ ដែលជាអ្នកដឹកនាំការចាប់ខ្លួននេះ។ លោកបញ្ជាក់ថា ពេលនេះសមត្ថកិច្ចកំពុងសាកសួរបន្តលើជនទាំង ៧នាក់នោះ អ្វីលើស ពីនេះលោក អេង ហ៊ី ថា ជាសមត្ថកិច្ចរបស់តុលាការ៖ «បាទរឿងហ្នឹងយើងធ្វើក្រោមការបញ្ជា ក្រោមដឹកនាំ ឬក៏សម្របសម្រួលរបស់ព្រះរាជអាជ្ញា អ៊ីចឹងសូមសួរទៅខាងព្រះរាជអាជ្ញា»។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអ្នកព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការនៃសាលាដំបូងខេត្តព្រះសីហនុ លោក ហួត វិចិត្រ ប៉ុន្តែមិនអាចសុំការបំភ្លឺបានទេ ដោយសារទូរស័ព្ទរបស់លោកមិនអាចហៅចូលបាន។
សារព័ត៌មានក្នុងស្រុកមួយចំនួនបានស្រង់សំដីមន្ត្រីកងរាជអាវុធហត្ថខេត្តព្រះសីហនុ មកចុះផ្សាយថា ការចាប់ខ្លួនពលរដ្ឋ និងអ្នកកាសែតនេះ គឺពាក់ព័ន្ធបទល្មើសហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។