មន្រ្តីសង្គមស៊ីវិលដែលតាមដានករណីជម្លោះដីធ្លីនៅតំបន់ បុរីកីឡាឲ្យដឹងថា សាលាក្រុងភ្នំពេញដោះលែងអតីតពលរដ្ឋបុរីកីឡាប្រាំនាក់ ដែលត្រូវបានអាជ្ញាធរចាប់ឃុំខ្លួននៅមណ្ឌលព្រៃស្ពឺវិញហើយ និងព្រមានពួកគេមិនឲ្យមកតំបន់បុរីកីឡាទាមទារសំណងទៀតទេ។ ចំណែកពលរដ្ឋ ១២គ្រួសារ ដែលបាត់បង់ផ្ទះសំបែង កំពុងរស់នៅតាមកាំជណ្ដើរ និងដើរសុំផ្ទះរបស់គេរស់នៅក្នុងតំបន់បុរីកីឡានោះ។
មន្រ្តីសង្គមស៊ីវិល ពលរដ្ឋសហគមន៍បុរីកីឡា ថ្លែងថា ការព្រមានពលរដ្ឋ ឬការផ្ដល់សំណងមិនសមរម្យដល់អ្នកនៅក្នុងសហគមន៍បុរីកីឡា នឹងអាចធ្វើឲ្យវិបត្តិដីធ្លីនៅតែបន្តអូសបន្លាយតទៅមុខរកពេលបញ្ចប់គ្មាន។ ពួកគេលើកឡើងបែបនេះ ខណៈពលរដ្ឋសហគមន៍បុរីកីឡា ១២គ្រួសារ ត្រូវអាជ្ញាធរវាយកម្ទេចផ្ទះរបស់ពួកគេអស់ទៅហើយ ប៉ុន្តែ មិនទាន់ទទួលបានសំណងនៅឡើយទេ។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ឲ្យអាស៊ីសេរីដឹងថា តាមព័ត៌មានដែលទទួលបានពីសហគមន៍បុរីកីឡា សាលាក្រុងភ្នំពេញថា ពលរដ្ឋដែលត្រូវសាលាក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី១៩ និងត្រូវយកទៅឃុំខ្លួនបន្តនៅមណ្ឌលសង្គមកិច្ចព្រៃស្ពឺទាំង ៥នាក់នោះ ជាអ្នកចំណូលថ្មី និងអ្នកខ្លះជាអតីតពលរដ្ឋបុរីកីឡា។ លោកថា ក្រោយពីសាលាក្រុងភ្នំពេញបានដោះលែងអ្នកទាំងនោះ កាលពីថ្ងៃទី១៩ ខែកញ្ញា មិនឃើញអ្នកទាំងនោះមកទាមទារនៅតំបន់បុរីកីឡាទៀតទេ៖ «គេក៏ដោះលែងវិញក្នុងលក្ខខណ្ឌមួយមិនតវ៉ាតទៅទៀត មិនអ៊ីចឹងទេនឹងឃុំបន្តទៀត»។
លោក វណ្ណ សូផាត ឲ្យដឹងទៀតថា ចំពោះពលរដ្ឋ ១២គ្រួសារ ដែលមិនទាន់ទទួលសំណងពីសាលាក្រុងភ្នំពេញ មកដល់ពេលនេះ ពួកគេនៅតែរក្សាជំហរមិនយល់ព្រមទទួលសំណងដដែល។ មន្ត្រីសង្គមស៊ីវិលរូបនេះ ជំរុញទៅសាលាក្រុងភ្នំពេញថា គួរផ្តល់សំណងសមរម្យដល់ពលរដ្ឋនៅសេសសល់ទាំងនោះ ព្រោះការគ្មានជម្រករស់នៅក្នុងរដូវវស្សបែបនេះ មិនមែនជារឿងស្រួលនោះទេ៖ «ដល់តំណាក់កាលនេះហើយគួរតែបញ្ចប់ដោយសន្តិវិធីទៅទាំងក្រុមហ៊ុនទាំងអាជ្ញាធរកុំឲ្យនៅរ៉ាំរ៉ៃអីតទៀតមិនល្អមើលបាទ»។
ពលរដ្ឋសហគមន៍បុរីកីឡាដែលបានយល់ព្រមទទួលសំណងពីសាលាក្រុងភ្នំពេញ លោក ដាញ់ គង្គា ឲ្យអាស៊ីសេរីដឹងថា ពលរដ្ឋដែលមិនទាន់យល់ទទួលសំណងទាំងនោះភាគច្រើន ដើរសុំបន្ទប់អ្នកបុរីកីឡារស់នៅ។ លោក ឲ្យដឹងទៀតថា ចំពោះអ្នកខ្លះដែលគ្មានបងប្អូនសាច់ញាតិ នាំគ្នាដេកតាមកាំជណ្ដើរនៃអាគារបុរីកីឡា៖ «គាត់ ( ពលរដ្ឋបុរីកីឡាមិនទាន់ទទួលយកសំណង ) ឥឡូវនៅកាំជណ្ដើរហ្នឹង តែដោយឡែកអ្នកខ្លះមានកូន មានផ្ទះនៅគេទៅគេងជាមួយកូន»។
អាជ្ញាធររាជធានី ភ្នំពេញ បានវាយកម្ទេចចោលអគារបុរីកីឡាចាស់ កាលពីថ្ងៃទី១៦ ខែកញ្ញា ដើម្បីយកដីឲ្យក្រុមហ៊ុន ផានអ៊ីម៉ិច (PhanImex) អភិវឌ្ឍន៍នៅទីនោះ។ មុនព្រឹត្តិការណ៍វាយកម្ទេចអគារមួយថ្ងៃ និងថ្ងៃវាយកម្ទេចអគារ អាជ្ញាធរបានចាប់ខ្លួនពលរដ្ឋ ១៧នាក់ ប៉ុន្តែមកដល់ពេលនេះពួកគេត្រូវបានដោះលែងវិញអស់ហើយ នៅឡើយតែការផ្ដល់សំណងដល់ពលរដ្ឋចំនួន ១២គ្រួសារ។
ទាក់ទងការផ្ដល់សំណងដល់ពលរដ្ឋនេះ អាស៊ីសេរីបានសុំការបំភ្លឺ ពីអភិបាលរាជធានី ភ្នំពេញលោក ឃួង ស្រេង នៅថ្ងៃទី២២ ខែកញ្ញា ប៉ុន្តែលោកបដិសេធមិនឆ្លើយតបទេដោយលោកប្រាប់ថា កំពុងរវល់ធ្វើបុណ្យ។
ពលរដ្ឋបុរីកីឡា លោកស្រី ភោគ សុភីន ព្រមានថា បើសាលាក្រុងមិនផ្តល់សំណងសមរម្យដល់លោកស្រី លោកស្រីនឹងទៅទាមទារ មុខផ្ទះលោក ហ៊ុន សែន។ លោកស្រីថា សំណងដែលលោកស្រីអាចទទួលបានគឺ ទឹកប្រាក់ប្រមាណបីម៉ឺនដុល្លារ ដែលអាចទិញបន្ទប់រស់នៅក្នុងតំបន់បុរីកីឡាបាន៖ «នឹងទៅរកដំណោះស្រាយនៅមុខផ្ទះសម្ដេចឲ្យគាត់បានឃើញថា ពួកខ្ញុំអ្នកនៅសេសសល់ពួកយើងជាប្រជាពលរដ្ឋសុទ្ធសាធ ប៉ូលិសប៉េអិមអីគេដោះស្រាយអស់ហើយ ម្នាក់បាន ២០ម៉ឺនដុល្លារ ១៨ម៉ឺនដុល្លារ តែចំណែកប្រជាពលរដ្ឋយើងខ្ញុំឲ្យសំណងមិនសមរម្យ»។
អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក វណ្ណ សូផាត ឲ្យដឹងថា ដំណោះស្រាយចុងក្រោយ ដែលសាលាក្រុងភ្នំពេញផ្ដល់ឲ្យពលរដ្ឋ គឺឲ្យពួកគេទទួលយកលុយពី ៣ពាន់ដុល្លារ (៣.០០០) ទៅ ៥ពាន់ដុល្លារ (៥.០០០) អ្នកខ្លះទៀត ត្រូវទទួលយកផ្ទះនៅភូមិអណ្ដូងក្នុងតំបន់ដាច់ស្រយាលគ្មានប្រព័ន្ធទឹកភ្លើងត្រឹមត្រូវ៕