ក្រុមហ៊ុនសុកហ្វីន (SOCFIN-KCD) ដែលវិនិយោគដីសម្បទានសេដ្ឋកិច្ចខ្នាតធំមួយនៅខេត្តមណ្ឌលគិរី ចេញសេចក្ដីប្រកាសព័ត៌មាន ច្រានចោលការចោទប្រកាន់ទាំងឡាយ របស់តំណាងជនជាតិភាគតិចព្នង ៩៧គ្រួសារ ក្នុងរឿងជម្លោះដីធ្លីកាលពីជាង ៦ឆ្នាំ។ ក្រុមហ៊ុនអះអាងថា ខ្លួនបានប្រតិបត្តិការត្រឹមត្រូវស្របតាមគោលការណ៍វិនិយោគរបស់រដ្ឋាភិបាលកម្ពុជា ដោយវាយតម្លៃផលប៉ះពាល់បរិស្ថាន និងសង្គមត្រឹមត្រូវ។ ប៉ុន្តែតំណាងជនជាតិដើមភាគតិចព្នង ទាត់ចោលការលើកឡើងនេះ។
ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច សុកហ្វ៊ីន (SOCFIN-KCD) បង្ហាញមោទនភាព ចំពោះការអភិវឌ្ឍប្រកបដោយចិរភាព និងការគ្រប់គ្រងចម្ការកៅស៊ូជាច្រើនពាន់ហិកតារ ក្នុងខេត្តមណ្ឌលគីរីដោយការទទួលខុសត្រូវ។ ក្រុមហ៊ុនអះអាងថា ប្រតិបត្តិការរបស់ខ្លួន បានគោរពច្បាប់ ដែលកំណត់ដោយរដ្ឋាភិបាលកម្ពុជាយ៉ាងម៉ឺងម៉ាត់។ លើសពីនេះ ក្រុមហ៊ុនចាត់ទុកការចោទប្រកាន់របស់តំណាងជនជាតិភាគតិចព្នង ដែលលើកឡើងថា ក្រុមហ៊ុនឈូសឆាយព្រៃស្រោង ព្រៃតំណម និងព្រៃអារក្ស ផ្ទុយពីគោលការណ៍វិនិយោគ ថែមទាំងប្រមាថមើលងាយ ដល់ជនជាតិដើមភាគតិច គឺជារឿងមិនពិតនោះទេ។
សេចក្ដីប្រកាសព័ត៌មាន ៤ទំព័រ ដែលចេញផ្សាយកាលពីចុងសប្ដាហ៍មុន (ថ្ងៃទី២៣ កក្កដា) ឱ្យដឹងថា មុនពេលចាប់ផ្តើមវិនិយោគដំណាំកៅស៊ូ លើផ្ទៃដី ១២.៤៤០ហិកតារ ឋិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តាំងពីឆ្នាំ២០០៨ ក្រុមហ៊ុនបានចូលរួមសន្ទនាជាមួយពលរដ្ឋក្នុងតំបន់ប៊ូស្រា សហការជាមួយអាជ្ញាធររដ្ឋាភិបាល និងអ្នកសង្កេតការណ៍ឯករាជ្យជាដើម។ លើសពីនេះ ការផ្តល់សសំណងមានជម្រើសផ្សេងៗ គ្នា ដែលពលរដ្ឋទាមទារដីស្រែចម្ការនៅលើដីសម្បទានសេដ្ឋកិច្ចចន្លោះឆ្នាំ២០០៩ ដល់ឆ្នាំ២០១២។
ក្រុមហ៊ុនថា ផ្អែកតាមការវាយតម្លៃ ដំបូងបានបង្ហាញថា ផ្ទៃដីដាំដុះ និងដីទំនាបជាង ១ពាន់ហិកតារ (១.១៩៣ហិកតា) បានផ្ដល់សំណងជូនជនជនជាតិភាគតិចព្នង ១.៣៤៨ហិកតារ។ ក្រៅពីនេះ ក្រុមហ៊ុននៅតែបន្តដោះស្រាយសំណងរបស់ពលរដ្ឋ ៨១៦គ្រួសារបន្ថែមទៀតដោយសន្តិវិធី។
ការចេញសេចក្តីប្រកាសព័ត៌មាននេះ ក្រោយពីជនជាតិដើមភាគតិចព្នង ជិត ១រយគ្រួសារ បានចេញសេចក្តីថ្លែងការណ៍រួមមួយ សំដែងការមិនសុខចិត្តចំពោះសេចក្តីសម្រេចរបស់ចៅក្រមនៃតុលាការ ទីក្រុងណង់ទែរ (The Tribunal of Nanterre) ប្រទេសបារាំង ដែលបានសម្រេចឱ្យពួកគាត់ចាញ់ក្តី ក្នុងសំណុំរឿងជម្លោះដីធ្លី កាលពីជាង ៦ឆ្នាំមុន។
កាលពីឆ្នាំ២០១៥ ក្រុមពលរដ្ឋទាំងនេះ បានប្ដឹងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុកហ្វីន (SOCFIN-KCD) ទៅតុលាការប្រទេសបារាំង ករណីរំលោភដីធ្លីអាស្រ័យផលរបស់សហគមន៍ និងឈូសឆាយព្រៃអារក្សរបស់ជនជាតិដើមភាគតិចអស់រាប់ពាន់គ្រួសារ។ អ្នកភូមិថា ក្រុមហ៊ុននេះជាសាខារបស់ក្រុមហ៊ុន បូឡូរ៉េ (BOLLORE) ដែលបានរំលោភដីធ្លីអាស្រ័យផលរបស់ជនជាតិដើមភាគតិចអស់យ៉ាងហោចណាស់ ១ពាន់ហិកតារ បំពានតំបន់ទីសក្ការៈបូជា ព្រៃតំណម និងព្រៃកប់សពជាដើម។ រីឯតំណាងសហគមន៍ ១៥នាក់ ដែលចេញមុខងើបតវ៉ាទាមទារដីធ្លីរបស់ពួកគាត់ បានក្លាយជាជនរងគ្រោះជាប់បណ្តឹងនៅតុលាការ រហូតមកដល់បច្ចុប្បន្ននេះ។
តំណាងជនជាតិដើមភាគតិចព្នង ដែលជាដើមបណ្ដឹងលោក ក្លាន ថូល ចាត់ទុកសេចក្ដីថ្លែងការណ៍នេះ ជាលេសឆ្លើយដោះសា មិនទទួលខុសត្រូវពីកំហុសឆ្គងរបស់ខ្លួន ដែលបំផ្លិតបំផ្លាញព្រៃឈើ ព្រៃតំណម ព្រៃកប់សព ដីចម្ការអ្នកភូមិ និងដីសមូហភាព របស់ជនជាតិដើមភាគតិចព្នងជាម្ចាស់ទឹកដី។ លោកសង្កេតឃើញថា ក្រុមហ៊ុននេះ មិនបានកាត់ឆ្វៀលផលប៉ះពាល់ តាមរូបមន្តស្បែកខ្លា របស់រដ្ឋាភិបាលទេ និងមិនបានប្រជុំពិភាក្សាជាមួយ តំណាងជនជាតិដើមភាគតិចព្នង នៅឃុំប៊ូស្រានោះឡើយ។ លោកបន្ថែមថា ពាក្យបណ្ដឹងរបស់ពួកគាត់ គឺទាមទារយកដីដែលក្រុមហ៊ុនរំលោភយកមកវិញ ស្ដារទឹកអូរធម្មជាតិដែលក្រុមហ៊ុនលុបចោល និងផ្ដល់សំណងឱ្យជនជាតិដើមភាគតិចព្នង៖ «តាំងពីដូនតាមក យើងដាំចម្ការវិលជុំរបស់យើង ពេលគាត់ឈូស យើងស្រែកទៅខាងរដ្ឋាភិបាលឱ្យឈូស។ រលាយហិនហោច គឺសត្វព្រៃ រលាយជីវភាពរបស់ជនជាតិដើមភាគតិច បែបប្រពៃណី។ ពីមុន មានដំរីគោក្របី ហូរហែច្រើនណាស់ ប៉ុន្តែឥលូវហ្នឹង គ្មានទេ»។
ទោះជាយ៉ាងណា ក្រុមហ៊ុនអះអាងថា បច្ចុប្បន្នដីចម្ការរបស់ក្រុមហ៊ុន មានផ្ទៃដី ៦៧០ហិកតារ មានប័ណ្ណកម្មសិទ្ធិដីធ្លី របស់ពលរដ្ឋដែលកំពុងដាំដុះ ក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីនេះ ប្រជាសហគមន៍បានបង្កបង្កើនផលដីស្រែក្នុងតំបន់ចម្ការកៅស៊ូរបស់ក្រុមហ៊ុន។ លើសពីនេះ ក្រុមហ៊ុនអះអាងទៀតថា បានការពារដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិចព្នង ២៣០ហិកតារ រួមមានដីព្រៃអារក្ស ដីព្រៃជំនឿ ដីបញ្ចុះសព និងដីបម្រុង ហើយដីនៅតំបន់នោះបានគូសដៅផែនទី កំណត់អត្តសញ្ញាណ រក្សាទុកដោយសហការគ្នារវាង ក្រុមហ៊ុន អាជ្ញាធរ និងអ្នកតំណាងសហគមន៍។
ផ្ទុយពីការលើកឡើងនេះ តំណាងជនជាតិដើមភាគតិចព្នងម្នាក់ទៀត គឺលោក គ្រើង តុលា យល់ថា សេចក្តីប្រកាសព័ត៌មាននេះ ពុំមែនជាយន្តការស្វែងរកដំណោះស្រាយត្រឹមត្រូវនោះទេ តែផ្ទុយទៅវិញ ក្រុមហ៊ុននៅតែបន្តគេចវេះ មិនទទួលខុសត្រូវពីផលប៉ះពាល់ដីធ្លី ព្រៃឈើនិងទឹកអូរធម្មជាតិដែលក្រុមហ៊ុនបំផ្លាញ។ លោកបដិសេធថា ពុំដែលឃើញក្រុមហ៊ុនពិគ្រោះយោបល់ជាមួយប្រជាសហគមន៍នោះទេ មានតែបង្ខិតបង្ខំពលរដ្ឋឱ្យទទួលសំណងមិនសមរម្យ៖ «កាលពីមុន គាត់ឈូសទាំងអស់ ហើយយើងតវ៉ា ពាក់ព័ន្ធដីកប់សព ព្រៃតំណម យើងឃើញថា ព្រៃតំណម ត្រូវបានអស់ហើយ រាល់ថ្ងៃ។ ចំណុចទី៣ គាត់បង្ខិតបង្ខំ ដីហ្នឹងដីរដ្ឋខ្ញុំមិនមែនជាអ្នកដោះស្រាយទេ សូមឱ្យអ្នកឯងទៅតវ៉ាជាមួយរដ្ឋទៅ ខ្ញុំត្រូវតែឈូសឆាយហើយ។ អ្នកឯងរាប់កូនឈើអ្នកឯង មួយដើមមួយម៉ឺនរៀល បានប៉ុន្មានយកប៉ុណ្ណឹងទៅ បើមិនយកខ្ញុំឈូស បើមិនយកក៏ខ្ញុំឈូស។ គាត់និយាយអ៊ីចឹងហ្មង ក្រុមហ៊ុនហ្នឹង គឺរំលោភសិទ្ធិពួកខ្ញុំទាំងស្រុងហ្មង»។
អាស៊ីសេរីបានទាក់ទងអភិបាលខេត្តមណ្ឌលគិរីលោក ស្វាយ សំអ៊ាង ដើម្បីសុំការអធិប្បាយ ចំពោះសេចក្តីប្រកាសពត៌មាននេះ ប៉ុន្តែពេលទូរសព្ទចូល តែគ្មានអ្នកលើក។ ចំណែកអ្នកនាំពាក្យតុលាការខេត្តមណ្ឌលគិរីលោក មាស ប្រុស វិញ លោកថ្លែងថា បច្ចុប្បន្នដីមានជម្លោះនោះបានក្លាយជាចម្ការកៅស៊ូរបស់ក្រុមហ៊ុនស្ទើរទាំងស្រុង។ លោកថា សំណុំរឿងក្តី ដែលក្រុមហ៊ុនប្តឹងប្រជាសហគមន៍ ១៥នាក់ លោកមិនទាន់ប្រាកដថា តុលាការទម្លាក់បទចោទ ឬយ៉ាងណាទេ ព្រោះឋិតក្នុងដៃចៅក្រមនៅឡើយ។
សហគមន៍ថា ក្រុមហ៊ុនសុកហ្វីន (SOCFIN-KCD) ទទួលថវិកាវិនិយោគពីក្រុមហ៊ុន បូឡូរ៉េ (BOLLORE) ដែលមានទីស្នាក់ការនៅប្រទេសបារាំង ទទួលសិទ្ធិវិនិយោគដំណាំកៅស៊ូ លើផ្ទៃដី ១២.៤៤០ហិកតារ ឋិតនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តាំងពីឆ្នាំ២០០៨។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាន នៃសមាគមអាដហុក ដែលចុះស៊ើបអង្កេតរឿងនេះ លោក ប៉ែន ប៊ុណ្ណារ៍ សង្កេតឃើញថា គ្រាន់តែលើករឿងតែមួយជ្រុង ដែលក្រុមហ៊ុនឈូសឆាយព្រៃស្រោង ក៏បង្ហាញថា ក្រុមហ៊ុនបានអនុវត្តផ្ទុយពីកិច្ចសន្យាវិនិយោគ ព្រោះរដ្ឋាភិបាលមិនអនុញ្ញាតឱ្យឈូសឆាយព្រៃស្រោងដើម្បីដាំកៅស៊ូទេ ពោលគឺ ក្រុមហ៊ុនត្រូវកាត់ឆ្វៀលចេញ ហើយតំបន់ដែលអាចដាំដុះបាន គឺព្រៃរេចរឹលតែប៉ុណ្ណោះ។ លោកថា ក្រុមអង្គការសង្គមស៊ីវិល ធ្លាប់ចុះពិនិត្យរឿងនេះ កាលពី ៥ឆ្នាំ ប្រទះឃើញភាពមិនប្រក្រតីជាច្រើន ដែលក្រុមហ៊ុនបំពានកិច្ចសន្យាវិនិយោគ បំផ្លាញដីចម្ការវិលជុំ ព្រៃតំណម លុបទឹកអូរធម្មជាតិ និងឈូសឆាយ ព្រៃអារក្សអ្នកតារបស់ជនជាតិដើមភាគតិច។ លោកបន្ថែមថា តឹកតាងទាំងនេះ ឆ្លុះបញ្ចាំងថា ក្រុមហ៊ុនបានបំផ្លាញសេចក្ដីសុខ និង កន្លែងអាស្រ័យផលយ៉ាងសំខាន់របស់អ្នកស្រុក៖ «ដីចម្ការកៅស៊ូ ទៅដោះដូរជាមួយ ដីព្រៃស្រោង និងពាក់កណ្តាលស្រោង សូម្បីតែដីព្រៃ រេចរឹល ត្រូវសិក្សាឱ្យច្បាស់លាស់ថា តើដីហ្នឹងនៅបម្រើប្រយោជន៍សាធារណៈទៀតអត់ ? ពេលខ្ញុំចុះទៅ បានឃើញ ផ្ទុយពីគោលការណ៍សម្បទានសេដ្ឋកិច្ច ពីព្រោះដីសម្បទានសេដ្ឋកិច្ច គឺធ្វើទៅលើដីព្រៃរេចរឹល ដើម្បីរក្សាបរិស្ថាន»។
កន្លងមក តុលាការទីក្រុងណង់ទែរ (The Tribunal of Nanterre) ប្រទេសបារាំង បានសម្រេចឱ្យតំណាងជនជាតិដើមភាគតិចព្នង ៩រូប ផ្តល់សំណង ២ម៉ឺនដុល្លារអាមេរិក (២០.០០០) ឱ្យក្រុមហ៊ុនសុកហ្វ៊ីន។ ក្រុមហ៊ុនអះអាងថា សកម្មភាពផលិតកម្មកៅស៊ូរបស់ក្រុមហ៊ុន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បុគ្គលិក ម្ចាស់សហគ្រាសកៅស៊ូខ្នាតតូច និងសហគមន៍ ដើម្បីជួយលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនអះអាងថា បេសកកម្មរបស់ក្រុមហ៊ុន គឺចូលរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរយៈពេលវែងនៅតំបន់ជនបទដាច់ស្រយាល ក្នុងខេត្តមណ្ឌលគិរី។ ប៉ុន្តែប្រជាសហគមន៍ លើកឡើងថា ដីព្រៃដែលក្រុមហ៊ុនកំពុងឈូសឆាយបំផ្លិតបំផ្លាញនោះ គឺជាព្រៃស្រោង ជម្រកសត្វព្រៃរស់នៅ រុក្ខជាតិកម្រ និងជាប្រភពចំណូលរបស់សហគមន៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។