អង្គការសង្គមស៊ីវិល ដែលឃ្លាំមើលបរិស្ថានអះអាងថា ព្រៃឈើប្រទេសកម្ពុជាកំពុងនៅតែរងការកាប់ បំផ្លាញយ៉ាងអនាធិបតេយ្យរហូតដល់បាត់បង់ថវិកាប្រមាណជិត៨០០លានដុល្លារ កាលពីឆ្នាំ២០១៩ កន្លងទៅនេះ ។ ការលើកឡើងនេះ គឺបន្ទាប់ពីលោក សៅ សុខា ប្រធានគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើ អះអាង ថា គ្មានបទល្មើសព្រៃឈើទ្រង់ទ្រាយធំបានកើតឡើងទេ គឺមានតែប្រជាពលរដ្ឋកាប់យកមកធ្វើផ្ទះ និងអុសដុតប៉ុណ្ណោះ។
សកម្មជនបរិស្ថានលោក ហេង ស្រស់ មានប្រសាសន៍ថា ជារៀងរាល់ថ្ងៃរដ្ឋាភិបាលនៅតែចេញលិខិតអនុញ្ញាតឱ្យដឹកជញ្ជូនឈើទៅក្រៅប្រទេសដោយគ្មានការទប់ស្កាត់នោះទេ។ លោកបញ្ជាក់ថា អ្វីដែលជាការលើកឡើងរបស់លោក សៅ សុខា ជាការភូតកុហកដើម្បីបិទបាំងដល់សកម្មភាពកាប់បំផ្លាញឈើខុសច្បាប់ពីក្រុមឧកញ៉ាដ៏មានឥទ្ធិពល៖ «យើងក្រឡេកមើលក្រុមលោកឧកញ៉ា ក្រុមឧក្រិដ្ឋជនទាំងអស់ហ្នឹង គាត់មិនដែលប្រើរូបភាពជាន់ដានខ្លួនឯងយកមកប្រើទៀតទេ។ គាត់ត្រូវតែរកវិធីសាស្ត្រផ្សេងដើម្បីការពារខ្លួនរបស់ពួកគេ។ ហើយប្រសិនបើឯកឧត្ដម សៅ សុខា នៅតែស្រែកនៅតែភ្នំពេញ មិនដែលស្គាល់ព្រៃផង ម៉េចបានដឹងថា មិនមានការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំ»។
ថ្មីៗនេះ ប្រធានគណៈកម្មការបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ លោក សៅ សុខា ប្រាប់អាស៊ីសេរីថា កាលពីឆ្នាំ២០១៩ កន្លងទៅនេះគ្មានទេ បងល្មើសព្រៃឈើទ្រង់ទ្រាយធំ។
លោកបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើបានថយចុះបើប្រៀបធៀបបណ្តាឆ្នាំមុនៗដោយសារតែការចុះបង្ក្រាបពីក្រុមសមត្ថកិច្ច។ លោកបន្តថា សព្វថ្ងៃនេះមានតែសកម្មភាពរបស់ប្រជាពលរដ្ឋចូលលួចកាប់ឈើសម្រាប់ធ្វើអាជីវកម្មខ្នាតតូច កាប់យកមកធ្វើផ្ទះ និងការកាប់ឈើយកមកធ្វើអុសដុត៖ «ជារួមនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេសនិយាយពីបទល្មើសទ្រង់ទ្រាយធំ គឺអត់មានទេ។ ទ្រង់ទ្រាយធំចង់និយាយថា ការកាប់ឈើអនាធិបតេយ្យដែលគ្មានការអនុញ្ញាតគឺការកាប់ដឹកជញ្ជូនតាមរថយន្តឈើធំៗស្អីគឺអត់មានទេនៅម៉ោងនេះ»។
ការលើកឡើងរបស់មន្ត្រីរដ្ឋាភិបាលរូបនេះ គឺ មានភាពផ្ទុយគ្នាស្រលះពីរបាយការណ៍របស់សកម្មជនឃ្លាំមើលបរិស្ថាន ដែលបានរកឃើញថា ក្នុងឆ្នាំ២០១៩ កម្ពុជាបានបាត់បង់ថវិកាប្រមាណជិត ៨០០លានដុល្លារ ដោយសារតែកាប់បំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជា។
របាយការណ៍របស់សកម្មជនបរិស្ថានដែលមានចំណងជើងថា ឧក្រិដ្ឋកម្មព្រៃឈើនៅកម្ពុជា ឆ្នាំ២០១៩ ឱ្យដឹងថា សកម្មភាពកាប់បំផ្លាញព្រៃឈើមាន៤តំបន់ គឺនៅក្នុងខេត្តពោធិ៍សាត់ របស់លោកឧកញ៉ា ទ្រី ភាព បានប្រើឈ្មោះក្រុមហ៊ុន អង្គរផ្លាយវ៉ូត (Angkor Plywood) បានធ្វើសកម្មភាពកាប់ឈើនៅតំបន់ភ្នំព្រេច ដោយដឹកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាមដោយគ្មានការត្រួតពិនិត្យដែលធ្វើឱ្យកម្ពុជាបានបាត់បង់ទឹកប្រាក់ចំនួន ជាង១២០ លានដុល្លារ ក្នុងរយៈពេល១០ខែក្នុងឆ្នាំ២០១៩។
នៅក្នុងខេត្តរតនគីរីក្នុងស្រុកអូរយ៉ាដាវ មានការដឹកជញ្ជូនឈើឆៅ ទៅកាន់ប្រទេសវៀតណាមបានធ្វើឱ្យបាត់បង់ទឹកប្រាក់ចំនួនជិត១០០ លានដុល្លារ ក្នុងរយៈពេល ៤ខែ។ នៅតំបន់ព្រៃឡង់ដែលមានព្រំប្រទល់ជាប់នឹងខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងខេត្តស្ទឹងត្រែង ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩ បានបាត់បង់ថវិកាជាតិចំនួន ៥០០លានដុល្លារ។
នៅក្នុងវីដេអូដែលអាស៊ីសេរីទទួលបានកាលពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០១៩ បង្ហាញពីរថយន្តបាកុងជាច្រើនគ្រឿងបានដឹកឈើមូលធំៗចេញពីតំបន់ព្រៃឡង់ និងសហគមន៍ប្រាសាទតាខ្មៅចូលក្នុងរោងចក្រឈើរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក ដែលមានទីតាំងនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ស្ថិតនៅក្បែរតំបន់ព្រៃឡង់។
ទោះជាយ៉ាងណា លោក សៅ សុខា មានប្រសាសន៍ថា ឈើនៅក្នុងប្រទេសកម្ពុជាមានពីរប្រភេទ គឺឈើដែលក្រុមហ៊ុនទទួលបានច្បាប់ពីរដ្ឋាភិបាលក្រុមហ៊ុនអាចមានសិទ្ធិកាប់គាស់ ទៅតាមកិច្ចសន្យាជាមួយរដ្ឋាភិបាល ដែលសមត្ថកិច្ចរបស់លោកមិនអាចបង្ក្រាបបានទេ។ លោកបញ្ជាក់ថា ចំណែកប្រភេទ ឈើទីពីរគឺប្រភេទការកាប់ឈើបែបអនាធិបតេយ្យដែលលោកអាចចុះបង្ក្រាបបាន តែសកម្មភាពបែបនេះមិនមានលក្ខណៈទ្រង់ទ្រាយធំទេ៖ «ចំពោះប្រព័ន្ធផ្សព្វផ្សាយឬក៏សង្គមស៊ីវិលគាត់មិនដែលឃើញការដឹកឈើហ្នឹងឡាននេះ ការដឹកឈើហ្នឹងទ្រង់ទ្រាយចេះ កាប់អាចាស់ ចេញអាថ្មី អាហ្នឹងគឺជារឿងដែលគាត់ឃើញ គាត់និយាយ តែសម្រាប់ខ្ញុំ ដូចបានបញ្ជាក់ពីខាងដើមអ៊ីចឹងខ្ញុំអាចនិយាយតែក្នុងក្របខ័ណ្ឌច្បាប់ទេ ក្រៅច្បាប់ខ្ញុំអត់អាចធ្វើបានទេ។ បាទអាហ្នឹងសូមជម្រាបជូនអ៊ីចឹង»។
ប្រជាពលរដ្ឋម្នាក់នៅសហគមន៍ការពារព្រៃឈើក្នុងខេត្តមណ្ឌលគិរីនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា ការលើកឡើងរបស់លោក សៅ សុខា ថាគ្មានបទល្មើសព្រៃឈើគឺខុសពីការពិត។ លោកបញ្ជាក់ថា នៅសហគមន៍របស់លោកនៅតែមានសកម្មភាពកាប់បំផ្លាញព្រៃឈើកាលពីឆ្នាំ២០១៩កន្លងទៅ៖ «កាលពីមុនខាងក្រុមហ៊ុនគេកាប់ដល់ពេលយើងអត់បានទៅល្បាតពីព្រោះតំបន់ហ្នឹងវាធំ។ ដល់ថ្ងៃណាយើងភ្លាត់ស្នៀតអត់បានទៅល្បាតអីគេកាប់គេអីទៅ»។
របាយការណ៍របស់ក្រុមសកម្មជនបរិស្ថានស្ដីពីឧក្រិដ្ឋកម្មព្រៃឈើ នៅឆ្នាំ២០១៩ បានបង្ហាញថា នៅខេត្តភាគឦសានប្រទេសកម្ពុជានៅក្នុងខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង យ៉ាងហោចណាស់ មានរោងចក្រអារឈើចំនួន ១៧កន្លែង បានប្រើប្រាស់វត្ថុធាតុដើមចេញពីព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែលក្នុងនោះរោងអារឈើចំនួន ១០ទីតាំងផ្សេងគ្នា បានធ្វើសកម្មភាពកាប់ឈើមូលធំៗ ចេញពីដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃស្រែពក និងព្រៃសហគមន៍របស់ជនជាតិដើមភាគតិចក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី។
របាយការណ៍ដដែលបានដឹងទៀតថា នៅខេត្តរតនគិរី ព្រៃអារក្ស ដែលមានទំហំជាង ១ពាន់ហិកតារឋិតនៅភូមិ ភូមិប៉ាដល់ និងភូមិប៉ាតាង ក្នុងឃុំសេសាន ស្រុកអូរយ៉ាដាវ ជាប់ព្រំដែនវៀតណាម ត្រូវបានវិនាសហិនហោចអស់ទាំងស្រុងនៅអំឡុងឆ្នាំ២០១៨ និង២០១៩។ ការបាត់បង់ព្រៃសហគមន៍នេះ ក្រុមជនជាតិដើមភាគតិចអះអាងថា គឺក្រុមអ្នកកាប់ឈើជាជនជាតិវៀតណាម ឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចការពារព្រំដែនបានប្រព្រឹត្តអំពើពុករលួយ ក្នុងការនាំចេញឈើទៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។