ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០គ្រួសារ​ខេត្ត​មណ្ឌលគិរី ចោទ​មន្ត្រី​យោធា​ផ្កាយ ២ ម្នាក់ រំលោភ​យក​ដី​សមូហភាព​របស់​ពួក​គាត់

ដោយ ខែ សុណង
2021.10.28
ជនជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០គ្រួសារ​ខេត្ត​មណ្ឌលគិរី ចោទ​មន្ត្រី​យោធា​ផ្កាយ ២ ម្នាក់ រំលោភ​យក​ដី​សមូហភាព​របស់​ពួក​គាត់ អាជ្ញាធរខេត្តមណ្ឌលគិរី ចុះពិនិត្យជម្លោះដីធ្លី ដែលពលរដ្ឋចោទមន្ត្រីយោធាផ្កាយពីរម្នាក់ថា ឈូសឆាយរំលោភយកដីសមូហភាពរបស់អ្នកភូមិ ថ្ងៃទី២៨ តុលា ២០២១។
រូប៖ សហគមន៍ឱ្យ

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ជាង ១០០គ្រួសារ នៅ​ខេត្ត​មណ្ឌលគិរី​ចោទ មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់​ថា ប្រើ​អំណាច​រំលោភ​យក​ដី​សមូហភាព​របស់​ពលរដ្ឋ​អស់​ជាច្រើន​ហិកតារ។ អ្នកភូមិ​អំពាវនាវ​ឱ្យ​អភិបាលខេត្ត​ថ្មី​ផ្តល់​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ដោយ​តម្លាភាព និង យុត្តិធម៌ ស្រប​តាម​ច្បាប់។

ពលរដ្ឋ​ជាង ១០០គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ពូហ្យាម និង​ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង​នៅ​តែ​បន្ត​ស្វែង​រក​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​ច្បាប់​ពី​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​សង្គម​ស៊ីវិល ដើម្បី​ប្ដឹង​មន្ត្រី​យោធា​ផ្កាយ​ពីរ​ម្នាក់​ឈ្មោះ អ៊ុំ ណាគ្រី ករណី​យក​គ្រឿង​ចក្រ​ឈូស​ឆាយ បំពាន​យក​ដី​សមូហភាព ​និង​ដីចម្ការ​ស្រល់​ទំហំ ១០០ហិកតារ​នៅ​រយៈ​ពេល ២សប្តាហ៍​ចុង​ក្រោយ​នេះ។

តំណាង​ពលរដ្ឋ​លោក ព្យាន ច្រេន ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ តុលា​ថា ដី​ព្រៃ​សមូហភាព នៅ​ចំណុច​ពូទ្រ​ក្នុង​ភូមិ​ពូឆប ដែល​អ្នកភូមិ​រាប់​រយ​គ្រួសារ អាស្រ័យផល និង​ធ្វើ​ចម្ការ​បែប​ប្រពៃណី​ជា​ច្រើន​ជំនាន់​មក​ហើយ​នោះ​កំពុង​ប្រឈម​ការ​រំលោភ​បំពាន​ពី​មន្ត្រី​យោធា​ជាន់​ខ្ពស់​រូប​នេះ។ លោក​ថា ជំហរ​របស់​អ្នក​ភូមិ គឺ​ប្ដឹង​ទាមទារ​ដី​ទាំង​នោះ ប្រគល់​ជូន​សហគមន៍​អាស្រ័យ​ផល​វិញ ព្រោះ​តំបន់​នោះ​ជា​ឆ្នាំង​បាយ​របស់​ពួក​គាត់។ លោក​បញ្ជាក់​ថា ថ្មីៗ នេះ មន្ត្រី​យោធា​រូប​នេះ បាន​យក​គ្រឿងចក្រ​ជា​ច្រើន​គ្រឿង​កាយ​ក្រវាត់​ព្រំ​ដី និង​ហ៊ុមព័ទ្ធ​យក​ដី​ទំហំ ១០០ហិកតារ នៅ​តំបន់​នោះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា៖ «ក្នុង​សហគមន៍​គេ​យល់​ថា ពី​ព្រោះ​សហគមន៍ បើ​គាត់​យក​តំបន់​គ្រប់គ្រង​នោះ នឹង​បាត់បង់​ដី​ព្រៃ ​និង​ ដី​ចម្ការ​វិល​ជុំ​របស់​បងប្អូន​ជន​ជាតិ​ដើម​ភាគ​តិច»

ទីប្រឹក្សា​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង លោក គ្រើង តុលា សង្កេត​ឃើញ​ថា អ្នកភូមិ​ភ្ញាក់ផ្អើល នៅ​ពេល​ទទួល​ដំណឹង​ថា ដី​សមូហភាព និង​ដី​ចម្ការ​ស្រល់ ទំហំ ១០០ហិកតារ ដែល​ពួក​គាត់​ឃ្វាល​គោ​ក្របី និង​ធ្វើចម្ការ​បែរ​កាន់​កាប់​ដោយ​មន្ត្រី​យោធា​រូប​នេះ​ទៅ​វិញ។ លោក​ថា អ្នកភូមិ​បាន​សុំ​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​មូលដ្ឋាន​ដល់​ថ្នាក់​ខេត្ត តែ​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ​ទេ៖ «ឥឡូវ​ស្រាប់​តែ​ឃើញ​គាត់​ឈូស​ឆាយ​តែ​ម្ដង មិន​ដឹង​ថា គាត់​យក​ដី​ពី​ពេល​ណា ​ហើយ​សួរ​ឯកសារ​អត់​មាន​ដែរ​។ ​ខាង​ផ្កាយ​ពីរ​គាត់​ខ្លាំង​ដែរ​ ហើយ​ខាង​ពលរដ្ឋ​គាត់​សំអាង​មាន​ឯកសារ ​បែប​ប្រពៃណី​ធ្វើ​ចម្ការ​វិល​ជុំ​របស់​គាត់»

អ្នក​ភូមិ​ឱ្យ​ដឹង​ថា លោក អ៊ុំ ណាគ្រី ជា​មន្ត្រី​យោធា​ផ្កាយ​ពីរ ដែល​បម្រើ​ការងារ នៅ​បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​គោក​នៃ​ក្រសួង​ការពារ​ជាតិ។ លើស​ពី​នេះ ក្រោយ​ពី​ពលរដ្ឋ​លើក​គ្នា តវ៉ា​ទាមទារ ឱ្យ​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​នៅ​តំបន់​នោះ គេ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​មណ្ឌលគិរី និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ចុះ​ពិនិត្យ​ជម្លោះ​ដីធ្លី​នេះ​ដែរ តែ​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ី​សេរី មិន​ទាន់​អាច​ទាក់ទង លោក អ៊ុំ ណាគ្រី ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ពលរដ្ឋ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៨ តុលា។ រីឯ​មេឃុំ​ដាក់ដាំ លោក ចាស់ ណា អភិបាលស្រុក​អូរ​រាំង លោក សៀក មុន្នី និង អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​មណ្ឌលគិរី លោក ស៊ុន សារុន វិទ្យុ​អាស៊ី​សេរី ក៏​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ប៉ុន្តែ​មេឃុំ​ដាក់ដាំ លោក ចាស់ ណា បាន​ប្រាប់​កាសែត​ក្នុង​ស្រុក​យ៉ាង​ខ្លី​ថា (VOD) ពុំ​មាន​ការ​លក់​ដី​រដ្ឋ និង​ដី​ព្រៃ​សហគមន៍​នោះ​ទេ ព្រោះ​ដី​ចម្ការ​ស្រល់​ក្នុង​ភូមិ​ពូឆប អាជ្ញាធរ​មូលដ្ឋាន ក៏​មិន​បាន​លក់​ដូរ​ដែរ។

ទាក់ទង​រឿង​នេះ​ដែរ​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ដី​សមូហភាព​ទំហំ ១០០ហិកតារ​ទាំង​នោះ​ជា​ដី​សាធារណៈ​របស់​រដ្ឋ គ្មាន​បុគ្គល​ណា​មួយ មាន​សិទ្ធិ​ទិញ​លក់​គ្រប់គ្រង​ជា​សម្បត្តិ​ឯកជន​នោះ​ទេ។ ជាង​នេះ​ទៅ​ទៀត អាជ្ញាធរ​ត្រូវ​ចាត់​វិធានការ​ដក​ហូត​ដី​សមូហភាព​ទាំង​នោះ មក​ជា​សម្បត្តិ​រដ្ឋ​វិញ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ជំរុញ​ឱ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ត្រូវ​ស៊ើបអង្កេត​រឿង​នេះ ឱ្យ​គ្រប់​ជ្រុងជ្រោយ និង​ត្រូវ​អនុវត្ត​ច្បាប់​លើ​អ្នក​ពាក់ព័ន្ធ ដែល​រំលោភ​ដី​សាធារណៈ​របស់​រដ្ឋ។ លោក​សង្កេត​ឃើញ​ថា បុគ្គល​មាន​លុយ​មាន​អំណាច ហាក់​លែង​ខ្លាច​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​ហើយ ធ្វើ​ឱ្យ​ដី​សាធារណៈ​របស់​រដ្ឋ នៅ​តែ​ប្រឈម​ការរំលោភ​បំពាន​ពី​បុគ្គល​ទាំងនោះ៖«វា​ជា​សង្គម​មួយ​ប្រពៃណី ដែល​យក​បទល្មើស​ធ្វើ​ជា​ផល​ប្រយោជន៍​ យក​បទល្មើស​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ អ្នក​ណា​ដែល​ខ្លាំង ខាង​ប្រព្រឹត្ត​បទល្មើស លួច​ទ្រព្យ​សម្បត្តិ​ជាតិ អ្នក​នោះ​ក្លាយ​ជា​សេដ្ឋី។ វា​ពុំ​មែន​សង្គម​នីតិរដ្ឋ​ពិត​ប្រាកដ អ្នក​ណា​ធ្វើ​ខុស​ច្បាប់ ត្រូវ​ផ្ដន្ទាទោស តែ​នេះ​អត់​ទេ អ្នក​ណា​ពូកែ​ខាង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ​ក្លាយ​ជា​សេដ្ឋី អ្នក​មាន»

កាល​ពី​ឆ្នាំ២០២០ កន្លង​ទៅ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ត្អូញ​ថា លោក​រងកម្ម​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ក្នុង​ខេត្ត​មណ្ឌលគិរី ដោយសារ​តែ​មន្ត្រី​ធំៗ បាន​ប្រជែង​គ្នា ទៅ​ចាប់​ដី​នៅ​ទីនោះ ​និង​មាន​ជម្លោះ ដីធ្លី​ជា​ច្រើន​ទៀត មិន​ទាន់​ដោះ​ស្រាយ​រួច។ លោក​បន្ត​ថា ជម្លោះដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី​កំពុង​តែ​កើត​ឡើង​ច្រើន ដោយសារ​អ្នក​ធំៗ បាន​ដណ្ដើម​គ្នា​ទៅ​ចាប់​ដី​នៅ​ទី​នោះ៕



កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។