ជនជាតិដើមភាគតិច ១២ភូមិ នៅ​ខេត្តរតនគិរីថា ក្រុមហ៊ុនវៀតណាមមិនកាត់ឆ្វៀលដីប្រគល់ជូនសហគមន៍តាមការសន្យា

2024.09.10
ជនជាតិដើមភាគតិច ១២ភូមិ នៅ​ខេត្តរតនគិរីថា ក្រុមហ៊ុនវៀតណាមមិនកាត់ឆ្វៀលដីប្រគល់ជូនសហគមន៍តាមការសន្យា សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កាចក់ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី ពិភាក្សា​គ្នា​រឿង បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម ហង់អាញ់ យ៉ាឡាយ នៅ​ថ្ងៃ​ទី១០ ខែកញ្ញា ឆ្នាំ២០២៤។
រូបពីពលរដ្ឋ

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កាចក់​ចំនួន ១២​ភូមិ រស់​នៅ​កៀក​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​ខត្ត​រតនគិរី​នៅ​តែ​ទន្ទឹង​រង់ចាំ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​ចេញ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ហ័ងអាញ់ យ៉ាឡាយ (Hoang Anh Gia Lai (HAGL) របស់​វៀតណាម ជាង ១០ឆ្នាំ​មក​ហើយ។ សហគមន៍​​ត្អូញត្អែរ​ថា អាជ្ញាធរ​យឺតយ៉ាវ​ដោះស្រាយ​បញ្ហា​នេះ ធ្វើឱ្យ​ពលរដ្ឋ​ស្លូត​ត្រង់​ជាង ១ពាន់​គ្រួសារ ទទួល​រង​ភាព​អយុត្តិធម៌​ម្តង​ហើយ​ម្តងទៀត ។

ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កាចក់ ជាង​១​ពាន់​៥​រយ​គ្រួសារ រស់​នៅ​ក្នុង​ស្រុក​អណ្តូងមាស និង​ស្រុក​អូរជុំ ​ខេត្ត​រតនគិរី កំពុង​ពិភាក្សា​គ្នា​តស៊ូ​មតិ​ជា​ថ្មី​ទៀត ដើម្បី​ទាមទារ​ដី​ព្រៃ​អារក្ស​ ក្នុង​តំបន់​ទឹកអូរ​ធម្មជាតិ​, ព្រៃ​ចម្ការ​វិល​ជុំ, តំបន់​ភ្នំ និង​ដី​ព្រៃ​កប់​សព ដែល​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ យ៉ាឡាយ  (Hoang Anh Gia Lai (HAGL)​បាន​រំលោភ​យក​ជា​បន្ត​បន្ទាប់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

តំណាង​សហគមន៍​ភូមិកាក់ ឃុំតាឡាវ លោក សល់ ត្វែត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១០ កញ្ញា​ថា  អាជ្ញាធរ​ពន្យារ​ពេល​មិន​ដោះស្រាយ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពួកគាត់​ខ្លះ​នឿយណាយ នឹង​ការស្វែងរក​យុត្តិធម៌​ និង​អស់​ជំនឿ​ លើ​អាជ្ញាធរ​ខេត្ត​រតនគិរី និង​ក្រសួង​កសិកម្ម។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​អ្នកភូមិ​គ្មាន​ដី​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​កសិកម្ម​ចិញ្ចឹម​ជីវិត​នោះ​ទេ​ ព្រោះ​ដី​ដែល​ធ្លាប់​ធ្វើ​កន្លង​ទៅ ក្រុមហ៊ុម​វៀតណាម​មួយ​នេះ បាន​ហ៊ុម​ព័ទ្ធ​យក​អស់​ហើយ ៖

លោក សល់ ត្វែត«នៅ​ក្នុង​ភូមិ​គេ​ធុញ​ណាស់​ពេក ថា​រាល់​ខែ​រាល់​ឆ្នាំ​ថា​កាត់​ ប៉ុន្តែ​គេ​មិន​គិត​មិន​អី! យើង​រោង​ឆ្នាំ​តែ​មួយ​ឆ្នាំ​ថា​មិន​អី​ទេ​តែ​នេះ​ចូល ៥ឆ្នាំ ១០​ឆ្នាំ​ហើយ​ តាំង​ពី​គេ​តវ៉ា​មក​តែ​នៅ​តែ​ដដែលៗ»

កន្លងទៅ អាជ្ញាធរ​ខេត្ត​រតនគិរី បាន​ស្នើ​ទៅ​ក្រសួងកសិកម្ម និង​ក្រសួងបរិស្ថាន​កាត់​ឆ្វៀល​តំបន់​មាន​ជម្លោះ​ជាង​ ៦០​កន្លែង​ទំហំ​ដី​ជាង ៧រយ​ហិកតារ ​(៧៤២,២៦​) រួមមាន តំបន់​ភ្នំ​ ដីចម្ការ​វិល​ជុំ  ព្រៃ​អារក្ស ​កន្លែង​កប់​សព កន្លែង​ឃ្វាលគោ​ក្របី និង​តំបន់​ប្រភព​ទឹកអូរ​ធម្មជាតិ​ដែល​ជា​កន្លែង​ ​សហគមន៍​អាស្រ័យ​ផល​ប្រគល់​ជូន​ពលរដ្ឋ​វិញ​។

តំណាង​សហគមន៍​ម្នាក់​ទៀត លោក សល់ សើយ ថ្លែងថា  អ្នកភូមិ​ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​ច្រើន​ បន្ទាប់​ពី​មាន​វត្តមាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​នេះ ធ្វើ​ឱ្យ​ពួកគាត់​លំបាក​វេទនា​ មិន​ត្រឹមតែ​បាត់បង់​ទំហំ​ព្រៃឈើ​ទាំង​មូល​នោះ​ទេ សូម្បី​តែ​ព្រៃ​កប់​សព ព្រៃ​អារក្ស និង​ព្រៃ​សមូហភាព​ ក៏​បាត់​បង់​អស់​ដែរ។ ប្រការ​នេះ​លោក​ថា ធ្វើ​ឱ្យ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​ថយ​ចុះ​ និង​ប៉ះពាល់​ប្រព័ន្ធ​សេដ្ឋកិច្ច​របស់​សហគមន៍​ទាំង​មូល៖

លោក សល់ សើយ៖ «ក្នុង​ភូមិ​ហ្នឹង​គេ​រអ៊ូ​ដែរ​គេ​ថា​ដឹង​ម៉េច​ទេ វៀតណាម​គេ​កាត់​ឱ្យ​អត់?ឬ​ក៏​អត់?យើង​នឹង​ចេះ​តែ​រង់​ចាំ​ឡើង ប្រើ​ប្រាស់​ដី​អត់​បាន»

កន្លងទៅ​អង្គការ​សមធម៌​កម្ពុជាបាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ជំរុញ​ឲ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​ដី​ធ្លី​នេះ​ជា​បន្ទាន់​ ដោយ​ជំរុញ​ឲ្យ​ក្រុម​ហ៊ុន​ទទួល​ខុសត្រូវ​តាម​ការសន្យា​ប្រគល់​ដីជូន​សហគមន៍​វិញ។

អង្គការ​នេះបន្ថែមថា​ ក្នុងពេល​រង់ចាំ​ការ​សម្រេច​ជា​ផ្លូវការ​ពី​ក្រសួង​កសិកម្ម​ ក្រុមហ៊ុនវៀតណាម​បានឆក់ឱកាស ​ឈូស​ឆាយ​ភ្នំ​អារក្ស​ចំនួន​២​កន្លែង ឈូស​ឆាយ​តំបន់​ដីសើម​ ឈូស​ឆាយ​តំបន់​បាញ់​សត្វ​តាម​បែប​ប្រពៃណី ​និង​ឈូស​ឆាយ ដីកប់​សព។​

Kachok_Community_Office__in_Ta_Lao_Andoung_Meas_Ratanakiri_091024_by_Community.jpg
ទីស្នាក់ការ​សហគមន៍​ភូមិ​កាចក់ ឃុំតាឡាវ ស្រុកអណ្តូងមាស ខេត្តរតនគិរី។ ពលរដ្ឋសហគមន៍ផ្ដល់ឱ្យ

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១០ កញ្ញា ដោយ​ទូរសព្ទ​ហៅ​ចូល​ច្រើន​ដង​ តែ​គ្មាន​អ្នក​លើក។

ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម កញ្ញា អ៊ឹម រចនា បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ​ ដោយ​លើក​ហេតុ​ផល​ថា កញ្ញា​មិន​ទាន់​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​ទេ។

របាយការណ៍​អង្គការ​សមធម៌​កម្ពុជា ឱ្យដឹងថា ជន​ជាតិ​ដើម​ភាគ​តិច​ ១២​សហគមន៍​ក្នុង​ស្រុក​អណ្ដូងមាស​និង​ស្រុកអូរ​ជុំ ​សរុប​ជាង ១ពាន់ ៣រយគ្រួសារ (​១៣៧០​) បាន​រង​គ្រោះ​ ដោយសារ​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​វៀតណាម​ហ័ងអាញ់ យ៉ាឡាយ។ រីឯ​ដី​ស្រែ​ចម្ការ​របស់​សហគមន៍​​ចំនួន​១​ម៉ឺន​៩ពាន់​ហិកតា​រ ត្រូវបាន​ក្រុម​ហ៊ុន​វៀតណាម​គ្រប់គ្រង​ទាំង​ស្រុង។

អង្គការ​សមធម៌​បន្ថែម​ថា ការ​បាត់​បង់​ដីធ្លី​នេះ​បាន​ធ្វើ​ឲ្យ​ការ​រក​អាហារ​ផ្គង់​ផ្គង់​ជីវភាព​ និង​អនុផល​ព្រៃឈើ​របស់​ជនជាតិ​ដើម​កាចក់​ធ្លាក់​ចុះ​ច្រើន​រួមមាន​បាត់​បង់​ធនធានធម្មជាតិ បាត់បង់​កន្លែង​រក​ត្រី​ ឃ្មុំ ​អុស​ ថ្នាំ​បុរាណ​ សត្វព្រៃ ​ផ្លែឈើ​ព្រៃ​បន្លែ​ព្រៃ និង​វល្លិ៍​ជា​ដើម។

ជុំវិញ​រឿង​នេះ មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន​នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ សង្កេត​ឃើញ​ថា ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ របស់​រដ្ឋាភិបាល​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ មាន​ភាព​មិន​ប្រក្រតី​ច្រើន ខុស​ពី​គោលការណ៍​វិនិយោគ​ បង្កើត​ឱ្យ​មាន​ការ​រំលោភ​សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច។

 លោក​បញ្ជាក់​ថា ជា​គោល​ការណ៍​ច្បាប់ រដ្ឋាភិបាល​មិន​គួរ​ផ្តល់​ដី​ព្រៃ​ស្រោង​ វិនិយោគ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ​ទេ៖

លោក ប៉ែន ប៊ុណ្ណារ៍៖ «មិន​អាច​ផ្ដល់​ដី​ព្រៃឈើ​ព្រៃ​ស្រោង​បាន​ទេ​គឺ​វា​ខុស​ធ្ងន់​ អញ្ចឹង​ហើយ​ទៅ​វា​បង្ក​ដល់​ផល​ប៉ះពាល់​កើត​ឡើង​បាន​ដោយ​សារ​មន្ត្រី​ខិល​ខូច​ទុច្ចរិត​មួយ​ចំនួន​បាន​យក​ឱកាស​ហ្នឹង​ទៅ​យក​ដី​ព្រៃ​ហ្នឹង​ដាក់​ឱ្យ​ក្រុមហ៊ុន​ដើម្បី​បាន​ប្រយោជន៍​ ដោយ​ធ្វើ​របាយការណ៍​លាក់​បាំង​ភូតភរ​ទៅ​ថ្នាក់​លើ​ធ្វើ​ឲ្យ​សភាព​កើត​តែ​ធ្ងន់ធ្ងរ​ ទើប​នៅ​ទី​បំផុត​ការ​ដោះស្រាយ​អត់​មាន​ឆន្ទៈ​ដឹង​ធ្វើ​គ្រាន់​តែ​សន្យា»

​កាល​ពី​ឆ្នាំ២០១០​រដ្ឋាភិបាល​បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៥ម៉ឺន​ហិកតា​ដល់​ក្រុមហ៊ុន​វៀតណាម​ឈ្មោះ​ហ័ងអាញ់ យ៉ាឡាយ​ដើម្បី​ធ្វើ​ការ​វិនិយោគ ​​ដាំ​ដំណាំ​កៅស៊ូ​រយៈ​ពេល​៥០​ឆ្នាំ។

តំណាង​សហគមន៍​ទទូច​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​កំណត់​បង្គោល​ព្រំដី នៅ​តំបន់​កាត់​ឆ្វៀល​ជាង​៦០​កន្លែង រួមមាន តំបន់​ភ្នំ​ដីចម្ការ​វិល​ជុំ ព្រៃ​អារក្ស  និង តំបន់​ប្រភព​ទឹកអូរ​ធម្មជាតិ​ដែល​ជា​កន្លែង​​សហគមន៍​អាស្រ័យ​ផល​តាម​ទំនៀម​ទម្លាប់​ប្រពៃណី​ជា​យូរ​មក​ហើយ៕

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។