ស្នងនគរបាលខេត្តកំពង់ស្ពឺ សម្រេចលើកពេលសាកសួរតំណាងប្រជាពលរដ្ឋ ៦នាក់ មកពីសហគមន៍ឧត្ដមស្រែពស់ ពាក់ព័ន្ធនឹងករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គំរាមនិងជេរប្រមាទជាសាធារណៈ ទៅពេលក្រោយ ដោយមិនកំណត់។ ការលើកពេលសួរនាំនេះ គឺស្របពេលដែលប្រជាពលរដ្ឋប្រមាណ ៧០០នាក់នាំគ្នាធ្វើដំណើរពីភូមិចំនួន៦ ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ មកជួបជុំនៅមុខស្នងការខេត្តកំពង់ស្ពឺ ដើម្បីគាំទ្រតំណាងរបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋក្នុងសហគមន៍ឧត្តមស្រែពស់ លោក ឃន សារឹទ្ធ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ វិច្ឆិកាថា រូបលោក និងពលរដ្ឋ ៥នាក់ទៀត ដែលចូលបំភ្លឺតាមដីកាកោះរបស់ស្នងការខេត្តកំពង់ស្ពឺនោះ ត្រូវបានផ្អាកទៅវិញ ដោយសារតែស្នងការខេត្ត លោក សំ សាមួន មានកិច្ចការជាប់រវល់នៅរាជធានីភ្នំពេញ។
លោកឲ្យដឹងថា ការកោះហៅពីសំណាក់សមត្ថកិច្ចនេះ ទំនងជាកើតចេញពីការតវ៉ារបស់អ្នកភូមិពោធិ៍មាស ដែលបាននាំគ្នាជិត ២០០នាក់ ទៅឃាត់ទាហានមួយក្រុម ប្រើគ្រឿងចក្រឈូសឆាយដីព្រៃស្ថិតក្នុងការគ្រប់គ្រងរបស់សហគមន៍ កាលពីខែតុលាកន្លងមកនេះ។
លោកចាត់ទុកការចោទប្រកាន់នេះថា ជារឿងគំរាមកំហែងបំបាក់ស្មារតីប្រជាពលរដ្ឋ កុំប្រមូលផ្ដុំគ្នាតវ៉ាតបន្តទៅទៀត ពាក់ព័ន្ធនឹងរឿងដីព្រៃសហគមន៍ ដែលរដ្ឋាភិបាលបានកាត់ឲ្យគ្រួសារយោធិនសម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលនៅទីនោះ។
តំណាងពលរដ្ឋរូបនេះ ស្នើសុំសមត្ថកិច្ចបញ្ឈប់ការកោះហៅពលរដ្ឋ ព្រោះពួកគាត់ទាំង៦នាក់ មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់នោះទេ និងស្នើអាជ្ញាធរខេត្តកំពង់ស្ពឺរក្សាទុកដីព្រៃសហគមន៍ជូនប្រជាពលរដ្ឋរស់នៅតំបន់នោះ៖ «សម្រេចពួកខ្ញុំទាំង ៦នាក់ហ្នឹង បានស្នើសុំទៅអភិបាលខេត្ត ស្នើឲ្យគាត់ជួយធ្វើអន្តរាគមន៍ ឲ្យភាគីម្ខាងទៀតទម្លាក់ចោលនូវបទចោទ ព្រោះពួកខ្ញុំជាអ្នកដែលតស៊ូ ការពារផលប្រយោជន៍រួមទេ។ សម្រាប់ប្រជាពលរដ្ឋ គាត់គិតថា វាឈូសឆាយ អ៊ីចឹង ! វាបាត់បង់ទាំងធនធានធម្មជាតិ។ បើសិនជាគេយកមែន វាបាត់បង់ទាំងដីនៅកន្លែងហ្នឹង។ ពួកគាត់លែងមានកន្លែងឃ្វាលគោ រកអុស កន្លែងដកផ្សិត។ អ៊ីចឹង ! បានពួកគាត់ទៅតវ៉ា។ ហើយម្យ៉ាងកន្លែងហ្នឹង គឺកន្លែងដែលគាត់ថែរក្សាមកច្រើនឆ្នាំហើយ»។
វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបរឿងនេះ ពីស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សំ សាមួន និងអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានទេ នៅថ្ងៃទី៣០ វិច្ឆិកា ដោយហៅទូរស័ព្ទចូល តែពុំមានអ្នកទទួល។
ទោះបីជាយ៉ាងណា ពលរដ្ឋឲ្យដឹងថា មន្ត្រីតំណាងអភិបាលខេត្តកំពង់ស្ពឺបានចេញជួបពលរដ្ឋ និងទទួលយកសំណើពួកគាត់ នៅខាងស្នងការនគរបាលខេត្ត ដោយអាជ្ញាធរសន្យាថានឹងចុះទៅពិនិត្យមើលនិងដោះស្រាយវិវាទនោះដោយផ្ទាល់ នៅពេលខាងមុខ។
ទាក់ទងនឹងរឿងនេះ អ្នកសម្របសម្រួលផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក លោក រដ្ឋា វី មានប្រសាសន៍ថា ការកាត់ដីក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះ ដើម្បីផ្ដល់ឲ្យយោធិន និងក្រុមហ៊ុនឯកជន ពីរដ្ឋាភិបាល គឺធ្វើឲ្យប៉ះពាល់ដល់ដីព្រៃសហគមន៍ជាច្រើនក្នុងតំបន់នោះ ដែលប្រជាពលរដ្ឋខិតខំការពារទុកឲ្យមនុស្សជំនាន់ក្រោយ។ លោកយល់ថា អាជ្ញាធរគួរពិនិត្យមើលឡើងវិញ ទាក់ទងនឹងការកាត់ដីព្រៃសហគមន៍នេះឲ្យយោធិននិងប្រជាពលរដ្ឋសរុបប្រមាណ ៤១គ្រួសារ ដើម្បីធ្វើស្រែចម្ការនៅទីតាំងនោះ៖ «កន្លងមកហ្នឹង ក្រុមទាហាន ដែលទៅឈូសឆាយហ្នឹង គឺអត់ដែលមានអាជ្ញាធរខេត្ត ឬក៏ស្រុកណាចុះទៅបង្ហាញទេ។ អ៊ីចឹងហើយ ! ធ្វើឲ្យមានបញ្ហាហ្នឹងកើតឡើង។ ខ្ញុំគិតថារដ្ឋាភិបាលគួរតែធ្វើការពិចារណាឡើងវិញ ក្នុងការលប់ចោលអនុក្រឹត្យហ្នឹង។ ដើម្បីផ្ដល់ដីហ្នឹងទុកឲ្យសម្រាប់សហគមន៍ការពារព្រៃឈើឲ្យនៅគង់វង្ស ដើម្បីកុំឲ្យវាបាត់បង់។ ប្រទេសកម្ពុជាយើង សព្វថ្ងៃធនធានធម្មជាតិចេះតែបាត់បង់បន្តិចម្ដងៗ។ ចេះតែនាំគ្នាចាត់ចែងបែងទៅលិចទៅកើតអស់អ៊ីចឹង យូរៗ ទៅ យើងបារម្ភខ្លាចបាត់បង់ធនធានធម្មជាតិអស់» ។
កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យមួយ ដោយធ្វើអនុប្បយោគដីទំហំជាង ២រយហិកតារ (២៦២,២៤) ដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភូមិសាស្ត្រភូមិពោធិ៍មាស ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីផ្ដល់ជាកម្មសិទ្ធិឲ្យក្រុមគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋសរុបចំនួន ៤១គ្រួសារ សម្រាប់សាងសង់លំនៅឋាន និងបង្កបង្កើនផលស្របច្បាប់ ។
លុះមកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺចេញលិខិតមួយ បញ្ជាក់ថា មន្ទីរបានស្នើសុំដាក់គ្រឿងចក្រចំនួន ៥គ្រឿង សម្រាប់ការឈូសឆាយ និងវាស់កំណត់ព្រំដីជូនក្រុមគ្រួសារយោធិនបញ្ជាការដ្ឋានរថក្រោះកងទ័ពជើងគោក និងប្រជាពលរដ្ឋចំនួន ៤១គ្រួសារ នៅទីតាំងនោះ ដោយមានការចុះហត្ថលេខាឯកភាពពីអភិបាលខេត្តកំពង់ស្ពឺ។
ព្រៃសហគមន៍ការពារធនធានធម្មជាតិឧត្ដមស្រែពស់ ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៣ ដោយពេលនោះ មានទំហំផ្ទៃដីជាង ២ពាន់ហិកតារ ប៉ុន្តែបច្ចុប្បន្ន អ្នកភូមិឲ្យដឹងថា ដីព្រៃសហគមន៍នេះនៅសល់ជាង ៨០០ហិកតារ។
ប្រជាសហគមន៍នៅឃុំត្រពាំងជោរ ស្នើសុំអាជ្ញាធររក្សាទុកដីព្រៃដែលនៅសេសសល់មិនដល់ ១ពាន់ហិកតារនេះ ដើម្បីឲ្យពួកគាត់ទទួលផលប្រយោជន៍ពីតំបន់ព្រៃឈើមួយនេះ តាមមុខរបរប្រពៃណី ដូចជារកផ្សិត រកវល្លិ លែងគោក្របីជាដើម។ ពលរដ្ឋអះអាងថា បច្ចុប្បន្ន ព្រៃសហគមន៍មួយនេះ មិនសូវមានដើមឈើធំៗ នៅសល់ទេ ភាគច្រើននៅសល់តែដើមឈើតូចៗ ប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។