ពលរដ្ឋ​កោះកុង​ ៤២​គ្រួសារ​ស្នើ​អាជ្ញាធរ​កុំ​​យក​​ដី​​ពួក​គេ​​ឱ្យ​​ពលរដ្ឋ​មាន​​ជម្លោះ​​ដី​​ជាមួយ​​ក្រុមហ៊ុន​ចិន

0:00 / 0:00

ក្រុម​ពលរដ្ឋ​ចំនួន​ ៤២​គ្រួសារ រស់នៅ​ភូមិ​កូនកុកចាស់ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ទទូច​​ដល់​អាជ្ញាធរ​ខេត្ត​កោះកុង​​ឱ្យ​បញ្ឈប់​សកម្មភាព​រុះរើ​ផ្ទះ បង្ខំ​យក​ដី​ពួកគេ ផ្ដល់​ទៅ​ឱ្យ​ក្រុម​ពលរដ្ឋ ១៨៤​គ្រួសារ ដែល​មាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន ឬ​ហៅថា យូ​.​ឌី​.​ជី (UDG)។ អាជ្ញាធរ​ខេត្ត​កោះកុង ថា ក្រុម​ពលរដ្ឋ​ទាំង​ ៤២​គ្រួសារ ទន្ទ្រាន​យក​ដី​បម្រុង​របស់​រដ្ឋ ទុក​ចែក​ជូន​ពលរដ្ឋ​ទើប​រង​ការ​រុះរើ​។ សង្គម​ស៊ីវិល ជំរុញ​ឱ្យ​អាជ្ញាធរ​សិក្សា​ឱ្យ​ច្បាស់ មុន​​នឹង​ចោទ​ថា ពលរដ្ឋ​រំលោភ​ដី​រដ្ឋ ហើយ​ត្រូវ​បញ្ឈប់​ការ​យក​ដី​ពលរដ្ឋ ទៅ​ចែក​ឱ្យ​ជនរងគ្រោះ​ដីធ្លី។

តំណាង​សហគមន៍​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ភូមិ​កូនកុកចាស់ លោក ទុយ ទឹម ទទូច​ឱ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ដោះស្រាយ​ទំនាស់​ដីធ្លី​រយៈពេល​ ៩​ឆ្នាំ ព្រោះ​ពួកគេ​គ្មាន​ជម្រក​ស្នាក់​នៅ​ទេ​។ លោក ទុយ ទឹម រៀបរាប់​ថា ទំនាស់​ដីធ្លី​នៅ​ភូមិ​កូន​កុក​ចាស់ រងគ្រោះ​ដោយ​ប្រយោល​ពី​ក្រុមហ៊ុន​ចិន​យូ​.​ឌី​.​ជី ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​លើ​ដី​មាន​ទំនាស់​ជាមួយ​ពលរដ្ឋ​ក្រុម ១៨៤​គ្រួសារ​។ បន្ទាប់​មក នៅ​ពេល​ក្រុម ១៨៤​គ្រួសារ បាន​ដើរ​តវ៉ា​ដាក់​ញត្តិ​ទាមទារ​ដំណោះស្រាយ ខាង​ក្រុមហ៊ុន​បានសម្រេច​កាត់​ដី​ទំហំ ​៣​ពាន់ ៦​រយ (៣.៦០០) ហិកតារ សង​ពលរដ្ឋ​វិញ ប៉ុន្តែ​អាជ្ញាធរ​មិនបាន​យក​ដី​នោះ សង​ពលរដ្ឋ​ក្រុម​ ១៨៤​គ្រួសារ​ទេ តែ​បែរ​មក​យក​ដី​របស់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​កូន​កុក​ចាស់ ចែក​ឱ្យ​ពលរដ្ឋ​ទាំងនោះ។

លោក ទុយ ទឹម បន្ត​ថា អាជ្ញាធរ​តែង​នាំ​កងកម្លាំង​មក​រុះរើ​ផ្ទះ​ពលរដ្ឋ​ចោល ដោយ​ចោទ​ថា ពលរដ្ឋ​ទាំងនោះ​រំលោភ​យក​ដី​រដ្ឋ។ ប៉ុន្តែ បុរស​ចំណាស់​វ័យ​ជាង​ ៦០​ឆ្នាំ​រូប​នេះ អះអាង​ថា ក្រុម​ពលរដ្ឋ​ ៤២​គ្រួសារ បាន​រស់នៅ​លើ ធ្វើស្រែ ដាំ​ដំណាំ ចម្ការ ដី​ភូមិ​​កូន​​កុក​​ចាស់ តាំងពី​ក្រោយ​ឆ្នាំ​១៩៧៩ ​មក​ម្ល៉េះ។ ម្ល៉ោះហើយ​ដី​ទាំងនោះ ជា​របស់​ពួកគេ​កាន់កាប់​ត​កូន​តចៅ​យូរហើយ និង​អ្នកខ្លះ មាន​លិខិតស្នាម​ទិញ​លក់​បញ្ជាក់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ទៀត គ្រាន់តែ​អាជ្ញាធរ​ខេត្ត​មិន​ព្រម​ចុះបញ្ជី​កម្មសិទ្ធិករ​ដីធ្លី​ជូន​ពួកគាត់​។ លោក ទុយ ទឹម អះអាង​ថា ក្រៅពី​រុះរើ​ផ្ទះ អាជ្ញាធរ​បាន​ចាប់ខ្លួន​អ្នកភូមិ​ម្នាក់​ទៅ​ធ្វើ​កិច្ចសន្យា​នៅ​សាលាខេត្ត​ឱ្យ​ឈប់​សាងសង់​លើ​ដី​មាន​ជម្លោះ ហើយ​ករណី​ចុងក្រោយ គឺ​អភិបាលរង​ខេត្ត​កោះកុង លោក សុខ សុធី បាន​ដឹកនាំ​កង​កម្លាំង​​​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ នៅ​ថ្ងៃ​ទី​៣០ មេសា បណ្ដាល​ឱ្យ​ពួកគេ​គ្មាន​ជម្រក ហើយ​ត្រូវ​នាំ​ប្រពន្ធ កូន ទៅ​បោះតង់ និង​ចង​អង្រឹង​ដេក​នៅ​ក្នុង​ព្រៃ​បណ្ដោះអាសន្ន។ បច្ចុប្បន្ន លោក​បាន​បន្ត​ធ្វើ​កូន​រោង​មួយ​ស្នាក់​លើ​ដី​មាន​ជម្លោះ​ដដែល ប៉ុន្តែ​បារម្ភ​ថា នឹង​​រង​ការ​ចុះ​រុះរើ​ចោល​ទៀត៖ «បាទ​ ! ខ្ញុំ​ដេក​ក្នុង​ព្រៃ បន្ទាប់ពី​ចេញពី​ព្រៃ​មក ខ្ញុំ​ក៏បាន​ធ្វើ​រោង​មួយ​តូច​ទៀត​។ ធ្វើ​បាន​រោង​តូច​មួយ​ហើយ ជ្រកកោន បាន លោក សុខ សុធី គាត់​ថា ខ្ញុំ​គ្មាន​ (​ មិនមែន​ ) ​ មនុស្ស​រស់នៅ​កន្លែង​ហ្នឹង​ទេ (​ ថា​ )​ ខ្ញុំ​រកស៊ី​អនាធិបតេយ្យ អារ​ឈើ ឈ្មួញ​ឈើ​។ បើ​ឈ្មួញ​ឈើ ថៅកែ​ឈើ ក្លាយ​ជា​ឧកញ៉ា ហើយ តែ​ផ្ទះ​តូច​មួយ មិន​សម​តួនាទី​ថៅកែ​ឈើ​ទេ»។

តំណាង​ពលរដ្ឋ អះអាង​ថា អាជ្ញាធរ​ខេត្ត​បាន​កាត់​ដី​ពី​អ្នកភូមិ​កូន​កុក​ចាស់ ចំនួន​ ៤២​គ្រួសារ ក្នុង​ទំហំ​ដី​មួយ​គ្រួសារ ចន្លោះ ​៥​ហិកតារ ដល់​ ៣០​ហិកតារ ដែល​ជា​ប្រភេទ​ដីស្រែ​ចម្ការ ដែល​ពួកគាត់​ធ្លាប់​ដាំ​ដំណាំ​ស្វាយចន្ទី និង​ដំឡូង។ ដី មាន​ជម្លោះ ទំហំ​សរុប ​៣២០​ហិកតារ​។ ដើមហេតុ​នៃ​ជម្លោះ ត្រូវ​បាន​តំណាង​សហគមន៍ អះអាង​ថា កើតឡើង ដោយសារ រដ្ឋាភិបាល​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ឱ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន ឬ​យូឌីជី​វិនិយោគ​នៅ​ស្រុក​ចំនួន​ ៣​នៅ​ខេត្ត​កោះកុង គឺ​ស្រុក​គិរីសាគរ ស្រុក​បទុម​សាគរ និង​ស្រុក​ស្រែអំបិល។ ក្រុមហ៊ុន​នេះ​រង​ការ​ចោទ​ថា បាន​រំលោភ​យក​ដី​ពលរដ្ឋ​ច្រើន​ទីតាំង​ក្នុងស្រុក​ទាំង​៣ បណ្ដាល​ឱ្យ​ពលរដ្ឋ​ចងក្រង​គ្នា​ជា​ក្រុម​តូចៗ ចេញ​ដើរ​តវ៉ា​តាម​ស្ថាប័នរដ្ឋ ដើម្បី​ទាមទារ​យក​ដី​ទាំងនោះ​មកវិញ។​

អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​កោះកុង លោក សុខ សុធី ប្រាប់​អាស៊ីសេរី​ថា ក្រុម​ពលរដ្ឋ​ ៤២​គ្រួសារ បាន​រំលោភ​យក​ដី​បម្រុង​របស់​រដ្ឋ ទើប​រង​ការ​ចុះ​រុះរើ​។ លោក​អះអាង​ថា អាជ្ញាធរ​មិនបាន​យក​ដី​ពលរដ្ឋ​ទាំង​៤២​គ្រួសារ​ទេ គឺ​មាន​តែ​ពលរដ្ឋ​ទៅ​រំលោភ ដី​រដ្ឋ និង​អុកឡុក ក្រុម​ពលរដ្ឋ​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល​នៅ​ក្បែរៗ​នោះ​។ លោក សុខ សុធី ប្រាប់​ថា អាជ្ញាធរ​ត្រៀម​រៀបចំ​ចុះបញ្ជី​កម្មសិទ្ធិករ​ជា​ប្រព័ន្ធ​ឱ្យ​ពលរដ្ឋ​មាន​ជម្លោះ​នោះ​ហើយ៖ «គាត់​អះអាង​ថា ភូមិ​ចាស់​របស់​គាត់​ហ្នឹង អាជ្ញាធរ​បាន​ប្រគល់​ឱ្យ​គាត់​ហ្នឹង បាន​ចំនួន​ជិត​ ៣០០​ហិកតារ​ហើយ​។ គាត់​មិន​នៅ​កន្លែង​ហ្នឹង ហើយ​មិន​អស់ចិត្ត​គាត់​ទៅ​កាប់​ទន្ទ្រាន​នៅ​កន្លែង​ផ្សេងទៀត ដល់ពេល​អ៊ីចឹង គេ​ទប់ស្កាត់​មិន​ឱ្យ​គាត់​ទន្ទ្រាន តើ​គាត់​មិន​ពេល​ចិត្ត​រឿង​អ្វី​ ? បើ​គាត់​មិន​ពេញចិត្ត មានន័យថា​គាត់​ហ្នឹង ទាល់តែ​គាត់​ទៅ​ទន្ទ្រាន​យក​ថែមទៀត បាន​គាត់​ពេញចិត្ត​ឬ​យ៉ាង​ម្ដេច​ ? កន្លែង​ហ្នឹង វា​អត់​ត្រូវ​ណា​អូន​ណា តាម​ផ្លូវ​ច្បាប់»។

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ អាដហុក (Adhoc) ខេត្ត​កោះកុង លោក មាន ព្រហ្មមុនី ប្រាប់​ថា ក្រោយ​ការ​ចុះ​អង្កេត​ផ្ទាល់ ពិតជា​បាន​ឃើញ​ស្លាកស្នាម​នៃ​ការ​រុះរើ​ផ្ទះ​ពលរដ្ឋ​មែន។ លោក​យល់ថា អាជ្ញាធរ​គួរ​រក​វិធី​សម្របសម្រួល មិន​ត្រូវ​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​ទេ​។ ចំណែក​ដី​វិញ លោក​ថា បើ​ពិត​ដូច​ការ​អះអាង​របស់​ពលរដ្ឋ​មែន ត្រូវ​ចេញ​ប័ណ្ណ​ឱ្យ​ពលរដ្ឋ​ក្រុម​៤២​គ្រួសារ ហើយ​មិន​ត្រូវ​យក​ដី​ពលរដ្ឋ​ទៅ​ចែក​ឱ្យ​ពលរដ្ឋ​រងគ្រោះ​ដូចគ្នា​ទេ​។ លោក​ថា ករណី​នេះ បែបនេះ​កើតឡើង​ច្រើន​មក​ហើយ និង​បណ្ដាល​ឱ្យ​ពលរដ្ឋ​ឈ្លោះ​ទាស់ទែង​គ្នា ខឹង​គ្នា បើ​ទោះ​ជា​ពួកគេ ជា​ជនរងគ្រោះ​ដូចគ្នា​។ លោក​ថា ការ​ធ្វើ​បែបនេះ មិន​អាច​ដោះស្រាយ​ជម្លោះដីធ្លី​បាន​ឡើយ៖ «ចង់​ឱ្យ​អាជ្ញាធរ​ក្នុងនាម​ជា​រដ្ឋ អ្នកគ្រប់គ្រង​រក​ការពិត​ឱ្យ​ឃើញ តើ​ប្រជាពលរដ្ឋ​គាត់​កាន់កាប់​ពិតប្រាកដ​មែន ឬ​គាត់​មក​យក​ដី​ថ្មី​ ? ប៉ុន្តែ​ប្រជាពលរដ្ឋ​គាត់​អះអាង​គាត់​កាន់កាប់​ពិតប្រាកដ ជា​សមាហរណកម្ម ព្រោះ​នៅ​តាំងពី​ឆ្នាំ​១៩៩៦​ មក ក្រោយពី​របប ប៉ុល ពត មក​គឺ​គាត់​រស់នៅ​ហ្នឹង គាត់​កាន់កាប់​នៅ​ហ្នឹង​ជាក់ស្ដែង​។ អាហ្នឹង​បើ​យោង​តាម​ច្បាប់ គាត់​កាន់កាប់​ស្របច្បាប់​ហើយ។ ទី​២ និយាយ​ពី​កាតព្វកិច្ច​របស់​រដ្ឋ បើ​សិន​ប្រជាពលរដ្ឋ​អត់​ដី​ពិតប្រាកដ​មែន បើ​យើង​ស្រាវជ្រាវ​ឃើញ​ថា ពួកគាត់​ជា​ពួក​ថ្មី អត់​ដី​ពិតប្រាកដ​មែន ឱ្យ​គាត់​ស្នើ​តាមរយៈ​ភូមិ​ឃុំ រក​ដី​កន្លែង​ណា​ទំនេរ​ឱ្យ​គាត់​ទៅ​។ អាជ្ញាធរ​ពេល​ដែល​គាត់​ (​ ចូល​ )​ កាន់កាប់​ពី​មុន​មក​មិន​ឃាត់ ហើយ​ដល់ពេល​មក​ឥឡូវ​មាន​បញ្ហា មិន​ដោះស្រាយ​ឱ្យ​គ្នា មក​ចោទ​គ្នា​ថា នៅ​លើ​ដី​របស់​រដ្ឋ»។

តំណាង​សហគមន៍​ភូមិ​កូនកុកចាស់ លោក ទុយ ទឹម ថា ធ្លាប់​បាន​ដាក់​ញត្តិ​នៅ​សាលាខេត្ត ក្រសួង​ដែនដី ក្រសួងបរិស្ថាន ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ក្រោម​ដើម​ពោធិ៍​មុខ​វត្ត​បទុមវតី ច្រើនដង​ច្រើន​សា​ហើយ ក្នុង​រយៈពេល ​១០​ឆ្នាំ នៃ​ជម្លោះ ដីធ្លី​នេះ តែ​គ្មាន​លទ្ធផល​សោះ។ ទោះ​យ៉ាងណា លោក ទុយ ទឹម ប្រាប់​ថា ក្រុម​ពលរដ្ឋ​ក្នុង​សហគមន៍​នឹង​បន្ត​ដើរ​ដាក់​ញត្តិ​តាម​ស្ថាប័នរដ្ឋ​ទៀត រហូត​មាន​ដំណោះស្រាយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។