ពលរដ្ឋ​​​ឃុំ​តាជេស ខេត្ត​កំពង់​ឆ្នាំង​រាប់​រយ​គ្រួសារ៖ អាជ្ញាធរ​ចង់​លុប​បឹង​ធម្មជាតិ​ដែល​ពួក​គាត់​អាស្រ័យ​ផល

ប្រជាពលរដ្ឋ​ជាង ៥រយ​គ្រួសារ រស់​នៅ​នៃ​ឃុំ​តា​ជេស ព្រួយ​បារម្ភ​ថា បឹង​ពោធិ៍ ដែល​ពួក​គាត់​រស់​នៅ​អាស្រ័យ​ផល​ត​កូន​ត​ចៅ អាច​នឹង​ត្រូវ​បាន​គេ​លុប​ដើម្បី​អភិវឌ្ឍន៍ ដូច​បឹង​មួយ​ចំនួន​នៅ​ក្រុង​ភ្នំពេញ។ ក្ដី​ព្រួយ​បារម្ភ​នេះ​ គឺ​បន្ទាប់​ពី​ពលរដ្ឋ​ឃើញ​អាជ្ញាធរ​ថ្នាក់​ឃុំ និង​ខេត្ត​ សហការ​គ្នា​ចុះ​បោះ​បង្គោល​កំណត់​ព្រំ​បឹង រយៈ​ពេល ២ថ្ងៃ​កន្លង​មក​នេះ ដោយ​គ្មាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ឲ្យ​បាន​ដឹង​មុន។

តំណាង​សហគមន៍​ឡពាង លោក ស្ងួន ញឿន ស្នើ​សុំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ រក្សា​បឹង​ធម្មជាតិ​មួយ​នេះ ឲ្យ​នៅ​ដដែល ដោយ​គ្មាន​ការ​ផ្ទេរ​ឬ​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ណា​មួយ​ឡើយ។ តំណាង​ពលរដ្ឋ​រូប​នេះ ថា អ្នក​ភូមិ​ទាំង​អស់​គ្នា​ប្រកាន់​ជំហរ​រួម​គ្នា ​ការពារ​បឹង​មួយ​នេះ​ឲ្យ​ខាន​តែ​បាន បើ​ទោះ​បី​ជា​ត្រូវ​ប្រឈម​នឹង​បញ្ហា​អ្វី​ក៏​ដោយ៖ «បឹង​នេះ គឺ​ជា​សរសៃ​ឈាម​របស់​ប្រជាពលរដ្ឋ។ ប្រជា​ពលរដ្ឋ​រស់​នៅ​ក្រោម​បឹង​នេះ មួយ​ថ្ងៃៗ ពី ១រយ​ទៅ ២រយ​នាក់។ ប៉ុន្តែ​បើ​សិន​ជា​អាជ្ញាធរ​ប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​គ្រប់គ្រង។ អ៊ីចឹង​ប្រជា​ពលរដ្ឋ​អត់​បាន​អាស្រ័យ​ទៅ​លើ​បឹង​ហ្នឹង​ទេ។ អ៊ីចឹង​ហើយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ហ្នឹង ចង់​ឲ្យ​អាជ្ញាធរ​ស្ដារ និង​ធ្វើ​កិច្ច​សន្យា​ថា ស្ដារ​បឹង​ចប់​ត្រូវ​ប្រគល់​បឹង​ហ្នឹង​មក​ឲ្យ​ប្រជា​ពលរដ្ឋ អភិរក្ស​យ៉ាង​ម៉េច គ្រប់គ្រង​យ៉ាង​ម៉េច គឺ​ឲ្យ​សហគមន៍​ជា​អ្នក​គ្រប់គ្រង។ ឲ្យ​អាជ្ញាធរ​គ្រប់គ្រង គឺ​អត់​បាន​អី​ទាំង​អស់» ។

ជុំវិញ​រឿង​នេះ អាស៊ី​សេរី​ព្យាយាម​សុំ​ការ​បកស្រាយ​ពី​មេភូមិ​ឡ​ពាង លោក ឌុច ប៊ុនហេង និង​មេឃុំ​តាជេស លោក នួន ស៊ន ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​បី មាន​ភូមិ​ឡ​ពាង ភូមិ​សូវង្ស និង​ភូមិ​សំរោង រស់នៅ​អាស្រ័យ​ផល​នឹង​បឹង​ពោធិ៍ ដែល​មាន​ទំហំ​ជាង ៣០​ហិកតារ អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ អ្នក​ភូមិ​ថា ពួកគាត់​អាច​រក​ចំណូល​ពី​បឹង​នេះ បាន​ប្រាក់​ពី​១​ម៉ឺន​រៀល​ទៅ ២ម៉ឺនរៀល ក្នុង ១ថ្ងៃៗ ដោយ​ដើរ​រាយ​មង​សន្ទូង​រក​ត្រី ដក​ព្រលិត និង​រក​ខ្យងខ្ចៅ ​យក​ទៅ​លក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។