អ្នក​មាន​ជម្លោះ​ដី​១៦០​គ្រួសារ​នៅ​ក្រចេះ​រក​កិច្ច​អន្តរាគមន៍​ក្រោយ​មាន​ការ​រារាំង​មិន​អោយ​សម្អាត​ដី

ដោយ វ៉ែន សុមេធ
2017-12-01
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែកជីក ឃុំ​សោប ស្រុក​ព្រែកប្រសព្វ ខែត្រ​ក្រចេះ នៅ​ថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ​២០១៧។
ពលរដ្ឋ​រស់​នៅ​ភូមិ​ព្រែកជីក ឃុំ​សោប ស្រុក​ព្រែកប្រសព្វ ខែត្រ​ក្រចេះ នៅ​ថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ​២០១៧។
Photo courtesy of ADHOC

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកជីក ឃុំ​សោប ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ ១៦០​គ្រួសារ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​នេះ ពន្លឿន​វាស់វែង​ដី​មួយ​កន្លែង​សម្រាប់​អ្នក​ភូមិ​កសាង​សាលារៀន ខណៈ​តំបន់​ដែល​ពួកគាត់​រស់​នៅ​បច្ចុប្បន្ន​ពុំ​ទាន់​មាន​ដី​សម្រាប់​សាងសង់​សាលារៀន​នៅ​ឡើយ​ទេ។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មន្ត្រី​សុរិយោដី​ស្រុក ៣​នាក់ បាន​រារាំង​អ្នកភូមិ​ច្រើន​លើក​មិន​ឲ្យ​សម្អាត​ដី​សម្រាប់​សាងសង់​សាលារៀន ដោយ​លើក​ហេតុផល​ថា ជា​ដី​តំបន់​ព្រៃ។

​ពលរដ្ឋ ៨០​នាក់ ក្នុង​ចំណោម​អ្នក​ភូមិ ១៦០​គ្រួសារ រស់​នៅ​ចំណុច​គីឡូ​លេខ ២៥ រហូត​ដល់​គីឡូម៉ែត្រ​លេខ ៣៦ នៃ​ភូមិ​ព្រែកជីក ឃុំ​សោប ស្រុក​ព្រែកប្រសប់ បាន​មក​សុំ​កិច្ច​អន្តរាគមន៍​ផ្នែក​ច្បាប់​នៅ​សមាគម​អាដហុក (Adhoc) កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ករណី​មន្ត្រី​សុរិយោដី​ស្រុក​ព្រែកប្រសប់ ៣​នាក់ បាន​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​សម្អាត​ដី​មួយ​កន្លែង​ទំហំ​ជិត ២​ហិកតារ ដើម្បី​សាងសង់​សាលារៀន។

​តំណាង​ពលរដ្ឋ​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ធ្នូ ថា ពួកគាត់​បាន​ផ្ដិត​មេដៃ​ស្នើសុំ​ម្ចាស់​កម្មសិទ្ធិ​ដី​ឈ្មោះ រឿង សៀន ក្នុង​បំណង​ប្រើប្រាស់​ដី​ទំហំ​ជិត ២​ហិកតារ ដើម្បី​សាងសង់​សាលារៀន ហើយ​ម្ចាស់​កម្មសិទ្ធិ​ដី​នោះ​បាន​ឯកភាព​រួច​ហើយ ព្រមទាំង​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន​ផង។

​ក៏ប៉ុន្តែ​មន្ត្រី​សុរិយោដី​ស្រុក​ព្រែកប្រសប់ ឈ្មោះ ញឹម សុខា បាន​មក​រារាំង​មិន​ឲ្យ​ពួកគាត់​ប្រើប្រាស់​ដី​នោះ​ទេ ដោយ​អះអាង​ថា ជា​តំបន់​ព្រៃ​មិន​អាច​វាស់វែង​ផ្ដល់​ប្លង់​សម្រាប់​សហគមន៍​បាន។ ​បុរស​ដដែល​បន្ត​ថា អ្នកភូមិ​នឹង​បន្ត​ក្រាញននៀល​ទាមទារ​ដី​នោះ​សាងសង់​សាលារៀន ព្រោះ​តំបន់​ពួកគាត់​រស់​នៅ​គ្មាន​សាលា ហើយ​កុមារ​មួយ​ចំនួន​ធំ​បោះបង់​ការ​សិក្សា ព្រោះ​សាលារៀន​នៅ​ឆ្ងាយ។  លោក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល អន្តរាគមន៍​​ផ្ដល់​ដី​នៅ​តំបន់​នោះ​ជូន​ពលរដ្ឋ​ប្រើប្រាស់​ជា​សមូហភាព៖ «ពលរដ្ឋ​គាត់​ឆ្ងល់​ថា ហេតុ​​អី​បាន​ដី​ព្រៃ​វាស់​ចេញ​ប្លង់​ឲ្យ ចុះ​ពលរដ្ឋ​ដែល​មាន​ដំណាំ​ដាំដុះ គេ​ថា​ដី​ហ្នឹង​ព្រៃ​មិន​អាច​វាស់​បាន​ទេ។ គេ​គំរាម​ដោយ​ប្រយោល ចំណុច​ខ្លះ​ទៅ​បន្លាច​គាត់ គាត់​ថា ឲ្យ​តែ​ហ៊ាន​ធ្វើ​ទៀត​គេ​ដាក់​ខ្នោះ​ហើយ»

​មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក ខេត្ត​ក្រចេះ លោក ប៊ី វ៉ាន់នី ដែល​ចុះ​អង្កេត​រឿង​នេះ​រក​ឃើញ​ថា មន្ត្រី​ជំនាញ​សុរិយោដី​បាន​ប្រើ​តួនាទី​ហួស​ព្រំដែន​ ខណៈ​សមត្ថកិច្ច​ដោះស្រាយ​វិវាទ​ដីធ្លី​នេះ ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន។ ​លោក​ថា ពលរដ្ឋ ៨០​នាក់ ដែល​បាន​ផ្តិត​មេដៃ​ទាមទារ​ដី​នោះ រង​ការ​គំរាមកំហែង​ដោយ​ប្រយោល តាមរយៈ​ប្រជាជន​ក្នុង​ភូមិ​ដូច​គ្នា ដែល​ពួកគេ​សង្ស័យ​ថា មាន​មន្ត្រី​សុរិយោដី​នៅ​ពី​ក្រោយ​ខ្នង  ក្នុង​បំណង​បំភិតបំភ័យ​មិន​ឲ្យ​ពលរដ្ឋ​ទាមទារ​ដី​នោះ សម្រាប់​សាងសង់​សាលារៀន។ លោក​សង្កត់​ធ្ងន់​ថា ការ​គំរាម​កំហែង​នោះ ទំនង​ជា​គេ​បង្វែរ​រឿង​ពលរដ្ឋ ៨០​នាក់​ផ្តិត​មេដៃ​រឿង​ដីធ្លី​ឲ្យ​ទៅ​ជា​រឿង​បដិវត្តន៍​ពណ៌​ផ្ដួល​រំលំ​​រដ្ឋាភិបាល​ទៅ​វិញ៖ «គាត់​មិន​បាន​ចោទ​ប្រកាន់​ទេ តែ​ជា​លក្ខណៈ​គំរាមកំហែង​ហាម​មិន​ឲ្យ​ពលរដ្ឋ​សំអាត​ព្រៃ​លើ​ដី​ហ្នឹង។ គេ​ថា បើ​គេ​ចង់​ធ្វើ​ប្រជាពលរដ្ឋ  គឺ​គេ​អាច​ចាប់​ដាក់​គុក​ទាំង ៨០​នាក់​ហ្នឹង។ អ្នក​ណា​ដែល​មាន​ស្នាម​មេដៃ​ដែល​ស្នើ​សុំ​ផ្ដិត​ធ្វើ​សាលា​ហ្នឹង គឺ​គេ​យក​ស្នាម​មេដៃ​ហ្នឹង​យក​ទៅ​ក្លែង​ក្បាល​ដាក់​ថា ស្នាម​មេដៃ​គាំទ្រ​ផ្ដួល​រំលំ​រដ្ឋាភិបាល​វិញ»
អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង​ប្រធាន​ការិយាល័យ​សុរិយោដី​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ ដើម្បី​សុំ​ការ​បំភ្លឺ​ករណី​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១ ធ្នូ។
​កាល​ពី​ថ្ងៃ​ទី​១៧ វិច្ឆិកា បុរស​ឈ្មោះ រឿន សៀន អតីត​ជា​យោធា​បាន​ផ្តិត​មេដៃ​ប្រគល់​ដី​ដែល​មាន​ទំហំ ៧០​ម៉ែត្រ គុណ​បណ្ដោយ ១៨០​ម៉ែត្រ ប្រគល់​ឲ្យ​អ្នក​ភូមិ ១៦០​គ្រួសារ សម្រាប់​សាងសង់​សាលា​រៀន​ប្រើប្រាស់​ជា​សមូហភាព​ដែល​មាន​ការ​ដឹង​ឮ​ពី​អាជ្ញាធរ​មូលដ្ឋាន។ ទោះ​ជា​យ៉ាង​ណា លោក ប៊ី វ៉ាន់នី សង្ស័យ​ថា ​គោលបំណង​ដែល​មន្ត្រី​សុរិយោដី​រារាំង​អ្នក​ភូមិ​មិន​ឲ្យ​សម្អាត​ដី​ដើម្បី​សាងសង់​សាលារៀន ទំនងជា​ទទួល​ផល​ប្រយោជន៍ ឬ​លាភសក្ការៈ​ផ្សេង​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល