ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​ខេត្ត​ក្រចេះ សន្យា​ជា​ថ្មី​ថា នឹង​ចុះ​ទៅ​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពលរដ្ឋ​នៅ​ឃុំ ២ធ្នូ នៅ​ដើម​សប្ដាហ៍​ក្រោយ

0:00 / 0:00

ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​ខេត្ត​ក្រចេះ ចេញ​មុខ​មក​ជួប​ក្រុម​ប្រជា​ពលរដ្ឋ​ប្រមាណ​៥០​នាក់​តំណាង​ឲ្យ​១​៥​៤​គ្រួសារ នៅ​ក្រសួង​រៀប​ចំ​ដែន​ដី​ ក្នុង​រាជ​ធានី​ភ្នំពេញ សន្យា​ថា នឹង​ចុះ​ទៅ​ដោះស្រាយ​បញ្ហា​ដីធ្លី នៅ​ទី​តាំង​មាន​ទំនាស់ ស្ថិត​ក្នុង​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ នៅ​ដើម​សប្ដាហ៍​ក្រោយ​។ ចំណែក​សង្គម​ស៊ីវិល យល់ថា ការ​សន្យា​ពី​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ គឺ​មិន​អាច​ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​ទេ បើ​សិន​ជា​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​ ដើម្បី​ដោះស្រាយ​បញ្ចប់​បញ្ហា​នោះ។

តំណាង​ពលរដ្ឋ លោក យេន សុផាឡៃ ប្រាប់​អាស៊ី​សេរី​ថា ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​នគរោបនីយកម្ម និង​សំណង់​ខេត្ត​ក្រចេះ លោក កៅ ម៉ាឌីឡែន មក​ជួប​ពលរដ្ឋ​ដោយ​ផ្ទាល់​ថា ដោយ​សន្យា​ នឹង​ចុះ​ដោះស្រាយ​រឿង​អាជ្ញាធរ​ចុះ​ទៅ​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​អស់​ជាង​៣០០​ហិកតារ ហើយ​ដុត​ផ្ទះ​ពលរដ្ឋ​អស់​ជាង​១០​ខ្នង ដែល​ស្ថិត​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា​-វៀតណាម កាល​ពីថ្ងៃ​ទី​២០​ មេសា។

លោក យេន សុផាឡៃ លើកឡើង​ថា នេះ​ជា​លើក​ទី​២​ហើយ​ ដែល​លោក កៅ ម៉ាឌីឡែន​ សន្យា​ពលរដ្ឋ​​ថា​នឹង​ដោះស្រាយ​បញ្ចប់​រាល់​បញ្ហា​ នៅ​តំបន់ ឌី៥ ឌី៦ (D5 D6) ក្នុង​ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ ស្រុក​ស្នួល​ ខេត្ត​ក្រចេះ ប៉ុន្តែ​មក​ដល់​ពេល​បញ្ហា​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន​។ លោក យេន សុផាឡៃ បន្ត​ថា ដោយ​សារ​គ្មាន​ជម្រើស​ប្រសើរ​ជាង​នេះ ពួក​គាត់​ក៏​សម្រេច​ទទួល​ការ​សន្យា​ជាថ្មី​នេះ ប៉ុន្តែ​ហាក់​គ្មាន​ជំនឿ​ថា ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី ខេត្ត ក្រចេះ នឹង​ជួយ​បញ្ចប់​បញ្ហា​ឲ្យ​ពួកគេ​បាន​នោះ​ទេ។ ក្រៅ​ពី​នេះ ​ក្រុម​ប្រជា​ពលរដ្ឋ​នៅ​តែ​ទទូច​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​បន្ថែម​ទៀត​ពី​លោក ហ៊ុន សែន និង​លោក ជា សុផារ៉ា ក្នុង​រឿង​នេះ៖ «ខាង​លោក​ ម៉ាឌីឡែន លោក​បាន​សន្យា​ជាមួយ​ខ្ញុំ​ថា​បី​ថ្ងៃ​ទៀត​គាត់​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​នោះ។ ហើយ​ពួក​យើង​ខ្ញុំ​ក៏​បាន​សំណូម​ពរ​ដល់​គាត់​ សូម​ឲ្យ​អាជ្ញាធរ​នៅ​ខេត្ត​ក្រចេះ សូម​លោក​កុំ​បន្ដ​ដុត​ផ្ទះ​សម្បែង​ពួក​យើង​បន្ត​ទៀត​ ហើយ​កុំ​បំផ្លាញ​នៅ​ពូជ​ដំណាំ​របស់​យើង​ខ្ញុំ​ជាង​៣០០​ហិកតារ​ហ្នឹង។ មាន​ការ​ខូច​ខាត​យ៉ាង​ច្រើន បើ​គិត​ជា​ទឹក​ប្រាក់​ជាង​៣ម៉ឺន​ដុល្លារ​រួច​ទៅ​ហើយ។ ខ្ញុំ​សំណូមពរ​គាត់​ថា រង់ចាំ​​តែ​ពួក​យើង​ខ្ញុំ​មាន​លទ្ធភាព​ដោះស្រាយ​គ្រប់​គ្រាន់ ទៅ​តា​ផ្លូវ​ច្បាប់​។ ច្បាប់​សម្រេច​យ៉ាង​ណា​ៗ ខ្ញុំ​រង់ចាំ​ទៀត​។ ខ្ញុំ​សំណូមពរ​ទៅ​គាត់​តែ​ប៉ុណ្ណឹង​ទេ»។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​​រឿង​ដោយ​ផ្ទាល់​ពី​លោក កៅ ម៉ាឌីឡែន បាន​ទេ​នៅ​ថ្ងៃ​ទី ២ ឧសភា ដោយ​ហៅ​ទូរស័ព្ទ​ចូល​ជាច្រើន​ដង តែ​គ្មាន​អ្នក​ទទួល​។ កាល​ពី​ថ្ងៃ​ទី៥ មីនា​ លោក កៅ ម៉ាឌីឡែន បាន​សន្យា​ម្ដង​រួច​មក​ហើយ​ជាមួយ​ពលរដ្ឋ​ប្រមាណ​៦០នាក់ នៅ​ក្នុង​វត្ត​សាមគ្គី​រង្សី ​ ថា​លោក​នឹង​យក​ក្ដី​កង្វល់​និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ​ដាក់​ជូន​ដើម្បី​ពិនិត្យ​និង​រក​ដំណោះស្រាយ​។

គិត​មក​ដល់​ពេល​នេះ ពលរដ្ឋ​ថា នៅ​មិន​ទាន់​ឃើញ​មាន​ចំណាត់​ការ​ណាមួយ​ពី​អាជ្ញាធរ​ថ្នាក់​ខេត្ត​និង​ក្រសួង​រៀប​ចំ​ដែន​ដី​ ចុះ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​គាត់​នៅ​ឡើយ​ទេ​។

នាយក​រង​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត លើក​ឡើង​ថា​ ការ​សន្យា​ពី​មន្ត្រី​រដ្ឋាភិបាល​បែប​នេះ គឺ​មិន​អាច​ដោះស្រាយ​ទំនាស់​ដីធ្លី​បាន​ទេ បើ​គ្មាន​ឆន្ទៈ​ពិត​ប្រាកដ​នោះ។ លោក​ សំអាត បន្ត​ថា ការ​សន្យា​ម្ដង​ហើយ​ម្ដង​ទៀត​ ហើយ​នៅ​តែ​គ្មាន​លេច​ជា​លទ្ធ​ផល នោះ​រឹត​តែ​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​លែង​មាន​ជំនឿ​ចំពោះ​ការ​សន្យា​របស់​អាជ្ញាធរ។ មន្ត្រី​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ យល់​ថា អាជ្ញាធរ​គួរ​ពន្លឿន​ដំណោះស្រាយ​រឿង​ដីធ្លី​ឲ្យ​បាន​លឿន ដើម្បី​បញ្ចៀស​កុំ​ឲ្យ​មាន​បញ្ហា​ផ្សេង​ទៀត​ដែល​ផ្ដើម​ចេញ​ពី​រឿង​ដីធ្លី​នេះ៖ «បញ្ហា​ទាំង​អស់​នេះ យើង​បារម្ភ​ថា​កុំ​ឲ្យ​វា​ក្លាយ​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ​បន្ត​ទៅ​ទៀត​ គួរ​ណាស់​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ ដើម្បី​បញ្ចប់​ទៅ​លើ​បញ្ហា​ដីធ្លី​ហ្នឹង​ទៅ វា​ជា​ការ​ល្អ​ប្រសើរ។ ហើយ​បើ​មិន​អ៊ីចឹង​ទេ វា​អាច​នឹង​រីក​រាល​ដាល នឹង​អាច​មាន​ការ​លាប​ពណ៌​ដាក់​គ្នា​ផ្សេង​បន្ត​ទៅ​ទៀត​ នាំ​ឲ្យ​ ផល​វិបាក​វា​កាន់​តែ​កើតឡើង​ចំពោះ​ប្រជា​ពលរដ្ឋ​នោះ បាទ !»។

ពលរដ្ឋ​១៥០​គ្រួសារ​អះអាង​ថា ពួកគេ ​បាន​រស់​នៅ​តំបន់​ឌី​៥​ឌី៦​ក្នុង​ឃុំ​២​ធ្នូ ចាប់​តាំង​ពី​ឆ្នាំ២​ពាន់​ដោយ​បាន​​កៅស៊ូ ស្វាយ​ចន្ទី ម្រេច ​ដំឡូង​មី និង​ស្រូវ ជិត​២០​ឆ្នាំ​ហើយ។ ពលរដ្ឋ​ប្រាប់​ថា លុះ​មក​ដល់​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០១៩ ក៏​ចាប់​ផ្ដើម​មាន​ទំនាស់​រវាង​អាជ្ញាធរ​និង​ប្រជា​ពលរដ្ឋ ​លើ​ផ្ទៃ​សរុប​ជាង​៧រយ​ហិកតារ (៧៤៤) បន្ទាប់​ពី​អាជ្ញាធរ​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​ផល​ដំណាំ ​ហើយ​ដុត​ផ្ទះ​អស់​១២​ខ្នង ក្រោម​ហេតុ​ផល​ថា​រាន​ដី​ យក​ទៅ​ប្រគល់​ឲ្យ​ក្រុម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត ដែល​ជា​ក្រុម​យោធិន​ចូល​និវត្តន៍​មក​ពី​ខេត្ត​ឆ្ងាយៗ។

ក្រុម​ពលរដ្ឋ​ឃុំ​២ធ្នូ ខេត្ត​ក្រចេះ ប្រកាន់​ជំហរ​ថា បើ​សិន​ជា​គ្មាន​ដំណោះស្រាយ​ដូច​តាម​ការ​សន្យា​របស់​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​នគរោបនីយកម្ម និង​សំណង់​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ដើម​សប្ដាហ៍​ក្រោយ​ទេ នោះ​ពួកគេ​នឹង​នាំគ្នា​កាន់​តែ​ច្រើន​ ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ តវ៉ា​ទាមទារ​រក​ដំណោះស្រាយ​ពី​ក្រសួង​រៀប​ចំ​ដែន​ដី​ ជាថ្មី​ទៀត​ ហើយ​នឹង​មិន​ត្រឡប់​វិល​ទៅ​ផ្ទះ​វិញ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។