សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ថា រីករាយ​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​នៅ​ឃុំ​ស្រយង់

0:00 / 0:00

សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ អះអាង​ថា ពួកគេ​រីករាយ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ឃុំ​ស្រយង់​ជាមួយ​នឹង​ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex)។ ការ​លើកឡើង​នេះ​បន្ទាប់ពី​រដ្ឋបាល​ខេត្តព្រះវិហារ​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន កុំ​ឲ្យ​ពលរដ្ឋ​ចាញ់​បោក​ក្រុម​អង្គការ​ក្រៅរដ្ឋាភិបាល​មួយ​ដែល​សំដៅលើ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ​ថា មានគំនិត​ទុច្ចរិត ចង់​កេង​ចំណេញ​នយោបាយ លើ​ពលរដ្ឋ​រងគ្រោះ​ដីធ្លី និង​កំពុង​រត់​ពួន​ក្នុង​ព្រៃ។

ឆ្លើយតប​រឿង​នេះ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារាយ អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មីនា ថា សមាគម​របស់​លោក​រីករាយ​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ដើម្បី​រក​ដំណោះស្រាយ​ដល់​ពលរដ្ឋ​នៅ​ឃុំ​ស្រយង់ ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ​គេច​ពី​ការ​តាម​ចាប់ខ្លួន​ពី​អាជ្ញាធរ​ខេត្តព្រះវិហារ បន្ទាប់ពី​កម្លាំង​ប្រដាប់​អាវុធ​ខេត្ត​មួយ​នេះ បង្ក្រាប​ដោយ​ហិង្សា។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ បង្ហាញ​ភស្តុតាង​ជាក់លាក់ ដែល​ចោទ​សមាគម​លោក​ថា កំពុង​ធ្វើ​សកម្មភាព​កេង​ចំណេញ​នយោបាយ ពលរដ្ឋ​ទាំងអស់​នោះ។

លោក កើត សារាយ៖ «កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​ស្អីហ្នឹង​ខ្ញុំ​យល់ថា វា​ជា​រឿង​មួយ​ដែល​មិនអាច​ទទួល​យក​បាន​ទៅទៀត ហើយ​លោក​និយាយ​បែបនេះ​បាន​អ្វី​ជា​អំណះអំណាង​យក​អ្វី​មក​អះអាង​ទៅ​លើ​រឿង​ហ្នឹង ហើយ​មាន​ភស្តុតាង​ណា​ដែល​បង្ហាញ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​កេង​ចំណេញ​ផលប្រយោជន៍​នយោបាយ​របស់​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ហ្នឹង ខ្ញុំ​ថា​របៀប​ដែល​និយាយ​គ្មាន​ការទទួលខុសត្រូវ​បែបនេះ​វា​មិន​គួរ​កើតមាន​ទេ​ក្នុងនាម​ជា​មន្ត្រី»។

កាល​ពី​ថ្ងៃ​ទី២២ ខែ​មីនា រដ្ឋបាល​ខេត្ត​ព្រះវិហារ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ ដោយ​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​កំពុង​រត់​ពួន​ក្នុង​ព្រៃ​កុំ​ឲ្យ​ចាញ់បោក​ក្រុម​អង្គការក្រៅរដ្ឋាភិបាល​មួយ​ក្ដាប់​តូច ដែល​យក​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​ទាំងនោះ កេង​ចំណេញ​នយោបាយ និង​បាន​ស្នើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ប្រាប់​ពី​ទីតាំង​ដែល​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​កំពុង​លាក់ខ្លួន ក្រោម​ហេតុផល​ដើម្បី​យក​ពលរដ្ឋ​ទាំងនោះ​ត្រឡប់​ទៅ​ផ្ទះ​សម្បែង​របស់​ពួកគាត់​វិញ។

ជុំវិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ពី​អ្នកនាំពាក្យ​សាលាខេត្ត​ព្រះវិហារ លោក ណុប វុទ្ធី បានទេ នៅ​ថ្ងៃទី​២៣ ខែមីនា ដោយសារ​ទូរស័ព្ទ​ចូល​ច្រើនដង​តែ​គ្មាន​អ្នកទទួល។

កាល​ពី​ថ្ងៃ​ទី២១ ខែ​មីនា លោក កើត សារាយ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក ដោយ​អះអាង​ថា រូប​លោក និង​និស្សិត​អ្នកការពារ​សិទ្ធិមនុស្ស​ចំនួន​៤​នាក់ បាន​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​ជួប​តំណាង​ពលរដ្ឋ​កំពុង​មាន​បញ្ហា​ដីធ្លី​ស្ថិតនៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ដែល​កំពុង​សម្ងំ​គេចខ្លួន​ពី​ការ​តាម​ចាប់​របស់​អាជ្ញាធរ​យ៉ាង​អយុត្តិធម៌ ។​

ពលរដ្ឋ​ម្នាក់​ដែល​កំពុង​រត់​ពួន​ក្នុង​ព្រៃ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ពួកគេ មិន​មាន​ជំនឿ​ទៅលើ​អាជ្ញាធរ​នោះទេ ពីព្រោះ​អាជ្ញាធរខេត្ត​ព្រះវិហារ ជា​អ្នក​ដុត​ផ្ទះសម្បែង យក​ដីស្រែ​ចម្ការ​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់​និង​ថែមទាំង​ចាប់​ពលរដ្ឋ​រងគ្រោះ​ដាក់​ពន្ធនាគារ​ទៀត។

លោក កើត សារាយ៖ «បើ​ពួកគាត់​ធ្វើបាប​ខ្ញុំ​អ៊ីចឹង​ឲ្យ​ពួក​ខ្ញុំ​ជឿ​ទុកចិត្ត​ពួកគាត់​របៀប​ម៉េច គាត់​លួង​ពួក​ខ្ញុំ​ឲ្យ​បោះឆ្នោត​ឲ្យ​គាត់ ដល់​បាន​សន្លឹក​ឆ្នោត​ហើយ​សួរ​ថា គាត់​បាន​ធ្វើ​តាម​កិច្ចសន្យា​អត់​គាត់​មានតែ​ធ្វើបាប​យើង ឧទាហរណ៍​គាត់​មាន​ដី​៥​ហិកតារ​ឲ្យ​គាត់​តែ​២​ហិកតារ​កន្លះ​ក៏​ប្រជាជន​ព្រម​ទទួល​យក​ដែរ ផ្ទះ​គ្នា​រុញ​ដុត​ឈូស​ឆាយ​ខ្ទេចខ្ទី​អស់»។

ទាក់ទិន​និង​បញ្ហា​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ មើល​ឃើញ​ថា កម្ពុជា​ត្រូវ​បាន​អង្គការ​អន្តជាតិ​ជាច្រើន​បាន​វាយតម្លៃ និង​កំពុង​ដើរ​ថយក្រោយ​នៃ​ការអនុវត្ត​សិទ្ធិ​សេរីភាព គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​ពិចារណា​ឡើងវិញ​និង​ផ្ដល់​តម្លៃ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​បម្រើ​ប្រជាពលរដ្ឋ និង​សង្គម។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្តព្រះវិហារ ឲ្យ​ទៅ​អាន​ច្បាប់រដ្ឋធម្មនុញ្ញ​ឡើងវិញ ដើម្បី​ស្វែង​យល់​ថា ពលរដ្ឋ​និង​អង្គការ​សង្គម​ស៊ីវិល​មាន​តួនាទី​និង​ត្រូវធ្វើ​អ្វីខ្លះ។

លោក សេក សុជាតិ៖ «គោលការណ៍​ដែល​សំខាន់​គឺ​យើង​អនុវត្ត​ទៅតាម​ច្បាប់​ហើយ និង​រដ្ឋធម្មនុញ្ញ​ដូចគ្នា ហើយ​យើង​ធ្វើ​ឲ្យ​ស្រប​ដូច​អ្វី​ដែល​មាន​ចែង​ទៅ​ខ្ញុំ​ជឿជាក់​ថា គ្រប់យ៉ាង​ទាំងអស់​នឹង​មិន​មាន​បញ្ហា​ទេ តែ​ក្នុង​ករណី​ចោទ​ដោយ​គ្មាន​ភស្តុតាង​ចោទ​ដោយ​មិន​អាន​ច្បាប់ ចោទ​ដោយ​មិន​គោរព​ទៅតាម​រដ្ឋធម្មនុញ្ញ​គឺជា​ការបំពាន​របស់​អាជ្ញាធរ ទៅ​លើ​ច្បាប់​ក្នុង​ការ​អនុវត្ត​ទៅ​ទៀត»។

កាលពី​ព្រឹក​ថ្ងៃទី៦ ខែ​មីនា សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ ប្រដាប់​ដោយ​អាវុធ បាន​ចុះ​រុះរើ និង​ដុត​ផ្ទះសម្បែង រហូត​ដល់​មាន​ការ​បង្ក្រាប​ដោយ​ហិង្សា និង​បាន​ចាប់​ឃុំខ្លួន​ពលរដ្ឋ​ចំនួន ២៥​នាក់ និង​កំពុង​បន្ត​តាម​ចាប់ខ្លួន​ពលរដ្ឋ​ផ្សេងទៀត ខណៈ​ពលរដ្ឋ​មួយចំនួន​កំពុង​រត់​ពួន​ក្នុង​ព្រៃ​ដើម្បី​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ។ លើស​ពី​នោះ​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្នាក់​លេបថ្នាំ​ពុល​ស្លាប់ ដោយសារ​ឈឺចិត្ត​នឹង​អាជ្ញាធរ ដែល​បាន​ចុះ​ដុត​ផ្ទះសម្បែង និង​ឈូស​ឆាយ​ផល​ដំណាំ របស់​គាត់ ប៉ុន្តែ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ មិន​ទទួល​ខុសត្រូវ និង​បាន​ទម្លាក់កំហុស​នោះ​ឲ្យ​ទៅ​គ្រួសារ​ជនរងគ្រោះ​ថែមទៀត។ប្រជាពលរដ្ឋ ចំនួន ២​ឃុំ គឺ​ឃុំ​ស្រយង់ និង​ឃុំ​ត្បែងពីរ ជាង​៣០០​គ្រួសារ កំពុង​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សិលា​ដាម៉ិច ហើយ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី​របស់​ពួកគេ​ទុក​សម្រាប់​អាស្រ័យ​ផល ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ក៏ប៉ុន្តែ​អាជ្ញាធរ​នៅ​មិនទាន់​ដោះស្រាយ​ឱ្យ​ពួកគេ​នៅឡើយ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។