សង្គម​ស៊ីវិល​ចាត់​ទុក​ការ​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​នៅ​ពោធិ៍សាត់​ថា​មិន​ប្រក្រតី

សកម្មជន​ការពារ​ដីធ្លី​នៅ​ខេត្ត​ពោធិ៍សាត់ មួយ​រូប ត្រូវ​បាន​អាជ្ញាធរ​ប៉ូលិស​ចាប់​ខ្លួន និង​យក​ទៅ​ដាក់​ពន្ធនាគារ ក្រោម​បទ​ចោទ​ប្រកាន់​ថា សកម្មជន​ដីធ្លី​រូប​នេះ​ប្រព្រឹត្ត​អំពើ​ឆបោក។ ប៉ុន្តែ មន្ត្រី​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​នេះ​ថា​មាន​ភាព​មិន​ប្រក្រតី។

0:00 / 0:00

ប្រធាន​សហគមន៍​ព្រៃ​ឈើ និង​ជា​សកម្មជន​ការពារ​ដីធ្លី​នៅ​សហគមន៍​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គឺ​លោក គុជ វេង ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ កាល​ពី​ថ្ងៃ​អាទិត្យ ទី១៩ ឧសភា ពី​បទ​ឆបោក។

ស្ត្រី​អ្នក​ភូមិ​ក្រឡាញ់ គឺ​អ្នកស្រី ឡោន ស៊ីវៃ ដែល​បាន​ឃើញ​ផ្ទាល់​ពី​សកម្មភាព​ចាប់​ខ្លួន​នេះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី២០ ខែ​ឧសភា ថា ប៉ូលិស​ពុំ​បាន​បង្ហាញ​ដីកា​ទេ​ក្នុង​ការ​ចាប់​ខ្លួន​នេះ៖ «ខ្ញុំ​សួរ​ថា មក​ចាប់​គាត់​គ្មាន​ដីកា​អ៊ីចឹង តើ​គាត់​មាន​ទោស​កំហុស​អី។ ប៉ូលិស​គេ​ឆ្លើយ​ថា បើ​ចង់​ឃើញ​ដីកាៗ​នៅ​ក្នុង​ឡាន​ណោះ។ ប៉ូលិស​ម្នាក់​ទៀត​និយាយ​ថា បើ​ពិបាក​ពេក​វ៉ៃ​ខ្នោះ​តែ​ម្ដង​ទៅ...»

ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ លោក ម៉ូ លីដា បាន​ឲ្យ​ដឹង​កាល​ពី​ល្ងាច​ថ្ងៃ​ទី១៩ ឧសភា ថា ការ​ចាប់​ខ្លួន​លោក គុជ វេង គឺ​ធ្វើ​ឡើង​តាម​ដីកា​របស់​ចៅក្រម​សាលា​ដំបូង​ខេត្ត​លោក កុល កំពូល៖ «ករណី​ឆបោក​កាល​ពី​ថ្ងៃ​១៥ វិច្ឆិកា ២០១០ ដែល​ជា​ថ្ងៃ​កើត​ហេតុ។ ហើយ​ដែល​ខ្ញុំ​អនុវត្ត​ការ​ចាប់​ខ្លួន​នេះ គឺ​តាម​ដីកា​នាំ​ខ្លួន​របស់​ចៅក្រម​តុលាការ​ខេត្ត។ ខ្ញុំ​គ្រាន់​តែ​សមត្ថកិច្ច​អ្នក​អនុវត្ត​ដីកា​ទេ។ ប៉ុន្តែ​ខ្ញុំ​ឃើញ​ក្នុង​ដីកា​ដាក់​បទ​ល្មើស​ឆបោក...»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​ចៅក្រម កុល កំពូល ពី​មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក គុជ វេង បាន​ទេ នៅ​ថ្ងៃ​ទី២០ ឧសភា ដោយ​ទូរស័ព្ទ​រោទ៍ តែ​គ្មាន​អ្នក​ទទួល។

យ៉ាង​នេះ​ក្ដី ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ គឺ​លោក តន់ សីហៈតេជៈ មាន​ប្រសាសន៍​ថា លោក គុជ វេង ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោក​ដោយ​ដើម​បណ្ដឹង​ឈ្មោះ អ៊ុំ ធារី បាន​ប្ដឹង​តាម​សំណុំ​រឿង​ព្រហ្មទណ្ឌ​លេខ​៨៥ ចុះ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ ឆ្នាំ​២០១២៖ «រឿង​នេះ​យូរ​ណាស់​ហើយៗ​បាន​ទៅ​ដល់​ចៅក្រម​ហើយ ដូច្នេះ​លោក​អាច​សួរ​ចៅក្រម​ពី​បញ្ហា​នេះ..»

លោក គុជ វេង ត្រូវ​បាន​ប៉ូលិស ៤​រូប​តាម​ចាប់​ខ្លួន​ពី​ក្នុង​ព្រៃ ពេល​ដែល​លោក​កំពុង​កាប់​ឈើ​ធ្វើ​របង​ចម្ការ​កាល​ពី​វេលា​ម៉ោង​ប្រមាណ ៩ និង ៣០​នាទី ថ្ងៃ​អាទិត្យ ទី១៩ ឧសភា ហើយ​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ពន្ធនាគារ​នៅ​វេលា​ម៉ោង​ប្រមាណ ១២​ថ្ងៃ​ដដែល។ ប្រភព​ពី​អ្នក​ភូមិ បាន​ឲ្យ​ដឹង​ថា លោក គុជ វេង គឺ​ប្រធាន​សហគមន៍​ព្រៃ​ឈើ និង​ជា​សកម្មជន​ការពារ​ដីធ្លី​សហគមន៍​ម្នាក់​ដែល​ជា​ទី​គោរព​រាប់​អាន​របស់​អ្នក​ភូមិ។ ថ្មីៗ​នេះ លោក​មាន​គម្រោង​ជួយ​អ្នក​ភូមិ​យក​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ដែល​វាស់​វែង​ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ប្រគល់​ជូន​លោក​នាយក​រដ្ឋមន្ត្រី​វិញ នៅ​ឯ​ភូមិគ្រឹះ​ទីក្រុង​ភ្នំពេញ។ ស្រាប់​តែ​លោក​បាន​ត្រូវ​ចាប់​ខ្លួន ដោយ​ចោទ​ពី​បទ​ឆបោក តែ​សង្គម​ស៊ីវិល និង​អ្នក​ភូមិ​យល់​ស្រប​គ្នា​ថា ជា​រឿង​មាន​ភាព​មិន​ប្រក្រតី។ ទន្ទឹម​គ្នា​នេះ ក៏​មាន​កាសែត​បរទេស​ខ្លះ​បាន​ផ្សាយ​ថា ការ​ចាប់​ខ្លួន​នេះ​ទំនង​ជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តស៊ូ​មតិ​របស់​លោក ដើម្បី​ជួយ​អ្នក​ភូមិ​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច។

យ៉ាង​នេះ​ក្ដី មន្ត្រី​សង្គម​ស៊ីវិល​នានា​ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ ដោយ​ចាត់​ទុក​ការ​ចាប់​ខ្លួន​លោក គុជ វេង ថា​ជា​ការ​គំរាម​កំហែង​សកម្មជន​ការពារ​ព្រៃ​ឈើ ដីធ្លី និង​សិទ្ធិ​មនុស្ស៖ «លោក គុជ វេង គឺ​ជា​សកម្មជន​មួយ​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា​ទាមទារ​ដីធ្លី ខណៈ​ពេល​ដែល​ក្រុមហ៊ុន​មួយ​ចំនួន​ចាប់​ផ្ដើម​ធ្វើ​វិនិយោគ​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់។ ជា​ពិសេស គឺ​នៅ​ស្រុក​ក្រគរ ហើយ​ខណៈ​ពេល​ដែល​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​មាន​ផល​ប៉ះពាល់​ដី​ព្រៃ​សហគមន៍ ក៏​ដូច​ជា​ដី​របស់​ប្រជាពលរដ្ឋ។ ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​ទី​នោះ​ធ្វើ​ការ​តវ៉ា និង​តស៊ូ​មតិ​ដែល​ក្នុង​នោះ​មាន​លោក គុជ វេង ចូល​រួម​ផង​ដែរ...»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស​ខេត្ត​ពោធិ៍សាត់ គឺ​លោក ភួង សុធា មាន​ប្រសាសន៍​ថា សមាគម​អាដហុក នឹង​ជួយ​ផ្ដល់​មេធាវី​ការពារ​ក្ដី​ឲ្យ​លោក គុជ វេង ក្នុង​ករណី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។