តំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួន ប្រតិកម្មចំពោះរដ្ឋាភិបាល ដែលសម្រេចកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ មកនៅ ៥០ឆ្នាំយ៉ាងយូរបំផុតនោះ។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវសង្គមយល់ឃើញថា ការសម្រេចរបស់រដ្ឋាភិបាលនេះ គឺមិនមែនជាដំណោះស្រាយល្អឡើយ ជាពិសេសអាចធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តអ្នកវិនិយោគទៀតផង។
តំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួន ទាមទាររដ្ឋាភិបាលឲ្យរក្សាស្ថានភាពកិច្ចសន្យាដើមដដែល ចំពោះក្រុមហ៊ុនណាដែលបានចុះកិច្ចសន្យារួចហើយ ឬក៏អាចអនុវត្តសម្រាប់តែក្រុមហ៊ុនណាដែលមិនទាន់ចុះកិច្ចសន្យា។

លោកឧកញ៉ា លី យ៉ុងផាត់ ដែលទទួលសិទ្ធិវិនិយោគដីសម្បទានដាំអំពៅ នៅខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានព័ត៌មាននេះជាផ្លូវការនៅឡើយទេ ប៉ុន្តែយ៉ាងណាក៏ដោយ លោកថាមិនសប្បាយចិត្តនោះទេ នៅពេលដែលរដ្ឋាភិបាលក្បត់កិច្ចសន្យានៅពាក់កណ្ដាលទី ដោយមិនបានជជែកគ្នាជាមុននោះ។ ក្នុងនាមជាអ្នករកស៊ីម្នាក់ លោកថា គឺចាំបាច់ត្រូវគោរពតាមគោលការណ៍ច្បាប់របស់ប្រទេស។ លោកព្រួយបារម្ភថា ការសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះ អាចធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនវិនិយោគដែលប្រតិបត្តិការដោយស្របច្បាប់៖ «មុននឹងរកស៊ីគេសួរច្បាប់សិនហើយ ច្បាស់លាស់ទើបគេវិនិយោគ បើវាមិនច្បាស់អ៊ីចឹង គេម៉េចនឹងវិនិយោគជាមួយយើង។ និយាយនេះក្នុងនាមជាអ្នករកស៊ីទេ ព្រោះក្នុងប្រទេស និងក្រៅប្រទេសដូចតែគ្នាទេ។ បើយកច្បាប់ចាស់មកដូរទៅជាគោរពច្បាប់ថ្មីនោះ អាហ្នឹង គឺត្រូវតែពិភាក្សាគ្នាមុនសិនហើយ»។
ការប្រតិកម្មពីតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចជាបន្តបន្ទាប់នេះ គឺធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសកាលពីថ្ងៃទី២៨ ខែកក្កដា ថា រដ្ឋាភិបាលសម្រេចកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងវិនិយោគអភិវឌ្ឍន៍សម្បទានដីសេដ្ឋកិច្ចទាំងអស់ ពីរយៈពេល ៩៩ឆ្នាំ មកនៅត្រឹម ៥០ឆ្នាំយ៉ាងយូរបំផុត។
ឆ្លើយតបចំពោះបញ្ហានេះ នាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ មានប្រសាសន៍ថា ការសម្រេចចិត្តបន្ថយរយៈពេលជួលដីទៅឲ្យក្រុមហ៊ុនមកនៅត្រឹម ៥០ឆ្នាំនេះ គឺបន្ទាប់ពីរដ្ឋាភិបាលយល់ថា វាសមស្របសម្រាប់ការអនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ចក្នុងគោលបំណងធ្វើកសិឧស្សាហកម្ម៖ «ដូចជាដំណាំកៅស៊ូតាមអ្នកបច្ចេកទេសគេថា រយៈពេល ២៥ឆ្នាំ គឺចប់មួយវដ្ដនៃដំណាំកៅស៊ូ។ ដូច្នេះ ៥០ឆ្នាំ គឺគ្រប់គ្រាន់សម្រាប់ពីរវដ្ដនៃដំណាំកៅស៊ូ។ អ៊ីចឹងហេតុផល គឺយើងគិតថារយៈពេល ៨០ ទៅ ៩០ឆ្នាំវាយូរពេក»។
ចំពោះការប្រែប្រួលរយៈពេលនៃការអនុវត្តគម្រោងមកនៅត្រឹម ៥០ឆ្នាំយ៉ាងយូរនេះដែរ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា វាមិនអាចកាត់បន្ថយទំនាស់ដីធ្លីបានឡើយ តែផ្ទុយទៅវិញ គឺអាចនឹងប៉ះពាល់ដល់ជំហរ និងទំនុកចិត្តរបស់អ្នកវិនិយោគ។ ស្របគ្នានេះ លោករិះគន់ដែរថា របៀបធ្វើការត្រឡប់ថយក្រោយនេះ គឺដោយសាររដ្ឋាភិបាលខ្វះទស្សនវិស័យជាក់លាក់៖ «មិនចាំបាច់បញ្ចុះពី ៥០ឆ្នាំមក ៩០ឆ្នាំទេ វាល្អហើយសម្រាប់ប្រទេសកម្ពុជា ដើម្បីមានឱកាសដេញថ្លៃ បន្ទាប់ពីក្រុមហ៊ុននោះចប់អាណត្តិ ប៉ុន្តែដីសម្បទានសេដ្ឋកិច្ច តាមពិតយើងត្រូវពិនិត្យឡើងវិញ ហើយបើគេអត់អនុវត្តតាមអនុក្រឹត្យ យើងត្រូវដកមកវិញ»។
ឆ្លើយតបចំពោះបញ្ហានេះ នាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ បញ្ជាក់ថា នេះគឺជាការសម្រេចជាគោលការណ៍របស់រដ្ឋាភិបាល ដូច្នេះចង់ឬមិនចង់ គឺក្រុមហ៊ុនទាំងអស់ គឺត្រូវតែអនុវត្តតាម៖ «យើងក៏ទទួលបានប្រតិកម្មពីក្រុមហ៊ុនមួយចំនួនហើយ គាត់ថាមិនសប្បាយចិត្ត ប៉ុន្តែជាការសម្រេចរបស់រដ្ឋាភិបាល គាត់ត្រូវតែគោរព»។
ទាក់ទិននឹងការកាត់បន្ថយរយៈពេលនៃការអនុវត្តគម្រោងដីសម្បទាននេះ ខាងភាគីតំណាងក្រុមហ៊ុនមួយចំនួន នៅមិនទាន់ទទួលបានព័ត៌មានច្បាស់លាស់នៅឡើយ។

យ៉ាងណាក៏ដោយ លោក ស្រ៊ុន ដារិទ្ធិ បញ្ជាក់ទៀតថា ក្រសួងបរិស្ថាន នឹងធ្វើលិខិតផ្លូវការជូនក្រុមហ៊ុនទាំងអស់ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឲ្យចុះកិច្ចសន្យាជាមួយគ្នាឡើងវិញ ដោយកែសម្រួលរយៈពេលកុងត្រា។ ក្រៅពីនេះ លោកបញ្ជាក់ដែរថា គម្រោងមួយចំនួនក៏នឹងកាត់បន្ថយផ្ទៃដីដើម្បីកាត់ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់កន្លងមក។
សេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨ កក្កដា ឲ្យដឹងថា ក្រសួងបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគទាំងអស់បានចំនួន ១១៣គម្រោងលើផ្ទៃដីសរុបជាង ៦២ម៉ឺនហិកតារ។ ក្នុងនោះ រដ្ឋាភិបាលបានសម្រេចដកហូតសិទ្ធិវិនិយោគពីគម្រោងរបស់ក្រុមហ៊ុនចំនួន ២៣ លើផ្ទៃដីសរុបជាង ៩ម៉ឺនហិកតារ ក្រោយពីពិនិត្យឃើញថា ក្រុមហ៊ុនទាំងនោះមិនបានគោរពតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ក្នុងកិច្ចសន្យា។
រដ្ឋាភិបាលធ្លាប់បានបង្ហាញថា ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនចំនួន ២៣០ បានទទួលសិទ្ធិវិនិយោគលើផ្ទៃដីសរុបជិត ២លានហិកតារ ប៉ុន្តែអង្គការទិន្នន័យស្ដីពីការអភិវឌ្ឍ ហៅកាត់ថា អូ.ឌី.ស៊ី (ODC) កត់សម្គាល់ឃើញថា ទិន្នន័យស្ដីពីសម្បទានដីសេដ្ឋកិច្ចនៅមានភាពលាក់បាំងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។