ពលរដ្ឋ​នៅ​សង្កាត់​ព្រែកលៀប​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ឈប់​បូម​ខ្សាច់

អ្នក​ភូមិ​ប្រមាណ​ជិត ១០០​នាក់ នាំ​គ្នា​តវ៉ា​នៅ​ការដ្ឋាន​បូម​ខ្សាច់​លប់​ដី​បឹង​របស់​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) ឬ​អ្នក​ភូមិ​ស្គាល់​ថា ក្រុមហ៊ុន​​កាណាឌីយ៉ា នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។
ដោយ សេក បណ្ឌិត
2014-01-18
Share
ជម្លោះ​ដី ព្រែកលៀប ៦១០ សកម្មភាព​ក្រុមហ៊ុន​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី (OCIC) បូម​ខ្សាច់​លប់​ដី​នៅ​សង្កាត់​ព្រែកលៀប ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១៤។
RFA/Sek Bandith


ការ​តវ៉ា​នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ មករា ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អូ.ស៊ី.អាយ.ស៊ី របស់​លោក​ឧកញ៉ា ពង្ស ខៀវសែ បញ្ឈប់​សកម្មភាព​បូម​ខ្សាច់​ដាក់​នៅ​លើ​ដី​ស្រែ​ចំការ​របស់​ពួកគាត់​នៅ​តំបន់​នោះ។

ប្រជាពលរដ្ឋ​អ្នក​តវ៉ា​នៅ​ក្នុង​សង្កាត់​ព្រែកលៀប ចាត់​ទុក​ការ​បូម​ខ្សាច់​លប់​លើ​ដី​របស់​គាត់​ដោយ​មិន​ទាន់​មាន​ការ​ព្រមព្រៀង ឬ​ដោះស្រាយ​ផ្ដល់​សំណង​ដល់​ពួក​គាត់​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ជា​ការ​ប៉ុនប៉ង​រំលោភ​យក​ដី​គាត់​តាម​រយៈ​គម្រោង​អភិវឌ្ឍន៍​ដែល​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​និង​ទឹក​ភ្នែក។

ស្ត្រី​អ្នក​តវ៉ា​ម្នាក់ ឈ្មោះ ស្រី អាយុ​ជាង ៤០​ឆ្នាំ បាន​ឲ្យ​ដឹង​ថា គាត់​មាន​ដី​នៅ​ទី​នោះ​ប្រមាណ ២​ពាន់​ម៉ែត្រ​ការ៉េ ហើយ​ក្រុមហ៊ុន​កាណាឌីយ៉ា និង​អាជ្ញាធរ​រដ្ឋាភិបាល បាន​ស្នើ​យក​ដី​របស់​លោកស្រី​និង​ពលរដ្ឋ​ដទៃ​ទៀត​ទៅ​អភិវឌ្ឍន៍​ធ្វើ​ក្រុង​រណប ប៉ុន្តែ​បាន​កំណត់​តម្លៃ​ដី​ទាប​ជាង​ទីផ្សារ​ឆ្ងាយ ទើប​ពលរដ្ឋ​មិន​យល់​ព្រម។ ចំណែក​ក្រុមហ៊ុន​នៅ​តែ​ធ្វើ​សកម្មភាព​បូម​ខ្សាច់​ពន្លិច​ដី​របស់​ពួកគាត់។ បញ្ហា​ដែល​ប្រជាពលរដ្ឋ​ផ្ទុះ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់​មក​នេះ គឺ​ប្រឆាំង​នឹង​ការ​គាប​សង្កត់​របស់​ក្រុមហ៊ុន៖ «ខ្ញុំ​ថា​អត់​ល្អ ព្រោះ​អី​យើង​ចរចា​គ្នា​អត់​ទាន់​ត្រូវ​ផង​បូម​ខ្សាច់​ដាក់​ដី​គេ អត់​ត្រឹមត្រូវ»

តម្លៃ​សមរម្យ​ដែល​ពលរដ្ឋ​ចង់​បាន និង​តាម​ទីផ្សារ​ជាក់ស្ដែង​នោះ គឺ​ចាប់​ពី​ជាង ២០០​ដុល្លារ ទៅ​ជាង ៣០០​ដុល្លារ​ទៅ​តាម​ទីតាំង និង​ស្ថានភាព​ដី ប៉ុន្តែ​ក្រុមហ៊ុន​បាន​កំណត់​ឲ្យ​តែ ១៥​ដុល្លារ​ទេ ក្នុង​មួយ​ម៉ែត្រ​ការ៉េ។

ពលរដ្ឋ​អ្នក​តវ៉ា​ម្នាក់​ទៀត ឈ្មោះ ឃឹម ភុន មាន​ប្រសាសន៍​ដែរ​ថា ការ​តវ៉ា​នៅ​ពេល​នេះ សុំ​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​លប់​លើ​ដី​របស់​ពួកគាត់​សិន បន្ទាប់​មក​សុំ​ឲ្យ​ក្រុមហ៊ុន​ចុះ​មក​ដោះស្រាយ​ពី​បញ្ហា​ផ្តល់​សំណង ឬ​តម្លៃ​ដី​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់។ យ៉ាងណា​ពួកគាត់​បញ្ជាក់​ថា មិន​ទទួល​យក​សំណង​តាម​អាជ្ញាធរ​កំណត់​ឲ្យ​ដូច​កាល​មុន​បោះ​ឆ្នោត​នោះ​បាន​ទេ៖ «ប្រាប់​ប្រជាពលរដ្ឋ​ថា ចាប់​ពី​ផ្លូវ​ជាតិ 6A មក ១០០​ម៉ែត្រ គឺ​តំបន់​អភិវឌ្ឍន៍​តម្លៃ ១៥​ដុល្លារ អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​មិន​សប្បាយ​ចិត្ត​ទេ ព្រោះ ១៥​ដុល្លារ​មិន​ដឹង​ជា​គាត់​ចេញ​ទៅ​នៅ​ឯ​ណា ដូច​ផ្ទះ​ខ្ញុំ​អី ដី​លំនៅឋាន​មាន​ប្រមាណ ២០០​ការ៉េ បើ​អ៊ីចឹង ១៥​ដុល្លារ​ហ្នឹង មិន​ដឹង​ជា​ទិញ​នៅ​ត្រង់​ណា​បាន»

លោក​បន្ត​ថា អ្នក​ភូមិ​មិន​ជំទាស់​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​នោះ​ទេ តែ​សុំ​ឲ្យ​ការ​អភិវឌ្ឍ​នោះ​ធ្វើ​ឡើង​ប្រកប​ដោយ​តម្លាភាព ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ​នឹង​ការ​អភិវឌ្ឍ​នោះ៖ «រីក​រាយ​អរ​ណាស់​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ហ្នឹង ប៉ុន្តែ​អភិវឌ្ឍន៍​ហ្នឹង​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ទឹក​ភ្នែក អភិវឌ្ឍន៍​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រីកចម្រើន បើ​អភិវឌ្ឍន៍​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​តែ​ក្រ​ទៅ ចេះ​តែ​ទឹក​ភ្នែក​ទៅ ហើយ​ដូច​ខ្ញុំ​អី​មាន​ដី​តិចតួច​ចេះ​តែ​ថា រដ្ឋ​ត្រូវ​ការ​យក រដ្ឋ​ត្រូវ​ការ​ដេញ​មិន​ឲ្យ​សាងសង់ មិន​ឲ្យ​ធ្វើ​ផ្ទះសម្បែង អ៊ីចឹង​ប្រជាពលរដ្ឋ​បាន​អី​នៅ?»

យ៉ាង​ណា​ក្តី ការ​តវ៉ា​របស់​ពលរដ្ឋ​បាន​បញ្ចប់​នៅ​ម៉ោង​ប្រមាណ​ជាង ១១​ថ្ងៃ​ត្រង់ បន្ទាប់​ពី​ចៅ​សង្កាត់​ព្រែកលៀប លោក ព្រាប មុនី សូម​ឲ្យ​តំណាង​ពលរដ្ឋ​ដែល​មាន​ដី​ពាក់ព័ន្ធ​​ប្រមាណ​ជិត ១០​នាក់​ចូល​ប្រជុំ​ដោះស្រាយ​នៅ​សាលា​សង្កាត់​ជាមួយ​លោក។

នៅ​ក្រោយ​កិច្ច​ប្រជុំ​ពលរដ្ឋ​ហាក់​មិន​មាន​ជំនឿ​ចំពោះ​ការ​សម្របសម្រួល​របស់​អាជ្ញាធរ​មូលដ្ឋាន​នោះ​ទេ ដោយសារ​អាជ្ញាធរ​នៅ​តែ​អះអាង​ថា តម្លៃ​តំបន់​នោះ​ក្រុមហ៊ុន​ទំនង​ជា​មិន​អាច​ផ្តល់​ជូន​ឲ្យ​បាន​លើស​ពី ១៥​ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​នោះ​ទេ។

ចំណែក​ចៅ​សង្កាត់ លោក ព្រាប មុនី បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​ឲ្យ​ថត​សំឡេង​ថា ជំហាន​ដំបូង​លោក​សុំ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការ​តវ៉ា​សិន ហើយ​លោក​យល់​ព្រម​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​បូម​ខ្សាច់​ចាក់​លើ​ដី​ដែល​មិន​ទាន់​ដោះស្រាយ​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ​ហើយ​សុំ​ឲ្យ​ពលរដ្ឋ​ចូល​រួម​វាស់វែង​ដី​ដែល​មាន​បញ្ហា​ឡើង​វិញ និង​បោះ​ព្រំ​ដី​នោះ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​រង់ចាំ​ការ​កំណត់​ពេល​មួយ​ចរចា​ជា​ថ្មី​ជាមួយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ពេល​ក្រោយ។

តែ​ទោះ​យ៉ាង​ណា លោក​ពុំ​បាន​បង្ហាញ​របាយការណ៍​ពិត​ប្រាកដ​ពី​ចំនួន​ប្រជាពលរដ្ឋ​ដែល​មិន​បាន​ព្រម​ព្រៀង​លក់​ដី​តំបន់​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ទេ តែ​លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​ត្រូវ​ដោះស្រាយ​នោះ សម្រាប់​សង្កាត់​ព្រែកលៀប មាន​តែ​ពីរ​ភូមិ​ទេ គឺ​ភូមិ​គៀនឃ្លាំង និង​ភូមិ​ព្រែកលៀប។

រដ្ឋាភិបាល​បាន​សម្រេច​ផ្ដល់​ដី​នៅ​តំបន់​ខាង​កើត​ទន្លេ​សាប ក្រុង​ភ្នំពេញ ប្រមាណ ៣០០​ហិកតារ ទៅ​ឲ្យ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ដែល​ជា​ក្រុមហ៊ុន​នៃ​ធនាគារ​កាណាឌីយ៉ា របស់​លោក​ឧកញ៉ា ពង្ស ខៀវសែ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ​តំបន់​នេះ​ទៅ​ជា​ទីក្រុង​រណប។ តំបន់​នោះ​ស្ថិត​នៅ​ចន្លោះ​ទន្លេ​សាប និង​ផ្លូវ​ជាតិ​លេខ ៦​អា ក្នុង​ខណ្ឌ​ឫស្សីកែវ ដែល​ប៉ះពាល់​ពលរដ្ឋ​នៅ​ក្នុង​សង្កាត់​ចំនួន​បី​ គឺ​សង្កាត់​ព្រែក​តាសេក សង្កាត់​ព្រែកលៀប និង​សង្កាត់​ជ្រោយចង្វារ។ អ្នក​ភូមិ​អះអាង​ថា ពួកគាត់​កំពុង​រង់​នូវ​ភាព​អយុត្តិធម៌​ពី​គម្រោង​អភិវឌ្ឍន៍​មួយ​នេះ និង​កំពុង​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ពាក់ព័ន្ធ និង​តាម​ផ្លូវ​ច្បាប់​អស់​រយៈពេល​ជា​ច្រើន​ខែ​មក​ហើយ ប៉ុន្តែ​ពុំ​ទាន់​មាន​លទ្ធផល​នៅ​ឡើយ ហើយ​គ្រួសារ​មួយ​ចំនួន​បាន​បង្ខំ​ចិត្ត​ចាកចេញ ដោយ​ទទួល​សំណង​ដែល​ពួកគេ​មិន​ពេញ​ចិត្ត ឬ​ហៅ​ថា ការ​ទទួល​យក​ជា​ជាង​អត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល